សុខ នួន៖ រឿងរ៉ាវសង្ខេបអំពីជីវិតនៅក្នុងរបបខ្មែរក្រហម និង ស្ថានភាពសុខភាពនាពេលបច្ចុប្បន្ន

ខ្ញុំឈ្មោះ សុខ នួន អាយុ៥៥ឆ្នាំ មានទីកន្លែងកំណើតស្ថិតនៅភូមិអង់តាសោម ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុករបស់ខ្ញុំឈ្មោះ សុខ សយ (ស្លាប់) និង ម្តាយឈ្មោះ ណុប ហឿន។ ខ្ញុំមានបងប្អូនចំនួន ០៦នាក់។

នៅក្នុងរបបខ្មែរក្រហមខ្ញុំបែកចេញពីក្រុមគ្រួសារ ដោយខ្មែរក្រហមបានជម្លៀសឱ្យខ្ញុំទៅរស់នៅជាមួយក្រុមកងកុមារ។ ខ្ញុំត្រូវខ្មែរក្រហមឱ្យចូលរៀននៅពេលព្រឹក ប៉ុន្តែខ្ញុំរៀនមិនចេះនោះទេ ដោយ​សារ​គ្រូពន្យល់មិនច្បាស់។ ពេលល្ងាចឡើងខ្មែរក្រហមឱ្យខ្ញុំទៅកាប់ស្លឹកទន្រ្ទានខែត្រ ពេលខ្លះក្រហមឱ្យខ្ញុំទៅរើសអាចម៍គោ។ ខ្ញុំត្រូវធ្វើការជាប្រចាំមិនមានពេលសម្រាកនោះទេ។ ខ្ញុំធ្លាប់ឃើញកងទ័ពខ្មែរក្រហមមួយក្រុមបណ្ដើរប្រជាជន ដែលកំពុងធ្វើការនៅកងចល័តជាជួរៗចេញទៅ ប៉ុន្តែខ្ញុំមិនដឹងថាខ្មែរក្រហមនាំប្រជាជនទាំងអស់នោះទៅណាទេ ដោយគ្រាន់តែឮថាយកទៅរៀនសូត្រ ហើយបន្ទាប់ពីនោះ ខ្ញុំមិនដែលឃើញមាននណាម្នាក់វិលត្រឡប់មកវិញទេ។ ខ្ញុំឃើញប្រជាជនខ្លះត្រូវខ្មែរក្រហមបង្ខំឱ្យរៀបការ ទាំងមិនដែលស្គាល់គ្នា។ ខ្ញុំលបមើលឃើញថា ប្រជាជនត្រូវប្តេជ្ញាចិត្តនៅចំពោះមុខកម្មាភិបាលខ្មែរក្រហម ទើបអាចរស់នៅជាប្ដីប្រពន្ធបាន។ បើនិយាយពីការហូបចុកក្នុងរបបខ្មែរក្រហមវិញ ខ្ញុំមិនសូវបានហូបចុកគ្រប់គ្រាន់នោះទេ ដោយខ្មែរក្រហមឱ្យហូបអាហារពីរពេលក្នុងមួយថ្ងៃ មានពេលខ្លះខ្ញុំហូបបបរ ពេលខ្លះទៀតខ្ញុំហូបបាយជាមួយសម្លប្រលិត។

ខ្ញុំបានបន្តការងារនៅកងកុមាររហូតដល់ឆ្នាំ១៩៧៩ ពេលនោះមានសង្រ្គាមរវាងកងទ័ពវៀតណាម និងកងទ័ពខ្មែរក្រហម ដោយកងទ័ពវៀតណាម​បានវាយសម្រុកលើកងទ័ពខ្មែរក្រហម​ចូលមកក្នុងទឹកដី​ប្រទេស​កម្ពុជា ខ្ញុំមានការភ័យខ្លាចក៏បានភៀសខ្លួនចេញពីភូមិទៅជាមួយប្រជាជនផ្សេងទៀត។ នៅ​តាម​ផ្លូវ​ខ្ញុំបានជួបម្ដាយឪពុកព្រមទាំងបងប្អូន និងបានធ្វើដំណើរបន្តជាមួយគ្នារហូតដល់ភ្នំលះបង់។ នៅតាមផ្លូវធ្វើដំណើរមានសំឡេងគ្រាប់បែកផ្ទុះពាសពេញព្រៃ ខ្ញុំបានបន្តដំណើរទៅមុនទៀត ដោយស្ថានភាព​នៅ​តាម​​ផ្លូវមានចាស់ជរាធ្វើដំណើរទៅមុខមិនរួចក៏ត្រូវកូនបោះបង់ចោលនៅតាមផ្លូវ។ អំឡុងពេលធ្វើដំណើរនៅក្នុងព្រៃនោះ ខ្ញុំប្រទះឃើញសាកសពជាច្រើនដែលស្លាប់នៅពាសពេញព្រៃមិនថាចាស់ឬក៏ក្មេងនោះទេ ខ្ញុំបានប្រើជីវិតនៅក្នុងព្រៃអស់រយៈពេលជាច្រើនខែ ដោយយប់កន្លែងណាដេកកន្លែងនោះ។ សង្គ្រាមចេះតែបន្តទៅមុខរហូត ខ្ញុំព្រមទាំងក្រុមគ្រួសារបានបន្តដំណើររហូតដល់ព្រំដែនប្រទេសថៃ។ លុះដឹងដំណឹងថាសង្គ្រាមកងទ័ពវៀតណាមបានវាយឈ្នះកងទ័ពខ្មែរក្រហម ខ្ញុំបានធ្វើដំណើរមកភូមិស្រុកវិញ ដោយ​ប្រកប​មុខរបរធ្វើស្រែចម្ការ។ កាលពីរបបខ្មែរក្រហមខ្ញុំបាត់បង់អ៊ំម្នាក់ឈ្មោះ ប៊ូន។ គាត់ត្រូវបានខ្មែរក្រហមបញ្ជូនឱ្យធ្វើជាកងទ័ពជាមួយពូរបស់ខ្ញុំម្នាក់ទៀតឈ្មោះ ឆេង ដែលជា​ជាកងទ័ពដូចគ្នា។ បន្ទាប់ពីរៀបការរួចខ្ញុំ និងប្តីបានផ្លាស់ប្ដូរមករស់នៅភូមិបាកនឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ [1]

សព្វថ្ងៃខ្ញុំមានជំងឺប្រចាំកាយដូចជា ជំងឺខ្វះឈាម ដែលបណ្តាលឱ្យខ្ញុំវិលមុខជាប្រចាំ និង ជំងឺបេះដូង។ យោងទៅតាមកូនសៀវភៅព័ត៌មានអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមលើកឡើងថា «ជំងឺបេះដូង បង្កឡើងដោយសារជំងឺផ្សេងៗជាច្រើន ដែលនាំឱ្យមានអាការពិបាកដកដង្ហើម មមើមាយ វិលមុខ ចុកទ្រូង ឬតឹងណែនក្នុងទ្រូង ចុករួយកញ្ចឹងក ឬចុករោយថ្គាម ឬចុករួយខ្នង ឬចុកពោះ និងសន្លប់ក្នុងនោះក៏មានការប្រែប្រួលនៃចង្វាក់បេះដូង។ » [2] ចំពោះការព្យាបាលជំងឺរបស់ខ្ញុំវិញ ខ្ញុំទៅមន្ទីរពេទ្យនៅក្នុងភូមិស្រុកដើម្បីព្យាបាល ដោយគ្រូពេទ្យបានចាក់ថ្នាំ និងបានផ្តល់ថ្នាំសម្រាប់លេបនៅផ្ទះ។ មូលហេតុដែលខ្ញុំមិនបានទៅមន្ទីរពេទ្យនៅឆ្ងាយគឺដោយសារ តែខ្វះខាតថវិកា និងជីវភាពគ្រួសារជួបការលំបាក។ខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្ត​ដែលមានក្រុមកាងារ​មជ្ឈ​មណ្ឌល​ឯកសារកម្ពុជា​បានចុះមកសួរអំពីសុខភាពរបស់ខ្ញុំ។

សរសេរដោយ ផាត ពន្លក


ឯកសារយោង

[1]សុខ នួន,«ប្រវត្តិសាស្ត្រផ្ទាល់មាត់, រឿងរ៉ាវសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម», សម្ភាសន៍ដោយ ផាត ពន្លក នៅឆ្នាំ២០២៤, មជ្ឈមណ្ឌលផ្សះផ្សាបាក់នឹមប្រចាំខេត្តកំពត

[2] មជ្ឈមណ្ឌលឯកសារកម្ពុជា, ឆ្នាំ២០២៣«កូនសៀវភៅព័ត៌មានអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin