សុខ រុំ៖ អតីតគណៈសហករណ៍ឃុំសំរោង ស្រុកសិរីសោភ័ណ តំបន់៥

នៅឆ្នាំ១៩៧៧ តាម៉ុក ហៅ តា១៥ លេខាភូមិភាគនិរតី បានជ្រើសរើសយុវនារីចំនួន៥០០នាក់ពីភូមិភាគនិរតី ដើម្បីទៅគ្រប់គ្រងប្រជាជននៅតាមសហករណ៍ភូមិ ឃុំ ស្រុកនានាក្នុងតំបន់៥ ភូមិភាគពាយ័ព្យ។ សុខ រុំ ជាយុវនារីម្នាក់ក្នុងចំណោមយុវនារីទាំង៥០០នាក់ ដែលត្រូវបានខ្មែរក្រហមចាត់តាំងឲ្យជួយគ្រប់គ្រងនៅក្នុងសហករណ៍ក្នុងឃុំសំរោង ស្រុកសិរីសោភ័ណ តំបន់ទី៥ ភូមិភាគពាយ័ព្យ។ សុខ រុំ បានរៀបរាប់បទពិសោធន៍ការងារនៅក្នុងរបបខ្មែរក្រហមដូចខាងក្រោម៖

ខ្ញុំឈ្មោះ សុខ រុំ ភេទ​ស្រី អាយុ​៦៥​ឆ្នាំ មាន​ទីលំនៅក្នុងស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ។ ខ្ញុំ​មាន​ស្រុកកំណើត​នៅ​ស្រុក​គិរីវង់ ខេត្តតាកែវ ។ ឪពុក​ខ្ញុំបានស្លាប់តាំងពីខ្ញុំ​មានអាយុ៤ខែ ​ម្ដាយ​ខ្ញុំមានឈ្មោះ យាយ សៀង។ ខ្ញុំមានបងស្រីម្នាក់ និងប្អូនស្រីម្នាក់។ ខ្ញុំមានប្តីឈ្មោះ ឈុន ឈួន អាយុ៦៩ឆ្នាំ និងមានកូនប្រុសស្រីចំនួន៤នាក់។

កាលពីក្មេងខ្ញុំមិនបានចូលរៀននៅសាលារៀនទេ។ អំឡុងពេលសង្រ្គាមចន្លោះឆ្នាំ១៩៧០ និង១៩៧៥ ខ្ញុំ រៀនសូត្របានបន្តិចបន្តួចនៅក្រោមដើមឈើ ក្រោមដើមឫស្សី។ ខ្ញុំក៏បានជួយមើលប្អូន និងជួយធ្វើការងារផ្ទះជាមួយម្តាយខ្ញុំដែរ។

នៅពេលខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ខ្ញុំមានអាយុជាង១០​ឆ្នាំ ត្រូវបានអង្គការខ្មែរក្រហមជ្រើសរើសឲ្យ​ចូល​បម្រើ​ក្នុង​ចលនាបដិវត្តន៍​ខ្មែរក្រហម។ ខ្មែរក្រហមបានដាក់ខ្ញុំនៅក្នុងអង្គភាពកុមារកំព្រាក្នុងភូមិកំពង់អំពិលស្ថិតក្នុងស្រុកគិរីវង់ ​តំបន់១៣ ភូមិភាគនិរតី ។ អង្គភាពកងកុមារកំព្រាមានសមាជិកសរុបមួយកងធំ ស្ថិតនៅក្បែរទន្លេបាសាក់ជាប់ព្រំដែនកម្ពុជា-វៀតណាម។ ពេលនោះខ្មែរក្រហមបានបែងចែកកងកុមារជា៣កងតូចរស់នៅ និងធ្វើការងារពលកម្មដាច់ដោយឡែកពីគ្នា។ កងតូចរបស់ខ្ញុំត្រូវបានខ្មែរក្រហមចាត់តាំងឲ្យដើរកាប់ដើមទន្ទ្រានខេត្តមកធ្វើជីដាក់ស្រែ។ ចំពោះ​ការហូបចុកមានការលំបាកខ្លាំងគឺ​​អង្ករ៣កំប៉ុងទឹកដោះគោលាយជាមួយក្រកួន ព្រលិតសម្រាប់កងកុមារមួយកងតូច​ដែលមានសមាជិកប្រមាណ៥០នាក់។ នៅពេលនោះខ្ញុំបានដឹងថា ប្រធានអង្គភាពកងកុមារកំព្រា ឈ្មោះ រ៉េត និងឈ្មោះ ឌឿន បានក្បត់អង្គការបដិវត្តន៍ ដោយបានបោះអង្ករ និងអំបិលចូលទៅក្នុងទន្លេបាសាក់ ដែលនាំឲ្យកុមារនៅក្នុងអង្គភាពមិនមានអង្គរ អំបិលហូបគ្រប់គ្រាន់ឡើយ។ ក្រោយមកមេដឹកនាំអង្គភាពកងកុមារទាំងពីរនាក់នេះត្រូវបានអង្គការខ្មែរក្រហមចាប់ខ្លួន និងសម្លាប់។

នៅខែមិថុនា ឆ្នាំ១៩៧៧ តាម៉ុក ហៅ តា១៥ លេខាភូមិភាគនិរតី បានជ្រើសរើសយុវនារី ចំនួន៥០០នាក់ ដើម្បីទៅគ្រប់គ្រងប្រជាជនក្នុងសហករណ៍នានាក្នុងភូមិភាគពាយ័ព្យ។ ចំណែករូបខ្ញុំស្ថិតនៅក្នុងចំណោមយុវនារីទាំង៥០០នាក់នេះ។ មុនពេលយុវនារីទាំងអស់ចេញទៅខេត្តបាត់ដំបង ភូមិភាគពាយ័ព្យ ត្រូវបានខ្មែរក្រហមដឹកបញ្ជូនតាមឡានមកខេត្តតាកែវ ដើម្បីជួបប្រជុំជាមួយតាម៉ុក ហៅតា ១៥ លេខាភូមិភាគនិរតីរយៈពេល២ថ្ងៃ។ ក្នុងពេលប្រជុំ តាម៉ុកហៅតា​១៥ បានណែនាំយុវនារី ទាំងអស់ឲ្យខិតខំប្រឹងប្រែងដឹកនាំប្រជាជនធ្វើស្រែ និងរក្សាការប្រុងប្រយ័ត្នជានិច្ចចំពោះខ្មាំងសត្រូវ។ តាម៉ុក ហៅតា១៥ បានព្រមានថាកម្មាភិបាលជាច្រើននៅភូមិភាគពាយ័ព្យគឺជាជនក្បត់នឹងអង្គការបដិវត្តន៍។ បន្ទាប់មកយុវនារីទាំង៥០០នាក់បានបន្តដំណើរតាមរថភ្លើងពីតាកែវមកទីក្រុងភ្នំពេញ។ យុវនារីទាំងអស់បានសម្រាក់ និងដើរទស្សនកិច្ចនៅទីក្រុងភ្នំពេញរយៈពេល៣ថ្ងៃ ទើបធ្វើដំណើរតាមរថភ្លើងពីស្ថានីយរថភ្លើងទីក្រុងភ្នំពេញមកស្ថានីយរថភ្លើងស្វាយស៊ីសុផុន តំបន់៥ ភូមិភាគពាយ័ព្យ។ អំឡុងពេលធ្វើដំណើរបានចែកនំបុ័ងម្នាក់ៗ៥ដើមឲ្យហូបពេលនៅទីក្រុងភ្នំពេញ និងពេលជិះរថភ្លើងមកស្វាយស៊ីសុផុន។

បន្ទាប់ពីមកស្ថានីយរថភ្លើងស្វាយស៊ីសុផុនក្នុងតំបន់៥ យុវនារីទាំង៥០០នាក់ ត្រូវសម្រាកនៅស្វាយស៊ីសុផុនរយៈពេល៣ថ្ងៃ ទើប តារិន តាចាយ តាជាល ដែលជាគណៈតំបន់៥ បែងចែកឲ្យយុវនារីទៅដឹកនាំតាមសហករណ៍តាមភូមិ ឃុំ ស្រុកនានាក្នុងតំបន់៥ ភូមិភាគពាយ័ព្យ ដោយតាមសហករណ៍នីមួយៗមានយុវនារីចំនួន១២ទៅ១៥នាក់។ ចំណែកខ្ញុំ ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យជួយគ្រប់គ្រងនៅសហករណ៍ក្នុងឃុំសំរោង ស្រុកសិរីសោភ័ណ តំបន់ទី៥ ភូមិភាគពាយ័ព្យ។ បើតាមខ្ញុំចាំ ខ្ញុំបានធំពេញវ័យក្នុងអំឡុងពេលខ្ញុំមកដល់ និងដឹកនាំប្រជាជននៅឃុំសំរោង ស្រុកសិរីសោភ័ណនេះ។ បើតាមខ្ញុំនៅចាំកម្មាភិបាលដឹកនាំនៅតាមឃុំនីមួយៗត្រូវចូលរួមប្រជុំជាមួយថ្នាក់ដឹកនាំស្រុកសិរីសោភ័ណរៀងរាល់បីថ្ងៃម្តង ដើម្បីរាយការណ៍អំពីសភាពការណ៍ខ្មាំង និងការងារបង្កបង្កើតផលនៅតាមឃុំនីមួយៗ។

បន្ទាប់ពីខ្ញុំបានមកធ្វើការងារនៅឃុំសំរោង​ បានរយៈពេលប្រហែល៣ខែ យាយ ចែម ដែលជាអតីតលេខាស្រុកកោះអណ្តែត និងជាគណៈតំបន់១៣ ភូមិភាគនិរតីបានដឹកនាំកម្មាភិបាល និងក្រុមគ្រួសារប្រហែល១០០០នាក់ជិះ រថភ្លើងពីខេត្តតាកែវមកកាន់តំបន់៥។ កម្មាភិបាល និងក្រុមគ្រួសារទាំង១០០០នាក់ត្រូវបានដាក់ពង្រាយឲ្យរស់នៅ និងដឹកនាំនៅតាមសហករណ៍ ឃុំ ស្រុក តំបន់៥​ នៃភូមិភាគពាយ័ព្យបន្ថែមទៀត។ ចំណែក តាម៉ុក​ ហៅ តា១៥ ក៍បាននាំយកនារីស្រែអំបិលខេត្តកំពត ​(តំបន់៣៥ ភូមិនិរតី)ចំនួន៥០០នាក់ទៀត មកស្វាយស៊ីសុផុន ដើម្បីបែងចែកឲ្យទៅគ្រប់គ្រងនៅតាមសហករណ៍ ភូមិ ឃុំ ស្រុកដែរ។

នៅពេលនោះ តារិន តា​ចាយ យាយចែម និងតាញេន ជាលេខា អនុលេខា និងជាសមាជិកគណៈកម្មាធិការតំបន់៥។ តាញេន និងយាយ ចែម ក៏បានកាន់ជាលេខាស្រុកសិរីសោភ័ណ និងស្រុកព្រះនេត្រព្រះដែរ។ តាញេន ក៏បានទទួលបន្ទុកជាប្រធានយោធាតំបន់៥ និងក្រោយមកទទួលជាលេខាស្រុកភ្នំស្រុក តំបន់៥។ ចំណែក តារាម ជាលេខាស្រុកថ្មពួក។ នៅក្នុងឃុំសំរោងមានកម្មាភិបាលដឹកនាំមកពីភូមិភាគនិរតីចំនួន៥នាក់រួមមាន៖ ឈ្មោះជឿន ឈ្មោះ ប៉ូ ឈ្មោះ ផាត ខ្ញុំ និងម្នាក់ទៀតភ្លេចឈ្មោះ។

នៅចុងឆ្នាំ១៩៧៨ តាចាយ, យាយ ចែម និងតាញេន បានក្លាយជាលេខា អនុលេខា និងជាសមាជិកគណៈកម្មាធិការតំបន់៥។​ ចំណែក តាជឿន, តាប៉ូ និង តាផាត បានឡើងជាលេខា អនុលេខា និងសមាជិកគណៈកម្មាធិការស្រុកសិរីសោភ័ណ។

ខ្ញុំបានរួមជាមួយគណៈកម្មាធិការឃុំ និងស្រុកទាំងអស់បានចូលរួមប្រជុំជាមួយ តាចាយ យាយ ចែម និងតាញេន រៀងរាល់១០ថ្ងៃម្តងនៅមន្ទីរតំបន់៥ នៅស្វាយស៊ីសុផុន។ នៅពេលនោះយាយ ចែម ជាប្រធានគណៈអធិបតីនៃកិច្ចប្រជុំ។

នៅក្នុងខែមករា ឆ្នាំ១៩៧៩ កងទ័ព​វៀតណាម និងកងកម្លាំងរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា​បានវាយផ្តួលរំលំរបបខ្មែរក្រហម។ ខ្ញុំ និងកម្មាភិបាលខ្មែរក្រហមផ្សេងៗទៀត បាន​រត់ភៀស​ខ្លួន​ទៅ​ព្រំដែន​កម្ពុជា-ថៃ។ ពេលនោះខ្ញុំបានជួប​ តារាម អតីតលេខាស្រុកថ្មពួក និង​ប្រពន្ធឈ្មោះ សុខា។ ខណៈពេលយើងកំពុងរត់ភៀសខ្លួនជាមួយគ្នា ស្រាប់តែកងទ័ពវៀតណាមបានវាយលុកនៅតាមព្រំដែនកម្ពុជា-ថៃនោះ តារាម និងប្រពន្ធ បានភ័យស្លន់ស្លោ និងរត់គេចខ្លួនភ្លាមៗ ដោយបន្សល់ទុកកូនប្រុស និងមាសមួយប៊ីដុងនៅជាមួយខ្ញុំ។ ខ្ញុំ​បាន​មើល​ថែ​កូន​ប្រុស​ និង​មាសនោះ​រហូត​ដល់​ តារាម និងប្រពន្ធ​មកយក​ទៅ​វិញ​។

បើតាមខ្ញុំដឹង តារាម ​បាន​ប្រមូល​មាស និង​ត្បូង​មាន​តម្លៃ​យ៉ាង​ច្រើន​នៅក្នុង​ពេល​គាត់កាន់​តំណែង​ជាលេខាស្រុក​ថ្មពួក តំបន់៥។ បច្ចុប្បន្ន​ឈ្មោះ តារាម និងប្រពន្ធ មាន​ទីលំនៅ​ភូមិ​ដាច់ស្រយាលមួយនៃខេត្តបាត់ដំបង។

នៅឆ្នាំ១៩៨១ ខ្ញុំបានជួបជាមួយប្តីរបស់ខ្ញុំ ដែលជាកងទ័ពខ្មែរក្រហមប្រចាំនៅតាមព្រំដែនកម្ពុជា-ថៃ។ បន្ទាប់មកខ្ញុំបានរៀបការ និងរួមរស់ជាប្តីប្រពន្ធរហូតមកសព្វថ្ងៃ។

អត្ថបទដោយ ឡុង ដានី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin