ខ្ញុំជាប់ទោសដោយសារជាអតីតមេក្រុម១០ខ្នង ក្នុងរបប លន់ នល់

(ស្វាយរៀង) ៖ សឹង យាន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានអាយុ៧៤ឆ្នាំ បច្ចុប្បន្ន ជាមេភូមិកណ្តាល រស់នៅសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ក្នុងរបប លន់ នល់ ឆ្នាំ១៩៧០ យាន រស់នៅជាមួយឪពុកម្តាយ។ គាត់មានតួនាទី ជាមេក្រុម១០ខ្នងក្នុងភូមិ។ គាត់រៀបរាប់ថា សមាជិកគ្រួសារអាចរស់នៅជុំគ្នា ប៉ុន្តែមានការភ័យខ្លាចការទម្លាក់គ្រាប់បែក ដែលតែងតែធ្វើឡើងជាញឹកញាប់នៅទូទាំងខេត្តស្វាយរៀងពិសេសនាពេលយប់។

ឆ្នាំ១៩៧៥ យាន និងគ្រួសារត្រូវបានជម្លៀសទៅ ភូមិឃ្លាំង ឃុំចេក ស្រុកស្វាយជ្រំ។ នៅទីនោះ អង្គការមិនអនុញ្ញតឲ្យគាត់ និងគ្រួសារស្នាក់នៅជុំគ្នាទេ។ គាត់ត្រូវបានខ្មែរក្រហមដាក់ពន្ធនាគារបួនខែ ជាមួយមេក្រុមផ្សេងទៀត ដោយសារគាត់ជាអតីតមេក្រុម១០ខ្នងក្នុងរបប លន់ នល់។ ខ្មែរក្រហមគិតថា មេក្រុមនេះជាជនក្បត់ និងអាចប្រឆាំងខ្លួន។ គាត់ត្រូវបានប្រើឲ្យធ្វើការងារធ្ងន់ៗ គ្មានពេលសម្រាកដូចជា រែកដី និងជីកប្រឡាយ ពិសេសទៀតនោះគឺប្រើឲ្យធ្វើការងារដែលខ្លួនមិនចង់ធ្វើដូចជាវាយព្រះពុទ្ធបដិមាករទម្លាក់ទឹកស្រះ រុះរើព្រះវិហារ និងបំផ្លាញសម្ភារៈផ្សេងៗទៀតក្នុងវត្ត។ បន្ទាប់ពីរួចទោស យាន ត្រូវបានជម្លៀសទៅសហករណ៍ភូមិចេក ឃុំចេក។ នៅទីនេះគាត់ត្រូវបានប្រើឲ្យដក ស្ទូង ឡើងត្នោត និងបររទេះដើររកឧសដើម្បីយកមកប្រើនៅសហករណ៍រោងបាយ។ ក្នុងនាមជាប្រជាជនថ្មី យានត្រូវរស់នៅដោយលំបាកទាំងការងារ និងរបបអាហារ។ ប្រជាជនចាស់មានសិទ្ធិច្រើន និងជាអ្នកមើលការខុសត្រូវនិងចាត់ចែងការងារឲ្យប្រជាជនថ្មី។ ក្នុងរបបខ្មែរក្រហម យាន ទទួលបានរបបអាហារតែបបររាវពីរវែកប៉ុណ្ណោះក្នុងមួយថ្ងៃ។ នៅពេលចូលឆ្នាំ ប្រជាជនអាចមានរបបអាហារខុសធម្មតា។

យាន និយាយថា ក្នុងរបបខ្មែរក្រហម ម្នាក់ៗខំប្រឹងធ្វើការងាររៀងៗខ្លួន ព្រោះខ្លាចមិនទទួលបានរបបអាហារ។ ប្រជាជនមិនបានដឹងពីសុខទុក្ខគ្នានោះទេ សូម្បីតែម្តាយ ឪពុកខ្លួន។ ពេលសមាជិកគ្រួសារឈឺក៏មិនអាចទៅសួរសុខទុក្ខបានដែរដោយមានការអះអាងថា មានពេទ្យជាអ្នកមើលថែហើយ។ ក្នុងរបបនោះ យាន បានឃើញការបាត់មនុស្សក្នុងមូលដ្ឋានជាញឹកញាប់។ គាត់ក៏បានឃើញប្រជាជនត្រូវបានធ្វើទារុណកម្មដោយវាយនឹងគល់ឈើ ឬស្វ័យកាំភ្លើងពេលដែលធ្វើការមិនបានតាមការទាមទាររបស់អង្គការ។

យាន និយាយថា «សូម្បីតែបាត់បងប្អូនក៏មិនហ៊ានសួរកងឈ្លប ឬប្រធានសហករណ៍ពីការបាត់ខ្លួននោះដែរ ម្នាក់ៗ ខ្លាចមិនហ៊ាននិយាយស្តី គិតតែពីខ្លួនឯង សក់អ្នកណាក្បាលអ្នកហ្នឹងហើយរបបនោះ។ ខ្លាចសូម្បីនិយាយគ្នា ពេលជួបអ្នកស្គាល់បានត្រឹមសើចដាក់គ្នា យើងមិនដឹងថាអាចរស់បានប៉ុន្មានថ្ងៃទៀតទេ»។

ក្នុងរបបនោះ យាន បានបាត់បង់បងប្រុសម្នាក់ដោយសារគ្មានអាហារហូប និងត្រូវធ្វើការងារធ្ងន់។ ក្រោយរបបខ្មែរក្រហមដួលរលំ យាន បានត្រឡប់មករស់នៅស្រុកកំណើតវិញ។ យាន ចង់ឲ្យក្មេងៗជំនាន់ក្រោយដឹងពីការឈឺចាប់ របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដើម្បីជួយទប់ស្កាត់របបនេះកុំឲ្យត្រឡប់មក វិញ។ យាន ពេញចិត្តចំពោះការសម្រេចទោសអស់មួយជីវិតរបស់តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម។

សម្ភាសន៍ដោយ កើត សុរចនា ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin