សុខ សារី៖ សមាជិកមន្ទីរវរសេនាតូច៧០៤ នៃកងពល៧០៣

រូបថតចុងឆ្នាំ១៩៧៧ រូបថតពីសៀវភៅកងពលខ្មែរក្រហម៧០៣(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅក្នុងចម្លើយសារភាពរបស់សមមិត្ត សុខ សារី[1] ឯកសារលេខJ00២៤៦ ផ្នែកទំព័រខាងមុខមានចំណាររបស់សមមិត្ត ឌុច[2] គណៈមន្ទីរសន្តិសុខស-២១ សរសេរផ្ញើទៅកាន់ថ្នាក់លើដែលមានខ្លឹមសារថា៖ «បងជាទីគោរព! ខ្លឹមសារដែលវាសរសេរ និងខ្លឹមសារក្នុងខ្សែអាត់ខុសគ្នាបន្តិច៖ – អត្ថបទសរសេរនេះខ្លឹមសារល្អិតអំពីការដែល យឿន អប់រំ និងសកម្មភាពប្រឆាំងបដិវត្តន៍ផ្ទាល់ខ្លួនវា និងយឿន។ – ខ្សែអាត់ដែលបានជូនបងហើយនោះល្អិតអំពីសភាពការណ៍ដោះលែងអាផល់។ មិនសូវល្អិតរឿង យឿន អប់រំ ដោយគោរព! ឌុច ២៩-៧-៧៧»[3]។ ចំណែកចំណារសរសេរដោយអក្សរធំៗ នៅខាងស្ដាំផ្នែកខាងក្រោមបានសរសេរថា៖ «អត្ថបទនេះសាម៉ីខ្លួនអ្នកសរសេរដោយផ្ទាល់ដៃចប់នៅថ្ងៃទី៩-៧-៧៧»[4]។ ចម្លើយសារភាពរបស់ សុខ សារី គឺប្រើពេលតែ៣ថ្ងៃប៉ុណ្ណោះ ដោយចាប់ពីថ្ងៃទី៦ដល់ទី៨ ខែកក្កដា ឆ្នាំ១៩៧៧ ព្រមទាំងមានចុះហត្ថលេខាពី សុខ សារី ផ្ទាល់ និងអ្នកសួរចម្លើយឈ្មោះ មិត្ត ប៉ូ។

ខាងក្រោមនេះគឺជាចម្លើយសារភាពរបស់ សុខ សារី ក្នុងរយៈពេលបីថ្ងៃ៖

ថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៧៧ ៖

សុខ សារី អាយុ២៣ឆ្នាំ(១៩៧៧) នៅលីវ កើតនៅភូមិត្រពាំងបាគូរ ឃុំត្រពាំងវែង ស្រុកដង្កោ តំបន់១៥ មានតួនាទីជាសមាជិកមន្ទីរវរសេនាតូច៧០៤[5] ក្នុងកងពល៧០៣។ ពីកុមារភាពរបស់ សារី រហូតធំដឹងក្ដីមករស់នៅជាមួយឪពុកម្តាយ។ ដល់អាយុ១០ឆ្នាំ ទើបឪពុកម្តាយបញ្ជូនឱ្យទៅរៀននៅសាលាវត្តភ្នូន ឃុំត្រពាំងវែង ស្រុកដង្កោ តំបន់១៥។ សុខ សារី រៀនបានរយៈពេលបួនឆ្នាំគឺចាប់ពីឆ្នាំ១៩៦៣ ដល់

១៩៦៧ រៀនបានត្រឹមថ្នាក់ទី៩ ទើបឈប់រៀន។ ពេលឈប់រៀន សារី ក៏ត្រឡប់មករស់នៅជាមួយឪពុកម្តាយវិញនឹងប្រកបមុខរបររកស៊ីធ្វើស្រែ និងឡើងត្នោត។ សារី រស់នៅជាមួយឪពុកម្តាយរហូតដល់ឆ្នាំ១៩៧២។

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៧២ សារី ក៏សម្រេចចិត្តចូលរួមក្នុងចលនាបដិវត្តន៍។ ស្ថិតក្នុងចលនាបដិវត្តន៍ដំបូង សារី បានទាក់ទងជាមួយឈ្មោះ សាំង មានតួនាទីជាគណៈស្រុក១៥៤ តំបន់១៥។  នៅពេលនោះចលនាបដិវត្តន៍តម្រូវឱ្យ សារី ត្រូវរស់នៅក្នុងកងស្រុករយៈពេល៥ខែ។ បន្ទាប់មកទៀត អង្គការចាត់តាំងឱ្យទៅនៅក្នុងកងវរសេនាតូច១១៦ ដោយស្ថិតក្រោមការដឹកនាំពីឈ្មោះ ពីន, ម៉ាន់ និងរិត។ រស់នៅក្នុងកងវរសេនាតូច១១៦ អស់រយៈពេលជិត៦ខែ ទើបអង្គការចាត់តាំងឱ្យ សារី មកនៅក្នុងភូមិភាគពិសេសរហូតដល់ឆ្នាំ១៩៧៤។ ដល់ខែធ្នូ ឆ្នាំ១៩៧៤ អង្គការចាត់តាំងឱ្យទៅនៅក្នុងកងសំរុក (កងពលស្រួច) ដែលមានអ្នកដឹកនាំឈ្មោះ ហ៊ុយ , ហ៊ និង វឿន។ ស្ថិតក្នុងកងសំរុក សារី ចូលធ្វើការជាមួយកងស៊ើបការណ៍ ដែលមានលេខសម្គាល់ថាកងវរសេនាតូច១៤៣។ អ្នកដឹកនាំក្នុងកងវរសេនាតូច១៤៣ មានឈ្មោះ ហ៊, វឿន និងនឿន។ សារី ត្រូវរស់នៅក្នុងកង១៤៣ រហូតដល់អង្គការផ្លាស់លេខថា វរសេនាតូច៧០៤វិញ។

លុះចូលមកដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩៧៧ ស្រាប់តែមានឈ្មោះ យឿន បានធ្វើការអប់រំ សារី អំពីបញ្ហាក្បត់ក្នុងលក្ខណៈប្រឆាំងពីមាគ៌ារបស់អង្គការ។ កាលពីដំបូង សារី និង យឿន គ្រាន់តែមានការរាប់អានគ្នាតែប៉ុណ្ណោះ ដល់ស្គាល់គ្នាយូរទៅ សារី ក៏មានចិត្តស្រឡាញ់ យឿន និងមានជំនឿលើ យឿន កាន់តែខ្លាំងឡើងៗ។ យឿន អតីតមានតួនាទីជាវរសេនាធំលេខ៣១ ដល់ឆ្នាំ១៩៧៦ ទើបអង្គការចាត់តាំងឱ្យនៅក្នុងវរសេនាតូច៧០៤។ រយៈពេលមួយខែក្រោយមក នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ១៩៧៧ យឿន បានហៅ សារី និងឈ្មោះមឿន នាទីជាយុទ្ធជន នៅកងអនុសេនាធំ៤៣ មកធ្វើការណែនាំអំពីការងារ បដិវត្តន៍ កាលពីរស់នៅក្នុងសង្គមចាស់ តើមានការលំបាក ឬស្រួលយ៉ាងណាខ្លះ? យឿន បាននិយាយថា ការធ្វើការជូនបដិវត្តន៍យូរៗទៅ កាន់តែមានការលំបាកឡើងៗ គ្មានពេលឈប់សម្រាក ការរស់នៅមានការតឹងតែងជាងរស់នៅជាមួយឪពុកម្តាយ ការហូបអាហារត្រូវនៅជុំគ្នា និងគ្រប់ទីកន្លែងត្រូវមានការត្រួតពិនិត្យពីបដិវត្តន៍។ ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៧៧ សារី បានជួប យឿន ម្ដងទៀត ប៉ុន្ដែលើកនេះគឺ យឿន សុំឱ្យ សារី ជួយលាក់ការណ៍ពីបញ្ហាពិភាក្សាថ្ងៃមុន កុំឱ្យទៅក្រៅប្រាប់អ្នកណា ប្រយ័ត្នតែអង្គការដឹងនិងស្លាប់ខ្លួនពិតជាមិនខាន។ រឿងមួយទៀត យឿន បានសុំ សារី មិនឱ្យធ្វើការជិតសិ្នត និងមឿន ខ្លាំងពេក។ ព្រោះរឿងអ្នកដែលប្រឆាំងជាមួយអង្គការបដិវត្តន៍មួយចំនួន ត្រូវបានអង្គការចាប់ខ្លួន ដោយអ្នកទាំងនោះធ្វើសកម្ម ភាពខ្លាំងក្លាពេក។ ហេតុនេះ យឿន ស្នើសុំឱ្យនៅធ្វើការងារស្ងាត់ៗ ដើម្បីសម្របខ្លួនក្នុងបដិវត្តន៍ ខំកសាងខ្លួនក្នុងបដិវត្តន៍ គោលបំណងឱ្យអង្គការប្រគល់តួនាទីជាកម្មាភិបាលថ្នាក់លើ គឺមានការងាយស្រួលក្នុងការពង្រឹងកម្លាំងក្បត់ឱ្យបានកាន់តែច្រើនជាងនេះ។

ថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៧៧ ៖

នៅដើមខែមេសា ឆ្នាំ១៩៧៧ យឿន បានមកជួបជាមួយ សារី ដើម្បីនិយាយពីកិច្ចការខំប្រឹងកសាងខ្លួនចូលឱ្យជ្រៅក្នុងបដិវត្តន៍ ដើម្បីពង្រីកកម្លាំងឱ្យបានច្រើននឹងវាយបដិវត្តន៍ឱ្យឈ្នះតែម្ដង។ ប្រសិន បើទទួលបានជោគជ័យកងពលទាំងក្រុមនឹងបានឡើងឋានៈធំ ហើយកងកម្លាំងនេះនិងត្រូវរៀបចំរបបថ្មីមួយទៀត។ ចំណែករបបថ្មី យឿន បានបញ្ជាក់ថា គឺត្រូវបង្កើតឱ្យមានផ្សារ មានលុយចាយ និងអាចដើរហើរសប្បាយតាមគោលបំណងរបស់ប្រជាជន។ លុះពាក់កណ្ដាលខែមេសា យឿន បានមកសួរនាំ សារី ម្ដងទៀត តើបានធ្វើសកម្មភាពអ្វីខ្លះហើយឬនៅ? តែ សារី បានតបថា មិនហានកសាងកម្លាំង ឬធ្វើអ្វីឡើយ មានតែធ្វើសកម្មភាពខ្លួនឯងដូចជារណេបរណបថ្នាក់លើ  ខំធ្វើការងារតខ្សែភ្លើងពីផ្ទះមួយទៅផ្ទះមួយរហូតមានទំនាស់ជាមួយកម្មករ ពីរឿងតខ្សែភ្លើង។ ចំពោះ យឿនវិញ គឺបានកសាងកម្លាំងបានម្នាក់ឈ្មោះ ខេន ដោយគ្រាន់តែនិយាយណែនាំពីការលំបាកក្នុងជួរបដិវត្តន៍ដែលបំបិទសិទ្ធិដើរហើរ និងរស់នៅជាសេរីភាព។  ពេលនិយាយគ្នាចប់ សារី និងយឿន ក៏នាំគ្នាមកកាន់កងពល៧០៤ ទីតាំងមិត្ត ហ៊។ មិត្ត ហ៊ ក៏បានលើកថា អាលូវនេះគឺឃើញតែ យឿន និងសារី ទៅណាមកណាដើរតែពីរៗនាក់រហូត មិនដឹងថាគេនិយាយគ្នាត្រូវគ្នាយ៉ាងម៉េចខ្លះ? ប៉ុន្ដែ យឿន បានតបថា គេរកតែមនុស្សចេះស្រឡាញ់គ្នា និងចេះសាមគ្គីគ្នាតាំងពីការដើរហើរ។

បន្ទាប់ពី ហ៊ បានសួរនាំរួច យឿន បាននិយាយទៅកាន់ សារី ឱ្យប្រយ័ត្ន បើសិនជាត្រូវជួបថ្នាក់លើ គឺធ្វើជាមិនសូវរាក់ទាក់។ រួចពីនោះ យឿន ក៏ដាក់ផែនការ៣ចំណុច ឱ្យសារី ចុះអនុវត្តន៍ មានដូចជា៖ ១) ត្រូវបំផុសយុទ្ធជនឱ្យខ្ជិលធ្វើការ និងដើរហើរសេរី។ ២) បំផុសយុទ្ធជនឱ្យទំនាស់ជាមួយកម្មាភិបាល និង ៣) ត្រូវរក្សាការសម្ងាត់ឱ្យបានដាច់ខាត។ ផែនការទាំងបីចំណុចខាងលើ ដំបូងៗសារី មិនហ៊ានយកទៅបំផុសយុទ្ធជនឱ្យធ្វើទេ គឺមានតែអនុវត្តន៍ដោយខ្លួនឯង ដូចជាដើរហើរសេរីមិនប្រាប់កម្មាភិបាលខាងលើ ពេលឃើញមិត្តធ្វើការ សារី ដើរគេចចេញ ពេលអង្គការឱ្យសន្សំសំចៃទឹកភ្លើង គឺសារី ប្រើប្រាស់ចោលឱ្យខ្ជះខ្ជាយ។ ដល់ពេលថ្នាក់លើចែកបារីឱ្យយុទ្ធជន សារី លួចលាក់ទុកជក់ខ្លួនឯង។ សកម្មភាពទាំងនេះ យឿន នៅតែបន្តឱ្យ សារី ធ្វើបន្ថែមទៀតតែកុំឱ្យអង្គការថ្នាក់លើចាប់អារម្មណ៍ពីបញ្ហាក្បត់ទាំងនេះ។

ថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៧៧ ៖

នៅចុងខែមេសា ឆ្នាំ១៩៧៧ យឿន បានកោះហៅសមាជិក៧០៤ ដែលធ្លាប់បានចូលរួមសកម្ម ភាពក្បត់ចំពោះអង្គការឱ្យមកប្រជុំ។ ក្នុងពេលប្រជុំ យឿន បាននិយាយថា អង្គការថ្នាក់លើកំពុងឱ្យគ្រប់កងអនុសេនាធំទាំងអស់ពិនិត្យ និងសម្រិតសម្រាំងអ្នកដែលមានសមាសភាពមិនល្អ ដែលនៅក្នុងកង៧០៤ ឱ្យស្អាត។ ហេតុនេះសូមឱ្យសមាជិកទាំងអស់ផ្អាកសកម្មភាពមួយរយៈពេលខ្លីសិន ហើយខំកសាងខ្លួន ដើម្បីកុំឱ្យអង្គការសង្ស័យ។ ពេលប្រជុំចប់ យឿន ក៏ប្រកាសឈ្មោះអ្នកដែលចូលរួមសកម្មភាពក្បត់ក្នុងកង៧០៤ ឱ្យគ្រប់គ្នាបានដឹងដូចជា៖១)​ង៉ែត នាទីជាអនុសេនាតូច នៅអនុសេនាធំ៤៣។ ២) ធីង នាទីជាមេក្រុម នៅអនុសេនាធំ៤២។ ៣) ផត នាទីជាអនុក្រុម នៅអនុសេនាធំ៤២។ ៤) ហ៊ុន នាទីជាមេពួក នៅអនុសេនាធំ៤៣។  ៥) សៀ នាទីជាមេពួក នៅកងអនុសេនាធំ៤៣។ ៦) ទិត្យ នាទីជាមេពួក នៅកងអនុសេនាធំ៤៣។ ៧) មឿន នាទីជាយុទ្ធជន នៅកងអនុសេនាធំ៤៣។ ៨) ខេន នាទីជាមេពួក នៅកងអនុសេនាធំ៤៣។ ៩) មឿន នាទីជាមេពួក នៅកងអនុសេនាធំ៤៣ និង ចុងក្រោយគឺសារី ផ្ទាល់ ដែលជាសមាជិកមន្ទីរវរសេនាតូច៧០៤។ ឈ្មោះដែលបានប្រកាសខាងលើគឺសុទ្ធតែស្ថិតក្រោមការគ្រប់គ្រងរបស់ យឿន ផ្ទាល់ ប៉ុន្ដែកន្លងមកមិនដែលបានជួបជុំគ្នានោះឡើយ។ ចំណែកសកម្មភាពក្បត់ចំពោះអង្គការគឺមានភាពប្រហាក់ប្រហែលគ្នា អ្នកខ្លះក៏រាយការណ៍ អ្នកទៀតក៏មិនដែលបានរាយការណ៍។

ការសម្រិតសម្រាំងរបស់អង្គការនៅតែបន្តឡើងឥតឈប់ឈរ។ ផល់ ក៏ត្រូវអង្គការចាប់ខ្លួន។ ក្រោយការចាប់ខ្លួនរបស់ ផល់, សមមិត្តប៉េងឡេង បាននិយាយទៅកាន់ផល់ ហាមសរសេររាយការណ៍ជូនថ្នាក់លើជាប់ពាក់ព័ន្ធជាមួយឈ្មោះខ្លួន មិនដូច្នេះទេ ផល់ និងស្លាប់ជាមិនខាន។ ព្រោះសមមិត្ត ពីន បានប្រគល់ ផល់ មកក្រោមការចាត់ចែងរបស់ខ្លួន។ បន្ទាប់មកសមមិត្តប៉េងឡេង បានឱ្យ សារី រៀបចំក្រដាស់សម្រាប់ ផល់ សរសេរចម្លើយសារភាព។ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៧៧ ផល់ ក៏បានសរសេរចម្លើយសារភាពមកដល់ឆ្នាំ១៩៧៥ រួច សារី ក៏ប្រមូលឯកសារទាំងនោះ យកទៅជូន ប៉េងឡេង។ ក្រោយពី ប៉េងឡេង អានខ្លឹមសាររួច ក៏និយាយថា រឿង ផល់ ជាប់ច្រវ៉ាក់នេះមិនស្រួលទេ គង់មានថ្ងៃណាមួយសមមិត្តបងៗវាយ ផល់ ខ្លាំង និងឆ្លើយដាក់ពួកយើងមិនខាន។

នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៧៧ សារី ក៏យកក្រដាសឱ្យ ផល់ សរសេរចម្លើយសារភាពបន្ត។ ដោយ ពីន បានផ្ដាំសារី ឱ្យប្រាប់ ផល់ សរសេរអំពីខែ្សទាក់ទងក្នុងកងពល៧០៣។ ផល់ បានសរសេរឈ្មោះ សឿន និង ចេវ ជាហេតុនាំឱ្យ ប៉េងឡេង កាន់តែខឹង និងវាយដុំ ផល់ បន្ថែម។ ក្រោយមកទៀត សារី បានលួចប្រាប់ ផល់ ឱ្យហែករបងលួសជាប់បង្អួចគុកផ្នែកខាងលិច ហើយ សារី ថែមទាំងដាក់សោរបងទុកក្រោមជញ្ជាំង រួចក៏ដើរទៅដេកនៅផ្ទះខាងលិចជាមួយសមមិត្តឯទៀត។ ម៉ោង២កន្លះយប់ ទើបមានសមមិត្តមកដាស់ សារី ថា ផល់ បានរួចខ្លួនបាត់ហើយ។ ឮដូច្នេះក៏នាំគ្នាដើររកទាំងអស់គ្នា។ ដល់ព្រឹកឡើង ប៉េងឡេង បានប្រាប់ សារី ឱ្យទៅចាំកន្លែងវិញ។ ដល់ សារី មកដល់កន្លែងវិញលែងទទួលបានដំណឹងអ្វីទាំងអស់ រហូតអង្គការចាប់បាន ផល់ វិញ ហើយក៏ចាប់ខ្លួន សារី និងឱ្យសរសេរចម្លើយសារភាពដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៧៧។

កំណត់ចំណាំ៖ អត្ថបទនេះដកស្រង់ចេញពីឯកសារចម្លើយសារភាពលេខ J00២៤៦ រាល់ចម្លើយសារ ភាពរបស់អ្នកទោសទាំងអស់នៅមន្ទីរសន្តិសុខស-២១ សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំ និង ធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម។ ដូច្នេះយើងមិនអាចសន្និដ្ឋានបានថា ​ចម្លើយសារភាពរបស់ សុខ សារី ពិតប្រាកដឬយ៉ាងណានោះទេ។

អត្ថបទដោយ មីន សាណាស់


[1] ឯកសារលេខ J00២៤៦ តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា (ទំព័រ៣១)។

[2] កាំង ហ្កេកអ៊ាវ ហៅ ឌុច គឺជាអតីតប្រធានមន្ទីរស-២១ នៃរបបខ្មែរក្រហម ក្នុងអំឡុង១៩៧៥-១៩៧៩ ដែលមានមនុស្សរាប់ពាន់នាក់ បានទទួលរងនូវភាពអមនុស្សធម៌ ភាពអត់ឃ្លាន និង​ធ្វើទារុណកម្មឃោរឃៅ និងឈឺចាប់។  

[3] ឯកសារលេខ J00២៤៦ ក្នុងទំព័រទី១ ផ្នែកកណ្ដាលនៃគ្របមុខឯកសារ។

[4] ឯកសារលេខ J00២៤៦ ក្នុងទំព័រទី១ ផ្នែកខាងក្រោមខាងស្ដាំនៃគ្របមុខឯកសារ។

[5] វរសេនាតូច៧០៤ គឺជាវរសេនាតូចពិសេសឯករាជ្យ ដែលមិនស្ថិតនៅក្រោមបញ្ជាការនៃកងវរសេនាធំណាមួយ ក៏ប៉ុន្ដែទទួលបញ្ជាដោយផ្ទាល់ពីគណៈកងពលលេខ៧០៣។ ស្រង់ចេញពីសៀវភៅ កងពលខ្មែរក្រហមលេខ៧០៣ «ពីជ័យជម្នះឆ្ពោះទៅការបំផ្លាញខ្លួនឯង» ហ៊ុយ វណ្ណៈ, បោះពុម្ពនៅកម្ពុជាឆ្នាំ២០០៣, រក្សាសិទ្ធិដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin