សូ ចំរើន ៖ អ្នកដាំស្លនៅសហករណ៍

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្ញុំឈ្មោះ សូ​ ចំរើន[1] កើតនៅឆ្នាំ១៩៥១ នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ[2] ខេត្តស្វាយរៀង។​ ខ្ញុំមានបងប្អូនបង្កើតចំនួនបួននាក់ គឺស្រីបីនាក់ និងប្រុសតែខ្ញុំម្នាក់ប៉ុណ្ណោះ។ ខ្ញុំគឺជាកូនប្រុសច្បងនៅក្នុងគ្រួសារ។ កាលពីក្មេងខ្ញុំរៀនដល់ថ្នាក់ទី៩ចាស់នៅសាលាក្នុងភូមិ។ ក្រោយមកខ្ញុំបានឈប់រៀន មកជួយធ្វើការងារឪពុកម្តាយវិញ។ នៅឆ្នាំ១៩៧២ ខ្ញុំបានរៀបការប្រពន្ធ។ នៅអំឡុងពេលនោះកងទ័ព លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហមបានវាយប្រយុទ្ធគ្នា ហើយភូមិរបស់ខ្ញុំគឺជាតំបន់ប្រទាញប្រទង់ ដូច្នេះខ្ញុំមិនបានរស់នៅផ្ទះជាប់លាប់ទេ។ ខ្ញុំបានដឹកគោក្របី និងនាំប្រពន្ធឆ្លងស្ទឹងបាសាក់គេចខ្លួនទៅរស់នៅភូមិទាហានក្រោម ក្នុងឃុំស្វាយតឿ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ខ្ញុំនិងប្រពន្ធបានសង់ខ្ទមនៅក្នុងទីធ្លាវត្តដើម្បីស្នាក់នៅបណ្តោះអាសន្ន រហូតដល់ការវាយប្រយុទ្ធគ្នាស្ងប់ស្ងាត់ទើបខ្ញុំនាំប្រពន្ធកូនត្រឡប់មករស់ភូមិបាសាក់វិញ។ ក្រោយមកខាងរដ្ឋាភិបាល លន់ នល់ បានជ្រើសរើសខ្ញុំឱ្យចូលធ្វើកងជីវពលយាមការពារភូមិបាសាក់ពីខ្មែរក្រហម។ ខ្ញុំដើរល្បាតនៅក្នុងភូមិបាសាក់បានមួយរយៈ កងទ័ពរំដោះខ្មែរក្រហមបានឆ្មក់ចូលមកក្នុងភូមិ ហើយបានចាប់ខ្លួនខ្ញុំ។ ខ្មែរក្រហមបានចោទខ្ញុំថាបម្រើខ្មាំង និងបានបញ្ជូនខ្ញុំទៅរៀនសូត្រនៅខេត្តកំពង់ចាម។

ខ្ញុំបានចូលរៀនអំពីមាគ៌ាដឹកនាំ និងតស៊ូបដិវត្តន៍របស់ខ្មែរក្រហមនៅខេត្តកំពង់ចាមរយៈពេលមួយខែ ទើបខ្មែរក្រហមបញ្ជូនខ្ញុំត្រឡប់មកខេត្តស្វាយរៀងវិញ។ ប៉ុន្តែខ្ញុំមិនទាន់ចូលមករស់នៅផ្ទះភ្លាមទេ ព្រោះភូមិឃុំរបស់ខ្ញុំខាងរដ្ឋាភិបាល លន់ នល់ នៅគ្រប់គ្រងនៅឡើយ។ ដូច្នេះខ្ញុំបានទៅរស់នៅឃុំប្រសូត្រ ក្នុងស្រុកស្វាយទាប។ ខ្ញុំបានឆ្លៀតឱកាសលួចមកលេងប្រពន្ធកូននៅផ្ទះម្តងម្កាល់ប៉ុណ្ណោះ ព្រោះខ្ញុំត្រូវចេញទៅធ្វើការងារនៅឃុំជីភូ។ នៅពេលកងទ័ពខ្មែរក្រហមវាយរំដោះបានខេត្តស្វាយរៀង នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ទើបខ្ញុំមកស្នាក់នៅផ្ទះជួបជុំប្រពន្ធកូន។ បន្ទាប់មក​ ខ្មែរក្រហមបានចាត់ខ្ញុំឱ្យនៅដាំស្ល នៅរោងសហករណ៍ភូមិ បោះនៅផ្ទះតាសន និងផ្ទះតាយ៉ែម ក្នុងភូមិបាសាក់សព្វថ្ងៃ ចំណែកប្រពន្ធរបស់ខ្ញុំទៅនៅកងដកស្ទូង។ ដោយសារខ្ញុំនៅខាងចុងភៅ ដូច្នេះខ្ញុំបានហូបឆ្អែត លើកលែងតែប្រពន្ធរបស់ខ្ញុំដែលចេញទៅធ្វើការនៅតាមការដ្ឋានទើបមិនមានអាហារហូបចុកគ្រប់គ្រាន់។ នៅអំឡុងពេលនោះ ខ្មែរក្រហមបានបញ្ជូនកម្មាភិបាលមកពីឃុំស្វាយធំ ស្រុកស្វាយជ្រំ ឱ្យមកគ្រប់គ្រងនៅឃុំបាសាក់ រួមទាំងរោងបាយសហករណ៍របស់ខ្ញុំ ហើយការគ្រប់គ្រងក៏តឹងតែងដែរ។ ប្រធានរោងបាយបានចាត់តាំងឱ្យខ្ញុំពុះឧស រែកទឹក​ រកត្រី និងរៀបចានដាក់របបអាហារសម្រាប់ប្រជាជនដែលធ្វើការនៅតាមកងចល័ត។

នៅឆ្នាំ១៩៧៨ ខ្មែរក្រហមបានជម្លៀសខ្ញុំនិងគ្រួសារឱ្យទៅរស់នៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ។ នៅទីនោះ ខ្មែរក្រហមបានចាត់តាំងខ្ញុំឱ្យនៅឃ្វាលក្របីរបស់ខ្ញុំដែលយកមកពីផ្ទះ។ រយៈពេលបីខែក្រោយមក ទើបខ្មែរក្រហមជម្លៀសខ្ញុំទៅអ្នកលឿងដើម្បីជិះស្រឡាងបន្តមកឈប់នៅច្បារអំពៅក្នុងក្រុងភ្នំពេញ។ នៅពេលជម្លៀសនោះ ខ្ញុំមិនបានយករទេះនិងក្របីមកជាមួយទេ គឺខ្ញុំទុកនៅសហករណ៍តាប៉ ឃុំតាសួសទាំងអស់។ ខ្ញុំដេកនៅច្បារអំពៅមួយយប់ ហើយនៅទៅនោះខ្មែរក្រហមបានចែកបាយក្រអូបឱ្យខ្ញុំហូប និងចែកសារ៉ុង, សំពតខ្មៅ, ភួយ, ក្រមាពណ៌ខៀវ ឱ្យខ្ញុំនិងប្រពន្ធរបស់ខ្ញុំម្នាក់មួយសម្រាប់ ។ នៅព្រឹកបន្ទាប់ខ្មែរក្រហមបានយករថយន្តមកដឹកខ្ញុំ និងគ្រួសារទៅដាក់នៅស្ថាយនីយរថភ្លើងក្រុងភ្នំពេញ។ ខ្ញុំបានជិះរថភ្លើងទៅឈប់នៅស្ថានីយរថភ្លើងព្រៃស្វាយ ស្ថិតនៅក្នុងឃុំព្រៃស្វាយ ស្រុកម៉ោងឫស្សី ខេត្តបាត់ដំបង ភូមិភាគពាយ័ព្យ។

បន្ទាប់មក ខ្មែរក្រហមនៅមូល ដ្ឋានបានបរទេះមកដឹកក្រុមគ្រួសារខ្ញុំទៅនៅសហករណ៍បឹងទុំលែង ក្នុងស្រុកមោងឫស្សី។ នៅទីនោះ ខ្មែរក្រហមបានបំបែកសមាជិកគ្រួសាររបស់ខ្ញុំឱ្យទៅធ្វើការនៅតាមកងរៀងៗខ្លួន គឺខ្ញុំទៅរែកដីនៅអាងទុំលែង ប្រពន្ធរបស់ខ្ញុំទៅច្រូតស្រូវ ហើយកូនដែលតូចត្រូវរស់នៅជា​មួយប្រពន្ធរបស់ខ្ញុំ។ ប្រធានកងខ្មែរក្រហមបានដាក់ផែនការឱ្យខ្ញុំរែកដីឱ្យបាន៤ម៉ែត្រគុបក្នុងមួយថ្ងៃ។ ដូច្នេះ​ខ្ញុំត្រូវរែកដីរហូតដល់ម៉ោង១០យប់ដើម្បីឱ្យគ្រប់តាមផែនការកំណត់ ទើបខ្ញុំឈប់សម្រាក។ ទោះបីខ្ញុំខំប្រឹងប្រែងធ្វើការយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនបានទទួលរបបអាហារហូបគ្រប់គ្រាន់ដែរ គឺហូបតែបបរលាយដំឡូង។ នៅម៉ោង៣ទៀបភ្លឺ ប្រធានកងបានមកដាស់ខ្ញុំឱ្យក្រោកឡើងទៅធ្វើការទៀត ដូច្នេះខ្ញុំដេកមិនដែលបានឆ្អែតទេ។ ថ្ងៃមួយគណៈស្រុកបានហៅប្រជាជននៅក្នុងមោងឫស្សីទាំងអស់មកប្រជុំ ហើយបន្ទាប់ពីប្រជុំបានមួយរយៈប្រធានកងបានផ្លាស់ខ្ញុំពីអាងទុំលែង ឱ្យទៅធ្វើការនៅស្តុកប្រវឹក។ នៅទីនោះ ប្រធានកងបានចាត់តាំងខ្ញុំឱ្យទៅកាប់កូនឈើនៅលើភ្នំ។ ជារឿយៗ ខ្ញុំឃើញកងឈ្លបខ្មែរក្រហមបណ្តើរប្រជាជនយកទៅសម្លាប់នៅក្នុងព្រៃស្ថិតនៅក្បែរកន្លែងដែលខ្ញុំធ្វើការ ប៉ុន្តែខ្មែរក្រហមបានហាមខ្ញុំមិនឱ្យចូលទៅទីតាំងសម្លាប់ឡើយ។  ថ្ងៃមួយខ្ញុំមានជំងឺគ្រុនចាញ់ ប៉ុន្តែខ្ញុំមិនស្នើសុំប្រធានកងទៅព្យាបាលនៅមន្ទីរពេទ្យឡើយព្រោះខ្ញុំខ្លាចខ្មែរក្រហមយកទៅសម្លាប់។ ខ្ញុំបានសម្រាកនៅក្នុងកងរហូតបានធូរស្បើយ។ ខ្ញុំកាប់ឆ្ការព្រៃបានរយៈពេលមួយខែ ស្រាប់តែមានឧទ្ធម្ភាគចក្រហោះមកទម្លាក់ខិត្តប័ណ្ណសរសេរថាប្រទេសបានរំដោះហើយ។ រំលងបានកន្លះខែកងទ័ពស្ម័គ្រចិត្តវៀតណាម និងកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាបានចូលមកដល់សហករណ៍ស្តុកប្រវឹកដែលខ្ញុំរស់នៅ ធ្វើឱ្យកម្មាភិបាលនិងឈ្លបខ្មែរក្រហមដែលគ្រប់គ្រងនៅទីនោះបានរត់គេចខ្លួនឡើងលើភ្នំអស់។

ខ្ញុំបានត្រឡប់មកជួបជុំប្រពន្ធ និងកូន ហើយយើងបានដើររកដំឡូងនិងរកត្រីមកហូប ប៉ុន្តែយើងគ្មានស្ករអំបិលឡើយ។ ខ្ញុំនិងប្រពន្ធបានធ្វើដំណើរបន្តទៅដល់សហករណ៍មួយដែលកម្មាភិបាលខ្មែរក្រហមនៅគ្រប់គ្រងនៅឡើយ។ ពេលនោះ ខ្ញុំបានដើរចូលទៅដងទឹកពីស្រះយកមកដាំបាយហូប ក៏មានខ្មែរក្រហមម្នាក់មកលួចខ្សឹបប្រាប់ខ្ញុំឱ្យចាកចេញពីទីនោះឱ្យឆាប់រហ័ស ព្រោះឈ្លបខ្មែរក្រហមរៀបចំផែនការកៀរប្រជាជន។​ ឮដូច្នេះ ខ្ញុំប្រញាប់ប្រញាល់នាំប្រពន្ធកូនទៅលាក់ខ្លួននៅក្នុងព្រៃរបោះក្បែរនោះ ដោយមិនហ៊ាននៅដាំបាយឡើយ។ មួយសន្ទុះក្រោយមក ប្រធានឈ្លបខ្មែរក្រហមបានជិះសេះមកតាមរកក្រុមគ្រួសារខ្ញុំ និងប្រជាជនថ្មីដែលធ្វើដំណើរជាមួយគ្រួសារខ្ញុំ។

រហូតដល់យប់ងងឹត ទើបខ្ញុំនិងប្រពន្ធកូនហ៊ានធ្វើដំណើរបន្តទៀត ដោយមានស្រ្តីម្នាក់ជម្លៀសមកពីខេត្តព្រៃវែងហើយស្គាល់ផ្លូវច្បាស់ បានដឹកនាំការធ្វើដំណើរនេះ។ ខ្ញុំបានដើរឆ្លងផុតព្រៃមកដល់ផ្លូវបំបែកនៅព្រៃស្វាយនៅពេលព្រឹក ក៏ឃើញរថយន្តបើកបរនៅលើផ្លូវទើបខ្ញុំដឹងច្បាស់ថា ប្រទេសបានរំដោះយូរហើយ។ ខ្ញុំឃើញប្រជាជនជម្លៀសស្នាក់នៅអមសងខាងផ្លូវបំបែកបណ្តោះអាសន្ន។ ប្រជាជនមួយចំនួនបានដើរសាកសួរដំណឹងអំពីសមាជិកគ្រួសារដែលបែកគ្នា ចំណែកខ្ញុំបានជូនអ្នកភូមិម្នាក់ឈ្មោះ ខូ ដើររកម្តាយ ដោយទុកប្រពន្ធនិងកូននៅផ្លូវបំបែក។ ខ្ញុំដើរទៅដល់ទីរួមស្រុកម៉ោងឫស្សី ក៏បានជួបស្រ្តីឈ្មោះ លូ ដែលរស់នៅភូមិបាសាក់ជាមួយខ្ញុំ ហើយគាត់មានស្រូវច្រើន។ ខ្ញុំបានត្រឡប់មកវិញក្នុងគោលបំណងយកប្រពន្ធនិងកូនខ្ញុំទៅរស់នៅទីរួមស្រុកមោងឫស្សីដែរ។ ប៉ុន្តែពេលខ្ញុំដើរមកដល់ឃុំព្រៃស្វាយក៏បានជួបឈ្មោះ ថាន់ អ្នកភូមិបាសាក់ជាមួយខ្ញុំដែរ។ ថាន់ ប្រមូលស្រូវបានយ៉ាងច្រើន ដូច្នេះខ្ញុំបានសម្រេចចិត្តនៅជួយបុកស្រូវគាត់ដើម្បីរែងយកអង្ករទៅដាំបាយហូប។ បន្ទាប់មក ខ្ញុំនិងគ្រួសារបានដើរពីខេត្តបាត់ដំបងរយៈពេលមួយខែ ទើបមកដល់ស្រុកកំណើតនៅខេត្តស្វាយរៀង។ ខ្ញុំគ្មានផ្ទះសម្បែងស្នាក់នៅទេ ព្រោះខ្មែរក្រហមបានរុះរើផ្ទះខ្ញុំអស់ហើយ។ ដូច្នេះខ្ញុំបាននាំប្រពន្ធកូនទៅរស់នៅរោងបាយសហករណ៍ដែលបន្សល់ពីរបបខ្មែរក្រហមបណ្តោះអាសន្ន ទម្រាំខ្ញុំដើររកឫស្សីមកសង់ខ្ទមនៅលើដីភូមិរបស់ខ្ញុំដើម្បីស្នាក់នៅ។ ខ្ញុំនៅសេសសល់អង្ករតិចតួចប៉ុណ្ណោះ ដូច្នេះខ្ញុំត្រូវដាំបបរហូបជាមួយត្រកួនដែលដុះជុំវិញផ្ទះដើម្បីពន្យាពេលឱ្យបានយូរ។ បន្ទាប់មកទើបខ្ញុំដើរជីកកណ្តុរស្រែមកចៀនលក់យកប្រាក់ទិញអង្ករហូប និងធ្វើស្រែដើម្បីចិញ្ចឹមប្រពន្ធកូនបានរស់ហូតមកដល់សព្វថ្ងៃ។

អត្ថបទដោយ សោម ប៊ុនថន


 [1] មជ្ឈមណ្ឌលឯកសារកម្ពុជា, គម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរ, បទសម្ភាសន៍ កុយ កញ្ញា ជាមួយ សូ ចំរើន រស់នៅភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។

[2] ស្រុកមានជ័យថ្មី នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin