ទាហានខ្មែរក្រហមសម្លាប់ប្តីខ្ញុំដោយសារតែជាអតីតទាហាន លន់ នល់
(ព្រៃវែង) ៖ សុខ សាវ៉ាន់ មានអាយុ៧០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសង្គ្រោះ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។ គាត់បានរៀបការនៅសម័យ លន់ នល់ និងមានកូនម្នាក់។
សាវ៉ាន់ និងគ្រួសារត្រូវបានអង្គការឲ្យរស់នៅស្រុកកំណើត ប៉ុន្តែមិនអាចរស់នៅជួបជុំគ្នាបានទេ។ បងប្អូន របស់សាវ៉ាន់ ទៅធ្វើការក្នុងកងចល័តឆ្ងាយៗពីភូមិ ចំណែកម្តាយ និងយាយត្រូវធ្វើការនៅសហរកណ៍រោងបាយ។
ប្តីរបស់គាត់ត្រូវបានសម្លាប់ នៅពេលខ្មែរក្រហមឡើងកាន់អំណាចដំបូង ដែលសារតែប្តីជាអតីតទាហានសម័យលន់ នល់។ បន្ទាប់ពីប្តីស្លាប់អង្គការបានចាត់ទុក សាវ៉ាន់ និងគ្រួសារ ជាខ្មាំងប្រឆាំងនឹងរបបខ្លួន។ គាត់ក៏មានឈ្មោះត្រូវយកទៅសម្លាប់នៅពេលបន្ទាប់ ប៉ុន្តែដោយសារតែគាត់ជាមនុស្សស្រីដែលឧស្សាហ៍ធ្វើការខ្លាំងប្រចាំសហករណ៍ទើបអង្គការស្នើទុកប្រើសិន។
សាវ៉ាន់៖ «ហេតុតែខ្ញុំចង់រស់ ការងារអ្វីក៏ខ្ញុំធ្វើដែរឲ្យតែអង្គការខ្វះកម្លាំង។ ខ្ញុំត្រូវធ្វើការរបស់មនុស្សប្រុសធ្វើដូចជាបររទេះដឹកស្រូវ ជាន់រហាត់ទឹក និងការងារព្យួរស្រែជាដើម»។
ទោះបីជាគាត់ខំធ្វើការយ៉ាងណា ក៏អង្គការនៅតែសង្ស័យគាត់។ ថ្ងៃមួយប្រធានរោងបាយបានមកប្រាប់គាត់ថា ឲ្យរៀបចំសម្លៀកបំពាក់ដើម្បីផ្លាស់ទីកន្លែងរស់នៅ។ គាត់បានដឹងពីគម្រោងចង់សម្លាប់គាត់ ដូច្នោះក៏ប្រកែក គឺសុខចិត្តស្លាប់នៅស្រុកកំណើត។ ដោយសារម្តាយ និងយាយរបស់ សាវ៉ាន់ បានចូលរួមអង្វរដែរ អង្គការក៏យល់ព្រមឲ្យគាត់អាចរស់នៅភូមិកំណើតបន្តទៀត។
កូនរបស់ សាវ៉ាន់ រស់នៅក្នុងកងកុមារដែលមាន ចាស់ៗ ជាអ្នកមើលថែ។ ថ្ងៃមួយគាត់បានទទួលដំណឹងពីកងកុមារថា កូនរបស់គាត់បានលង់ទឹកស្លាប់ ធ្វើឲ្យគាត់មានក្តីរន្ធត់ និងតូចចិត្តជាខ្លាំងក្នុងនាមជាម្តាយដែលមិនអាចមើលថែទាំងកូនតូចបាន។
ចំណែកបងប្អូនរបស់ សាវ៉ាន់ ប្រាំនាក់ក៏បានស្លាប់ដោយសារតែជំងឺក្នុងរបបនោះ។
សាវ៉ាន់ បាននិយាយបន្ថែមថា ក្នុងរបបខ្មែរក្រហមគាត់ទទួលរងទុក្ខលំបាកជាងប្រជាជនដទៃ ទាំងលក្ខខណ្ឌការងារ និងការមិនទុកចិត្តពីអង្គការ។
សាវ៉ាន់ បានដឹងថា នៅពេលយប់អង្គការបានលបស្តាប់គ្រួសារគាត់ និងប្រជាជនផ្សេងទៀត។ ប្រសិនបើមានគ្រួសារណានិយាយមិនល្អពីអង្គការ ព្រឹកឡើងដឹងតែនាំយកទៅរៀនសូត្រមិនខាន។
ដំណាំបន្លែ និងមាន់ ទា ដែលប្រជាជនបង្កបង្កើនផលបានក៏គ្មានសិទ្ធិហូបដែរ។ បើមានអ្នកលួចត្រូវអង្គការចោទប្រកាន់ថា ជាជនក្បត់។
ក្រោយពីរបបខ្មែរក្រហមដួលរលំ សាវ៉ាន់ បានត្រឡប់មករស់នៅស្រុកកំណើតវិញ។ គាត់ក៏ត្រូវបានជ្រើសរើសឲ្យទៅរៀនពេទ្យនៅទីរួមស្រុកពាមជរព្រោះកាលពីសម័យ លន់ នល់ គាត់រៀនសូត្របានច្រើនបង្គួរ។ បន្ទាប់ពីរៀនរួចគាត់បានមកបម្រើការងារជាពេទ្យស្រុក និងបានរៀបការម្តងទៀតព្រមទាំងមានកូនប្រាំនាក់។
សាវ៉ាន់ បានឈប់សម្រាកពីការងារហើយ។ បច្ចុប្បន្នគាត់មានជំងឺរលាកទងសួត និងជំងឺលើសសំពាធឈាម។ គាត់បានផ្តាំផ្ញើឲ្យក្មេងជំនាន់ក្រោយត្រូវចងចាំទុក្ខលំបាករបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងត្រូវចូលរួមទប់ស្កាត់កុំឲ្យរបបនោះត្រឡប់មកលើទឹកដីប្រទេសកម្ពុជាម្តងទៀត។
សម្ភាសន៍ដោយ ហេង ស្រីអូន ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤