កងកុមារ នៅក្នុងរបបខ្មែរក្រហម

(ក្រចេះ)៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់រស់នៅក្នុងខេត្តក្រចេះ បានរៀបរាប់អំពីដំណើរជីវិតរបស់គាត់ជាកងកុមារនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជារបស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា។ សុខ សឿន ភេទប្រុស មានអាយុ ៥៨ឆ្នាំ អាស័យដ្ឋានបច្ចុប្បន្ននៅភូមិថ្មគ្រែកណ្ដាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។

គាត់បាននិយាយថា នៅក្នុងរបបខ្មែរក្រហម គាត់ត្រូវបានអង្គការជម្លៀសចេញពីភូមិស្រឡៅពក ខេត្តកំពង់ចាម ទៅកាន់ស្រុកចម្ការលើ។ ខ្មែរក្រហមបានជម្លៀសប្រជាជនដែលរស់នៅក្នុងភូមិស្រឡៅពកនោះចេញទៅតាមទិសដៅផ្សេងដែលអង្គការបានរៀបចំ ហើយបានជម្លៀសយកប្រជាជនភូមិ-ស្រុកផ្សេងឲ្យទៅនៅក្នុងភូមិស្រឡៅពកនោះវិញ។

សឿន បានបន្ថែមថា គាត់ធ្លាប់បានឃើញអង្គការបណ្ដើរប្រជាជនទៅធ្វើទារុណកម្ម រួចហើយសម្លាប់ចោល ហើយគាត់ក៏បានឃើញផ្ទាល់នឹងភ្នែកពេលដែលអង្គការវាយសម្លាប់ដែរ ព្រោះកន្លែងដែលគាត់រស់នៅពេលនោះគឺនៅជិតនឹងមន្ទីរសន្តិសុខរបស់ខ្មែរក្រហម។ ឧបករណ៍ដែលខ្មែរក្រហមយកទៅសម្លាប់មនុស្សមាន ត្បូងចប និងដែក ព្រមទាំងឧបករណ៍ជាច្រើនទៀត ហើយឧបករណ៍សម្រាប់សម្លាប់ក្មេងៗគឺ កាំបិតចុងកាំភ្លើង។

សម្រាប់របបអាហារនៅក្នុងរបបនោះ ម៉ោងដប់ព្រឹក អង្គការបានវាយជួងម្ដងដើម្បីហៅកងកុមារឲ្យបរិភោគអាហារ និងកងយុវជនអង្គការនឹងវាយជួងនៅម៉ោងដប់មួយ។ ចំពោះរបបអាហារគឺមានតែបបរ ដែលលាយជាមួយនឹងសម្លត្រកួនប៉ុណ្ណោះ។ សម្រាប់ទ្រព្យសម្បត្តិឯកជនត្រូវដាក់បញ្ចូលជារបស់អង្គការ មិនមានប្រជាជនណាមានសិទ្ធិរក្សាទុកជារបស់ផ្ទាល់ខ្លួនឡើយ។

សឿន បានប្រាប់ថា ពេលនោះឪពុករបស់គាត់មានក្របីប្រាំមួយក្បាល និងដីស្រែបន្តិចបន្តួច ពេលដែលចាប់ផ្ដើមបែងចែកសហករណ៍ អង្គការបានប្រមូលក្របី និងដីស្រែរបស់គាត់ដាក់បញ្ចូលជារបស់រួម។ នៅក្នុងរបបនោះគាត់ជាកងកុមារឃ្វាលគោ ក្របី និងដេញចាប ដោយសារតែគាត់មានអាយុតិចមិនទាន់គ្រប់អាយុសម្រាប់ចូលក្នុងកងយុវជនទេ ទើបគាត់មិនបានចេញទៅលើកទំនប់ ជីកប្រឡាយអ្វីឡើយ។

ផលលំបាកដែលគាត់ទទួលបាននៅក្នុងរបបនោះគឺការហូបចុកមិនគ្រប់គ្រាន់ ព្រោះមានរបបអាហារតិច ហើយមានប្រជាជនច្រើន។ ក្រៅពីនេះ មិនមានពេលបាននៅជាមួយនឹងម្ដាយបានយូរ ព្រោះឲ្យតែពេលជិតភ្លឺម្ដាយរបស់គាត់ចេញទៅធ្វើការបាត់ៗ រហូតដល់យប់ជ្រៅទើបត្រឡប់ទៅផ្ទះវិញ។

ទិន្នផលស្រូវដែលធ្វើបាននោះគឺមិនគ្រប់តាមផែនការរបស់អង្គការដែលបានកំណត់ ហើយទិន្នផលដែលទទួលបាន ភាគច្រើនអង្គការដឹកជញ្ជូនចេញទៅក្រៅប្រទេសសម្រាប់ការដោះដូរមកវិញនូវអាវុធ និងគ្រាប់រំសេវ ដូច្នេះហើយទើបប្រជាជនកម្ពុជាមិនសូវមានអាហារបរិភោគបានគ្រប់គ្រាន់។

អង្គការតែងតែគិតថា ប្រជាជនណាដែលធ្វើការងារយឺត សុំច្បាប់ឈឺច្រើន គឺជាខ្មាំង ព្រោះការធ្វើពុតជាឈឺដើម្បីបានឈប់សម្រាក។ សឿន មានបញ្ហាចុកពោះ តែមិនមានពេទ្យ និងថ្នាំសម្រាប់លេបត្រឹមត្រូវនោះទេ។ មានគ្រូខ្មែរម្នាក់ដែលមានជំនឿលើផ្លូវងងឹតបានស្ដោះផ្លុំឲ្យគាត់ ហើយគាត់ក៏បានធូរស្បើយពីការចុកពោះនោះ៕

សម្ភាសន៍ដោយ យ៉ុង ផល្លីន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin