បទពិសោធន៍ និងរំឭកការចងចាំរបស់បងប្អូន២នាក់ពីរបបខ្មែរក្រហម

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ស៊ឹង គឹមស្រ៊ុន (អាយុ៧៤ឆ្នាំ) និង អៀប គុយ (អាយុ៦៦ឆ្នាំ) គឺជាបងប្អូន ដែលមានម្ដាយបង្កើត និងឪពុកផ្សេងគ្នា រស់នៅក្នុងភូមិទី៨ ឃុំ/ស្រុកកោះសូទិន ខេត្តកំពង់ចាម។ គឹមស្រ៊ុន និង គុយ បានរស់នៅ និងធ្វើការងារនៅតាមកងចល័តក្នុងរបបខ្មែរក្រហម និងនិយាយចែករំលែកបទពិសោធន៍ និងរំឭកការចងចាំរបស់ខ្លួនក្នុងរបបខ្មែរក្រហម​៖

ស៊ឹង គឹមស្រ៊ុន[1] ជាបងស្រី អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាអតីតកងចល័តនារីវ័យកណ្ដាលខ្មែរក្រហម បានរៀបរ៉ាប់អំពីសាវតារ និងប្រវត្តិរបស់ខ្លួនថា៖ «ខ្ញុំមានមុខរបរជាកសិករធ្វើស្រែចម្ការ។ ខ្ញុំរៀបការប្ដីឈ្មោះ ស៊ុន សឿន និងមានកូនប្រុសស្រី។ ខ្ញុំកើតនៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំមានឪពុកឈ្មោះ កៅ ឡេង និងម្ដាយឈ្មោះ ពិន ស្រ៊ី។  ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រីចំនួន៧នាក់។ នៅវ័យកុមារ ខ្ញុំទៅរៀននៅសាលាបឋមសិក្សាគ្រូអ៊ុក។ ខ្ញុំរៀនបានត្រឹមថ្នាក់ទី១០ចាស់។ ខ្ញុំឈប់រៀននៅអាយុ១៣ឆ្នាំ ដើម្បីមកជួយការងារឪពុកម្ដាយនៅផ្ទះ និងមើលប្អូនៗ។ នៅអាយុ១៥ឆ្នាំ ខ្ញុំរៀបការប្ដី ដែលធ្វើជាប៉ូលីស នៅជីហែ។ ខ្ញុំទៅរស់នៅជាមួយប្ដីនៅជីហែ។ មួយរយៈក្រោយមក ប្ដីខ្ញុំត្រូវបានផ្លាស់ទៅត្រពាំងថ្លុង។ នៅពេលនោះ ខ្ញុំបង្កើតកូនបាន១នាក់ និងវិលមករស់នៅជីហែវិញ។

បន្ទាប់ពីមានរដ្ឋប្រហារលន់ នល់ នៅដើមឆ្នាំ១៩៧០ បាតុកម្មបានផ្ទុះឡើង និងដង្ហែទៅទីរួមខេត្តកំពង់ចាម។ អ្នកភូមិជាច្រើនបានចូលរួមបាតុកម្មនោះ។ ខ្ញុំបានមករស់នៅផ្ទះជាមួយម្ដាយខ្ញុំនៅកោះសូទិន។ នៅឆ្នាំ១៩៧១ ខ្ញុំឃើញកងទ័ពរំដោះខ្មែរក្រហមចូលមកដល់ភូមិ។ ប្ដីខ្ញុំត្រូវបានចាត់តាំងទៅធ្វើការងារនៅភស្ដុភារនៅខេត្តព្រៃវែង។ នៅពេលនោះ ប្ដីខ្ញុំមិនដែលមកលេងផ្ទះនៅកោះសូទិនទេ។ នៅឆ្នាំ១៩៧៣ ភូមិទី៨ គឺជាសមរភូមិក្ដៅរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម។ ទាហាន លន់ នល់ បានទម្លាក់គ្រាប់បែកជាច្រើនទៅលើទីតាំងដែលមានកងទ័ពរំដោះខ្មែរក្រហម។

នៅឆ្នាំ១៩៧៤ ខ្ញុំរត់ភៀសខ្លួនជាមួយកូនទៅរស់នៅជាមួយប្ដីដែលទើបតែត្រូវបានផ្លាស់មកនៅអូររាំងឪ។ នៅឆ្នាំ១៩៧៥ ខ្ញុំដឹងដំណឹងថាម្ដាយរបស់ខ្ញុំដែលរស់នៅកោះសូទិនបានស្លាប់។ ខ្ញុំបាននាំកូន និងប្អូនតូចមកភូមិវិញ ដោយ​បានដើរពីអូររាំងឪ រហូតមកដល់កោះចិន និងឆ្លងទៅខាងកោះសូទិន នៅព្រឹកបន្ទាប់។ នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបានចាត់តាំងឲ្យធ្វើការងារនៅកងចល័តវ័យកណ្ដាល ដោយបានដើរទៅរែកដី ជីកប្រឡាយ ស្ទូងស្រូវ កាត់ថ្នាំ និងកាច់ពោត។ ខ្ញុំត្រូវក្រោយនៅម៉ោង៤ព្រឹក ដើម្បីតម្រង់ជួរ និងចាប់ផ្ដើមធ្វើការនៅម៉ោង៦ដល់ម៉ោង១១ព្រឹក និងម៉ោង១ ដល់ម៉ោង៥ ល្ងាច។ ខ្ញុំទទួលបានរបបអាហារត្រឹមតែបបររាវ។ នៅឆ្នាំ១៩៧៧ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីបានចូលមកគ្រប់គ្រង និងចាប់ផ្ដើមចាប់ខ្លួនប្រធានកង មេភូមិ និងអ្នក១៧មេសា ដើម្បីយកទៅសម្លាប់ចោល។ នៅឆ្នាំ១៩៧៨ ខ្ញុំត្រូវបានដាក់ជាប្រជាជនត្រៀម គឺជាក្រុមប្រជាជនដែលខ្មែរក្រហមយកទៅសម្លាប់នាពេលឆាប់ៗខាងមុខនេះ។ មានប្រជាជនចាស់ និងប្រជាជន១៧មេសា ជាច្រើនត្រូវបានចាប់ខ្លួនយកទៅសម្លាប់នាពេលនោះ។ ខ្ញុំធ្វើការនៅក្នុងកងចល័តវ័យ​កណ្ដាល រហូតដល់ពេលដែលកងទ័ពវៀតណាមចូលមកដល់។ ខ្ញុំរួចផុតពីសេចក្ដីស្លាប់ក្នុងរបបខ្មែរក្រហម និងប្រកបរបររស់នៅជាកសិកររហូតដល់ពេលសព្វថ្ងៃនេះ។

អៀប គុយ[2] ជាប្អូនប្រុស អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាអតីតកងចល័តខ្មែរក្រហម រំឭកអំពីបទពិសោធន៍របស់ខ្លួនក្នុងរបបខ្មែរក្រហម៖ «ខ្ញុំប្រកបរបរធ្វើស្រែចម្ការ។ ខ្ញុំរៀបការជាមួយឈ្មោះ ជួង វី និងមានកូន១នាក់។ ឪពុកខ្ញុំឈ្មោះ ហ៊ុយ អៀប និងម្ដាយឈ្មោះ ពិន ស្រ៊ី ដែលជាម្ដាយតែមួយរបស់ខ្ញុំ និងបងស្រី គឹមស្រ៊ុន។ ខ្ញុំមានបងប្អូនប្រុសស្រីចំនួន៧នាក់។ នៅវ័យកុមារ ខ្ញុំរៀនសូត្រនៅសាលាបឋមសិក្សាវត្តចុងកោះ ត្រឹមថ្នាក់ទី១០ (សង្គមចាស់)។ បន្ទាប់ពីមានរដ្ឋប្រហារ លន់ នល់ នៅដើមឆ្នាំ១៩៧០ បាតុកម្មចូលកើតឡើង។ អ្នកភូមិជាច្រើនបានចូលរួមដង្ហែបាតុកម្មទៅទីរួមខេត្តកំពង់ចាម។

នៅឆ្នាំ១៩៧១ កងទ័ពរំដោះខ្មែរក្រហមចូលមកដល់ភូមិជាបណ្ដើរៗ និងសុំផ្ទះរបស់អ្នកភូមិដើម្បីស្នាក់អាស្រ័យ។ នៅឆ្នាំ១៩៧២ និងឆ្នាំ១៩៧៣ យន្ដហោះអាជើងបង្កងបានហោះមកក្រឡឹងចុះឡើង និងបាញ់ផ្សែង។ បន្ទាប់មកយន្ដហោះអាទ្រុងជ្រូកបានមកទម្លាក់គ្រាប់បែកនៅភូមិច្រើនណាស់។ នៅឆ្នាំ១៩៧៥ ម្ដាយរបស់ខ្ញុំបានស្លាប់ដោយសារតែជំងឺ។ ខ្ញុំត្រូវបានចាត់តាំងឲ្យធ្វើការនៅតាមកងចល័ត។ នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបានបញ្ជូនទៅធ្វើការនៅការដ្ឋានឆ្ន័ត្រ និងដំរិល រួមមាន៖ ស្ទូងស្រូវ លើកទំនប់ រែកដី និងជីកប្រឡាយ។ ខ្ញុំធ្វើការពីម៉ោង៦ព្រឹក ដល់១១ថ្ងៃត្រង់ ទើបឈប់ហូបបបរ និងបន្តធ្វើការងារចាប់ពីម៉ោង១ ដល់ម៉ោង៥ល្ងាច។ ចាប់ពីម៉ោង៧ ដល់ម៉ោង៩ យប់ ខ្ញុំធ្វើការងារបន្ថែមទៀត។ នៅឆ្នាំ១៩៧៧ ខ្ញុំទៅធ្វើជាកងចល័តឆ្ន័ត្រ រហូតដល់របបខ្មែរក្រហមដួលរំលំ នៅឆ្នាំ១៩៧៩។ បន្ទាប់ពីរស់រានមានជីវិត, ខ្ញុំបានស្វែងរក និងជួបជុំជាមួយបងស្រី គឹមស្រ៊ុន ហើយយើងបានធ្វើដំណើរវិលត្រឡប់មករស់នៅភូមិកំណើតវិញ រហូតដល់សព្វថ្ងៃនេះ។»

អត្ថបទដោយ សាំង ចាន់ធូ


[1] បទសម្ភាសន៍ជាមួយ ស៊ឹង គឹមស្រ៊ុន នៅស្រុកកោះសូទិន ខេត្តកំពង់ចាម នៅខែមិថុនា ឆ្នាំ២០២២; បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

[2] បទសម្ភាសន៍ជាមួយ ស៊ឹង គឹមស្រ៊ុន នៅស្រុកកោះសូទិន ខេត្តកំពង់ចាម នៅខែមិថុនា ឆ្នាំ២០២២; បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin