អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម
(ស្វាយរៀង)៖ សុក សាមិន អាយុ៧៦ ឆ្នាំ(២០២៤) មានស្រុកកំណើត និងរស់នៅភូមិ ធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាមិន បានរៀបការមានប្រពន្ធតាំងពីឆ្នាំ១៩៧១ បច្ចុប្បន្នគាត់មានកូនចំនួន៨នាក់ ស្រី៥នាក់ និងប្រុស៣នាក់។
នៅក្នុងឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ សាមិន ឃើញមានសង្គ្រាម និងការទម្លាក់គ្រាប់បែកបានកើនឡើងនៅក្នុងភូមិគាត់រស់នៅ។ ឪពុក និងបងប្រុសម្នាក់របស់ សាមិន បានស្លាប់ដោយសារតែត្រូវអំបែងគ្រាប់ដែលទម្លាក់ ចំណែករូបគាត់ផ្ទាល់បានទទួលរងរបួស និងមានបន្សល់ស្លាកស្នាមរហូតដល់សព្វថ្ងៃ។
នៅក្នុងខែមេសា ឆ្នាំ១៩៧៥ នៅពេលដែលខ្មែរក្រហមចូលកាន់អំណាច សាមិន មានអាយុប្រហែល២៥ឆ្នាំ ត្រូវបានខ្មែរក្រហមបង្ខំឲ្យចេញពីផ្ទះសម្បែងដែលធ្លាប់រស់នៅ។ គាត់ត្រូវបានប្រើឲ្យធ្វើការដូចជា ជីកប្រឡាយ ជីកព្រែក និងលើកភ្លឺស្រែ នៅសហករណ៍ធ្លក តាំងពីព្រឹកព្រលឹមរហូតដល់យប់ជ្រៅទើបអង្គការឲ្យសម្រាក។ នៅរដូវវស្សាអង្គការបានប្រើគាត់ និងប្រជាជនក្នុងសហករណ៍ទាំងអស់ឲ្យទៅធ្វើស្រែ ដក ស្ទូង ភ្ជួររាស់ និងបររទេះដឹកស្រូវជាដើម។ ចំណែកកូនៗរបស់គាត់ ត្រូវដើររើសគួរស្រូវ និងដើររើសអាចម៍គោសម្រាប់យកទៅដាក់ស្រែ។ ការហូបចុកក្នុងរបបខ្មែរក្រហមគាត់ និងប្រជាជនដទៃទៀតទទួលបានបបរមួយកូនចាន ចំណែកក្មេងៗទទួលបានបបរកន្លះចាន ហូបជាមួយសម្លដែលមានតែទឹក និងបន្លែ។ នៅពេល សាមិន និងប្រជាជនក្នុងសហករណ៍មានជំងឺអង្គការព្យាបាលតែថ្នាំដែលផ្សំពីសម្បកប្រទាល និងឫសឈើដោយយកទៅបុក, រែង និងលុញជាគ្រាប់មូលៗរាងដូចអាចម៍ទន្សាយ។ សាមិត បានដឹងថាកម្មាភិបាលឃុំ ឈ្មោះ ទុំ បានជ្រើសរើស យុវនារីស្អាតៗក្នុងឃុំឲ្យទៅធ្វើជីលេខ១ ដែលផ្សំពីលាមកមនុស្ស។ ឈ្មោះទុំ បានចាប់រំលោភនារីជាច្រើនអ្នកដោយគំរាមថាបើនិយាយប្រាប់គេនឹងយកទៅសម្លាប់ចោល។
សាមិត ក៏ធ្លាប់បានឃើញកងឈ្លបខ្មែរក្រហមធ្វើទារុណកម្ម, វាយដំ និងសួរចម្លើយព្រមទាំងបានសម្លាប់យ៉ាងព្រៃផ្សៃចំពោះប្រជាជនដែលបានលួចស្បៀងអាហារអង្គការហូប និងអ្នកដែលអង្គការចោទប្រកាន់ថាជាខ្មាំងបានប្រឆាំងនឹងរបបខ្លួន។ ខ្មែរក្រហមក៏បានបំផ្លិចបំផ្លាញប្រពៃណី សាសនា វប្បធម៌ និងបានវាយកម្ទេចវត្តអារាម ព្រះពុទ្ធបដិមាករព្រមទាំងបានផ្សឹកព្រះសង្ឃបង្ខំឲ្យទៅធ្វើស្រែ ធ្វើចម្ការ ជាមួយប្រជាជនទូទៅ។
បច្ចុប្បន្ន សាមិត មានជំងឺដែលបណ្តាលមកពី អាយុច្រើន និងការធ្វើការងារធ្ងន់កាលពីអំឡុងរបបខ្មែរក្រហមដូចជាជំងឺឈឺសន្លាក់ដៃ សន្លាក់ជើង ជំងឺឈឺក្បាលញឹកញាប់ និងជំងឺស្រវាំងភ្នែក។