សុក អូ៖ គណៈសេដ្ឋកិច្ចស្រុកមានជ័យថ្មី តំបន់២៣

សុក អូ ជាគណៈសេដ្ឋកិច្ចស្រុកមានជ័យថ្មី ត្រូវបានអង្គការចាប់ខ្លួននៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៧៨។[1] បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា បានជួបសម្ភាសជាមួយឈ្មោះ ស្រី ផេង មានអាយុ៧០ឆ្នាំ ត្រូវជាប្រពន្ធ រស់នៅភូមិបឹងកែក ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។[2] ខាងក្រោមនេះគឺជាការរៀបរាប់របស់ប្រពន្ធពីប្រវត្តិសង្ខេបរបស់អូ។
អូ មានកូនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់ និងស្លាប់ម្នាក់ក្នុងរបបខ្មែរក្រហម។ អូ មានស្រុកកំណើតស្ថិតនៅភូមិបឹងកែក ឃុំដូនស ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង និងមានឪពុកឈ្មោះ ម៉ៅ សុក និងម្ដាយឈ្មោះ សៅ ផាន់ អ្នកទាំងពីរស្លាប់ក្នុងរបបខ្មែរក្រហម។ កាលពីវ័យកុមារ អូ រៀនសូត្របានច្រើន និងចេះនិយាយភាសាបារំាង។ អូ បានចូលបម្រើការងារជាទាហានក្នុងរបបសង្គមរាស្រ្តនិយមនៅទីក្រុងភ្នំពេញ និងនៅខេត្តបាត់ដំបង។ អូ ធ្លាប់ទទួលការបណ្តុះបណ្តាលជំនាញទ័ព និង បំពេញកម្មសិក្សានៅទីក្រុងព្រៃនគរ ប្រទេសវៀតណាម។
នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៧០ ឧត្តមសេនីយ៍ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សមេ្ដចព្រះនរោត្តមសីហនុ។ បន្ទាប់មកប្រទេសជាតិធ្លាក់ក្នុងស្ថានភាពច្របូកច្របល់ អូ សម្រេចចិត្តលាឈប់ពីការងារជាទាហាន និងបានត្រលប់មករស់នៅស្រុកកំណើត ឯស្រុកស្វាយជ្រំ ដើម្បីជួយការងារស្រែចម្ការ ជាមួយប្រពន្ធកូនវិញ។ នៅអំឡុងពាក់កណ្តាលឆ្នាំ១៩៧០ អូ បានស្ម័គ្រចិត្ដចូលចលនាបដិវត្តន៍ខែ្មរក្រហម។ ក្រោយចូលបដិវត្តន៍ អូ បានទៅបម្រើការងារក្នុងឃុំតាពេជ្រ ដែលមានប្រធានគ្រប់គ្រងឈ្មោះសមមិត្តអ្ហ៊ែស ហើយនៅគ្រានោះតំបន់ដែល អូ រស់នៅស្ថិតក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម និងតែងតែមានការប្រយុទ្ធគ្នារវាងយោធាខ្មែរក្រហម និងទាហាន លន់ នល់។ ក្រោយមកអង្គការបានចាត់តាំង អូ ឲ្យធ្វើជាគណៈសេដ្ឋកិច្ចស្រុកមានជ័យថ្មី តំបន់២៣។ ពេលធ្វើជាសមាជិកសេដ្ឋកិច្ចតំបន់២៣ អូ បានមកសួរសុខទុក្ខគ្រួសារម្តងម្កាល និងបានប្រាប់ប្រពន្ធកូនថា ខ្លួនកំពុងបំពេញការងារឲ្យខ្មែរក្រហមដោយទទួលបន្ទុកខាងសេដ្ឋកិច្ចស្រុក។ កាលណោះអង្គការតម្រូវឲ្យប្រពន្ធកូនរបស់អូ រស់នៅក្នុងសហករណ៍តាពេជ្រ។ ប្រពន្ធរបស់អូ ខ្មែរក្រហមចាត់តាំងឲ្យត្បាញក្រមា ក្នុងកងតម្បាញដែលមានប្រធានគ្រប់គ្រងឈ្មោះយាយវ៉ាញ ហើយកូនៗត្រូវរស់នៅក្នុងកងចល័ត និងកងកុមារ។
នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាចនៅទូទាំងប្រទេសប្រពន្ធរបស់អូ បានដឹងថាការងារប្តីនៅតែជាគណៈសេដ្ឋកិច្ចស្រុកមានជ័យថ្មីដដែល ប៉ុន្តែនៅពេលនោះ អូ មិនអាចមកលេង ឬជួបជុំគ្រួសារបានដូចមុនទៀតហើយ។ ប្រពន្ធកូនបានត្រឹមដឹងសុខទុក្ខរបស់អូ តាមរយៈអ្នកស្គាល់គ្នាតែប៉ុណ្ណោះ។
នៅអំឡុងឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ កម្មាភិបាលភូមិភាគបូព៌ាជាច្រើនរូប ត្រូវចាប់ខ្លួនដោយចោទប្រកាន់ថាក្បត់បដិវត្តន៍ មួយចំនួនបានបាត់ខ្លួន និងរត់ទៅប្រទេសវៀតណាម។ នៅឆ្នាំ១៩៧៨ អូ ត្រូវប្រធានកងឈ្លបឈ្មោះតាសុវណ្ណ មកពីភូមិភាគនីរតី និងឈ្លបឃុំពីរនាក់ ឈ្មោះ សៀត និងសាយ[3] មកនាំខ្លួនដោយប្រាប់ថាទៅរៀនសូត្រនៅមន្ទីរព្រៃដំឡូង។ ប្រពន្ធទទួលដំណឹងថា អូ ត្រូវអង្គការឃុំខ្លួននៅមន្ទីរព្រៃដំឡូង ដែលស្ថិតក្នុងស្រុកស្វាយជ្រំ តំបន់២៣ រយៈពេលប្រហែលមួយសប្តាហ៍ មុន បញ្ជូនទៅមន្ទីរសន្តិសុខស-២១។ ចាប់តាំងពីពេលនោះមក ប្រពន្ធ និងកូន បានបាត់ដំណឹងអូ រហូតដល់ពេលបច្ចុប្បន្ន ហើយប្រពន្ធ និងកូនៗបានសន្និដ្ឋានថា អូ ត្រូវបានសម្លាប់ក្នុងរបបខ្មែរក្រហម។ នៅពេលមានពិធីបុណ្យទានម្តងៗប្រពន្ធ និងកូនៗតែងតែឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអូ។ នៅឆ្នាំ១៩៨០ ប្រពន្ធ និងកូនប្រុសឈ្មោះសារិត បានទៅស្វែងរកព័ត៌មានអូ នៅគុកទួលស្លែង ប៉ុន្តែរកមិនឃើញ។
យោងតាមឯកសារប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំងK01282 ឈ្មោះ សុក អូ, ភេទប្រុស អាយុ៥០ឆ្នាំ, មានកម្ពស់១,៦៤ ម៉ែត្រ និងប្រវែងដងខ្លួន០,៨៥ ម៉ែត្រ គឺជាគណៈសេដ្ឋកិច្ចស្រុកមានជ័យថ្មី តំបន់២៣ ត្រូវបានអង្គការឃាត់ខ្លួននៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៧៨។ ប៉ុន្តែបើតាមបញ្ជីឈ្មោះជនរងគ្រោះដែលបានកម្ទេចនៅមន្ទីរស-២១ មិនមានបញ្ជាក់ថា សុក អូ ត្រូវបានកម្ទេចនៅពេលណានោះទេ៕
អត្ថបទដោយ អេង សុខម៉េង
[1] K01282 ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង, សុក អូ ជាគណៈស្រុកមានជ័យថ្មី, តំបន់២៣ ភូមិភាគបូព៌ា, ឯកសារចំនួន១ទំព័រ, មជ្ឈមណ្ឌលឯកសារកម្ពុជា។
[2] SVI0015, សុក អូ មានស្រុកកំណើតនៅភូមិបឹងកែក ឃុំដូនសរ ស្រុកមានជ័យថ្មី ខេត្តស្វាយរៀង។ បទសម្ភាសន៍របស់ ផាន់ សុជា ជាមួយ ស្រី ផេង ត្រូវជាប្រពន្ធរបស់សុក អូ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០០៥, ឯកសារចំនួន២៩ទំព័រ, មជ្ឈមណ្ឌលឯកសារកម្ពុជា។
[3] ប្រពន្ធរបស់អូ បញ្ជាក់ថា ឈ្មោះ សៀត និងសាយ គឺជាឈ្លបឃុំតាពេជ្រ ត្រូវបានប្រជាជនវាយសម្លាប់ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ។ ប្រជាជនចោទប្រកាន់ថាទង្វើរបស់អ្នកទាំងពីរបានបណ្តាលឲ្យប្រជាជនក្នុងឃុំស្លាប់យ៉ាងច្រើន។