សុក សៀង៖ យុទ្ធជនផ្នែកចរន្តអគ្គិសនីផ្សារតូច ទី១

ឯកសារចម្លើយសារភាព J00241 សរសេរដោយដៃ ជាកំណត់ហេតុសួរចម្លើយរបស់ ឈ្មោះ សុក សៀង មានចំនួន ១២ទំព័រ។ នៅក្នុងចម្លើយសារភាពនេះ បានកត់ត្រា ថ្ងៃ សួរចម្លើយ របស់ឈ្មោះ សុក សៀង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៧៨។ មុនពេលចាប់ខ្លួន សុក សៀង បានចូលរួមសកម្មភាពបំផ្លាញបដិវត្តន៍ជាមួយ មនុស្សចំនួន២៣នាក់ទៀត ដែលអ្នកទាំងនោះ គឺជាអ្នកធ្វើការនៅក្នុងរោងចក្រអគ្គិសនី, ជាយុទ្ធជនខាងនេសាទ, និង ជាយុទ្ធជនជាងឡាន។ សៀង ត្រូវយោធាខ្មែរក្រហមចាប់ខ្លួនបាន នៅពេលដែលគាត់ មានបំណងទៅជួបវៀតណាម ដើម្បីរាយការណ៍ឱ្យវៀតណាមពីសកម្មភាព ដែលកើតមានឡើងនៅក្នុងក្រុង។
សុក សៀង[1] ភេទប្រុស អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅភូមិកញ្ច្រាត់(ភូមិពេជ្ជីរតន៍) ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
នៅដើមខែមេសា ឆ្នាំ១៩៧៥ សៀង ត្រូវប្រធានឃុំចាម ឈ្មោះ វ៉ន ជ្រើសរើសឱ្យចូលធ្វើបដិវត្តន៍។ ដំបូងឡើយ សៀង បានចូលទៅធ្វើការនៅមន្ទីរសេដ្ឋកិច្ចអស់រយៈពេល២ខែ នៅភ្នំឈើកាច់ និង រៀនវគ្គនយោបាយអស់រយៈពេល២ខែទៀត នៅសាលានយោបាយ ស.២០០ ភូមិភាគបូព៌ា។ ក្រោយមក សៀង ត្រូវអង្គការដក ឱ្យមកនៅក្រសួងសាធារណការក្រុងភ្នំពេញ ក្រោមការដឹកនាំរបស់ ចំរើន។ កាលនោះ វុធ មានតួនាទីជាប្រធានបណ្តាញអគ្គិសនីទី១ ក៏នៅទីនោះដែរ។ វុធ បានអប់រំ សៀង ឱ្យចូលរួមសកម្មភាពបំផ្លាញបដិវត្តន៍ជាមួយគាត់។ វុធ បានអូសទាញ សៀង ដោយផ្តល់ជាសម្ភារមកកាន់ សៀង ដូចជា៖ វិទ្យុ, អាវ, លុយ, និង ឱ្យ សៀង ដើរលេងតាមអំពើចិត្ត។ ចាប់តាំងពីពេលនោះមក សៀង បានរួមសកម្មភាពជាមួយ វុធ ក្នុងការប្រឆាំងបដិវត្តន៍ជាប់មករហូត។
នៅពេល សៀង ចេញទៅធ្វើស្រែនៅស្ទឹងមានជ័យ វុធ បានណែនាំ សៀង ឱ្យទាក់ទងជាមួយខ្សែរយៈរបស់គាត់ ឈ្មោះ ក្រាញ់ ប្រធានសហករណ៍, នារី សាវឿន ជា គ្រូពេទ្យ និង នារី កេត ជាប្រធានក្រុមនារី ដើម្បីសហការគ្នា ក្នុងការបំផ្លាញ សន្ទូង, សំណាប និង សហការជាមួយ យ៉ាន, សារិន, ធឹម, និង ផន ក្នុងការបំផ្លាញកណ្តាប់, បំផ្លាញស្រូវ, បំផ្លាញម៉ាស៊ីនបោកស្រូវ និង បំផ្លាញម៉ាស៊ីន រោយស្រូវ របស់អង្គការ។ ក្រោយពីបោកស្រូវរួច សៀង បានត្រឡប់មកខាងរោងចក្រអគ្គិសនីវិញ។
នៅចុងឆ្នាំ១៩៧៦ សៀង បានភ្ជាប់ខ្សែជាមួយ ថុន ប្រធានក្រុមចរន្តអគ្គីសនី, ម៉ៅ ប្រធានពួកខាងចរន្តអគ្គិសនី, សារ៉េន យុទ្ធជនជាងឡាន, និង ដន យុទ្ធជននេសាទ។ ថុន ណែនាំឱ្យអ្នកទាំងអស់គ្នា ធ្វើសកម្មភាពបំផុសទំនាស់ នៅក្នុងរោងចក្រ អគ្គិសនី។ សកម្មភាពរបស់ សៀង នៅពេលនោះ គឺលើកឡើងអំពីការមិនទុកចិត្តរបស់អង្គការទៅលើអ្នកមកពីខាងតំបន់ភូមិភាគបូព៌ា ហើយអ្នកដែលអង្គការទុកចិត្តនោះ គឺមកពីខាងភូមិភាគនិរតី។ ដូច្នេះ សៀង បានបំផុសបំផុលឱ្យអ្នកនៅខាងនិរតី រត់ទៅផ្ទះ និង បំផុសឱ្យអ្នកទាំងនោះដើរលេងដោយសេរី។
នៅឆ្នាំ១៩៧៧ អង្គការបានចាប់ វុធ, ផុន និង យ៉ាន។ ពេលនោះ សៀង នៅមានខ្សែរយៈមួយចំនួនទៀត គឺ ថុន, សារ៉េន, ម៉ៅ និង ដន។ ថុន បានហៅកម្លាំងក្បត់ខាងលើមកប្រជុំនៅជិតស្ពានជ្រោយចង្វារ។ ខ្លឹមសារប្រជុំគឺ៖ ថុន ណែនាំឱ្យធ្វើសកម្មភាព លួចកាត់ខ្សែភ្លើង ចេញពីផ្ទះភ្ញៀវរបស់អង្គការ និង ពេលចេញទៅធ្វើភ្លើង ត្រូវធ្វើឱ្យភ្លើងទាំងនោះផ្ទុះឆេះ។ ណែនាំឱ្យធ្វើសកម្មភាព ចាក់ថ្នាំលាបសសរផ្ទះចោល និង បំផ្លាញដែកគោ។ ណែនាំឱ្យធ្វើសកម្មភាពបំផុសបំផុលឱ្យកម្មករនៅក្នុងរោងចក្រអគ្គិសនីធ្វើយ៉ាងណាឱ្យមានការច្របូកច្របល់ពិបាកដោះស្រាយ។
ក្រោយពីប្រជុំចប់ សៀង បានធ្វើសកម្មភាពបំផ្លាញសម្ភារដូចជា ខ្សែភ្លើង, អំពូលភ្លើង និង ប្រដាប់វាស់ភ្លើង។ សកម្មភាពបន្តទៀតគឺ សៀង បានសហការជាមួយ សារ៉េន បើកឡានបុកដីខ្សាច់ធ្វើឱ្យឡោកម៉ាស៊ីនឡាន និងយកដីខ្សាច់យកទៅចាក់នៅក្នុងធុងសាំង ធ្វើឱ្យឡានស្ទះ ហើយអាក់ខាន នៅក្នុងការដឹកជញ្ចូនសម្ភារជួនដល់បក្ស។ ចំណែកឯសកម្មភាពផ្សេងទៀត គឺ សៀង ដើរបំផុសបំផុល ឱ្យកងទ័ព និងកម្មករមានទំនាស់គ្នា ព្រមទាំង កាត់ផ្តាច់ខ្សែភ្លើងដែលតចូលមកខាងក្នុងផ្ទះរបស់កងទ័ព និង ធ្វើឱ្យរលត់អំពូលភ្លើងនៅពេលអង្គការទទួលភ្ញៀវ។
នៅឆ្នាំ១៩៧៧ ថុន ណែនាំ សៀង និង ម៉ៅ ឱ្យទាក់ទងទៅ វៀតណាម ដើម្បីរាយការណ៍ឱ្យ វៀតណាម ពីកម្លាំងក្បត់ដែលត្រូវអង្គការចាប់ខ្លួនបាន មានឈ្មោះដូចជា ឈូក[2] ហៅ ម៉ែន ជាលេខាតំបន់២៤ ភូមិភាគបូព៌ា, ចក្រី[3] ជាលេខាកងពល១៧០ និង ភិន ជាប្រធានក្រសួងសាធារណការ នៅភូមិភាគបូព៌ា។ សៀង បានរាយការណ៍ទៀតថា កម្លាំងទាំងអស់ មិនអាចប្រមូលមកវិញបាន ព្រោះអង្គការបានដកអ្នកទាំងអស់នោះចេញពីក្រុងអស់ហើយ។ វៀតណាមបានណែនាំ សៀង និង ម៉ៅ ឱ្យខិតខំធ្វើសកម្មភាព និងក្តាប់សភាពការណ៍ព្រមទាំងរាយការណ៍មកកាន់វៀតណាមបន្តទៀត។ បន្ទាប់ពីនិយាយរួច សៀង និង ម៉ៅ បានត្រឡប់មកកន្លែងវិញ។
នៅខែធ្នូ ឆ្នាំ១៩៧៧ អង្គការបានចាត់តាំង សៀង និង ម៉ៅ ឱ្យទៅតខ្សែភ្លើងដាក់រោងចក្រឡឥដ្ឋ។ ពេលនោះ ថុន ទើបមកពីនេសាទ បានហៅកម្លាំងក្បត់មកប្រជុំគ្នា មានឈ្មោះដូចជា៖ សៀង,សារ៉េត និង ម៉ៅ ។ ខ្លឹមសារប្រជុំនោះគឺ៖ ថុន ណែនាំឱ្យធ្វើសកម្មភាពបំផ្លាញបដិវត្តន៍បន្តទៀត, បំផុសទំនាស់ខាងបណ្តាញពីកន្លែងមួយ ទៅកន្លែងមួយ ដើម្បីឱ្យមានភាពច្របូកច្របល់នៅក្នុងរោងចក្រអគ្គិសនីទាំងមូល, ណែនាំឲ្យរាយការណ៍ពីសកម្មភាពនៅក្នុងក្រុង និង រាយការណ៍ពីកម្លាំងខ្សែក្បត់ដែលត្រូវអង្គការដកចេញពីក្រុង(ចាប់ខ្លួន), ណែនាំឱ្យរកផ្លូវ រត់ទៅប្រទេសវៀតណាម, ណែនាំ បំផុសបំផុលឱ្យ កម្មករនៅក្នុងរោងចក្រអគ្គិសនីឱ្យជ្រួលច្របល់រត់ទៅផ្ទះ ដោយនិយាយថា អ្នកដែលមកពីតំបន់ភូមិភាពបូព៌ា ត្រូវអង្គការសម្រិតសម្រាំងអស់ហើយ។ នៅឆ្នាំ១៩៧៨ អង្គការបានបញ្ជូនយោធា មកពីខាងភូមិភាគនិរតី ឱ្យទៅបង្ក្រាបជនក្បត់នៅខាងភូមិភាគបូព៌ា[4]។
ក្រោយពីប្រជុំចប់ សៀង និង ម៉ៅ បានទៅតខ្សែភ្លើងនៅក្នុងរោងចក្រ ឡ ឥដ្ឋនៅជិត ទូត វៀតណាម។ ពេលនោះ សៀង និង ម៉ៅ បានទៅរកកន្លែងបារ៉ែត ដើម្បីតខ្សែភ្លើង ហើយបានយកលេសចូលទៅជួបជាមួយវៀតណាម ប៉ុន្តែមិនទាន់បានជួបផង ក៏ត្រូវយោធារបស់អង្គការចាប់ខ្លួនបានតែម្តង[5]។
អត្ថបទដោយ ថុន ស្រីពេជ្រ
[1] ឯកសារ J 00241 តម្កល់ទុកនៅមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង«សេចក្តីកំណត់ហេតុសួរចម្លើយ សុក សៀង៖ យុទ្ធជន ផ្នែកចរន្តអគ្គិសនី ផ្សារតូចទី១»។
[2] ផេង ពង្សរ៉ាស៊ី, អត្ថបទមាន ចំណងជើង«ផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យដែលបរាជ័យ៖ យុទ្ធសាស្ត្រអំណាច ផែនការ និង ការសម្រេចចិត្ត»។
[3] ដារ៉ារដ្ឋ មេត្តា, ទស្សនវដ្តីស្វែងរកការពិត លេខ២២៦ មានចំណងជើង «លីផែន ហៅ សំរិត អតីតអនុលេខាសេនាធិការយោធាភូមិភាគបូព៌ា (២០៣)»(ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា, ខែតុលា ឆ្នាំ២០១៨)។
[4] ផេង ពង្សរ៉ាស៊ី និង អ្នកផ្សេងទៀត, សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ (ភ្នំពេញ ២០២០),ទំព័រទី៤៩។
[5] ឯកសារ J 00218 តម្កល់ទុកនៅមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «សេចក្តីកំណត់ហេតុសួរចម្លើយ ហៅ ម៉ៅ៖ ជាប្រធានពួក ផ្នែកចរន្តអគ្គិសនី» ទំព័រ១១។