សោម ចាន់៖ ពិការជើងដោយសារជាន់មីនស្គរ

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

សោម ចាន់[1] អាយុ៧៤ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិ​តាម៉ូង ឃុំ​ព្រៃផ្គាំ ស្រុក​ព្រៃកប្បាស ខេត្ដ​តាកែវ។ បច្ចុប្បន្ន​ ចាន់ រស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។​

សោម ចាន់​ បាន​និយាយថា៖ «នៅ​អាយុ១៧ឆ្នាំ ខ្ញុំបានឈប់រៀនដោយសារ​ស្ថានភាព​គ្រួសារ​មានការ​លំបាកពេកផង ហើយមាន​​​ព្រឹត្ដិការណ៍រដ្ឋប្រហាររបស់ លន់ នល់ ប្រឆាំងនឹង​សម្ដេច​ព្រះ​នរោត្ដ​ម សីហនុ ផង។ ខ្ញុំក៏បានចូលរួមក្នុងចលនាខ្មែរក្រហមដោយសារ​តែ​ស្មារតី​ជាតិនិយម​ ដែលឆ្លើយតប​តាមការ​ប្រកាសឲ្យកូនចៅចូលតស៊ូក្នុងព្រៃម៉ាគី ពីសំណាក់​សម្ដេច​ព្រះនរោត្ដម សីហនុ​។ ​ស្មារតី​ជាតិ​និយម​នេះ​បាន​​គួប​ផ្សំ​នឹងស្ថានភាព​នៃការ​ទម្លាក់​គ្រាប់​​បែក​​របស់ទាហាន លន់ នល់ លើ​ភូមិឃុំរបស់ខ្ញុំ។ ការ​ទម្លាក់​គ្រាប់​បែក​នេះ​បានបណ្ដាលឲ្យខូចខាត​អគារសំខាន់ៗដូចជា ទីចាត់ការ​ឃុំ​ ផងនោះ។​ ខ្ញុំ និងប្រជាជន​ដទៃ​ទៀត​​ត្រូវ​បាន​ជំរុញទឹកចិត្តឲ្យ​​​ចូលរួមយ៉ាង​​ភ្លូកទឹកភ្លូកដី​ នៅ​ក្នុង​ចលនា​នេះ​ដែរ។​ ខ្ញុំបានឃើញ​សាក​សព​ជាច្រើន​ ដែលត្រូវបាន​កងទ័ពប្រមូល​ទៅដាក់រួមគ្នា​បន្ទាប់ពីមានការផ្ទុះអាវុធ។ ខ្ញុំមិន​មាន​ភាព​ភ័យ​ខ្លាច​ទេ​នៅ​ពេល​នោះ ដោយសារខ្ញុំនៅក្មេង។ ខ្ញុំ​មិនធ្លាប់ជួប​សង្គ្រាមបែបនេះទេ។  ចាស់ៗក្នុងភូមិឆ្ងល់ថា ហេតុ​អ្វី​ខ្ញុំ​ហ៊ាន​ទៅមើលសាកសពទាំងនោះ។ ចម្លើយនោះ គឺថាខ្ញុំមិនមានការភ័យ​ខ្លាច និង​បាន​ចូល​ទៅ​មើល​សាក​សព​អ្នកដែលរងគ្រោះពីការវាយប្រហារ នៅពេល​ស្ថានការណ៍​បាន​ស្ងប់​ស្ងាត់​ទៅ​វិញ​។​

ខណៈពេលដែល​សភាពការណ៍តស៊ូមានការតានតឹងបន្ដិចម្ដងៗ​ ខ្មែរក្រហមបាន​ឃោសនាឲ្យ​ប្រជា​ជន​​​នៅ​ក្នុង​ភូមិ​​ចូលរួមក្នុងចលនា​របស់ខ្លួននៅក្នុងគោលដៅទាមទារអំណាច​ឲ្យសម្ដេច​ព្រះនរោត្ដម សីហនុ​​មក​​ដឹកនាំ​ប្រទេស​​វិញ។ ខ្ញុំមិននឹកស្មានថា ការតស៊ូរបស់យើងនឹងបន្ដ​រហូតដល់ឆ្នាំ​១៩៧៥ ពោលគឺ​ធ្លាក់​ចូល​​ដល់​របប​ខ្មែរក្រហមដែល​ដឹកនាំដោយ ប៉ុល ពត ដែរ។ លុះនៅពេលសម្ដេច ព្រះនរោត្ដម​ សីហនុ យាង​​ចូល​មក​ក្នុង​ប្រទេសកម្ពុជា យើងក៏ទទួលបាន​ដំណឹង​ថា ខ្មែរក្រហម​បាន​គ្រប់​គ្រង​ប្រទេស​កម្ពុជា​ទៅ​ហើ​យ។​  នៅ​ពេល​ទទួលបានជ័យជម្នះ ខ្មែរក្រហមក៏មិនទាន់បានធ្វើឲ្យកម្ពុជា​មានឯករាជ្យ​ពេញលេញដែរ​។ ខ្មែរក្រហម​បាន​​គ្រប់គ្រង និងជម្លៀសប្រជាជនចេញពី​ទីក្រុងភ្នំពេញ។ បងប្អូនរបស់ខ្ញុំ​ត្រូវ​បាន​ស្លាប់​នៅ​ក្នុង​ពេល​ជម្លៀស​​នៅ​ឆ្នាំ១៩៧៥ដែរ។ ខ្ញុំបានឃើញសកម្មភាពនៃការជម្លៀសប្រជាជន​ចេញពីទីក្រុង ដោយ​​ភាគច្រើន​​ឆ្ពោះ​ទៅ​​ខាងលិចកំពង់ឆ្នាំង និងទៅកាន់ខេត្ដបាត់ដំបង។ ខ្មែរក្រហមបានឲ្យខ្ញុំឈរជើងនៅ​ម្ដុំពោធិ៍ចិនតុង, សំយ៉ាប់​ខ្មាញ់, តាំងក្រសាំង, អន្លង់ក្ងាន និងភាគខាងលិចទីក្រុងភ្នំពេញ។

រហូតដល់ខែវិច្ឆិកា ឆ្នាំ១៩៧៥  ខ្មែរក្រហមបាន​បញ្ជូនខ្ញុំទៅកាន់ខេត្ដរតន​គិរី បន្ទាប់​ពីទីក្រុង​ភ្នំពេញមានភាព​នឹងនរ។ យើងបានធ្វើដំណើរ​ចាក់តាមទន្លេ​មេគង្គ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច។ យើង​បាន​ពិនិត្យមើលស្ថានការណ៍​នៅក្នុងខេត្ដរតនគិរីមានភាពស្ងប់ស្ងាត់ល្អ និង​មិន​មាន​ជម្លោះ​នៅ​ឡើយទេ។

លុះ​ដល់ឆ្នាំ​១៩៧៦ សភាព​ការណ៍​នៅតាមព្រំដែន​ខេត្ដរតន​គិរី​មានការប្រទាញ​ប្រទង់គ្នា​។ រហូត​ដល់​ឆ្នាំ​​១៩៧៧ សភាពការណ៍​រឹតតែបន្ដតានតឹង​ ហើយការប៉ះទង្គិចគ្នាបាន​បង្កឲ្យ​កងកម្លាំង​ទាំងសងខាង​ស្លាប់​ជារឿយៗ​ ជាពិសេស​ដោយសារ​ការកន្ដ្រាក់គ្រាប់​មីន​ប្រឆាំងនឹង​មនុស្ស។​ កងកម្លាំងរបស់យើងធ្លាប់​វាយ​​កងកម្លាំងវៀតណាម​ធ្លាក់ដល់​ក្រុងនគរ ប៉ុន្ដែរយៈពេលខ្លីក្រោយមក កងទ័ពវៀតណាមបាន​វាយយើងក្នុងទ្រង់ទ្រាយធំវិញរហូតរុញច្រានយើង​ធ្លាក់ដល់ទន្លេមេគង្គឆ្ពោះទៅកាន់ភូមិភាគបូព៌ា។

លុះដល់​កងទ័ពវៀតណា​មវាយរំដោះបាន​ទីក្រុងភ្នំពេញក្នុងខែមករា ឆ្នាំ១៩៧៩ កង​កម្លាំង​របស់​យើង​បាន​បន្ដដំណើរ​ឆ្ពោះមកកាន់ព្រំដែន​ភាគខាងជើងប្រទេសកម្ពុជា។​ នៅក្នុងព្រៃ យើងបានជួប​ប្រទះ​ការ​ខ្វះ​ខាតអាហារ​យ៉ាងខ្លាំង។ កងកម្លាំងរបស់យើងបាន​ពឹងផ្អែកទៅលើការហូបមើម​ក្ដួច ដំឡូងព្រៃ និង​សុំ​អង្ករពីអ្នកស្រុកប៉ុណ្ណោះ។​ អំឡុងពេលនោះ ខ្ញុំកាន់តួនាទីជាអនុសេនាតូចក្នុងកងពល​៨០១ ដែល​មាន​កម្លាំង​ក្នុង​ដៃប្រមាណ​៣០នាក់​។​ យើងនៅតែប្រឈម​មុខជាមួយនឹងកងទ័ពវៀតណាមនៅតាមផ្លូវ។ យើង​បាន​​ដើរថ្មើរជើង ជាមួយនឹងអង្ករក្រវ៉ាត់នឹងតីម្នាក់មួយតីប៉ុណ្ណោះ។ នៅពេលឈប់សម្រាកកន្លែងណា យើង​បានដាំបាយហូបនៅទីកន្លែងនោះ។​

នៅពេលខ្ញុំមកដល់​ភ្នំដងរែក​ ខ្ញុំវិលត្រឡប់ធ្វើជា​ប្រជាជនធម្មតា។ ខ្ញុំនៅតែមានការឈឺឆ្អាល​ចំពោះ​ព្រឹត្ដិ​ការណ៍​​នៅតាមព្រំដែនកម្ពុជា-ថៃ ដោយសារខ្ញុំបានទទួលព័ត៌មាន​ជាហូរហែរ។ ទាក់​ទង​នឹង​ការ​តស៊ូ​តាម​ព្រំដែន តាម៉ុក​ បានឈរជើងនៅលើ​ខ្នងភ្នំដងរែក​ ហើយមិនមានអ្នកណាឈ្លានពាន​ទឹកដីនោះទេ។ រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៩៣ ខ្ញុំបានដើរជាន់មីនស្គរបណ្ដាល​ឲ្យ​ផ្ទុះ​ពិការជើងម្ខាង​។ មីន​នោះ គឺបានដាក់ចម្រុះគ្នារវាងកងទ័ព​រាជរដ្ឋាភិបាល និងខ្មែរក្រហម។ ខ្ញុំបានគ្រោះអំឡុងដើរ​ការ​ពារ​ព្រំដែន​​នៅខេត្ដព្រះវិហារ​។ ខ្ញុំយល់ថាទោះបី​សង្គ្រាមបានបញ្ចប់ទៅហើយក៏ដោយ​ ក៏សង្គមទាំងមូល​មិន​ទាន់​ទទួល​បាន​សុខសន្ដិភាពពេញ​លេញដែរ។

ទស្សនរបស់ប្រជាជនក្នុងមជ្ឈដ្ឋានជុំវិញអន្លង់វែងយល់ឃើញថា ប្រជាជន​រស់​នៅ​ក្នុង​តំបន់​អន្លង់វែង គឺជាអ្នកព្រៃ និងអ្នកនៅក្រៅច្បាប់។​ ការបង្កើតប្រព័ន្ធស្វែងរក​យុត្ដិធម៌ ដោយ​កាត់ទោសទៅលើ​មេដឹកនាំ​ខ្មែរក្រហម​ក៏ជាផ្នែកមួយដែលធ្វើឲ្យ​អតីតកងទ័ពខ្មែរក្រហមមាន​ការភ័យខ្លាច​ដោយសារតែតួនាទី​របស់​ខ្លួន​នាទីជំនាន់នោះ។​​ ខ្ញុំយល់ថា ដើម្បីដំណើរការសន្ដិភាព​រយៈពេលវែង យើងគួរតែ​ទម្លាក់ចោល​នូវ​រឿងរ៉ាវច្របូក​ច្របល់នៃប្រវត្ដិសាស្រ្ដ​ហើយធ្វើដំណើរទៅមុខដោយបំភ្លេចចោលអតីតកាល ដោយ​សារ​ខ្ញុំ​នៅ​តែជឿថា ខ្មែរក្រហម​មិនអាចសម្លាប់ខ្មែរគ្នាឯងនោះទេ ប្រសិនបើមិនមានបរទេសលូកដៃ។​ ខ្ញុំគិតថា វា​ជា​មាគ៌ាបំភ្លើសរបស់កងទ័ពវៀតណាម​ក្នុងខណៈដែល​ខ្មែរក្រហម ឬ ប៉ុល ពត មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​​ដឹកនាំប្រទេសកម្ពុជាទាំងមូល​។​ ចំពោះទស្សនៈរបស់ខ្ញុំទៅលើប្រជាជន​នៅក្នុងស្រុកអន្លង់វែង គឺថា បើទោះបី​ជាម្នាក់ៗមានភាពពិការ​ខ្វិនខ្វង់យ៉ាងណាក៏ដោយ ក៏​អ្នក​ទាំង​នោះ​មិន​ដើរ​សុំទាន​គេ​ដើម្បី​ចិញ្ចឹម​ជីវិត​ដែរ។ នេះក៏ដោយសារ​តែ​មាគ៌ាបដិវត្ដន៍ខ្មែរក្រហមបានជម្រុញឲ្យអ្នកទាំងនោះ​មានភាពម្ចាស់ការលើ​ខ្លួន​ឯង។ តាម៉ុកធ្លាប់បានផ្ដាំថា នៅពេលយើងចុះចូលសមាហរណកម្មទៅ យើងត្រូវត្រៀមចិត្ដឲ្យហើយថា យើងបានធ្លាក់ចូលទៅក្នុងសេដ្ឋកិច្ចទីផ្សារងងឹត។ គាត់បាន​ផ្ដាំយើងថានៅពេលទៅទីណាក៏ដោយ​ត្រូវ​មាន​ទឹកមានដី។ សេដ្ឋកិច្ចមានឫស​ មានគល់​។​ នៅពេលយើង​ធ្វើសមាហរណកម្មហើយភ្លាម ជីវិត​របស់យើង​ស្ថិតក្នុងភាពក្រខ្សត់​នៅឡើយ​ ទម្រាំទទួលបានប្រាក់បៀរវត្សរ៍សម្រាប់​អតីតយុទ្ធជនកាត់រំសាយ​ និង​ការ​ចាប់ផ្ដើម​សេដ្ឋកិច្ចជាមួយខ្លួនទីពឹងខ្លួន»៕

ដោយ សួត វិចិត្រ


[1] សួត វិចិត្រ​ សម្ភាសន៍ជាមួយ សោម ចាន់ នៅក្នុងស្រុក​អន្លង់វែង​ ខេត្ត​ឧត្តរមានជ័យ នៅក្នុងឆ្នាំ​២០២៤។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin