ម្តាយខ្ញុំរស់រានមានជីវិតពីរបបខ្មែរក្រហម

សុខ ផាត មានស្រុកកំណើតនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ផាត[1] អាយុ៨០ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សព្វថ្ងៃនេះ ខ្ញុំក្លាយជាជនពិការដោយសារជំងឺលើសឈាម និងលើសជាតិស្ករ។ កាលពីកុមារភាព ខ្ញុំបានសិក្សារៀនសូត្របានត្រឹមចេះអាន និងសរសេរអក្សរ។  ខ្ញុំឈប់រៀនមកជួយធ្វើការងារឪពុកម្តាយ។ ខ្ញុំ និងបងប្អូនស្រីៗទាំងអស់នៅក្នុងគ្រួសារមិនសូវយកចិត្តដាក់រឿងរៀនសូត្រទេ។ នៅឆ្នាំ១៩៦៦ ខ្ញុំបានរៀបមង្គលការប្តីឈ្មោះ សុខ ហើយខ្ញុំមានកូនចំនួន៩នាក់(ប្រុស៥ស្រី៤) រស់នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នៅមុនឆ្នាំ១៩៧០ ក្រុមគ្រួសាររបស់ខ្ញុំមានជីវភាពល្អប្រសើរ ឪពុកខ្ញុំឈ្មោះ  ស៊ុយ ម្តាយឈ្មោះ រ៉ុន និងមានបងប្អូនចំនួន៧នាក់ (ប្រុស៣ ស្រី៤)។ កូនទី១)ឈ្មោះ អ៊ុយ ខុម (ខ្មែរក្រហមយកទៅសម្លាប់ចោល) ទី២) អ៊ុយ សាយ(ស្លាប់ក្នុងរបបខ្មែរក្រហម) ទី៣)អ៊ុយ ផាត(នៅរស់)ទី៤)អ៊ុយ សារ៉ុម (ត្រូវជាកូនចិញ្ចឹមសេនាប្រមុខ លន់ នល់ )  រស់នៅវិមានរដ្ឋចំការមន។ (ស្លាប់នៅឆ្នាំ១៩៨១ ដោយសារជំងឺនៅទីក្រុងវ៉ាស៊ិនតោន សហរដ្ឋអាមេរិក)ទី៥)អ៊ុយ សារ៉ន (ស្លាប់ក្នុងរបបខ្មែរក្រហម)ទី៦)អ៊ុយ សារឿន(ស្លាប់ក្នុងរបបខ្មែរក្រហម)ទី៧)អ៊ុយ រ៉េត។ ខ្ញុំមានស្រុកកំណើតរស់នៅភូមិក្បាលកោះ ឃុំយកបាត ស្រុកកៀនស្វាយ។ ក្នុងជំនាន់សង្គមរាស្រ្តនិយម បងខ្ញុំ ឈ្មោះ សាយ ភេទប្រុសបានរៀនសូត្រនៅសាលាព្រះស៊ីសុវត្ថិថ្នាក់ទី១ទំនើប(ពីសង្គមចាស់) និងបានចូលមប្រើការងារជាមន្រ្តីប៉ូលិសក្នុងក្រសួងមហាផ្ទៃ។ ប្អូនប្រុសឈ្មោះ រ៉ន រៀនសូត្រនៅសាលាព្រះស៊ីសុវត្ថិត្រឹមបាក់ឌុប(ពីសង្គមចាស់) ក៏បានចូលធ្វើការងារជាមន្រ្តីរាជការនៅសាលាស្រុកកៀនស្វាយ និងប្អូនប្រុសពៅឈ្មោះ រ៉េត រៀននៅសាលាបឋមសិក្សាក្បាលកោះត្រឹមថ្នាក់ទី១០(ពីសង្គម) ឈប់រៀនចូលធ្វើជាទាហានលន់ នល់ នៅអាយុ១៥ឆ្នាំ ដើម្បីការពារកោះក្នុងដែនសមុទ្រប្រទេសកម្ពុជាក្រុងព្រះសីហនុ។

នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋដោយសេនាប្រមុខ លន់ នល់។ នៅភូមិកោះប្រាក់មិនមានអ្វីប្រែប្រួលច្រើនទេ ខ្ញុំ និងអ្នកភូមិផ្សេងទៀតនៅតែប្រកបមុខរបរធ្វើស្រែចម្ការជាធម្មតា។ នៅក្នុងរបបសាធារណរដ្ឋខ្មែរ ខ្ញុំបានឃើញមានយុវជន និងបុរសដែលបានរៀបការរួចមានអាយុចាប់ពី១៨ឆ្នាំដល់៣០ឆ្នាំ ត្រូវកងទ័ពលន់ នល់ ចុះមកកេណ្ឌឲ្យទៅធ្វើជាទាហាន ដើម្បីវាយជាមួយកម្លាំងយោធាខ្មែរក្រហម។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបខ្មែរក្រហម បានឡើងកាន់អំណាច។ បងជីដូនមួយរបស់ខ្ញុំឈ្មោះ ម៉ា គឹមហ៊ាន ជាសាស្រ្តាចារ្យគណិតវិទ្យាជំនាន់សម្តេចព្រះ នរោត្តម សីហនុ និងក្រុមគ្រួសារត្រូវខ្មែរក្រហមជម្លៀសចេញពីទីក្រុងភ្នំពេញ។ នៅពេលនោះ បងរបស់ខ្ញុំ មានរថយន្តតូចពណ៌ក្រហមមួយគ្រឿងសម្រាប់ធ្វើដំណើរចេញពីទីក្រុងឆ្លងស្ពានច្បារអំពៅតាមផ្លូវជាតិលេខ១ មកដល់ស្រុកកៀនស្វាយបត់ចូលតាមមាត់ទន្លេ រហូតមកដល់ភូមិកោះប្រាក់ រស់នៅជាមួយខ្ញុំ។ បងខ្ញុំ រស់នៅមិនបានមួយខែផង ប្តីខ្ញុំបានដឹងព័ត៌មានពីប្រធានភូមិឈ្មោះ ឈឺន ប្រាប់ថា បងខ្ញុំជាបញ្ញាវ័នដែលជាមុខសញ្ញារបស់អង្គការ។ នៅពេលនោះប្តីរបស់ខ្ញុំបានយករឿងរ៉ាវទាំងអស់នេះទៅប្រាប់ដល់បងរបស់ខ្ញុំ។ អំឡុងពេលនោះ បងខ្ញុំ មានការភ័យខ្លាចខ្មែរក្រហមចាប់ខ្លួន ក៏ចាប់ផ្តើមរៀបចំភៀសខ្លួនទាំងក្រុមគ្រួសារចេញបន្តទៀតចេញពីភូមិកោះប្រាក់ទាំងយប់ដោយជិះទូកឆ្លងកាត់ទន្លេមេគង្គទៅដល់ស្រុកល្វាឯមសម្រាកនៅក្នុងវត្តកោះរៈសម្រាកមួយយប់ស្ថិតនៅតំបន់ភូមិភាគបូព៌ា។ ប្តីរបស់ខ្ញុំក៏ត្រឡប់មកផ្ទះវិញ។ ក្រោយមកបានទទួលដំណឹងថា បងរបស់ខ្ញុំ និងក្រុមគ្រួសារបានទៅរស់នៅស្រុកអូររាំងឪមួយរយៈបានខ្មែរក្រហមជម្លៀសទៅខេត្តក្រចេះរស់តាមស្រុកស្រែចម្ការតំបន់ដាច់ស្រយាល ។  ចំណែកក្រុមគ្រួសារខ្ញុំ និងបងប្អូនបង្កើតព្រមទាំងក្មួយៗដែលរស់ទីក្រុងភ្នំពេញ នៅម្តុំលូទឹកស្អុយ  ត្រូវខ្មែរក្រហម ជម្លៀសចេញតាមស្ពានច្បារអំពៅឆ្លងកាត់ផ្លូវជាតិលេខ១ ត្រឡប់មកស្រុកកំណើតនៅភូមិក្បាលកោះ ឃុំយកបាត ស្រុកកៀនស្វាយ។  នៅពេលត្រឡប់មកស្រុកកំណើតម្តាយខ្ញុំបង្កើតរួមទាំងបងប្អូនក្នុងក្រុមគ្រួសាររស់នៅមិនទាន់បានប៉ុន្មានផង ខ្មែរក្រហម ចោទគាត់ថា ជាគ្រួសារមូលធនសក្តិភូមិត្រូវអង្គការជម្លៀសចេញលើកទី១ នៅអំឡុងឆ្នាំ១៩៧៥ តាមរថភ្លើងទៅកាន់ភូមិភាគពាយ័ព្យខេត្តពោធិ៍សាត់។ ខ្ញុំមានគ្រួសាររស់នៅបែកពីឪពុកម្តាយ និងបងប្អូនជាទីស្រឡាញ់។ នៅពេលនោះសមាជិកគ្រួសាររបស់ខ្ញុំ រួមទាំងប្តីប្រពន្ធ និងកូនចៅដែលបានជម្លៀសទៅខេត្តពោធិសាតិ៍មានចំនួន១៩នាក់ នៅសល់កូនៗចំនួន៦នាក់គត់ដែលរស់រានមានជីវិតពីរបបខ្មែរក្រហម។ បើតាមកូនៗឈ្មោះ ជាតិ និងឈ្មោះ សំណាង បាននិយាយថា ឪពុកម្តាយត្រូវខ្មែរក្រហម ហៅឡើងលើរទេះគោនៅពេលរសៀល តាំងពីពេលនោះមកបាត់ខ្លួនឪពុកម្តាយរហូត។

ចំណែកបងប្អូនផ្សេងទៀតស្លាប់ដោយសារធ្វើការងារហួសកម្លាំង និងអត់អាហារហូប។ ដោយឡែកជីវិតរបស់ខ្ញុំ រស់នៅភូមិកោះប្រាក់ អង្គការចាត់តាំងឲ្យចុះដកស្ទូង លើកទំនប់ជីកប្រឡាយនៅក្នុងភូមិ ចំណែកប្តីខ្ញុំជាអ្នកនេសាទត្រីសម្រាប់ផ្គត់ផ្គង់នៅក្នុងសហករណ៍។ នៅឆ្នាំ១៩៧៧ ខ្មែរក្រហម បានជម្លៀសប្រជាជនជាលើកទី២ នៅពេលនោះប្រធានភូមិឈ្មោះ ឈឺន បានប្រាប់គ្រួសារខ្ញុំថា អង្គការជម្លៀសឲ្យទៅរស់នៅខេត្តបាត់ដំបង និងប្រធានភូមិបានប្រើទ្រឹស្តីថា (ឡានមុនទូលាយឡានក្រោយចង្អៀត )។ ខ្ញុំមិនបានប្រកែកជាមួយប្រធានភូមិឈ្មោះ ឈឺន ដែលត្រូវជាមិត្តភក្តិរបស់ប្តីខ្ញុំទេ គ្រាន់តែសុំពន្យារពេល ព្រោះកូនច្បងទី១របស់ខ្ញុំឈ្មោះ សាន អង្គការចាត់តាំងឲ្យចូលកងចល័តយុវជនរស់នៅតាមការដ្ឋានស្រែអំពិលលើកទំនប់ជីកប្រឡាយមិនទាន់មកដល់ តែចុងក្រោយប្រែជាសំណាងល្អវិញ ដោយក្រុមគ្រួសារខ្ញុំ ប្រធានភូមិឈ្មោះ ឈឺន ប្រាប់វិញថា ចាំលើកក្រោយទៀត។ នៅឆ្នាំ១៩៧៨ កម្មាភិបាលខ្មែរក្រហម ភូមិភាគនិរតីឈ្មោះ តាផេង និងឈ្មោះ តាង៉ុយ មកគ្រប់គ្រងភូមិកោះប្រាក់ នៅក្នុងឃុំភូមិធំ ក៏មិនមានអ្វីប្រែប្រួលច្រើនដែរ។ ខ្ញុំ និងប្រជាជនក្នុងភូមិនៅធ្វើស្រែ ចម្ការលើកទំនប់ជីកប្រឡាយជាធម្មតា តែគ្មានអាហារគ្រប់គ្រាន់ ហូបតែបបរ និងសម្លម្ជូរត្រកួនជារៀងរាល់ថ្ងៃ។ នៅក្នុងពេលនោះដែរ ប្រជាជនជម្លៀសមកពីខេត្តស្វាយរៀង និងខេត្តព្រៃវែង ភូមិភាគបូព៌ាជាច្រើនគ្រួសារចូលមករស់នៅភូមិកោះប្រាក់ និងធ្វើការងារដូចអ្នកមូលដ្ឋានចាស់ដែរ។

កងទ័ពរណសិរ្សសាមគ្គីសង្រោះជាតិកម្ពុជាសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមបានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្រ្គោះប្រជាជនជាបន្តបន្ទាប់។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពបានវាយរំដោះរំដោះទីក្រុងភ្នំពេញ ហើយថ្ងៃនេះបានក្លាយជាថ្ងៃប្រវត្តិសាស្រ្តនៃការរំដោះជាតិ[2]។ ខ្ញុំ និងប្តីបានរស់រានមានជីវិតពីរបបខ្មែរក្រហម។ បន្ទាប់ពីប្តីរបស់ខ្ញុំស្លាប់ដោយសារជំងឺលើសឈាម សព្វថ្ងៃនេះ ខ្ញុំក៏មានជំងឺលើសឈាម និងលើសជាតិស្ករបណ្តាលឲ្យគាត់វិលមុខរអិលជើងដួលបាក់ឆ្អឹងត្រគៀកត្រូវយកទៅព្យាបាលនៅប្រទេសវៀតណាម។ បច្ចុប្បន្នទៅណាមកណាត្រូវប្រើប្រាស់រទេះរុញ។

អត្ថបទដោយ សុខ វណ្ណៈ


[1] នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥, សុខ វណ្ណៈ បានជួបសម្ភាសន៍ជាមួយឈ្មោះ សុខ ផាត ភេទស្រី អាយុ៨០ឆ្នាំ  ដែលត្រូវជាម្តាយរបស់ខ្ញុំបាទ មានស្រុកកំណើតនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ អត្ថបទនេះ សម្ភាសន៍ផ្ទាល់មាត់ មិនបានថតជាសំឡេងទេ ដោយសារម្តាយខ្ញុំសព្វថ្ងៃគាត់ធ្ងន់ត្រចៀកស្តាប់មិនសូវបាន។

[2] ឃួន វិច្ឆិកា និងអ្នកឯទៀត (សៀវភៅប្រវត្តិវិទ្យាថ្នាក់ទី៦) ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព(ភ្នំពេញ)៖ អនុគណៈកម្មការមុខវិជ្ជា ឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡាបោះពុម្ព ឆ្នាំ២០២៥,ទព័រ៤១

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin