សុខ សាយ ហៅ រ៉ុន៖ ពេទ្យ ៦មករា

[1]ម៉ៅ សាយ មានឈ្មោះបដិវត្តថា ម៉ៅ រ៉ុន កើតឆ្នាំខាល អាយុ ១៧ឆ្នាំ ភេទស្រី រស់នៅមន្ទីរបរាមរុំកុមារ។ រ៉ុន មានស្រុកកំណើតនៅភូមិ សែឫស្សី ស្រុក១២ ខេត្តកំពង់ឆ្នាំង ក្នុងតំបន់៣១ នៃភូមិភាគបញ្ចឹម។ មុន និងក្រោយរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ រ៉ុន មានវណ្ណភាពជាកសិករក្រ រកស៊ីធ្វើស្រែ និងមិនធ្លាប់ធ្វើការបម្រើអង្គការណាមួយឡើយ។ តាមរយៈការណែនាំរបស់សមមិត្ត សាយ ជាប្រធានភូមិ រ៉ុន បានចូលបម្រើបដិវត្តន៍ និងដោយសារមូលហេតុនៃកំហឹងឈឺចាប់ខ្លាំងចំពោះខ្មាំងគ្រប់ប្រភេទដែលបានឈ្លានពាន ជិះជាន់យ៉ាងឃោឃៅព្រៃផ្សៃមកលើវណ្ណក្រីក្រ។ មុនពេលដែល រ៉ុន ទៅធ្វើការនៅមន្ទីរពេទ្យ រ៉ុន ធ្លាប់ធ្វើគ្រូបង្រៀនកុមារ ទី២ នៅកងចល័តឃុំ (ពុំដឹងប៉ុន្មានឆ្នាំ) ប៉ុន្តែ កម្រិតវប្បធម៌របស់ រ៉ុន បាន រៀនត្រឹមទីមួយក្នុងរបបថ្មី (របបខ្មែរក្រហម) តែប៉ុណ្ណោះ។ ក្រោយពេលចូលបដិវត្តន៍ រ៉ុន បានខិតខំកសាងខ្លួនបានមួយចំនួនទៅលើការនិយាយស្តី អាកប្បិរិយា ចេះសន្សំសំចៃ មានអនាម័យ និងមានសណ្ដាប់ធ្នាប់ល្អ។ បន្ថែមលើនេះ ផ្នែកសីលធម៌ដែលធ្លាប់តែភ្លើតភ្លឺនហួសដែនកំណត់ ខ្វះការទទួលខុសត្រូវ រ៉ុន បានកែប្រែឲ្យប្រសើឡើងជារៀងថ្ងៃ។ រ៉ុន តែងតែខិតខំកសាងខ្លួនឲ្យបានល្អ ជាពិសេស ការបំពេញភារកិច្ចដែលបក្សប្រគល់ឲ្យចំពោះមុខ។ ខាងក្រោមជាការសង្ខេបអត្ថបទសម្ភាសន៍របស់ រ៉ុន អំពីប្រវត្តិដែលបានឆ្លងកាត់ក្នុង និងក្រោយរបបខ្មែរក្រហម។
ដោយទឹកមុខភ័យខ្លាច រ៉ុន បានរៀបរាប់ថា[2]៖ សព្វថ្ងៃខ្ញុំប្រើឈ្មោះ សុខ សាយ មានអាយុ ៤៦ឆ្នាំ រស់នៅភូមិស្រែឫស្សី ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ឪពុកឈ្មោះ ម៉ៅ សុខ ម្តាយឈ្មោះ សួន គង់ និងមានបងប្អូនបួននាក់ ហើយខ្ញុំជាកូនទី២។ ប្តីខ្ញុំឈ្មោះ ជឹម និងមានកូន ៨នាក់។ ខ្ញុំពុំសូវបានចូលរៀនទេ ខ្ញុំចេះអាន និងសរសេរអក្សរបានខ្លះ ព្រោះពេលខ្ញុំធំដឹងក្តីឡើងគឺចំពេលដែលស្រុកមានសង្គ្រាមតែម្តង។
ក្នុងឆ្នាំ១៩៧៤ ដោយសារមានការជ្រើសរើសអ្នកដែលដែលមានសមត្ថភាពល្អឲ្យទៅនៅកន្លែងផ្សេង គ្រូបង្រៀនឈ្មោះ ហួន (ប្រុស) បានបញ្ជូនខ្ញុំទៅនៅកងកុមារ នៅឯច្រកស្តេច (ស្ថិតនៅភូមិក្រាំងស្រម៉ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង) ដែលគ្រប់គ្រងដោយ វឿន ។ ខ្ញុំ និងកុមារដទៃទៀតត្រូវបានចាត់តាំងឲ្យដាំបន្លែបន្តិចបន្តួច ហើយពេលប្រមូលផល មានឡានមកទិសខាងកើតមកដឹកបន្លែជាច្រើនចេញទៅ ប៉ុន្តែខ្ញុំមិនដឹងថាដឹកទៅកន្លែងណាទេ។ មានថ្ងៃមួយដោយសារតែជួយយកអាសារគេ ខ្ញុំប៊ិះតែត្រូវយកទៅសម្លាប់។ មានកុមារម្នាក់ប្រើសម្តីមិនល្អដាក់គ្រូ វឿន រួចត្រូវទទួលទារុណកម្ម ប៉ុន្តែខ្ញុំបានជួយអន្តររាគមន៍ ដោយលើកហេតុផលថា កុមារនៅក្មេងមិនទាន់យល់អ្វីច្រើនទេ កុំធ្វើបាបវាអី។ លុះយប់ឡើងស្រាប់តែ គ្រូ វឿន មកចាប់ខ្ញុំយកទៅសម្លាប់ចោល តែសំណាងល្អខ្ញុំមានពូ ជាប្រធានកងទ័ពនៅឯលង្វែក និងមីង ជាប្រធានកងនារីភូមិ។ គ្រូ វឿន និងកងឈ្លប៣នាក់ទៀតដែលមានកាន់ចប ពូថៅ ចាប់ខ្ញុំយកទៅព្រៃឆ្ងាយ ដើម្បីសម្លាប់នៅទីនោះតែម្តង តែខ្ញុំទទូចសុំជួបពូមីងខ្ញុំជាដាច់ខាត។ ពេលដែលបានឮឈ្មោះពូមីងខ្ញុំហើយ ទើបព្រមដោះលែងខ្ញុំ និងចាត់តាំងឲ្យខ្ញុំធ្វើជាអ្នកគ្រប់គ្រងកុមារថែមទៀត។
បន្ទាប់ពីនោះមក ក្នុងឆ្នាំ១៩៧៥ មានការរំសាយកងកុមារបញ្ជូនឲ្យត្រលប់ទៅផ្ទះវិញ ជាគ្នានេះមានការជម្លៀសប្រជាជនមកពីកន្លែងផ្សេងដែរ។ ខ្ញុំបានត្រលប់ទៅរស់នៅជាមួយយាយនៅឯភូមិវិញបានរយៈពេលជិតមួយឆ្នាំ ខ្ញុំត្រូវបានបញ្ជូនទៅភ្នំពេញតែម្តង។
ចូលដល់ឆ្នាំ១៩៧៦ មានការផ្លាស់ប្រធានភូមិពីខាងនិរតីឲ្យមកគ្រប់គ្រងនៅភូមិខ្ញុំរស់នៅ (ខ្ញុំ និងប្អូនៗ រស់នៅក្នុងភូមិជាមួយយាយ រីឯម្តាយឪពុកខ្ញុំរស់នៅឯបន្ទាយលង្វែក)។ ប្រធានឈ្មោះ រ៉េត ទៅស្នើរសុំយាយខ្ញុំដើម្បីឲ្យ ខ្ញុំ និងប្អូនស្រីពីរនាក់ទៀតឈ្មោះ ប៉ិច និង វន ទៅភ្នំពេញ។ ដំបូង យាយខ្ញុំមិនអនុញ្ញាតទេ ដោយមូលហេតុខ្លាចយកទៅកន្លែងដែលគ្មានសុវត្ថិភាព។ ក្រោយពីស្តាប់ការពន្យល់ពីប្រធានភូមិច្បាស់លាស់ហើយ ទើបយាយបានអនុញ្ញាតឲ្យទៅភ្នំពេញ។ នៅព្រឹកថ្ងៃបន្ទាប់ ប្រធានភូមិបានជូន ខ្ញុំ និងប្អូនពីរនាក់ទៀត ទៅច្រកស្តេច ដើម្បីឡើងឡាន (អ្នកមកទទួល២នាក់ អ្នកបើកឡាន១នាក់ និងបងប្អូនខ្ញុំ៣នាក់ សរុប ៦នាក់) ទៅឆ្ពោះទៅក្រុងភ្នំពេញប្រហែលម៉ោង ៨ព្រឹក។ ធ្វើដំណើររយៈ២ម៉ោងទើបទៅដល់ពេទ្យ ៦មករានៅឯវត្តភ្នំ ហើយខ្ញុំទាំងបីនាក់ត្រូវបានបែងចែកការងារឲ្យធ្វើនៅកន្លែងផ្សេងគ្នា។ ប៉ិច ត្រូវចាត់តាំងឲ្យនៅប្រចាំការនៅឃ្លាំងថ្នាំពេទ្យ រីឯ វន នៅប្រចាំការនៅឃ្លាំងក្រណាត់ និងខោអាវ ដែលមានទីតាំងនៅក្នុងបរិវេណមន្ទីរពេទ្យតែមួយ ចំណែកខ្ញុំធ្វើការនៅកន្លែងចាក់ថ្នាំ ស្ថិតនៅអគារទី១០ជាន់ទី២ ដែលមានពេទ្យ២៥នាក់។ ប៉ុន្តែមួយអាទិត្យម្តង ខ្ញុំ និងប្អូនៗអាចសម្រាកជុំគ្នា ក្រៅពីនោះខ្ញុំធ្វើការប្រចាំការនៅអគាររហូត។ នៅមន្ទីរពេទ្យ ៦មករា មានពេទ្យជនជាតិចិនមកបង្រៀន ប៉ុន្តែបង្រៀនតែអ្នកចេះស្រាប់តែប៉ុណ្ណោះ។ ខ្ញុំអាចចាក់ថ្នាំខ្ញុំឲ្យអ្នកជំងឺបានភ្លាមក្រោយពីបានរៀនចាក់ថ្នាំរយៈបីថ្ងៃជាមួយបង រ៉ាន ប្រធានអគារ។ អ្នកជំងឺនៅមន្ទីរពេទ្យ៦មករា ជាពិសេសនៅអគារខ្ញុំធ្វើការ ភាគច្រើនជាអ្នករបួសពីខាងស្រុកអ្នកលឿង ក្រៅពីនោះមានអ្នកជំងឺរបេងខ្លះ អ្នកជំងឺគ្រុនពោះវៀនខ្លះ។ ពេលខ្លះមានពេទ្យជនជាតិចិនដើរមកមើលសួរសុខទុក្ខអ្នកជំងឺ តែខ្ញុំមិនដែលឃើញមានថ្នាក់ដឹកនាំប្រទេសចុះមកមន្ទីរពេទ្យ ឬចុះសួរសុខទុក្ខអ្នកជំងឺទេ។ ខ្ញុំធ្លាប់បានទៅនៅស្តាតអូឡាំពិក ទៅមើលល្ខោនដែលសម្តែងដោយក្រុមល្ខោននៅភ្នំពេញនេះ រឿងដែលសម្តែង គឺជារឿងដែលមានពាក់ព័ន្ធនឹងជំនាន់ខ្មែរក្រហមទាំងអស់។ ខ្ញុំក៏ធ្លាប់បានទៅទទួលគណប្រតិភូមិចិនបានម្តងនៅស្តាតអូឡាំពិកដូចគ្នា ពេលនោះខ្ញុំបានឃើញកម្មាភិបាលជាន់ខ្ពស់តែខ្ញុំមិនស្គាល់ឈ្មោះ។
អំឡុងពេលដែលខ្ញុំធ្វើការនៅមន្ទីរពេទ្យ ៦មករា គឺមិនកិច្ចការអ្វីដែលពិបាក មានអាហារហូបគ្រប់គ្រាន់ មិនដូចនៅពេលដែលខ្ញុំរស់នៅឯសហករណ៍ក្នុងភូមិឃុំដែលរបបអាហារមានតែបបរមួយវែងនោះទេ។ ខ្ញុំធ្វើការចាក់ថ្នាំមិនដែលមានបញ្ហាអ្វីដែលប៉ះពាល់ដល់អ្នកជំងឺទេ ព្រោះខ្ញុំមានការប្រុងប្រយ័ត្នខ្លាំង និងពេលចាក់ថ្នាំ ខ្ញុំចាក់ថ្នមស្រាលខ្លាចអ្នកជំងឺឈឺ។ ដោយឡែកអ្នកជំងឺខ្លះមានអត្តចរឹកកាច ឆេវឆាវ និងរហូតដល់ធាក់អ្នកចាក់ថ្នាំដួលក៏មានដែរ។ មានម្តងអ្នកនៅអង្គភាពជាមួយខ្ញុំម្នាក់ឈ្មោះ រ៉ុម ត្រូវបានចាប់ខ្លួន ដោយមូលហេតុចាក់ថ្នាំឲ្យអ្នកជំងឺអាប់សែ ហើយប្រកែក តមាត់ជាមួយថ្នាក់លើថែមទៀត។ មិនដឹងច្បាស់ទេថា តើគេចាប់យកទៅដាក់ឃុំនៅកន្លែងណា គ្រាន់តែដឹងថា យកទៅដាក់គុក ព្រោះខ្ញុំឃើញ រ៉ុន ជាប់ខ្នោះដៃខ្នោះជើងរួចដឹកបញ្ជូនតាមឡានចេញទៅ។ ពេលមកចាប់ រ៉ុន កម្មាភិបាលខ្មែរក្រហមប្រាប់ថា យកទៅឲ្យរៀនសូត្រ តែមិនដែលឃើញបញ្ជូនត្រលប់មកវិញទេ ទើបខ្ញុំសន្និដ្ឋានថា មានតែយកទៅសម្លាប់បាត់ហើយ។
បងប្អូនខ្ញុំទាំងបីនាក់ធ្វើការនៅមន្ទីរពេទ្យ៦មករា មិនដែលបានទៅលេងស្រុកទេ ណាមួយមិនហ៊ានសុំច្បាប់ព្រោះដឹងថា ទោះបីជាសុំក៏ប្រធានអគារមិនអនុញ្ញាតឲ្យទៅវិញដែរដោយសារខ្លាចទៅហើយលួចរត់មិនត្រលប់មកវិញ។ មួយវិញទៀត ខ្ញុំ និងប្អូនៗមិនស្គាល់ផ្លូវត្រលប់ទៅផ្ទះវិញទេ។ នៅមន្ទីពេទ្យមានការបញ្ចាំងកុនឲ្យមើលនៅខ្លះដែរ តែខ្ញុំមិនចេះមើលទេ ណាមួយមើលមិនយល់ទៀត។ ក្រៅពីនេះ រៀងរាល់ថ្ងៃអាទិត្យ មានដំណើរកំសាន្តមួយថ្ងៃ ដែលមានសមាជិក១០នាក់។ មានម្តងពេលដែលទៅដើរលេងនៅមន្ទីរឃុំឃាំងព្រៃស ខ្ញុំបានឃើញឡានដែលបានទៅដឹក រ៉ុម ពីមន្ទីពេទ្យ ហើយខ្ញុំក៏ដើររក រ៉ុម (ដើរមើលពីខាងក្រៅ) តែរកមិនឃើញ។ ខ្ញុំមិនបានចូលទៅដល់កន្លែងដាក់អ្នកទោសទេ គ្រាន់ឈរមើលពីចម្ងាយ ប្រហែលជា២០ម៉ែត្រ ខ្ញុំឃើញអ្នកទោសខ្លះអង្គុយជាប់ខ្នោះ ខ្លះទៀតជម្រះស្មៅ ខ្លះស្រោចទឹកផ្កា ដែលជាអ្នកទោសស្រាល និងអនុញ្ញាតឲ្យចេញមកធ្វើការនៅក្រៅបន្ទប់ឃុំឃាំង។ ក្នុងចំណោម១០នាក់ដែលទៅដើរលេង អ្នកខ្លះមានវ័យចំណាស់ តែងតែប្រាប់ខ្ញុំ និងក្មេង២ដទៃទៀតកុំឲ្យយកគំរូមិនល្អតាមអ្នកទោសទាំងអស់នេះ។ ព្រោះបើត្រូវចាប់ខ្លួនបញ្ជូនមកហើយ មិនមានឱកាសបានចេញទៅវិញទេ។ ថ្ងៃអាទិត្យក្រោយៗមកទៀត ខ្ញុំបានទៅដើរលេងនៅក្នុងវាំង តែដើរបានតែពាក់កណ្តាលទេ។ ពេលចង់ចូលក្នុងវាំងត្រូវសុំច្បាប់អនុញ្ញាតត្រឹមត្រូវ ទោះបីជំនាន់នោះពុំមានស្តេចគង់នៅក៏ដោយ។
បងប្អូនខ្ញុំធ្វើការរហូតដល់ថ្ងៃដែលវៀតណាមវាយបែករបបខ្មែរក្រហម ទើបរត់ចេញទៅតាមរថភ្លើងហូរហែររហូតដល់ត្រឹមសំឡូត ដែលជាចំណុចបងប្អូនខ្ញុំបែកគ្នា។ ពេលនោះប្អូនខ្ញុំឡើងឡានខុស គឺឡើងឡានតូច ចំណែកខ្ញុំឡើងឡាន១២កៅអី។ ក្រោយមកទៀតទើបខ្ញុំទទួលដំណឹងថា វន ស្លាប់ដោយសារត្រូវគ្រាប់ផ្លោងនៅឃុំបវិល ស្រុកសំឡូត ខេត្តបាត់ដំបង ក្នុងឆ្នាំ១៩៧៩។ ចំណែកខ្ញុំក្រោយពីរៀបចំទុកដាក់សពប្អូនរួចហើយ បន្តដំណើរទៅទិសខាងលិច រហូតដល់ទល់ដែនខ្មែរ-ថៃ។ ខ្ញុំរស់នៅជំរំសាយធូ នៅតាមជួរភ្នំដងរែក ហើយខ្ញុំបានរៀបការជាមួយអ្នកដែលរត់ទៅជាមួយគ្នា រស់នៅរហូតដល់ឆ្នាំប្រហែល១៩៩៥ ទើបត្រលប់មករស់នៅស្រុកកំណើតខ្ញុំវិញដល់សព្វថ្ងៃនេះ។
អត្ថបទដោយ គឹម សុវណ្ណដានី
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា។ ឯកសារ «ពិនិត្យប្រវត្តិរូបរបស់ ម៉ៅ សាយ», ឯកសារលេខ I០១៤៩២។
[2] មជ្ឈមណ្ឌលឯកសារកម្ពុជា។ «បទសម្ភាសន៍ជាមួយ សុខ សាយ ហៅ រ៉ុន ដោយ ផាន សុជា» នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៥, ចម្លងចេញពីកាស្សែតដោយ ផាត ពិសិដ្ឋ, ឯកសារលេខ KHI០០៧៦។