«សូ លន ៖ ព្រមរៀបការដើម្បីគេចពីសេចក្ដីស្លាប់»

នៅក្នុងឆ្នាំ១៩៧៦ សូ លន ត្រូវបានអង្គការខ្មែរក្រហមចាប់បង្ខំឲ្យរៀបការ​ជាមួយបុរសម្នាក់ដែលខ្លួនមិនបានស្រឡាញ់ បើមិនព្រមធ្វើតាមការរៀបចំរបស់អង្គការនិងត្រូវបង្អត់អាហារឬត្រូវយកទៅសម្លាប់ ។ សូ លន បានរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖

សូ លន[1] ​ភេទ​ស្រី អាយុ៧០ឆ្នាំ សព្វថ្ងៃប្រកបមុខរបរធ្វើចម្ការ។ លន មានស្រុកកំណើតនៅភូមិត្រពាំងទន្លេ ឃុំកំពុំឈូក ស្រុកកោះអណ្ដែត ខេត្តតាកែវ។​ ប​ច្ចុប្បន្នរស់នៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ លន បានរៀបរាប់ថា ខ្ញុំមានឪពុកឈ្មោះ  សូ វ៉ាត (ស្លាប់ដោយសារជំងឺចាស់ជរា)ចំណែកម្ដាយឈ្មោះ ញួស ពាច (ស្លាប់ដោយសារជំងឺចាស់ជរា )។ ខ្ញុំមានបងប្អូន៥នាក់ (ប្រុស២នាក់ និងស្រី​៣នាក់) បងប្អូនខ្ញុំបានស្លាប់ចំនួន ​៣នាក់ ​(ប្រុស២នាក់ ស្រី១នាក់) ក្នុងរបបខ្មែរក្រហម។ ខ្ញុំជាកូនទី៤នៅក្នុងគ្រួសារ ។ ខ្ញុំមានប្ដីឈ្មោះ ស៊ូត ម៉ាន អាយុ៦៦ឆ្នាំ សព្វថ្ងៃប្រកបមុខរបរធ្វើចម្ការ ។ ខ្ញុំមានកូន៤នាក់ (ប្រុស២នាក់ និងស្រី២នាក់) កូនរបស់ខ្ញុំមានគ្រួសារអស់ហើយ សព្វថ្ងៃខ្ញុំរស់នៅជាមួយកូនពៅ ។

កាលពីវ័យកុមារខ្ញុំចូលរៀនបានត្រឹមថ្នាក់ទី៩ (សង្គមចាស់) នៅសាលា-វត្ត​ព្រៃម្លូរ ។ គ្រូបង្រៀនខ្ញុំឈ្មោះ គ្រូ​តា គ្រូអ៊ុន​ គ្រូសារិន ​គ្រូផែន ។ ខ្ញុំចូលរៀនអាយុ៨ឆ្នាំ ។​ មូលហេតុដែលខ្ញុំឈប់រៀនដោយសារតែប្រទេសជាតិធ្លាក់ចូលសង្រ្គាមស៊ីវិល ដោយសារតែលោកសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្ដម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ បន្ទាប់មកនៅក្នុងសាលារៀនខ្ញុំចាប់ផ្ដើមមានភាពច្របូកច្របល់មានសិស្សខ្លះវាយគ្រូ លុះម្ដាយខ្ញុំបានឃើញក៏ ឲ្យខ្ញុំឈប់រៀន។​ មុនដំបូងខ្ញុំមិនចង់ចូលរៀនទេ ដោយមានការបង្ខិតបង្ខំពីឪពុកម្ដាយទើបខ្ញុំចូលរៀន។ បន្ទាប់ពីឈប់រៀន ខ្ញុំបានជួយការងារឪពុកម្ដាយឃ្វាលគោ ធ្វើស្រែនិងធ្វើការងារផ្ទះបន្តិចបន្តួច។ ពេលកំពុងធ្វើការងារនៅក្នុងផ្ទះ ខ្ញុំបានឃើញប្រជាជនជាច្រើនបាននាំគ្នាធ្វើដំណើរតាមផ្លូវថ្នល់ដោយថ្មើរជើងឡើងទៅធ្វើបាតុកម្មនៅសាលាស្រុកកោះអណ្ដែត។ ឧបករណ៍ដែលប្រជាជនយកទៅធ្វើបាតុកម្មមានតែដំបង កាំបិតនិងពូថៅ ដើម្បីទៅតវ៉ាទាមទារឲ្យ សម្ដេចព្រះនរោត្តម សីហនុ ដឹកនាំប្រទេសវិញ។ ពេលនោះបងៗរបស់ខ្ញុំក៏ បានចូលរួមក្នុងការធ្វើបាតុកម្មដែរ ។ មិនបានប៉ុន្មានម៉ោងផង ប្រជាជនដែលឡើងទៅធ្វើបាតុកម្មភាគច្រើនត្រូវបានកងទ័ពលោកសេនាប្រមុខ លន់ នល់ បាញ់របួសនិងស្លាប់ជាច្រើន។ ប្រជាជនខ្លះទៀតបានរត់រប៉ាត់រប៉ាយគេចខ្លួនត្រឡប់មកផ្ទះសម្បែងវិញ ។

នៅដើមឆ្នាំ១៩៧៣ កងទ័ពអាមេរិកកាំងបានហោះមកទម្លាក់គ្រាប់បែកនិងបាញ់រះជាច្រើនគ្រាប់មកលើភូមិក្បាលពោធិ៍ដែលនៅក្បែរភូមិរបស់ខ្ញុំ។ ពេលនោះប្រជាជននៅក្នុងភូមិមានការតក់ស្លុត និងចលាចលជាខ្លាំង ប្រជាជនបាននាំកូនចៅរត់សំដៅទៅក្នុងព្រៃដើម្បីលាក់ខ្លួន ។​ បន្ទាប់ពីទម្លាក់គ្រាប់បែកហើយ ខ្ញុំបានឃើញប្រជាជន៤នាក់បានដេកស្លាប់នៅក្នុងវាលស្រែ។ បន្ទាប់ មកទៀតប្រជាជនបាននាំគ្នាជីករណ្ដៅត្រង់សេត្រៀមទុកសម្រាប់លាក់ខ្លួន ។ ត្រង់សេដែលឪពុកម្ដាយខ្ញុំជីកមានជម្រៅ១ម៉ែត្រ បន្ទាប់មកឪពុកម្ដាយខ្ញុំបានរើសឈើយកមកក្រាលពីលើរួចហើយយកដីលុបរណ្ដៅដែលជីក។ ការទម្លាក់គ្រាប់បែកក៏មានបន្តរហូតដល់ឆ្នាំ១៩៧៤។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានផ្ដួលរំលំរបប សេនាប្រមុខលន់ នល់ ហើយក៏ទទួលបានជ័យជម្នះទូទាំងប្រទេសកម្ពុជា។ បន្ទាប់មកកងទ័ពខ្មែរក្រហមបានចូលមកកាន់កាប់ភូមិដែលខ្ញុំកំពុងរស់នៅ ។ នៅក្នុងអំឡុងពេលនោះខ្ញុំរស់នៅស្រុកកំណើតជាមួយឪពុកម្ដាយបងប្អូនមិនបានជម្លៀសទៅណាទេ ។ ពេលដែលខ្មែរក្រហមចូលមកដំបូង ខ្មែរក្រហមមិនទាន់បង្ខិតបង្ខំឲ្យប្រជាជនធ្វើការងារអ្វីធ្ងន់ធ្ងរទេ គ្រាន់តែប្រាប់ឲ្យប្រជាជនខំប្រឹងធ្វើស្រែប្រវាស់ដៃគ្នាដើម្បីចែកស្រូវគ្នាហូប ​ហើយនៅក្នុងភូមិក៏មិនទាន់មានហេតុការណ៍អ្វីកើតឡើងដែរ។ សម្រាប់អាហារហូបចុកគឺហូបបានគ្រប់គ្រាន់​មិនទាន់មានការខ្វះខាតអ្វីទេ ព្រោះ​ប្រជាជនអាចធ្វើស្រែនិងដាំបាយហូបនៅផ្ទះបានធម្មតា ។

លុះដល់ឆ្នាំ១៩៧៦ កងទ័ពខ្មែរក្រហមបានប្រាប់ឲ្យប្រជាជនប្រមូលសម្ភារ របស់របរផ្សេងៗដាក់រួម​ ហើយខ្មែរក្រហមបានបង្កើតជាសហករណ៍នៅក្នុងឃុំក្រពុំឈូក ដើម្បីឲ្យប្រជាជនស្នាក់នៅរួម ហូបរួម និងធ្វើការងាររួមគ្នា។ បន្ទាប់មកអង្គការចាប់ផ្ដើមបែកចែក ក្រុមកុមារ ក្រុមយុវជន យុវនារីនិងក្រុមមនុស្សចាស់។ ពេលនោះខ្ញុំអាយុប្រហែល១៨ឆ្នាំ អង្គការបានជ្រើសរើសខ្ញុំឲ្យចូលធ្វើការងារនៅក្នុងកងចល័តនារី ។ ការងារដែលអង្គការប្រើឲ្យខ្ញុំធ្វើដំបូងគឺ រែកដីដំបូក លើកប្រឡាយ ដកស្ទូង លើកភ្លឺស្រែ  រែកសំណាប ចុងខែវស្សា រដូវទឹកស្រក់អង្គការបានឲ្យកងខ្ញុំទៅបោចស្មៅបឹងដើម្បីធ្វើស្រែប្រាំង។ ប្រឡាយដែលខ្ញុំលើកគឺនៅស្រុកភូមិរបស់ខ្ញុំផ្ទាល់។ ​នៅក្នុងកងចល័តដែលខ្ញុំស្នាក់នៅមានគ្នាប្រហែល៤០ទៅ៥០នាក់។ ​អ្នកដឹកនាំកងចល័តឈ្មោះ តាកប និងតាភិន។ ក្នុងមួយថ្ងៃៗខ្ញុំធ្វើការមិនសូវមានពេលសម្រាកទេ ម៉ោង៦ព្រឹកចុះធ្វើការ ម៉ោង១២ថ្ងៃត្រង់សម្រាក ម៉ោង១រសៀល ចុះធ្វើការ ម៉ោង៥ល្ងាចសម្រាក។ សម្រាប់អាហារហូបចុកពិបាកជាងមុន ក្នុងមួយថ្ងៃខ្មែរក្រហមឲ្យហូបតែពីរពេល ប៉ុណ្ណោះ ពេលព្រឹកហូបបាយលាយសាគូ លាយដំឡូងជ្វានិងពេលល្ងាចហូបបបរ ។ ពេលដែលឈឺថ្កាត់ម្ដងៗមានតែថ្នាំបុរាណទេ ដែលពេទ្យខ្មែរក្រហមដាំឲ្យផឹក។​ នៅចុងឆ្នាំ១៩៧៦ តា កប បានចាប់បង្ខំឲ្យខ្ញុំរៀបការ​ជាមួយបុរសម្នាក់ដែលខ្លួនមិនបានស្រឡាញ់។ ពេលនោះ តា កប  បានរៀបចំឲ្យ​ ១៦គូ។​ ពេលដែលចាប់មកផ្សំផ្គុំដំបូងខ្ញុំបានប្រកែកមិនចង់រៀបការ ប៉ុន្តែប្រសិនបើខ្ញុំមិនព្រមធ្វើតាមការរៀបចំរបស់អង្គការនឹងបង្អត់អាហារឬត្រូវយកទៅសម្លាប់ ។ បន្ទាប់ពីផ្សំផ្គុំរួច តា កប បានឲ្យយើងទៅធ្វើការងាររៀងៗខ្លួន ។

នៅឆ្នាំ១៩៧៧ ខ្មែរក្រហមបានផ្លាស់ ខ្ញុំពីស្រុកកោះអណ្ដែតឲ្យទៅនៅឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ​វិញ ។ ខ្ញុំស្នាក់នៅឃុំអូរសារាយបានរយៈពេល២ថ្ងៃក៏ចាប់ផ្ដើមមានការទម្លាក់គ្រាប់យ៉ាងខ្លាំងពីខាងកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ពេលនោះប្រជាជននិងកងទ័ពខ្មែរក្រហមជាច្រើនបាននាំគ្នារត់សំដៅទៅអូរចោទ។ ពេលដែលរត់ទៅដល់អូរចោទនៅទីនោះក៏មានការប្រទាញប្រទង់គ្នាជាខ្លាំង ​ខ្ញុំក៏នាំគ្នារត់ចុះមកខាងខេត្តកំពង់ស្ពឺវិញ ហើយក៏បន្តដំណើររហូតមកដល់ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ហើយក៏សាងសង់ផ្ទះរស់នៅទីនោះបានរយៈពេល១ឆ្នាំ ដោយប្រកបរបរធ្វើស្រែ ដាំបន្លែដើម្បីចិញ្ចឹមជីវិត ។

នៅចុងឆ្នាំ១៩៧៨ កងទ័ពវៀតណាមបានវាយចូលមកដល់ភូមិក្បាលពោធិ៍ ​ឃុំសំ​បូរ ស្រុកទ្រាំង ខេត្តតាកែវ ។ ពេលនោះកងទ័ពខ្មែរក្រហមជាច្រើនបានប្រមូលផ្ដុំកម្លាំងគ្នាដើម្បីមកទប់ទល់ជាមួយកងទ័ពវៀតណាម  ដោយខ្វះកម្លាំងខាងផ្នែកដឹកជញ្ជូន តា​ កប បានជ្រើសរើសនារីជាច្រើននាក់ ដើម្បីឲ្យទៅជួយខាងកងដឹកជញ្ជូន ក្នុងនោះក៏មាន រូបខ្ញុំម្នាក់ដែរ ។ សម្ភារដែលខ្ញុំត្រូវដឹកជញ្ជូនមានដូចជា គ្រាប់កាំភ្លើងតូចធំនិងស្បៀងអាហារមួយចំនួនដើម្បីយកទៅឲ្យកងទ័ពខ្មែរក្រហមដែលកំពុងប្រយុទ្ធទប់ទល់ជាមួយកងទ័ពវៀតណាម ។ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ១៩៧៩ កងទ័ពវៀតណាមនិងកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានទទួលជ័យជម្នះទៅលើកងទ័ពខ្មែរក្រហម។ បន្ទាប់ពីរំដោះបានហើយកងទ័ពវៀតណាមបានឲ្យ ខ្ញុំត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួន។ ខ្ញុំបានធ្វើដំណើរចុះមករស់នៅកំពុងទឹកបានមួយខែក៏ត្រឡប់ទៅរស់នៅស្រុកកំណើតរបស់ខ្ញុំវិញ។ ពេលដែលមកដល់ភូមិត្រពាំងទន្លេខ្ញុំបានជួបឪពុកម្ដាយរបស់ខ្ញុំវិញ ហើយក៏ជួយគាត់ប្រកបមុខរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត។ នៅឆ្នាំ២០០០​ ខ្ញុំនិងប្ដីបានផ្លាស់ពីស្រុកកំណើតមករស់នៅជាមួយបងស្រីរបស់ខ្ញុំដែលស្ថិតក្នុងភូមិក្រពើពីរ ឃុំក្រពើពីរ ស្រុកវាលវែង ​ខេត្តពោធិ៍សាត់ ហើយគាត់បានចែកដីបន្តិចបន្តួចដើម្បីប្រកបមុខរបរធ្វើស្រែចម្ការចិញ្ចឹមជីវិតរហូតមកដល់សព្វថ្ងៃ។

ជាចុងក្រោយរឿងរ៉ាវដែលខ្ញុំចង់ចាំមិនអាចបំភ្លេចបាន​គឺបងប្អូនខ្ញុំបីនាក់ត្រូវបានបាត់បង់ជីវិតដោយគ្មានមូលហេតុ។ សង្រ្គាមបានធ្វើឲ្យមនុស្សជាច្រើនបែកបាក់គ្រួសារ ក្មេងកំព្រាឪពុកម្ដាយ ស្រ្តីមេម៉ាយនិងជនពិការជាច្រើននាក់៕

សរសេរដោយ ចាន់ ណារិទ្ធ


ឯកសារយោង

[1] មជ្ឈមណ្ឌលផ្សះផ្សាវាលវែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា សម្ភាសន៍ជាមួយ ​ឈ្មោះ សូ លន ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin