ខ្ញុំលាក់ប្រវត្តិជាអតីតទាហាន លន់ នល់ ដើម្បីមានជីវិតរស់
(ស្វាយរៀង) ៖ សុខ ជិន ធ្លាប់ធ្វើជាទាហាន លន់ នល់ មុនឆ្នាំ១៩៧៥ ដោយប្រចាំការ ការពារព្រំដែន និងក្រោយមកផ្លាស់មកទីក្រុងភ្នំពេញ។
ជិន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ ៧០ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ជិន មិនបានទទួលបានការសិក្សាអប់រំដោយសារតែគ្រួសារគាត់មានជីវភាពក្រីក្រ និងគួបផ្សំប្រទេសជាតិនាពេលនោះមានសង្រ្គាម។
ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលខ្មែរក្រហមទទួលជ័យជំនះលើរបប លន់ នល់ និង បានចូលកាន់កាប់ទីក្រុងភ្នំពេញ ពេលនោះ ជិន កំពុងធ្វើជាទាហាន លន់ នល់ ឈរជើងការពារនៅតំបន់ព្រៃស។ ជិន បានដឹងថា ប្រសិនបើជាគាត់ប្រយុទ្ធតតាំងជាមួយទាហានខ្មែរក្រហម នាពេលនោះ គាត់នឹងត្រូវស្លាប់។ ដូច្នោះ ជិន បានដោះសម្លៀកបំពាក់ទាហានចេញ ធ្វើជាប្រជាជនធម្មតា និងបានប្រាប់ទាហានខ្មែរក្រហមថា គាត់ជានិសិ្សត។ ខ្មែរក្រហមបានជម្លៀស ជិន ចេញពីទីក្រុងភ្នំពេញឲ្យទៅរស់នៅស្រុកស្អាង ខេត្តកណ្តាល។
ក្រោយមក ជិន បានធ្វើដំណើរបន្តមករស់នៅខេត្តស្វាយរៀង។ ពេលមកដល់ ខេត្តស្វាយរៀង ជិន មិនបានជួប ឪពុក ម្តាយ និងបងប្អូន ដោយសារតែខ្មែរក្រហមបញ្ជូនគាត់ទៅរស់នៅតាមសហករណ៍។ ជិន បាននិយាយថា ពេលនោះគាត់ព្យាយាមលាក់អត្តសញ្ញាណជាអតីតទាហាន លន់ នល់។ ជិន បានទៅតំបន់ផ្សេងពីស្រុកកំណើតដើម្បីបង្វែងដាន ដោយរស់នៅក្នុងសហករណ៍ក្តីស្លាជាមួយបងប្អូន។ នៅទីនោះប្រធានសហករណ៍បានសួរ ជិន ពីប្រវត្តិរូបនៅរបបមុន។ ជិន បានប្រាប់ថាគាត់ជាប្រជាជនធម្មតាប្រកបរបបឡើងត្នោត។ បន្ទាប់មកប្រធានសហករណ៍បាននាំ ជិន ទៅរៀនសូត្រ។ ជិន បានសួរថា រៀនសូត្រយ៉ាងមិចបើខ្ញុំគ្មាន ប៊ិក និងសៀភៅផង។ គេក៏បានប្រាប់ ជិន ថា នៅទីនោះមានហើយ។ ពេលទៅដល់គឺការដ្ឋានជីកទំនប់ប្រឡាយ គេប្រាប់គាត់ថា បង្គីជាសៀភៅ រីឯចបជាប៊ិក។
ជិន រស់នៅតែងមានអារម្មណ៍ភ័យខ្លាចគេយកទៅសម្លាប់ចោលដោយសារគាត់ជាអតីតទាហានរបបមុន និងជាប្រជាជនថ្មីក្នុងសហករណ៍ក្តីស្លា។ ក្រៅពីការងារជីកទំនប់ និង លើកប្រទ្បាយ ជិន ត្រូវបានប្រើឲ្យឡើងត្នោតដើម្បីធ្វើស្ករ។ ជិន ត្រូវធ្វើការពីព្រលឹម រហូតដល់ម៉ោង ១១ថ្ងៃត្រង់ សម្រាក ហូបបាយ និងបន្តដល់ម៉ោង៥ល្ងាច។ រឿងរ៉ាវដែល ជិន ចងចាំមិនភ្លេច គឺការដែលខ្មែរក្រហមឲ្យប្រជាជនហូបមិនគ្រប់គ្រាន់ ដោយវាល់អង្ករកន្លះកំប៉ុង ឲ្យហូបបីនាក់ក្នុងមួយពេល មួយថ្ងៃហូបពីរពេល។
ជិន ធ្លាប់បានឃើញប្រជាជនដែលហូបមិនគ្រប់គ្រាន់ បានទៅលួចបូតស្រូវអង្គការហូប គេទាន់ក៏យកទៅសម្លាប់ចោល ដោយចោទថា ក្បត់នឹងអង្គការ។ ជិន ក៏ធ្លាប់ឃើញកងទ័ពខ្មែរក្រហមសម្លាប់ប្រជាជនស្លូតត្រង់គ្មានកំហុស។ ដោយខ្មែរក្រហមប្រើប្រជាជន ឲ្យជីករណ្តៅ រួចខ្មែរក្រហមក៏វាយសម្លាប់ទម្លាក់ និងកប់ទាំងប្រជាជនខ្លះមិនទាន់ស្លាប់។ សំលៀកបំពាក់របស់សាកសព ត្រូវបានខ្មែរក្រហមយកមកឲ្យប្រជាជននៅក្នុងភូមិពាក់បន្តគ្មានអ្នកណាហ៊ានមិនទទួលទ្បើយ។
រហូតដល់ឆ្នាំ១៩៧៩ ក្រោយរបបខ្មែរក្រហមដួលរលំ ជិន បានត្រលប់មករស់នៅជួបជុំ ឪពុក ម្តាយ និងបងប្អូនឯស្រុកកំណើវិញ។
បច្ចុប្បន្ន ជិន មានជំងឺបេះដូង និងជំងឺក្រពះ ពោះ វៀន។
សម្ភាសន៍ដោយ កើត សុរចនា ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង