យុវជនកងចល័តនៅស្វាយដូនកែវ
(ស្វាយរៀង)៖ សុខ វណ្ណា មានអាយុ៦៣ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ នៅក្នុងរបប លន់ នល់ ដោយសារប្រទេសមានសង្រ្គាម និងការទម្លាក់គ្រាប់បែក គាត់បានឈប់រៀនត្រឹមថ្នាក់ទីប្រាំមួយ។
សុវណ្ណា បានរៀបរាប់រឿងរ៉ាវប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា នៅរបប លន់ នល់ គាត់មានអាយុប្រហែល១៧ឆ្នាំ រស់នៅជាមួយឪពុក ម្តាយ និងបងប្អូនបីនាក់នៅស្រុករំដួល។ ពេលខ្មែរក្រហមចូលកាន់អំណាចគ្រួសាររបស់គាត់ត្រូវបានបំបែកមិនឲ្យរស់នៅជួបជុំគ្នា។ ចំណែកទ្រព្យសម្បត្តិ និងសត្វពាហនៈ ក៏ត្រូវបានអង្គការប្រមូលយកមកទុកក្នុងសហករណ៍ដែរ។ ក្នុងរបបនោះគាត់ និងបងប្អូន គឺជាកម្លាំងស្នូល ដែលត្រូវធ្វើស្រែ ជីកប្រឡាយ និង លើក ទំនប់។
ក្រោយមកគាត់ និងគ្រួសារត្រូវបានខ្មែរក្រហមជម្លៀសទៅខេត្តពោធិ៍សាត់។ គាត់បានធ្វើដំណើរដល់អ្នកលឿងឆ្លងកប៉ាល់ បន្តទៅដល់ភ្នំពេញដោយស្នាក់នៅមួយយប់ ក៏ធ្វើដំណើរតាមរថភ្លើងរហូតដល់ឃុំស្វាយដូនកែវ ខេត្តពោធិ៍សាត់។ ពេលទៅដល់ទីនោះគាត់ត្រូវបានបញ្ចូលរស់នៅក្នុងកងចល័តឆ្ងាយពីបងប្អូន ឪពុកម្តាយ និងត្រូវធ្វើការនៅក្នុងព្រៃដូចជា ជីកទំនប់ លើកប្រឡាយ អារឈើ និងជីកអណ្តូងជាដើម។
រឿងដែល សុវណ្ណា ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហមគឺការដែលគាត់ត្រូវជីក និងរែកដីធ្វើទំនប់ក្រោមកំដៅថ្ងៃ ជាមួយនឹងរបបអាហារមិនគ្រាប់គ្រាន់ និងទិដ្ឋភាពនៃការធ្វើទារុណកម្មនិងសម្លាប់មនុស្សដែលលួចដកដំឡូងរបស់អង្គការ។
សុវណ្ណាបានបន្តទៀតថា «របស់របរទាំងអស់ជាកម្មសិទ្ធិរបស់អង្គការ គ្មាននរណាមានសិទ្ធិហូបទេ ក្រៅតែពីរបបដែលចែកឲ្យ។ មនុស្សភាគច្រើនស្គម ក្បាលជង្គង់ធំជាងក្បាល គ្មានកម្លាំងកំហែងក្នុងខ្លួនប៉ុន្តែនៅខំធ្វើការខ្លាចខ្មែរក្រហមយកទៅសម្លាប់ចោល។ ខ្ញុំដឹងថា ខ្មែរក្រហមមានបំណងសម្លាប់ប្រជាជនភូមិភាគបូព៌ាដែលជម្លៀសមកខេត្តពោធិ៍សាត់នេះទាំងអស់ប៉ុន្តែមិនទាន់មានឱកាស»។
ក្នុងរបបនោះ វណ្ណា មានជំងឺគ្រុនក្តៅខ្លាំងមិនអាចទៅធ្វើការបានត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ វណ្ណា ត្រូវបានព្យាបាលដោយថ្នាំខ្មែរដែលផ្សំពីសំបកស្តៅ និងសំបកឈើផ្សេងៗយកទៅដាំទឹក។ គាត់បន្តថា ទឹកថ្នាំធ្វើពីស្តៅនោះល្វីងខ្លាំង។ គាត់ត្រូវបានទាហាហខ្មែរក្រហមធ្វើទារុណកម្ម ឲ្យផឹកទឹកនោះរហូតទាល់តែអស់។ នៅមន្ទីរពេទ្យគាត់ក៏បានស្តាប់ឮទាហានខ្មែរក្រហមនិយាយគា្នពីការដុតសម្លាប់មនុស្សទាំងរស់ជាច្រើននាក់ និងបានយកសាច់មនុស្សចែកគ្នាហូប។
ពេលរបបខ្មែរក្រហមដួលរលំ គាត់និងប្រជាជនដទៃទៀតត្រូវបានខ្មែរក្រហមបង្ខំឡើងភ្នំប៉ុន្តែដោយសារឃើញការដឹកនាំមិនល្អរបស់ខ្មែរក្រហមគាត់ និងប្រជាជនផ្សេងទៀតបាននាំគ្នារត់គេចដើម្បីមកស្រុកកំណើតវិញ។ នៅអំឡុងពេលធ្វើដំណើរគាត់ក៏បានជួបជាមួយឪពុកម្តាយ និងបង ក៏នាំគ្នាមករស់នៅស្រុកកំណើតរហូតដល់សព្វថ្ងៃ។
ក្នុងរបបរខ្មែរក្រហម បងប្រុស និងគ្រួសារដែលមាន ប្រពន្ធ និងកូនៗ ត្រូវបានខ្មែរក្រហមនាំទៅសម្លាប់ដោយសារប្រពន្ធបានលួចអំពៅរបស់អង្គការហូប។
បច្ចុប្បន្ន វណ្ណា មានជំងឺលើសឈាម ជំងឺឬសដូងបាត និងជំងឺឬសដូងច្រមុះ។
សម្ភាសន៍ដោយ សុខ ចន្ទ្រា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង