បង្ខំចិត្តលាចាក​សិក្ខាបទក្នុងរបបខ្មែរក្រហម

សុខ ថុន មានអាយុ៦៧ឆ្នាំ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ក្នុងរបប លន់ នល់ ឆ្នាំ១៩៧១  ថុន បួសជាព្រះសង្ឃ និងរៀននៅវត្តកោះ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​។

នៅឆ្នាំ១៩៧៥ ថុន និងព្រះសង្ឃផ្សេងទៀតក្នុងវត្តកោះ ត្រូវបានបង្ខំឲ្យលាចាកសិក្ខាបទតាមបញ្ជារបស់ទាហាន​ខ្មែរក្រហម។ ថុន បន្តថា គ្មានអ្នកណាហ៊ានប្រកែកនឹងបញ្ជានេះទេព្រោះព្រះសង្ឃ ទាំងអស់ដឹងថា ខ្មែរក្រហម​មានបំណងបំបាត់វត្ត និងផ្សឹកព្រះសង្ឃ។ ខ្មែរក្រហមបានឃោសនាថា ប្រជាជនទាំងអស់ត្រូវចុះទៅវាលស្រែដើម្បីបង្កបង្កើនផលស្រូវ ដូចនេះ​ពុំមានប្រជាជនណាទំនេរយកចង្ហាន់ប្រគេនព្រះសង្ឃទៀតទេ។

ក្រោយពីលាចាកសិក្ខាបទ ថុន ត្រូវទៅរស់នៅក្នុងសហករណ៍រួមជាមួយយុវជននៅលីវដទៃទៀត។ ការងារប្រចាំថ្ងៃនៅពេលនោះ គឺធ្វើជាកងចល័តធ្វើដំណើរឆ្ងាយៗ​ពីភូមិដើម្បីធ្វើស្រែ ជីកទំនប់ លើកប្រឡាយ និងលើកភ្លឺស្រែ។ គាត់បន្តថា ខ្មែរក្រហមបានយកវត្តកោះធ្វើជាមន្ទីរឃុំ​ឃាំង ធ្វើទារុណកម្ម និងសម្លាប់ប្រជាជនដែលត្រូវគេចោទថាជាខ្មាំង ជាអ្នកចេះដឹង និងជាប្រជា​ជនថ្មី១៧ មេសា។ មានប្រជាជនស្លូតត្រង់​ជាច្រើនត្រូវបានឃុំខ្លួន និងសម្លាប់ នៅអតីតមន្ទីរ​សន្តិសុខនេះ។ នៅក្នុងពេល​បច្ចុប្បន្នប្រជាជន​តែ​ងតែ​មកធ្វើពិធីបុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំម្តង ដើម្បីបង្សុកូលជូនវិញ្ញាណក្ខន្ធជនរងគ្រោះ។

ពេលធ្វើការនៅកងចល័តគាត់ត្រូវងើបពីព្រឹកព្រលប់ទៅធ្វើការ និងសម្រាកនៅពេលយប់។

ថុន៖ «ក្នុងរបបខ្មែរក្រហមខ្ញុំធ្វើការងារគ្រប់បែបយ៉ាងតាមតែគេប្រើម្តងទៅនេះ​ ម្តងទៅនោះចល័តពេញតែក្នុងភូមិ ខ្ញុំមិនហ៊ានប្រកែកជាមួយគេទេ ព្រោះខ្ញុំជាប់ប្រវត្តិមិនល្អពីសម័យមុនធ្លាប់ជាអតីតព្រះសង្ឃ និងធ្លាប់រៀនសូត្រ»។​  ថុន ឲ្យដឹងបន្តទៀតថា របបអាហារពីដំបូងនៅទីនេះមិនសូវ​ជាខ្វះខាតទេព្រោះប្រជាជន​ធ្វើស្រែបានទិន្នផលច្រើន ស្រូវត្រូវបានរក្សាទុកក្នុងឃ្លាំង ប៉ុន្តែមួយរយៈក្រោយមកនៅរោងបាយ​ចាប់ផ្តើមខ្វះអង្ករដោយសារតែផលស្រូវត្រូវបានដឹកចេញស្ទើរតែអស់ពីឃ្លាំងនាំឲ្យរបបអាហារបានថយចុះជាលំដាប់។

នៅចុងឆ្នាំ១៩៧៧ ថុន និងគ្រួសារបានជម្លៀសទៅឃុំស្វាយដូនកែវ ស្រុកបាកាន(លើ) ខេត្តពោធិ៍សាត់​។​ គាត់ និងគ្រួសារត្រូវធ្វើដំណើរដោយថ្មើរជើងពីស្វាយរៀងតាមផ្លូវជាតិលេខ១ ដោយយប់កន្លែងណាសម្រាកកន្លែងនោះ។ ពេលធ្វើដំណើរដល់អ្នកលឿង ខ្មែរក្រហមបានឲ្យស្នាក់នៅទីនោះ​មួយរយៈ។ ប្រធានសហករណ៍បានប្រាប់ប្រជាជនថា បើអ្នកណាចង់រៀបការអាចស្នើទៅអង្គការបាន ពេលនោះគាត់បានស្នើសុំរៀបការជាមួយប្រពន្ធគាត់សព្វថ្ងៃ។ ការរៀបការនៅពេលនោះជាការរៀបការដោយស្ម័គ្រចិត្តមានចំនួនប្រមាណជាង៣០គូ។

ក្រោយមកទាហាន​បាន​បន្តឲ្យគាត់បន្តដំណើរទៅមុខទៀតរហូតដល់ខេត្តពោធិ៍សាត់។ ស្ថានភាពនៅពោធិ៍សាត់មានការលំបាកខ្លាំងទាំងរស់នៅ ការធ្វើការងារ និងរបបអាហារ។ ប្រជាជនពីភូមិភាគបូព៌ាដែលធ្វើដំណើរមកជាមួយគាត់បានបាត់ខ្លួនជារឿយៗក្រោមហេតុផលថា ទៅរៀន   សូត្រ។

ក្នុងរបបខែ្មរក្រហមម្តាយរបស់ថុន បានស្លាប់ដោយ​សារតែជំងឺ និងគ្មានអាហារហូបគ្រប់គ្រាន់។

ពេលរបបខ្មែរក្រហមដួលរលំ គាត់ក៏បានត្រឡប់មកស្រុកកំណើត និងរស់នៅប្រកបរបបធ្វើស្រែ និងជួយធ្វើនំប្រពន្ធលក់រហូតដល់សព្វថ្ងៃ។

សម្ភាសន៍ដោយ សុខ ចន្ទ្រា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin