ប្រាំមួយគូក្នុងពេលតែមួយ

(ក្រចេះ)៖ សំ បុណ្ណ ភេទប្រុស អាយុ៧០ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ បុណ្ណ បានរៀបរាប់អំពីភាពលំបាករបស់គាត់ ដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម ប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា របស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាថា នៅក្នុងរបបនោះ គាត់ពិតជាជួបផលលំបាកជាច្រើន ដោយសារខ្មែរក្រហមបានជម្លៀសគាត់ចេញពីកន្លែងមួយទៅកន្លែងមួយទៀត ដោយគ្មានគោលដៅច្បាស់លាស់។

ខ្មែរក្រហម បានធ្វើបាបប្រជាជនសព្វគ្រប់បែបយ៉ាង ដោយរួម​ទាំងបង្អត់អាហារ, បង្ខំឲ្យធ្វើការងារ, វាយធ្វើបាប និងពេលខ្លះអាចឈានដល់ការកាប់​សម្លាប់។ បុណ្ណ ធ្លាប់បានឃើញ អង្គការចាប់ប្រជាជនយកទៅសម្លាប់ ដោយធ្វើនយោបាយបំភាន់ភ្នែកថា យកទៅរៀនសូត្រ។ ខ្មែរក្រហម តែងតែវាយសម្លាប់ប្រជាជននៅពេលយប់ ដើម្បីលាក់បំបាំងពីភ្នែកមនុស្ស និងចាក់ចម្រៀងឮៗឲ្យលុបសំឡេងស្រែក។

នៅក្នុងរបបខ្មែរក្រហម ប្រជាជនគ្រប់រូប គ្មានសិទ្ធិក្នុងការនិយាយស្តីអ្វីដែលធ្វើឲ្យប៉ះពាល់ដល់អង្គការឡើយ។ អង្គការ បានឲ្យកងឈ្លបចាំស៊ើបការណ៍ ឃ្លាំស្ដាប់ប្រជាជននៅគ្រួសារណាមួយដែលនិយាយមិនល្អពីអង្គការ។ អ្នកដែលល្មើស ត្រូវបាន​ចាប់យកទៅសម្លាប់ចោល។ ​ប្រជាជន គ្មានសិទ្ធិដើរលេងសប្បាយនោះទេ ជារៀងរាល់ថ្ងៃត្រូវតែស្នាក់នៅក្នុងសហករណ៍ ដើម្បីធ្វើការងារ និងមិនមានពេលសម្រាកបានច្រើនទេ។

ចំពោះរបបអាហារដែលប្រជាជនទទួលបាននៅក្នុងរបបខ្មែរក្រហម គឺមិនគ្រប់គ្រាន់នោះទេ។ អង្គការ បានរឹតបណ្តឹងរបបអាហាររបស់ប្រជាជន ព្រោះទិន្នផលមួយផ្នែកនៃស្រូវដែលផលិតបាន គឺត្រូវនាំចេញទៅខាងក្រៅ ហើយមួយផ្នែកទៀតត្រៀមសម្រាប់ធ្វើពូជ។ ក្នុងករណីនេះ ប្រសិនជាភូមិភាគ ឬតំបន់ណាមួយធ្វើស្រែទទួលបានផលច្រើនតាមផែនការដែលអង្គការបានកំណត់ តំបន់នោះនឹងបរិភោគបានគ្រប់គ្រាន់។

បុណ្ណ ត្រូវបានអង្គការបង្ខំឲ្យរៀបការនៅអំឡុងឆ្នាំ១៩៧៧។ អង្គការ បានរៀបចំឲ្យរៀបការជុំគ្នា​ចំនួន៦គូ ក្នុងពេលតែមួយ។ ការរៀបការនៅក្នុងរបបខ្មែរក្រហម គឺគ្មានការប្រារព្វ​កម្មវិធីធ្វើទៅតាមប្រពៃណីខ្មែរឡើយ ដោយគ្រាន់តែឲ្យយុវជន យុវនារី ឈរទល់មុខគ្នា ហើយឡើងប្ដេជ្ញាចិត្តស្ម័គ្រស្មោះជាមួយនឹងអង្គការ។ បន្ទាប់ពីរៀបការរួច អង្គការបានចាត់តាំងឲ្យគាត់ទៅធ្វើស្រែ នៅក្នុងសហករណ៍នៅតំបន់ស្នួល។

ជារៀងរាល់ថ្ងៃ បុណ្ណ និងប្រជាជនឯទៀត តែងតែក្រោកពីដំណេកនៅម៉ោង៤ទៀបភ្លឺ ដើម្បីហាត់ប្រាណ ហើយម៉ោង៥ព្រឹកចេញទៅសហករណ៍ធ្វើការ។

នៅចុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានជម្លៀសគាត់ចេញពីសហករណ៍នៅស្នួល ឆ្លងទៅកាន់ត្រើយម្ខាងទៀតនៃទន្លេមេគង្គ ដោយធ្វើដំណើរតាមរយៈទូក  ដើម្បីគេចចេញពីការវាយប្រហាររបស់ទាហានវៀតណាម ។

មកទល់ពេលបច្ចុប្បន្ន បុណ្ណ បានរស់នៅជុំជាមួយនឹងគ្រួសាររបស់គាត់ នៅភូមិថ្មគ្រែ ឃុំថ្មគ្រែ។ បុណ្ណ មានជំងឺក្រពះពោះវៀន គាត់តែងតែចុកនៅចុងដង្ហើមជារៀងរាល់ថ្ងៃ៕

សម្ភាសន៍ដោយ៖ យ៉ុង ផល្លីន ២៤/១/២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ ២៧/១២/២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin