កម្មាការិនីរោងចក្រផលិតថ្មពិល នាសម័យខ្មែរក្រហម

សុខ រ៉េត (២០១១)

ក្នុងឆ្នាំ១៩៧៦ រ៉េត ត្រូវបានអង្គការបញ្ជូនឲ្យចូលធ្វើជាកម្មការិនីរោងចក្រផលិតថ្មពិលនៅទីក្រុងភ្នំពេញរហូតដល់ឆ្នាំ១៩៧៨។ សុខ រ៉េត ភេទស្រី មានអាយុ៦៧ឆ្នាំ[1]។ មានស្រុកកំណើតនៅក្នុងភូមិត្រពាំងម្ទេស ឃុំកំពង់ត្រឡាច ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សព្វថ្ងៃ រ៉េត រស់នៅក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ រ៉េត មានឪពុកឈ្មោះ សុខ ស៊ន (ស្លាប់) និងម្ដាយឈ្មោះ អ៊ឹម រ៉ាយ (ស្លាប់) ព្រមទាំងមានបងប្អូនបង្កើតចំនួន៦នាក់(ស្រី៥នាក់) ដោយបច្ចុប្បន្ននៅរស់រានមានជីវិតទាំង៦នាក់។ រ៉េត បានរៀបការពីរដង ដោយស្វាមីទី១ឈ្មោះ ណាំ វុទ្ធី (ស្លាប់) និងស្វាមីទី២ឈ្មោះ ឯក សុផល មានអាយុ៧៤ឆ្នាំ សព្វថ្ងៃជាសមាជិកក្រុមប្រឹក្សាស្រុកវាលវែង។ រ៉េត មានកូនចំនួន៥នាក់(ស្រី៣នាក់)។

កាលនៅវ័យកុមារ រ៉េត ចូលសិក្សារៀនសូត្របានត្រឹមថ្នាក់ទី៨ចាស់ អាចអាន និងសរសេរអក្សរបានច្បាស់លាស់។ នៅឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ធប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ក្នុងភូមិរបស់ រ៉េត រស់នៅ កើតមានសង្រ្គាម ការទម្លាក់គ្រាប់បែកបានធ្វើឲ្យគ្រូៗបង្រៀនរត់ខ្ចាត់ខ្ចាយលែងហ៊ានមកបង្រៀនសិស្សបន្តទៀត ទើបធ្វើឲ្យ រ៉េត ត្រូវបង្ខំចិត្តឈប់រៀន។ បន្ទាប់ពីឈប់រៀន រ៉េត នៅជួយធ្វើការងារផ្ទះ ហើយរស់នៅជាមួយឪពុកម្ដាយ និងបងប្អូនតាមធម្មតា។ នៅអំឡុងឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៤ ឪពុកម្ដាយរបស់ ណាំ វុទ្ធី បានចូលស្ដីដណ្ដឹង រ៉េត ពីឪពុកម្ដាយរបស់ រ៉េត ឲ្យកូនប្រុសរបស់ខ្លួន។ បន្ទាប់ពីនិយាយគ្នារួចរាល់ ឪពុកម្ដាយរបស់ រ៉េត បានយល់ព្រម ប៉ុន្តែ រ៉េត ពុំដែលឃើញមុខឬបានស្គាល់ ណាំ វុទ្ធី ពីមុននោះទេ ព្រោះរស់នៅឃុំផ្សេងឆ្ងាយពីភូមិកំណើតរបស់ រ៉េត។ ណឈ វុទ្ធី គឺជាយោធាខ្មែរក្រហមដែលធ្វើការនៅទីក្រុងភ្នំពេញ ។

នៅដើមឆ្នាំ១៩៧៥ ឪពុកម្ដាយរបស់ ណាំ វុទ្ធី បានស្នើសុំឲ្យ រ៉េត ទៅរស់នៅទីក្រុងភ្នំពេញជាមួយខ្លួន និងកូនប្រុស។ បន្ទាប់មក ឪពុកម្ដាយរបស់ រ៉េត បានអនុញ្ញាតឲ្យ រ៉េត ប្ដូរទៅរស់នៅទីក្រុងភ្នំពេញជាមួយ គូដណ្ដឹង។ នៅថ្ងៃទី១៧ មេសា ក្នុងឆ្នាំដដែល យោធាខ្មែរក្រហមបានទទួលជ័យជម្នះលើទាហានរបស់ សេនាប្រមុខ លន់ នល់ និងរំដោះបានទីក្រុងភ្នំពេញ រួមទាំងតាមបណ្ដារខេត្តនានាដោយជោគជ័យ។ បន្ទាប់ពីទទួលជោគជ័យ អង្គការចាប់ផ្ដើមជម្លៀសប្រជាជនមួយចំនួនចេញពីទីក្រុងភ្នំពេញ ឲ្យមករស់នៅទីប្រជុំជន និងទីជនបទនានា។ ក្រោយពីជម្លៀសប្រជាជនទៅតាមទីជនបទអស់ រ៉េត បានឃើញសភាពក្នុងទីក្រុងមានភាពស្ងប់ស្ងាត់ ហើយតាមផ្ទះនីមួយៗបានបន្សល់ទុកនូវទ្រព្យសម្បត្តិយ៉ាងច្រើនសម្បូរបែប។  បន្ទាប់មក រ៉េត និង ណាំ វុទ្ធី ព្រមទាំងយោធាមួយចំនួនទៀត ត្រូវបានអង្គការចាត់ចែងរៀបចំឲ្យរៀបការ ប៉ុន្តែមិនមានភ្លេងឬការតុបតែងអ្វីនោះទេ គឺគ្រាន់តែចាប់ដៃគ្នាជាគូៗហើយប្តេជ្ញាចិត្តថានឹងនៅរួមរស់ជាប្ដីប្រពន្ធជាមួយគ្នា។ អ្នកចូលរួមក្នុងការ​រៀបការនេះ រួមមានអង្គការ និងឪពុកម្ដាយរបស់ ណាំ វុទ្ធី ។ បន្ទាប់ពីរៀបការរួច អង្គការបានឲ្យ រ៉េត និងស្វាមីរស់នៅក្នុងផ្ទះយ៉ាងធំមួយ នៅក្បែរផ្សារថ្មី។ ផ្ទះនោះមានកម្ពស់២ជាន់ មានអាងទឹកធំមួយ ហើយក្នុងផ្ទះសម្បូរទៅដោយរបស់ទ្រព្យមានតម្លៃ។

ចន្លោះឆ្នាំ១៩៧៦ និងឆ្នាំ១៩៧៧ អង្គការបានបញ្ជូន រ៉េត និងភរិយារបស់យោធាខ្មែរក្រហមដទៃទៀតចូលធ្វើជាកម្មការិនីក្នុងរោងចក្រផលិតថ្មពិលនៅទឹកខ្មៅ(រាជធានីភ្នំពេញ)។ ចំណែកស្វាមីរបស់ រ៉េត នៅធ្វើការនៅជិតផ្សារថ្មីគឺនៅ មន្ទីរឧស្សាហកម្មរដ្ធ។ រ៉េត ធ្វើការក្នុងរោងចក្រមួយមានឈ្មោះថា សុខ ម៉ឹក នៅម្ដុំចាក់អង្រែ ដោយមានប្រធានគ្រប់គ្រងរោងចក្រឈ្មោះ សៀ។ ក្នុងរោងចក្រ មានកម្មករសរុបប្រហែល៦០០នាក់ (ទាំងស្រីទាំងប្រុស) និងអ្នកធ្វើការខាងសេដ្ឋកិច្ច។ មេកងបានចែកសម្លៀកបំពាក់ការងារដែលរួមមាន អាវពណ៌ខៀវ និងមួកពណ៌ខៀវ ឬជួនកាលអាវពណ៌ខ្មៅ និងមួកពណ៌ខ្មៅ។ នៅពេលចេញពីធ្វើការ រ៉េត អាចស្លៀកសម្លៀកបំពាក់ធម្មតា ដូចជា អាវផ្កាឬខោអាវផ្សេងៗទៀតបាន។ រ៉េត បានរៀបរាប់ថា វត្ថុធាតុដើមអាកាទុស និងជាតិគីមីប្រើប្រាស់ក្នុងរោងចក្រ គឺនាំចូលមកពីប្រទេសចិន។ ដើម្បីផលិតថ្មពិលបាន ត្រូវបែងចែកតាមផ្នែកជាច្រើនដំណាក់កាលរួមមាន កម្មករផ្នែកលាយថ្នាំ  ផ្នែកធ្វើបណ្ដូល ផ្នែកកាត់ម៉ាក និងចុងក្រោយផ្នែករុំស៊កបានជាថ្មពិលដែលអាចប្រើប្រាស់បានជាការស្រេច។ រ៉េត ស្ថិតក្នុងផ្នែកកាត់ម៉ាក និងកាត់កំប៉ុង ដែលម៉ាកថ្មពិលមានអក្សរសរសេរថា តុ ម៉ឹក។ រ៉េត និងស្វាមីធ្វើការងាររៀងខ្លួនតាំងពីព្រឹករហូតដល់ពេលល្ងាច ទើបទៅផ្ទះរស់នៅជួបជុំគ្នាវិញ។ ជារៀងរាល់ថ្ងៃ រ៉េត ទទួលបានអាហារគ្រប់គ្រាន់ គឺក្នុងមួយថ្ងៃបីពេល ដោយព្រឹកឡើងហូបបបរ សម្រាកពេលថ្ងៃ និងពេលល្ងាច ហូបបាយរួចទើបត្រលប់ទៅសម្រាករៀងៗខ្លួន។ រ៉េត បានឃើញជនបរទេសជាច្រើននៅទីក្រុងភ្នំពេញមានដូចជា ជនជាតិបារាំង, គុយបា, ជប៉ុន, ចិន និងកូរ៉េ ដែលរៀងរាល់ពេលល្ងាចតែងតែនាំគ្នាដើរ, ជិះកង់ ឬជិះឡានលេងនៅក្បែរកន្លែងដែល រ៉េត រស់នៅ។ នៅឆ្នាំ១៩៧៨ ក្នុងរោងចក្រដែល​រ៉េតធ្វើការ ចាប់ផ្ដើដាច់អាហារ ដោយលែងមានបាយហូបដូចពីមុនទេ។ រ៉េត ត្រូវហូបនំបុ័ងលាយជាមួយសម្ល។ រាល់ពេលតែងមានសម្លពីរទៅបីមុខ។ រ៉េត អាចហូបបានឆ្អែតមិនមានការខ្វះខាតនោះទេ។  មុនដំបូង រ៉េត ឃ្លានបាយខ្លាំងណាស់ ហូបនំបុ័ងបានរយៈពេលមួយខែទើបអាចទម្លាប់បាន។ ក្នុងពេលជាមួយគ្នានេះ រ៉េត បានដឹងថានៅទីក្រុងភ្នំពេញមានរោងចក្រជាច្រើន រួមមាន រោងចក្របារី, រោងចក្រក្រណាត់, រោងចក្រកាត់ដេរ, រោងចក្រក្រដាស និងរោងចក្រផលិតថ្មពិល។ ក្នុងពេលធ្វើការ មេក្រុមតែងតែប្រជុំក្រុមជាញឹកញាប់ ដោយប្រាប់នារីក្នុងរោងចក្រទាំងអស់ឲ្យចេះស្រឡាញ់គ្នា អប់រំកុំឲ្យមានបញ្ហាឬទំនាស់អ្វីឲ្យសោះ និងត្រូវចេះសាមគ្គីគ្នា។ ក្នុងរោងចក្រជាធម្មតាតែងតែមានគណៈប្រតិភូចុះមកត្រួតពិនិត្យការផលិតរួមមាន តា ចេង អន, វន វ៉េត និងគណៈប្រតិភូជាច្រើនរូបទៀត។ រ៉េត ធ្លាប់ត្រូវបានមេកងបញ្ជាឲ្យទៅទទួលគណៈប្រតិភូមពីប្រទេសចិន ប្រទេសកូរ៉េ ជាច្រើនដងនៅមហោស្រព។ រៀងរាល់ពេលចូលរួម មេកងបានចែក ហូលផាមួង និងអាវប៉ាក់ឲ្យទៅ រ៉េត ដើម្បីស្លៀកពាក់ឲ្យបានសមរម្យ។ រ៉េត ធ្លាប់សុំអនុញ្ញាតមេកងត្រលប់មកលេងឪពុកម្ដាយនៅស្រុកកំណើតចំនួនពីរលើកគឺ លើកទី១ នៅដើមឆ្នាំ១៩៧៦ ដែលពេលនោះ ឪពុកម្ដាយរបស់គាត់ហូបបាយតាមផ្ទះធម្មតា គឺមិនទាន់មានការលំបាកនោះទេ។ លើកទី២ ក្នុងឆ្នាំ១៩៧៨ រ៉េត បានឃើញឪពុកម្ដាយ និងបងប្អូននៅធ្វើការងាររួម ហូបបាយរួមគ្នាតាមសហករណ៍ ថែមទាំងមានសភាពស្គមស្គាំង។

នៅឆ្នាំ១៩៧៩ កងទ័ពខ្មែរក្រហមបានឃោសនាថា ឲ្យគ្រួសារយោធាទាំងអស់ចាកចេញពីទីក្រុងភ្នំពេញរយៈពេលបីថ្ងៃ ព្រោះមានយន្តហោះបើកមកទម្លាក់គ្រាប់បែកនៅព្រែកឯង(ភ្នំពេញ) ក្បែររោងចក្រផលិតក្ដារបន្ទះ។ បន្ទាប់ពីឮការឃោសនា ស្វាមីរបស់ រ៉េត បានបើកឡាននាំ រ៉េត និងកូនស្រីចេញពីភ្នំពេញ។ ក្នុងពេលជាមួយគ្នា មានក្រុមគ្រួសាររយោធាខ្មែរក្រហមបើកឡានសរុប២៥គ្រឿងរត់គេចចេញពីភ្នំពេញទាំងអស់។ លុះមកដល់ត្រពាំងក្រឡឹង ឡានបើកដល់ផ្លូវទាល់ អ្នកទាំងអស់ត្រូវចុះដើរ និពើបប្រទះនឹងការលំបាកដូចជាដាច់បាយដាច់ទឹកជាដើម។ រ៉េត ចង់ត្រលប់ទៅភ្នំពេញវិញ ប៉ុន្តែខ្មែរក្រហមបានប្រាប់បន្តទៀតថា «វៀតណាមជិតចូលមកទីក្រុងភ្នំពេញហើយ ប្រយ័ត្នវៀតណាមចាប់រលាក់សរសៃកែង ចាប់ដោតស្លឹកត្រចៀក»។ ឮដូច្នេះ រ៉េត និងស្វាមីឮហើយមានភាពភ័យខ្លាច ទើបសម្រេចចិត្តរត់ទៅបន្តជាមួយយោធាខ្មែរក្រហម។ រ៉េត ដើររហូតចូលទឹកដីថៃឡើងតាមខ្លងយ៉ៃចូលទៅរស់នៅក្រុងបាងកក ប្រទេសថៃ។ ទៅដល់បាងកក មានប្រជាជនខ្មែរច្រើនណាស់ដែលនាំគ្នារត់ភៀសខ្លួនទៅតាំងពីជំនាន់ លន់ នល់។ នៅឆ្នាំ១៩៨១ ស្វាមីរបស់ រ៉េត ធ្លាក់ខ្លួនឈឺរហូតបណ្ដាលឲ្យស្លាប់នៅមន្ទីរពេទ្យក្នុងប្រទេសថៃ។ នៅឆ្នាំ១៩៨២ រ៉េត បាននាំកូនស្រីចេញពីបាងកកត្រលប់មករស់នៅស្រុកអន្លង់វែង។ ​រយៈពេល៥ខែបន្ទាប់ រ៉េត បានរៀបការជាមួយស្វាមីទី២ឈ្មោះ ឯក សុផល មានតួនាទីជាអនុវរៈសេនាធំខ្មែរក្រហម ដែលមានប្រធានវរៈសេនាធំឈ្មោះ ស៊ីម។ បន្ទាប់មក ស្វាមីរបស់ រ៉េត បានចេញច្បាំងក្នុងសមរភូមិជាមួយកងទ័ពវៀតណាមនៅតាមព្រំដែន។ នៅឆ្នាំ១៩៨៣ ស្វាមីរបស់ រ៉េត បាននាំ រ៉េត និងកូនភៀសខ្លួនចេញពីអន្លង់វែងឲ្យទៅរស់នៅខេត្តស៊ីសាកេតក្នុងជំរំម៉ាក់មួកប្រទេសថៃ។ បន្ទាប់មកស្វាមីរបស់ រ៉េត បានត្រលប់មកប្រយុទ្ធនៅសមរភូមិជាមួយកងទ័ពវៀតណាមក្នុងទឹកដីខ្មែរវិញ។ ក្រោយមក អ្នកមកពីភ្នំពេញជាមួយគ្នាបានបបួល រ៉េត ឲ្យទៅរស់នៅអាមេរិកមួយរយៈរង់ចាំប្រទេសជាតិមានសន្តិភាពចាំត្រលប់មកវិញ ប៉ុន្តែ រ៉េត មិនព្រមទៅព្រោះមិនចង់បែកពីស្វាមី។ រ៉េត និងកូនស្រីបានបន្តរស់នៅក្នុងជំរំ។  ក្រោយមក រ៉េត បានមករស់នៅថ្មដាក្នុងខេត្តពោធិ៍សាត់។ ក្រោយសមាហរណ៍កម្ម រដ្ឋាភិបាលបានបញ្ជូន រ៉េត ឲ្យមករស់នៅចំការជ្រៃ។ បន្ទាប់ពីទទួលបានសន្តិភាព​ រាជរដ្ឋាភិបាលបានតែងតាំងស្វាមីរបស់ រ៉េត ធ្វើជាប្រធានបរិស្ថានក្នុងស្រុកវាលវែង។ បន្ទាប់មក រ៉េត បានត្រលប់ទៅលេងឪពុកម្ដាយនៅស្រុកកំណើត ទើបដឹងថាឪពុកម្ដាយបានស្លាប់បាត់បង់ជីវិតអស់ទៅហើយ។ បច្ចុប្បន្ន រ៉េត តែងតែត្រលប់ទៅសួរសុខទុក្ខបងប្អូន​ សាច់ញាតិតិ និងធ្វើបុណ្យជូនឪពុកម្ដាយជារៀងរាល់ឆ្នាំ។

អត្ថបទដោយ៖ មឿន ស្រីណុច


[1] មជ្ឈមណ្ឌលឯកសារកម្ពុជា សម្ភាសន៍ជាមួយឈ្មោះ សុខ រ៉េត នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១១។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin