យុទ្ធជន៣១០
នៅឆ្នាំ១៩៧៦ បក្សកុម្មុយនីស្តកម្ពុជាបានបែងចែកកម្ពុជាប្រជាធិបតេយ្យទៅជាប្រាំមួយភូមិភាគ ដែលរួមមាន៣២តំបន់។ ភូមិភាគនីមួយៗគឺយកខេត្តពីរឬច្រើនមកបញ្ចូលគ្នា ឬកាត់ស្រុក១ ឬច្រើន ចេញពីខេត្តនេះខ្លះ ឬខេត្តនោះខ្លះមកបញ្ចូលគ្នា។ ភូមិភាគនិងតំបន់ទាំងអស់ សុទ្ធត្រូវបានដាក់កំណត់សម្គាល់ជាលេខ។ ភូមិភាគនីមួយៗចែកជាច្រើនតំបន់ ហើយតំបន់នីមួយៗចែកជាស្រុក ឃុំ និងសហករណ៍។ ជាក់ស្ដែង ភូមិភាគឧត្តរ (ភូមិភាគ៣០៣) ដឹកនាំដោយ កុយ ធួន ហៅ ធុច ពីឆ្នាំ១៩៧០ ទៅដើមឆ្នាំ១៩៧៦។ បន្ទាប់មក កុយ ធួន ត្រូវបានចាប់ខ្លួន និងសម្លាប់នៅគុកទួលស្លែង នៅឆ្នាំ១៩៧៧ កែ ពក ត្រូវបានចាត់តាំងជាលេខាភូមិភាគ។ នៅឆ្នាំ១៩៧៧ កែ ពក ត្រូវបានចាត់តាំងឲ្យធ្វើជាលេខាភូមិភាគកណ្ដាលដែលទើបបង្កើតថ្មី ហើយលេខាថ្មីរបស់ភូមិភាគឧត្ដរគឺ កង ចាប។ ភូមិភាគនេះរួមមានខេត្តកំពង់ធំទាំងមូល ផ្នែកខាងលិចទន្លេមេគង្គទាំងអស់នៃខេត្តកំពង់ចាម និងស្រុកមួយក្នុងខេត្តក្រចេះ (ស្រុកព្រែកប្រសប់) ហើយចែកជាបីតំបន់គឺ តំបន់៤១ តំបន់៤២ និងតំបន់៤៣[1]។
នៅក្នុងនោះមានកងពលលេខ៣១០ ដែលជាកងពលមួយស្ថិតនៅក្នុងភូមិភាគឧត្តរ។ កងពល៣១០ ជាកងពលមួយដែលស្ថិតក្រោមការគ្រប់គ្រងដោយ អឿន។ នៅក្នុងកងពល៣១០ មានកងតូចចំនួនបី គឺកងពលទីមួយ គ្រប់គ្រងដោយ អឿន ជាប្រធានកងពល កងពលទីពីរ គ្រប់គ្រងដោយ ឈិន ជាអនុប្រធានកងពល និងកងពលទីបី គ្រប់គ្រងដោយ សួង ជាសមាជិក[2]។
សុក សាវិត ឈ្មោះបដិវត្តន៍ហៅ ឌី ភេទប្រុស អាយុ៥៥ឆ្នាំ មានស្រុកកំណើតនៅភូមិជ្រោយអំពិល ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ទីលំនៅបច្ចុប្បន្ននៅភូមិចំបក់ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ភរិយារបស់គាត់ឈ្មោះ សែម សារ៉ែន មានកូនស្រីបីនាក់នៅក្នុងបន្ទុកគ្រួសារ។ សាវិត និងគ្រួសារមានមុខរបរជាអ្នកនេសាទ និងធ្វើស្រែចម្ការ។
ប្រវត្តិនៃការសិក្សារបស់ សាវិត គឺគាត់រៀនបានត្រឹមថ្នាក់ទី១០ នៅក្នុងសង្គមចាស់ ប្រសិនជាយើងគិតមកពេលបច្ចុប្បន្នគឺស្មើនឹងថ្នាក់ទីបី។ ពេលនោះគាត់អាចអានអក្សរបានខ្លះៗ ប៉ុន្តែមិនអាចសរសេរបាននោះទេ។ មូលហេតុដែលគាត់បានបញ្ចប់ការសិក្សារបស់គាត់ត្រឹមថ្នាក់ទី១០ ដោយសារតែឪពុករបស់គាត់មានប្រពន្ធក្រោយមួយទៀត ហើយគាត់ពិបាកក្នុងការដែលរស់នៅជាមួយនឹងម្ដាយចុង ដូច្នេះហើយគាត់បានឈប់រៀនទៅធ្វើការស៊ីឈ្នួលជាកម្មករសំណង់នៅខេត្តតាកែវ ដើម្បីផ្គត់ផ្គង់លើការចំណាយ។ គាត់បានឈប់រៀននៅចន្លោះឆ្នាំ ១៩៦៦-១៩៦៧។
នៅឆ្នាំ ១៩៦៩ សាវិត បានត្រឡប់មកធ្វើការឡថ្នាំ នៅព្រែកប្រសព្វ និងរស់នៅជាមួយឪពុក ព្រមទាំងម្ដាយចុងរបស់គាត់ម្ដងទៀត។ ឈានចូលដល់ឆ្នាំ ១៩៧០ ជាឆ្នាំដែលមានរដ្ឋប្រហារទម្លាក់សម្ដេច ព្រះបាទនរោត្តម សីហនុ ចេញពីអំណាច ហើយក៏ជាឆ្នាំដែលខ្មែរក្រហមបានចូលកាន់កាប់នៅតំបន់ដែល សាវិត រស់នៅ។ យោធាខ្មែរក្រហមបានឃោសនា និងបញ្ចុះបញ្ចូលឲ្យយុវជន និងយុវនារីចូលធ្វើជាទាហានទៅប្រយុទ្ធតស៊ូជាមួយនឹងទាហាន លន់ នល់។ ក្នុងពេលនោះគាត់បានស្ម័គ្រចិត្តចូលធ្វើជាកូនយោធាខ្មែរក្រហម ដើម្បីគេចចេញពីការរស់នៅជាមួយម្ដាយចុង គាត់បាននិយាយថា បើទោះជាគាត់ត្រូវស្លាប់ក៏ប្រសើរជាងការរស់នៅជាមួយនឹងម្ដាយចុងរបស់គាត់ដែរ។ នៅអំឡុងឆ្នាំ១៩៧០ យុវជន និងយុវនារី ដែលចូលជាទាហានទាំងប៉ុន្មានគឺចូលដោយការស្ម័គ្រចិត្ត ប៉ុន្តែក្រោយមកគឺមានការបង្ខិតបង្ខំ។ នៅពេលដែល សាវិត ចូលធ្វើជាទាហានស្ម័គ្រចិត្តនោះ ខ្មែរក្រហមបានឲ្យគាត់ការពារអ្នកសម្ដែងសិល្បៈ[3]។
ឆ្នាំ ១៩៧៣ ខ្មែរក្រហមបានចាប់ផ្ដើមបែងចែក ចាត់តាំងឲ្យមានគណៈស្រុក និងគណៈសហករណ៍ ហើយអ្នកដែលគ្រប់គ្រង់នៅសហករណ៍របស់គាត់ឈ្មោះថា ចាន់ថន ហៅ យី។ នៅតំបន់នោះគឺហៅថា សហករណ៍ធំ៣ ហើយក៏មានសហករណ៍ និងក្រុមតូចៗនៅក្នុងនោះដែរ។ បន្ទាប់ពីមានការបែងចែកគណៈសហករណ៍រួច សាវិត បានផ្លាស់ទីមកធ្វើជាទាហាននៅភូមិជ្រោយថ្ម។ ទៅដល់ទីនោះខ្មែរក្រហមបានឲ្យគាត់កាន់កាំភ្លើង និងមានតួនាទីជាអ្នកការពារដដែល។ នៅក្នុងស្នាក់ការដែល សាវិត នៅការពារ គឺមានសមាជិក១២នាក់នៅប្រចាំការនៅទីនោះ។ គាត់បានបន្ថែមថា នៅពេលដែលខ្វះទ័ពនៅសមរភូមិ អង្គការបានបញ្ជូនឲ្យស្នាក់ការរបស់ សាវិត ទៅជួយច្បាំង ពេលដែលត្រឡប់ទៅស្នាក់ការវិញជួនកាលមិនគ្រប់ចំនួនមនុស្សវិញនោះទេ ព្រោះមានអ្នកខ្លះបានស្លាប់នៅក្នុងសង្គ្រាម។ ប្អូនប្រុសរបស់គាត់ពីរនាក់បានស្លាប់នៅក្នុងសង្រ្គាម។
ឆ្នាំ ១៩៧៤ ចាន់ថន បានបញ្ជូនគាត់ចេញពីខេត្តក្រចេះ ទៅកាន់សមរភូមិនៅខេត្តកំពង់ចាម ហើយសមាជិកដែលទៅជាមួយទាំងអស់មានគ្នាប្រមាណពី៥០ ទៅ ៦០នាក់។ ការជម្លៀសទៅកាន់សមរភូមិខេត្តកំពង់ចាម គឺធ្វើដំណើរទៅដោយថ្មើរជើង ចន្លោះពីពីរថ្ងៃទៅបីថ្ងៃ ទើបដល់ខេត្តកំពង់ចាម។ នៅពេលធ្វើដំណើរទៅគាត់បាននិយាយថា មិនមាននរណាម្នាក់ហ៊ានដើរចេញពីជួរឡើយ ព្រោះខ្លាចទាហានដែលអង្គការបានបញ្ជូនទៅ និងមើលការខុសត្រូវបាញ់សម្លាប់។ ទាហានដែលអង្គការបញ្ជូនទៅសុទ្ធតែមានកាំភ្លើង។ សាវិត និងប្រជាជនដទៃទៀតបានច្បាំងនៅសមរភូមិខេត្តកំពង់ចាមអស់រយៈពេលមួយឆ្នាំ ក៏ត្រូវផ្លាស់ទីទៅសមរភូមិនៅទីក្រុងភ្នំពេញបន្ត។
នៅក្នុងពេលនោះដែរ សាវិត បានចូលបម្រើការនៅក្នុងកងពលលេខ៣១០ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ អឿន។ នៅក្នុងមួយកងពល៣១០ នោះមានកងពលតូចៗចំនួនបីទៀតគឺ កងពលទីមួយ ទីពីរ និងទីបី ហើយ អឿន គ្រប់គ្រងកងពលធំ ៣១០ និងកងពលតូចទីមួយ ចំណែកកងពលទីពីរ និងទីបី គឺ សួង និង ឈិន ជាអ្នកគ្រប់គ្រង។ អឿន មានតួនាទីជាប្រធានកងពល ឈិន ជាអនុប្រធានកងពល និង សួង ជាសមាជិក។ កងពលរបស់គាត់បានប្រយុទ្ធជាមួយនឹងទាហានរបស់ លន់ នល់។ ដំបូងឡើងគាត់វាយចូលនៅម្ដុំសាលាពោធិ៍ចិនតុង រហូតដល់ពេទ្យលោកសង្ឃ។ សាវិត បានបន្ថែមថា មិនយូរប៉ុន្មានទាហានរបស់ លន់ នល់ បានលើកទង់ជ័យសចុះចាញ់[4]។
ឈានចូលដល់ថ្ងៃទី១៧ មេសា ១៩៧៥ ជាពេលដែលខ្មែរក្រហមវាយចូលកាន់កាប់បានទីក្រុងភ្នំពេញទាំងមូល និងជាថ្ងៃដែលខ្មែរក្រហមគ្រប់គ្រងប្រទេសកម្ពុជាទាំងមូល គឺរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)។ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បានបញ្ចប់នូវការជ្រៀតជ្រែកពីសំណាក់បរទេស ការទម្លាក់គ្រាប់បែក និងការប្រឈមអាវុធដាក់គ្នានៃសង្រ្គាមស៊ីវិលខ្មែររយៈពេលប្រាំឆ្នាំនៅកម្ពុជា។ នៅថ្ងៃដដែលនេះ ទីក្រុងភ្នំពេញបានធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់កងកម្លាំងកុម្មុយនីស្តទាំងស្រុង[5]។
ខ្មែរក្រហមបានចាប់ផ្ដើមជម្លៀសប្រជាជនទាំងអស់ដែលរស់នៅទីក្រុង និងទីប្រជុំជន ទៅតាមបណ្ដាខេត្តផ្សេងៗ។ ប្រជាជនប្រហែលពីរលាននាក់ ដែលក្នុងនោះរួមបញ្ចូលទាំងអ្នកភៀសខ្លួនក្នុងអំឡុងពេលសង្គ្រាមជាងមួយលាននាក់ផងឲ្យទៅជនបទ។ ក្នុងរយៈពេលមួយសប្ដាហ៍ ប្រជាជនក្នុងទីក្រុងភ្នំពេញនិងទីប្រជុំជនផ្សេងៗទៀត ដែលធ្លាប់គ្រប់គ្រងដោយរបបសាធារណរដ្ឋខ្មែរត្រូវបានបណ្ដេញទៅធ្វើការងារកសិកម្មនៅតំបន់ជនបទ[6]។
សាវិត បានមើលឃើញផ្ទាល់ភ្នែកនៅពេលប្រជាជនកម្ពុជាត្រូវបានជម្លៀសចេញពីទីក្រុងភ្នំពេញទាំងវេទនា។ គាត់បាននិយាយថា មានប្រជាជនខ្លះមិនធ្លាប់ដើរឆ្ងាយពីមុនមក ដូច្នេះដើរបានតែបន្តិចហត់ក៏ឈប់សម្រាក។ គាត់បានឃើញប្រជាជនមួយចំនួនបានយកសម្ភារ និងប្រាក់ ដាក់ជាប់ខ្លួនទៅជាច្រើន។ បន្ទាប់ពីឃើញបែបនេះគាត់បានប្រាប់ទៅកាន់ប្រជាជនទាំងនោះថា គួរតែដាក់អង្ករទៅឲ្យបានច្រើនជាជាងយកប្រាក់ ព្រោះរបបនោះមិនចាយប្រាក់នោះទេ។ មូលហេតុដែលគាត់ដឹងគឺព្រោះតែគាត់បានចូលបម្រើការជាយោធាខ្មែរក្រហមតាំងពីឆ្នាំ១៩៧០។ គាត់បានប្រាប់បន្ថែម ខ្មែរក្រហមធ្លាប់បានចោទប្រកាន់គាត់ថាខុសសីលធម៌ មានទាក់ទងជាមួយនឹងមនុស្សស្រី ប្រុងនឹងយកគាត់ទៅសម្លាប់ចោលម្ដងរួចទៅហើយ។
បន្ទាប់ពីជម្លៀសប្រជាជនចេញពីភ្នំពេញ ទៅតាមតំបន់ជនបទរួច សាវិត នៅតែបន្តធ្វើការនៅភ្នំពេញដដែល។ ខ្មែរក្រហមបានឲ្យគាត់យាមផ្លូវនៅស្ថានទូតបារាំង ចេញពីស្ថានទូតបារាំងគាត់បានទៅយាមនៅផ្សារថ្មីបន្ត។ មូលហេតុដែលខ្មែរក្រហមឲ្យនៅយាមផ្លូវបែបនេះគឺចាំសម្រួលផ្លូវដល់អ្នកធំពេលដែលចេញដំណើរទៅណាម្ដងម្កាល។ អង្គការបានចាប់ខ្លួន អឿន និងទាហានផ្សេងទៀតឲ្យទៅខេត្តកំពង់ឆ្នាំង ដោយចោទថា អឿន ចង់ធ្វើរដ្ឋប្រហារប្រឆាំងនឹង ប៉ុល ពត។ សាវិត បានធ្វើការនៅភ្នំពេញបានពីរឆ្នាំ បន្ទាប់មកគាត់ចេញពីភ្នំពេញទៅកាន់ខេត្តកំពងចាម ដោយសារតែគេចពីការតាមចាប់ខ្លួន។ ចំណែក សាវិត ត្រូវបានអង្គការចាប់ខ្លួននៅថ្នល់កែង ស្ថិតនៅក្នុងខេត្តកំពង់ចាម។ ខ្មែរក្រហមបានឃុំខ្លួន សាវិត នៅគុករកាកោង ស្ថិតក្នុងវត្តដងទង់ រយៈពេលបួនខែ។ នៅអំឡុងពេលជាប់ឃុំ គាត់មិនត្រូវបាន អង្គការធ្វើទារុណកម្ម វាយដំអ្វីឡើយ គ្រាន់តែត្រូវបង្អត់អាហារ មិនមានអាហារបរិភោគបានគ្រប់គ្រាន់ទេ។ សាវិត បានបញ្ជាក់ប្រាប់ថា ការឃុំខ្លួននោះគឺមិនមែនទុកឲ្យនៅទំនេរនោះទេ ពេលថ្ងៃអង្គការបានដោះលែងឲ្យទៅធ្វើការ និងពេលយប់បានឲ្យត្រឡប់ទៅសម្រាកនៅក្នុងគុកវិញ។
បន្ទាប់ពីចប់បួនខែនៃការឃុំខ្លួននៅរកាកោង អង្គការបានបញ្ជូន សាវិត បន្តទៅគុកជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម នៅភូមិភាគឧត្តរ។ ខ្មែរក្រហមបានចោទប្រកាន់គាត់ថាជាជនក្បត់នឹងអង្គការ ដូច្នេះហើយអង្គការបានឃុំ និងបង្អត់អាហារគាត់រយៈពេលមួយសប្ដាហ៍ បានត្រឹមតែទឹកបន្តិចៗប៉ុណ្ណោះ។ ក្រោយមួយសប្ដាហ៍នោះគាត់បានចេញពីការឃុំខ្លួន ហើយបានទៅរស់នៅក្នុងសហករណ៍ពិសេស ហើយបានធ្វើការធម្មតាដូចជាប្រជាជនធម្មតា។ ចូលឆ្នាំ១៩៧៨ គាត់បានរត់ចេញពីសហករណ៍ ទៅស្រុកកំណើតស្វែងរកឪពុក។ នៅឆ្នាំ ១៩៧៩ សាវិត ហៅ ឌី បានវិលត្រឡប់ទៅស្រុកកំណើត ហើយរស់នៅជុំជាមួយនឹងឪពុករបស់គាត់៕
អត្ថបទដោយ៖ នេន ស្រីមុំ
ឯកសារយោង៖
[1] ផេង ពង្សរ៉ាស៊ី et al. ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). ២០២០. ភ្នំពេញ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ៣៣-៣៤
[2] មជ្ឈមណ្ឌលឯកសារកម្ពុជា. បទសម្ភាសន៍ដោយ ឌី ខាំបូលី. គម្រោងការជំរុញឲ្យមានការទទួលខុសត្រូវ(Promoting Accountability). (ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០៦). ក្រចេះ លេខ KRI0004
[3] ស្ទួន
[4] មជ្ឈមណ្ឌលឯកសារកម្ពុជា. បទសម្ភាសន៍ដោយ ឌី ខាំបូលី. គម្រោងការជំរុញឲ្យមានការទទួលខុសត្រូវ(Promoting Accountability). (ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០៦). ក្រចេះ លេខ KRI0004
[5] ឌី ខាំបូលី. ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). ២០០៧. ភ្នំពេញ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ១៦
[6] ស្ទួន, ទំព័រ១៨