សុខទូច៖ “ពេទ្យ៦មករានៅក្នុងរបបខ្មែរក្រហម”

ឆ្នាំ១៩៧៦ ខ្មែរក្រហមជម្លៀស សុខទូច ចេញពីភូមិកំណើតឱ្យមករស់នៅទីក្រុងភ្នំពេញ។ សុខទូច ត្រូវបានខ្មែរក្រហមចាត់ឱ្យធ្វើការនៅមន្ទីរពេទ្យ៦មករា ខាងផ្នែកមើលថែអ្នកជំងឺទូទៅ និងកត់បញ្ជីសម្ភារៈពេទ្យ ដូចជា បង់រុំរបួស ថ្នាំពេទ្យ កាំបិតវះកាត់ជាដើម។ ក្នុងឆ្នាំដដែល សុខទូច ទទួលបានវគ្គបណ្តុះបណ្តាលផ្នែកវះកាត់។ ជនជាតិចិនមកបង្រៀនឱ្យចេះវះកាត់បំពង់ក កាត់របួសដៃ កាត់របួសជើង។ សុខទូច ឈរមើលការវះកាត់ និងស្តាប់សមមិត្ត រឿន បកប្រែភាសាចិន។ ខាងក្រោមនេះជាសាច់រឿងរបស់ សុខ ទូច ៖

ឈ្មោះ សុខទូច[1] ភេទស្រី អាយុ៧៣ឆ្នាំ មានទីកន្លែងកំណើត នៅភូមិមនោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ណុប ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នរស់នៅភូមិដំណាក់ឈើក្រំ ឃុំស្នាយអញ្ជិត ស្រុកជុំគិរី ខេត្តកំពត។ សុខទូច មានបងប្អូនចំនួន៩នាក់ បាត់ខ្លួនអស់៣នាក់និងស្លាប់ម្នាក់ នៅសល់៥នាក់។ បងប្រុសទី១ បាត់ខ្លួនតាំងពីឆ្នាំ ១៩៧០ ដោយសារទៅធ្វើទាហានក្នុងរបប លន់ នល់។ បងទី២ បាត់ខ្លួននៅក្នុងរបបខ្មែរក្រហម។ បងទី៣ ស្លាប់ដោយសារជំងឺក្នុងរបបខ្មែរក្រហម និងប្អូនទី៤ ស្លាប់ក្រោយពេលរំដោះ។ សុខទូច មានស្វាមីឈ្មោះ សេន និងមានកូនចំនួន៨នាក់។ ឪពុកឈ្មោះ សេង ស្លាប់តាំងពីសុខទូច មានអាយុ៣ខែ។ ម្ដាយឈ្មោះ យ៉ាន់ ទើបតែស្លាប់​ប្រហែល ៤ខែ។

កាលពីកុមារភាព សុខទូច រៀនសូត្របានបន្តិចបន្តួច ខ្មែរក្រហមក៏ឡើងកាន់អំណាច។ ខ្មែរក្រហមបានលុបបំបាត់រូបិយវត្ថុ ផ្សារផ្សោ ការអប់រំ ពេទ្យ សម្បត្តិឯកជន ម៉ូតសម្លៀកបំពាក់ស៊ីវិល័យបរទេស ការគោពជំនឿ សាសនា និងប្រពៃណីវប្បធម៌ខ្មែរ។ សាលារៀន វត្តអារាម វិហារសាសនាអ៊ីស្លាម វិហារសាសនាគ្រិស្ដ សាកលវិទ្យាល័យ ហាងលក់ទំនិញ អគាររដ្ឋាភិបាលត្រូវបិទទ្វារ ឬក៏ប្រែក្លាយទៅជា(មន្ទីរសន្ដិសុខ) គុក ក្រោលគោ ជំរំអប់រំកែប្រែក្លាយជាជង្រុកស្រូវ។[2]

ថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ បានបញ្ចប់រាល់ការជ្រៀតជ្រែកពីសំណាក់បរទេស ការទម្លាក់គ្រាប់បែក និងការប្រឈមអាវុធដាក់គ្នានៃសង្រ្គាមស៊ីវិលរវាងខ្មែរនិងខ្មែរ ដែលអូសបន្លាយពេលប្រាំឆ្នាំនៅកម្ពុជា។ ប៉ុន្ដែនៅថ្ងៃដដែលនេះ ទីក្រុងភ្នំពេញបានធ្លាក់ក្រោមការគ្រប់គ្រងរបស់កងកម្លាំងកុម្មុយនីស្ដទាំងស្រុង។[3]

ឆ្នាំ​១៩៧៥ ខ្មែរក្រហមជម្លៀស សុខទូច ចេញពីភូមិមនោណុបទៅរែកដីនៅភូមិកោះស្លា ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។ សុខទូច ឃើញប្រជាជនស្លាប់ច្រើនណាស់ ភាគច្រើនស្លាប់បណ្ដាលមកពីខ្មែរក្រហមឲ្យធ្វើការងារធ្ងន់ៗ គ្មានពេលឈប់សម្រាក។ ខ្មែរក្រហមឲ្យប្រជាជនទៅរែកដីទាំងឈឺ ទាំងគ្រុនរហូតធ្លាក់ខ្លួនឈឺ គ្មានថ្នាំសង្កូវលេប គ្មានពេទ្យព្យាបាលក៏ស្លាប់នៅកន្លែងរែកដី។ សុខទូច រែកដីនៅភូមិកោះស្លាបាន៥ខែ មេកងខាងក្រុមចល័តហៅឲ្យទៅធ្វើខាងសេដ្ឋកិច្ចរែងអង្ករនៅភូមិកោះស្លា។ សុខទូច បានទៅធ្វើការខាងសេដ្ឋកិច្ចរែងអង្ករ។ ពេលរែងអង្ករបាន ខ្មែរក្រហមឲ្យឡានមកដឹកអង្ករដែលរែងបាននោះយកទៅថ្នាក់លើទៀត។

ដើមឆ្នាំ១៩៧៦ ខ្មែរក្រហមជម្លៀស សុខទូច ចេញពីភូមិកោះស្លាទៅភ្នំពេញ។ សុខទូច ទៅដល់ភ្នំពេញភ្លាម ខ្មែរក្រហមបានដាក់ឲ្យនៅមន្ទីរពេទ្យ៦មករា ដោយមានសមមិត្តនារីឈ្មោះ ភឿក ជាអ្នកគ្រប់គ្រង។ សុខទូច ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យទៅរកបន្លែ ត្រីសាច់ មកដាក់នៅកន្លែងមន្ទីរពេទ្យ៦មករាឲ្យក្រុមគ្រូពេទ្យទុកហូបចុក។

បន្ទាប់មកខ្មែរក្រហមហៅ សុខទូច ឲ្យចូលធ្វើការនៅកន្លែងមន្ទីពេទ្យ៦មករា។​ សុខទូច បាននិយាយថា”អត់ចេះព្យាបាល អត់ចេះចាក់ថ្នាំទេ នៅកន្លែងមន្ទីរពេទ្យ៦មករាមានជនជាតិចិនមកបង្រៀនឲ្យចេះវះកាត់បំពង់ករ កាត់របួសដៃ កាត់របួសជើង ខ្ញុំគ្រាន់តែឈរមើល ក្រុមគ្រូពេទ្យចិនមិនឲ្យធ្វើអ្វីទេ” ។  សុខទូច មិនបានចាំឈ្មោះចិនដែលមកបង្រៀនវះកាត់ទេ ចាំតែអ្នកបកប្រែភាសាចិន ឈ្មោះ ពូរឿន ។ សុខទូច ស្ដាប់និងយល់ដឹងស្គាល់ពីកិច្ចការ។ ខ្មែរក្រហមចាត់តាំងឲ្យ សុខទូច មើលថែរបួសអ្នកជំងឺ និងកត់បញ្ជីសម្ភារ ដូចជាបង់រុំកដៃ កជើងជាដើម។

សុខទូច នៅធ្វើការងារក្នុងមន្ទីរពេទ្យ៦មករា មិនដែលបានឃើញអ្នកធំ អ្នកតូចមកដើរមើលដូចកាលធ្វើកងចល័តទេ។ ពេលធ្វើកងចល័តនៅភូមិកោះស្លា សុខទូច បានជួប តាចេន តាប៉ិត តាម៉ុក[4] តាផន[5]

ដើមឆ្នាំ១៩៧៩ សុខទូច ធ្វើដំណើរពីភ្នំពេញទៅជុំគ្នានៅខេត្តពោធិ៍សាត់។ សុខទូច បានដើរដល់វាលមួយក៏មានប្រជាជនប្រាប់ថាទៅមុខបន្តិចទៀតចូលដល់ព្រំប្រទល់ថៃ សុខទូច ក៏បានត្រឡប់មកក្រោយវិញ។

ចុងឆ្នាំ១៩៧៩ របបខ្មែរក្រហមត្រូវបានដួលរំលំ សុខទូច វិលត្រឡប់មកស្រុកកំណើត វិញ។ ប៉ុន្ដែអ្វីៗដែល សុខទូច សោកស្ដាយបំផុតគឺការបាត់បង់បងប្អូន ចំនួន៤នាក់ ដោយមិនបានដឹងអំពីមូលហេតុទាល់តែសោះ។ សុខទូច ពិតជាមានអារម្មណ៍ថាឈឺចាប់ណាស់ ពេលដែលត្រឡប់មកស្រុកកំណើតវិញដឹងដំណឹងថាបងប្អូនមកស្រុកកំណើតមិនគ្រប់គ្នា។

សរសេរដោយ វ៉ន បុប្ផា


ឯកសារយោង

[1] លេខឯកសារ (KPI0374 ) សម្ភាសន៍ដោយ ផាន់ សុជា មជ្ឈមណ្ឌលឯកសារកម្ពុជា.

[2] ដកស្រង់ចេញពីសៀវភៅប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ទំព័រ២ បោះពុម្ពះលើកទី២

[3] ដកស្រង់ចេញពីសៀវភៅប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ទំព័រ១៣ បោះពុម្ពះលើកទី២

[4] ភូមិភាគនិរតី (ភូមិភាគ៤០៥) ដឹកនាំដោយ ឈិត ជឿន ហៅ តាម៉ុក[4]។ ភូមិភាគនេះរួមមានខេត្តកំពត និងខេត្តតាកែវទាំងមូល,ស្រុក២ក្នុងខេត្តកំពង់ស្ពឺ គឺស្រុកសំរោងទង និងស្រុកគងពិសី, និងស្រុក៥ក្នុងខេត្តកណ្ដាល គឺស្រុកកណ្ដាលស្ទឹង ស្រុកស្អាង ស្រុកកោះធំ ស្រុកកៀនស្វាយ និងស្រុកលើកដែក។ ភូមិភាគនេះ ចែកចេញជា៤តំបន់គឺ៖ តំបន់១៣ តំបន់៣៣ តំបន់៣៥ និងតំបន់២៥។ ដកស្រង់ចេញពីសៀវភៅប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(៩១៩៧៥-១៩៧៩) បោះពុម្ពលើកទី២ ទំព័រ៧២។

[5] ខៀវ សំផន ហៅសមមិត្ត ហែម ទទួលបានការសិក្សានៅប្រទេសបារាំងក្នុងឆ្នាំ១៩៥០។  ខៀវ សំផន ត្រូវបានជ្រើសតាំងជាសភាតំណាងរាស្រដនៅឆ្នាំ១៩៦២ និងត្រូវជ្រើសតាំងជាថ្មីម្ដងទៀតនៅឆ្នាំ១៩៦៦។ ក្នុងឆ្នាំ១៩៦៧ ខៀវ សំផន បានគេចខ្លួនចូលទៅក្នុងព្រៃ។ ខៀវ សំផន ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្ដីក្រសួងការពារជាតិ ព្រមទាំងជាអគ្គមេបញ្ជាការកងទ័ពរំដោះជាតិក្នុងឆ្នាំ១៩៧៣។ ខៀវ សំផន ទទួលបានការតែងតាំងជាប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យនៅឆ្នាំ១៩៧៦។ ដកស្រង់ពីសៀវភៅសាក្សីប្រវត្តិសាស្រ្ដរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ទំព័រទី៤។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin