សកម្មភាពបំផ្លាញទ្រព្យសម្បត្តិដែលមានតម្លៃ
ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន១៤ទំព័រ គឺជារបស់ សុំ សាមឿន ហៅ រំ ដែលជាអតីតព្រះសង្ឃ មុនអង្គការចាប់ខ្លួន ជាយុវជនអនុសេនាធំ៣ អនុសេនាតូច៣១ វរធំ៣ និងជាអ្នកមើលការខុសត្រូវកម្មករនៅផែកំពង់សោម។ ចម្លើយសារភាពនៅក្នុងឯកសារនេះ (J000៣៨) បង្ហាញថា សកម្មភាព ឈ្មោះ សុំ សាមឿន ហៅ រំ បានចូលបម្រើក្នុងជួរបដិវត្តដែលទទួលផែនការពីឈ្មោះ វុធ និងភីន ជាភ្នាក់ងារ សេ-អ៊ី-អា។ ក្នុងការធ្វើបដិវត្តនេះ រំ បានជាប់ពាក់ព័ន្ធជាមួយក្រុមមនុស្សចំនួន៤៤នាក់ ដោយបានរួមគំនិតគ្នាដើម្បីបំផ្លាញទ្រព្យសម្បត្តិ និងសំភារៈផ្សេងៗដែលមានតម្លៃ រួមទាំងសម្លាប់សត្វពាហនៈ របស់ប្រជាជននៅក្នុងភូមិអស់យ៉ាងច្រើន។ នៅក្នុងអត្ថបទនេះ យើងឃើញមានការចុះហត្ថលេខាពីអ្នកសួរចម្លើយ(កម្មាភិបាលខ្មែរក្រហម)ចំនួន២រូប ឈ្មោះ មាក និង សេង បានកត់ត្រាកាលរិច្ឆេទនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៧៧។ បន្ទាប់មក បានបង្ហាញអំពីឈ្មោះ សុំ សាមឿន ត្រូវបានអង្គការចាប់ខ្លួន នៅថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៧៨។
ខាងក្រោម ជាចម្លើយសារភាពរបស់ សុំ សាមឿន ហៅ រំ៖
សុំ សាមឿន ហៅ រំ ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិបឹងរៃ ឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ស្ថិតនៅតំបន់៤២។ រំ មានមុខរបរធ្វើស្រែចម្ការ។ នៅអាយុ ១៨ ឆ្នាំ រំ បានបួសជានេន បានពីរវស្សា នៅវត្តបឹងរៃ។ បន្ទាប់មក រំ ក៏ផ្សឹក ហើយបានត្រឡប់មកធ្វើស្រែចម្ការជាមួយឪពុកម្ដាយនៅផ្ទះវិញ។ នៅឆ្នាំ១៩៦៩ ឈ្មោះ ឃ្លាំង បានធ្វើជាជំទប់ឃុំ នៅឃុំឫស្សីកែវ។ លុះក្រោយរដ្ឋប្រហារ ឆ្នាំ១៩៧០ ជំទប់ឃ្លាំង បានរត់ភៀសខ្លួនទៅកាន់ទីក្រុងភ្នំពេញ និងត្រឡប់មកធ្វើជាប្រជាជនធម្មតាវិញ។ នៅដើមឆ្នាំ ១៩៧១ រំ បានចូលធ្វើបដិវត្តលើកដំបូង នៅមន្ទីរសិល្បៈ ក្នុងស្រុកកំពង់សៀម ប៉ុន្តែគាត់មិនបានបណ្ដុះស្មារតីឲ្យប្រជាជនក្នុងភូមិមានការស្អប់ខ្ពើមនឹងបក្សខ្មែរក្រហមទេ គឺលើកឡើងអំពីប្រាក់ខែដែលខ្លួនទទួលបានពីការចូលធ្វើជាគិញតែប៉ុណ្ណោះ។ នៅពេលនោះ រំ មានតួនាទីជាអ្នករាយការណ៍អំពីកម្មាភិបាលខ្មែរក្រហម និងកសាងកម្លាំងរបស់គិញ។ មនុស្សដែលត្រូវចូលខ្លួនធ្វើជាគិញលើកដំបូងជាមួយ រំ មានឈ្មោះ ជ្រូក ដែលជាអតីតព្រះសង្ឃ។
នៅឆ្នាំ១៩៧១ តាមរយៈ ឆាយ ឃ្លាំង, រំ និង ជ្រូក ត្រូវបានណែនាំឲ្យស្គាល់មនុស្សចំនួនបីនាក់ទៀត ឲ្យចូលធ្វើគិញជាមួយរួមមាន ហ៊ាង និងស៊្រុន ដែលជាអតីតអ្នកជួញគោ និងជាប្រជាជននៅភូមិបឹងរៃ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វជាមួយគ្នាដែរ។ អ្នកទាំងពីរ បានចូលធ្វើជាខ្សែគិញ ឲ្យជំទប់ឃ្លាំង និងឆាយ។ ចំណែកម្នាក់ទៀត ឈ្មោះ ឈិន អតីតទាហានចាស់ គឺជាប្រជាជនក្នុងភូមិបឹងរៃ បានធ្វើសកម្មភាពស៊ើបការណ៍អំពីខ្មែរក្រហម ប៉ុន្តែមិនបានទទួលជាលទ្ធផលទេ។
នៅខែឧសភា ឆ្នាំ១៩៧១ វុធ បានបញ្ជូន រំ ឲ្យចូលបម្រើក្នុងបដិវត្ត សេ-អ៊ី-អា ដោយមានការទទួលស្គាល់ពីឈ្មោះ ភីន អតីតសិស្ស និងជាប្រធានសិល្បៈនៅកំពង់សៀម។ កាលនោះ សេន អតីតប៉ូលីស គឺជាប្រធានក្រុមភ្លេងសិល្បៈនៅស្រុកកំពង់សៀម។ គាត់ទទួលភារកិច្ច និយាយបំផុសបំផុលដល់ក្រុមយុទ្ធជនឲ្យចូលបង្កប់ខ្លួនក្នុងតំបន់ខ្មាំង រួចក៏ចាប់ផ្ដើមកសាងកម្លាំង សេ-អ៊ី-អា និងនាំគ្នាបំផ្លាញផលប្រយោជន៍ទាំងអស់ក្នុងបដិវត្ត។ បន្ទាប់មក រំ, យ៉េង និងសេន បានចាក់បង្ហូរស្រូវចោលអស់មួយជង្រុក។ នៅចុងឆ្នាំ១៩៧១ វុធ បានចាត់តាំង រំ ឲ្យភ្ជាប់ទំនាក់ទំនង សេ-អ៊ី-អា ជាមួយមនុស្សបីនាក់ ឈ្មោះ ខន, ឆូ និងឆន ធ្លាប់ធ្ចើជាទាហាន។ អ្នកទាំងបីនាក់ គឺជាយុទ្ធជនសិល្បៈនៅស្រុកកំពង់សៀម ហើយបានរួមគំនិតគ្នាលួចទម្លាយធ្នួសត្រី នៅព្រែកពាមក្នុង។
នៅដើមឆ្នាំ១៩៧២ វុធ និង ភីន ប្រមូលបក្សពួកដើម្បីរៀបចំការប្រជុំមួយ ក្នុងនោះអ្នកមាន សេន, យ៉េង, ឆន, ឆូ, ខន និងរំ។ ការជួបជុំនេះធ្វើឡើងដោយបំផ្លាញផលប្រយោជន៍ក្នុងការធ្វើបដិវត្ត រួចកសាងកម្លាំង សេ-អ៊ី-អា និងប្រើឧបាយកលដើម្បីលួចបាញ់អ្នកដឹកជញ្ជូនគ្រាប់។ បន្ទាប់មក រំ បានលួចដុតមន្ទីរកុមារស្រុកឆេះអស់មួយកន្លែង។ ចំណែកសកម្មភាពបន្ដ រំ, ខន និងយ៉េង បានពន្លែងខ្ទួយឲ្យទិចសត្វគោងាប់អស់៧ក្បាល ដែលជាហេតុបង្ករឲ្យមានភាពចលាចលពាសពេញមន្ទីរនារី។ នៅពាក់កណ្ដាលឆ្នាំ១៩៧២ វុធ បានណែនាំឲ្យ រំ ធ្វើទំនាក់ទំនងជាមួយកម្លាំង សេ-អ៊ី-អា ឈ្មោះ ថា ធ្លាប់ធ្វើទាហាន ក្រោយមក ជាយុវជននៅអង្គភាពសិល្បៈនៅស្រុកកំពង់សៀម។ បន្ទាប់មកទៀតឈ្មោះ ថា បានធ្វើទំនាក់ទំនងជាមួយ ឈ្មោះ ជឿន ជាមេចោរ រួមទាំងសមាជិក៣០នាក់ទៀត នៅព្រៃរនាម។ ក្រុមចោរទាំងអស់នេះ បានធ្វើសកម្មភាពចេញប្លន់ប្រជាជនដែលរស់នៅក្នុងភូមិវិហារធំ ក្នុងស្រុកកំពង់សៀម។ នៅចុងឆ្នាំ១៩៧២ វុធ បានណែនាំ រំ ឲ្យស្គាល់កម្លាំង សេ-អ៊ី-អា ឈ្មោះ ហ៊ីម ជាអតីតប៉ូលីស។ បន្ទាប់មក ហ៊ីម ក៏បានធ្វើទំនាក់ទំនងជាមួយ សី ដែលជានាយទាហាន(សក្ដិ២) នៅបន្ទាយធ្លា ក្នុងគោលបំណងស្នើសុំគ្រាប់កាំភ្លើងបន្ថែមសម្រាប់ផ្ដល់ទៅឲ្យ ជឿន ដែលមេចោរព្រៃរនាមដើម្បីបន្ដសកម្មភាពចេញប្លន់របស់ខ្លួន។ រំលងបានរយៈពេលបីថ្ងៃ រំ, ថា, ខន, សេន និង យ៉េង បានទទួលគ្រាប់កាំភ្លើងមួយចំនួនពីឈ្មោះ ហ៊ីម និងបានប្រគល់ឲ្យ ជឿន ជាមេចោរព្រៃរនាម។ ក្នុងពេលនោះ រំ និង ឆូ បាននាំគ្នាលួចដុតបំផ្លាញចម្ការពោត ចំនួន៣ហិកតា។
នៅដើមឆ្នាំ១៩៧៣ វុធ និង ភីន បានប្រមូលផ្ដុំបក្សពួករបស់ខ្លួនជាថ្មីម្ដងទៀត។ អ្នកដែលត្រូវជ្រើសរើសមានឈ្មោះ សន, យ៉េង, ឆន, ឆូ, ខន និងរំ។ ដោយពិភាក្សាអំពីការកសាងកម្លាំង សេ-អ៊ី-អា និងបំផ្លាញផលប្រយោជន៍ទាំងអស់ក្នុងជួរបដិវត្ត។ បន្ទាប់ពី ការប្រជុំបានបញ្ចប់ វុធ បានណែនាំ រំ ឲ្យស្គាល់កម្លាំង សេ-អ៊ី-អា ឈ្មោះ ផ្លូច ជាអ្នកកាន់កាប់ក្រុមយុវជនផ្នែកសិល្បៈនៅស្រុកកំពង់សៀម។ គាត់បានធ្វើសកម្មភាពដោយយកដីខ្សាច់ លាយជាមួយទឹកអំបិល ហើយចាក់ចូលក្នុងម៉ាស៊ីនដេរចំនួន៣គ្រឿង នាំឲ្យខូចខាតទាំងស្រុង។
នៅខែមិថុនា ឆ្នាំ១៩៧៣ រំ និង ខន បានលួចដុតបំផ្លាញស្រូវចំនួន៤ហិកតា។ នៅខែកក្កដា នៅឆ្នាំ១៩៧៣ ដដែល វុធ បានចេញបញ្ជាឲ្យ រំ ចូលទៅបង្កប់ខ្លួនក្នុងក្រុមយោធានៅស្រុកកំពង់សៀម។ ពេលនោះ រំ បានភ្ជាប់ខ្សែ សេ-អ៊ី-អា ជាមួយឈ្មោះ ងួន ដែលជាអតីតប្រធានកងតូចយោធា ចំណែក ស៊ឹម គឺជាអនុកងតូចយោធានៅស្រុកកំពង់សៀមដូចគ្នា។ អ្នកទាំងបីនាក់នេះ បានសហការណ៍គ្នា និងធ្វើសកម្មភាពលួចដុតបំផ្លាញជង្រុកស្រូវឆេះអស់មួយជង្រុក។
នៅចុងឆ្នាំ១៩៧៣ អង្គភាពយោធាស្រុកកំពង់សៀម បានចុះចូលជាមួយកងយោធាតំបន់៣០។ នៅពេលនោះ រំ ត្រូវបានអង្គភាព ផ្លាស់ប្ដូរពីស្រុកកំពង់សៀមឲ្យមកនៅខេត្តកំពង់ធំវិញ។ បន្ទាប់មក វុធ ក៏បានបញ្ជូន រំ ចូលបម្រើក្នុងអង្គភាពយោធា វរតូច៤០៨។
នៅខែមិថុនា ឆ្នាំ១៩៧៤ ស្មាញ បានចាប់ផ្ដើមប្រមូលផ្ដុំសមាជិក៤នាក់ ឈ្មោះ ចាន់ , អាត, រុន និង រំ ដោយបង្ហាញអំពីការកសាងកម្លាំង សេ-អ៊ី-អា និងការបំផ្លិចបំផ្លាញផលប្រយោជន៍បដិវត្ត។ នៅខែកញ្ញា ឆ្នាំ១៩៧៤ រំ បានភ្ជាប់បណ្ដាញ សេ-អ៊ី-អា ជាមួយឈ្មោះ ព្រាប ដែលជាអតីតប្រធានវរតូច៤០៨។
នៅឆ្នាំ១៩៧៤ ដដែល ព្រាប បានណែនាំ រំ ឲ្យស្គាល់ សេ-អ៊ី-អា ម្នាក់ទៀតឈ្មោះ ស្មាញ (អតីតព្រះសង្ឃ) ជាប្រធានកងតូច វរតូច៤០៨។ ក្នុងពេលនោះ ចាន់ ជាសមាជិកក្រុមអង្គភាពធំ៣ វរតូច៤០៨។ ខណៈនោះ អាត (អតីតព្រះសង្ឃ) ជាយុវជន អង្គភាពធំ៣ វរតូច៤០៨បានធ្វើសកម្មភាពបាញ់កាំភ្លើងសំដៅទៅក្នុងកងនារី បង្ករឲ្យមានភាពវឹកវរនៅក្នុងអង្គភាព ហើយថែមទាំងបានបំផុសគំនិត ឲ្យយុវជន២នាក់លួចរត់ចាកចេញពីកងរបស់ខ្លួន។ បន្ទាប់មក ស្មាញ បានណែនាំឲ្យ រំ ស្គាល់គ្នាជាមួយកម្លាំង សេ-អ៊ី-អា ឈ្មោះ រុន ជាយុវជនអង្គភាពធំទី៣ វរតូច៤០៨។ នៅពេលនោះ រំ និង រុន បានធ្វើសកម្មភាពលួចបាញ់សម្លាប់សត្វគោរបស់ប្រជាជនងាប់អស់មួយចំនួន។
នៅឆ្នាំ១៩៧៤ ស្មាញ បានណែនាំ រំ ឲ្យស្គាល់ជាមួយ ឈ្មោះ សារី និងសាន (អតីតព្រះសង្ឃ) ជាយុវជនក្នុងអង្គភាពធំ៣ វរតូច៤០៨ដូចគ្នា។ អ្នកទាំងបីនាក់បានលួចបង្កប់គ្រាប់បែកនៅតាមដងផ្លូវ និងផុសបំផុលឲ្យយុវជននាំគ្នាលួចរត់ចោលខ្សែត្រៀម។ បន្ទាប់មក គ្រាប់បែកក៏បានផ្ទុះឡើងចំមនុស្ស៧នាក់។ ហេតុការណ៍នេះបានធ្វើឲ្យមនុស្ស២នាក់ត្រូវបានស្លាប់ និង៥នាក់ទៀតរងរបួស។ សកម្មភាពបន្ត ព្រាប បានបញ្ជូន រំ ឲ្យទៅធ្វើកងការពារនៅសាលានយោបាយ យោធា នៅភូមិភាគកណ្ដាលវិញ។ អំឡុងពេលនោះ រំ បានភ្ជាប់ខ្សែបណ្ដាញ សេ-អ៊ី-អា មួយទៀតឈ្មោះ រស់ ជាប្រធានសាលាអប់រំនៅភូមិភាគកណ្ដាល។ ឡូត ពេលនោះ (អតីតយុវជនក្នុងកងការពារ) ជាអនុក្រុម វរតូច៣២ វរធំ៣២ និងមើលការខុសត្រូវកម្មករនៅផែកំពង់សោមដូចគ្នា។ ជាមួយគ្នានេះផងដែរ សឿន ជាសមាជិកនៅមន្ទីរអប់រំ (អតីតសមាជិកស្វ័យត្រាណ) មុនពេលអង្គការត្រូវចាប់ខ្លួន សឿន បានធ្វើជាសមាជិកក្នុងអង្គភាពធំ វរតូច៣២ វរធំ៣។ គាត់បានយកគ្រាប់ស្លែងមកបុកលាយជាមួយទឹក ហើយដាក់ចូលទៅក្នុងឆ្នាំងសម្ល នាំឲ្យមានរសជាតិល្វីងធ្វើឲ្យប្រជាជនមិនអាចហូបបាន។
នៅខែវិច្ឆិកា ឆ្នាំ១៩៧៤ រំ, ឡូត និង សឿន បានប្រកាសនិងដាក់ផែនការជាថ្មី ដោយផ្សព្វផ្សាយដល់ក្រុមយុវជនទាំងអស់ឲ្យស្អប់ការសិក្សារៀនសូត្រ ហើយនាំគ្នាត្រឡប់ទៅនៅផ្ទះវិញទើបទទួលបានសេរីភាព។ ក្រោយពីការប្រជុំចប់ សឿន បានណែនាំ រំ ឲ្យធ្វើការទាក់ទងជាមួយកម្លាំង សេ-អ៊ី-អា ឈ្មោះ ថង (អតីតស្វ័យត្រាណ) ជាយុវជនកងការពារនៅសាលាអប់រំ។ ក្រុមនេះបានធ្វើសកម្មភាព យកដីខ្សាច់ លាយជាមួយអំបិលមកឲ្យប្រជាជនហូប។ ថែមទាំងបានបំផុសគំនិតដល់ប្រជាជន៧នាក់ ឲ្យឈប់ធ្វើការងារហើយត្រឡប់ទៅនៅផ្ទះវិញ។
នៅខែកុម្ភៈ ឆ្នាំ១៩៧៥ សឿន បានឲ្យ រំ ធ្វើទំនាក់ទំនងជាមួយ សេ-អ៊ី-អា ឈ្មោះ គូ (កសិករ) និង ជឿន (អតីតព្រះសង្ឃ)។ យុវជនទាំងពីរនេះបានបំពេញតួនាទីជាកងការពារ នៅសាលានយោបាយដូចគ្នា។ បន្ទាប់មក អ្នកទាំងបីរួមដៃគ្នាកាត់ផ្ដាច់ខ្សែដែលចងភ្ជាប់ជាមួយបង្អោងឈើសម្រាប់ឡើងត្នោត ពេលមានប្រជាជនឡើង នឹងត្រូវធ្លាក់ស្លាប់។ អំឡុងពេលជាមួយគ្នានោះដែរ អ្នកទាំងបីថែមទាំងលួចកាប់ជើងក្របីចំនួនមួយនឹម។ នៅខែមិថុនា ឆ្នាំ១៩៧៥ សឿន និង រំ បានជួបគ្នាជាមួយ ឡូត, ទៀង និងថា ដោយពិភាក្សាចំពោះការបំផ្លាញ គ្រឿងម៉ាស៊ីន និងបំផ្លាញចោលនូវប្រេងឥន្ធនៈ។
នៅឆ្នាំ១៩៧៥ ឈ្មោះ អូន បានណែនាំឲ្យ រំ និងសម្បត្តិ ធ្វើទំនាក់ទំនងជាមួយកម្លាំង សេ-អ៊ី-អា ឈ្មោះ សេង ជាកម្មករចាស់គ្រប់គ្រងនៅផ្នែកយាន្ដដ្ឋាន។ ពេលនោះ ភុន ជាយុវជនក្នុងកងអង្គភាពធំ៣ វរតូច៣១ ហើយបានធ្វើជាអ្នកបើកអេឡេវ៉ាទ័រនៅផែកំពង់សោម។ នៅពេលនោះ សែ ជាប្រធានកងតូច វរតូច៣២ និងវរធំ៣។ អ្នកទាំង៤នាក់បានចោះទម្លុះបាវអង្ករដែលផ្ទុកក្នុងឃ្លាំង។ នៅឆ្នាំ១៩៧៥ ឈ្មោះ អូន បានកោះហៅសមាជិកក្រុម មានឈ្មោះ ឡូត, ថា, ទៀង, សឿន, អឿន, អេង, សេង, ភី និង រំ ឲ្យមកបំផ្លាញគ្រឿងម៉ាស៊ីននៅផែកំពង់សោម ហើយរួមគ្នាការកសាងកម្លាំង សេ-អ៊ី-អា និងកាត់ផ្ដាច់ខ្សែភ្លើង។ បន្ទាប់មក អ្នកទាំងនោះបានរួមគំនិតគ្នា យកអំបិលដាក់ចូលធុងប្រេងម៉ាស៊ីនភ្លើង នៅឃ្លាំងលេខ១ ធ្វើឲ្យម៉ាស៊ីនភ្លើងមួយគ្រឿងត្រូវខូចខាតទាំងស្រុង។ ចំពោះសកម្មភាពបន្ត អឿន, អេង, សេង និងសឿន រួមផ្សំគំនិតគ្នា កាត់ផ្ដាច់ខ្សែភ្លើងនៅតាមឃ្លាំងលើ។
សកម្មភាពក្រោយថ្ងៃរំដោះឆ្នាំ១៩៧៥
នៅខែមករា ឆ្នាំ១៩៧៦ ដល់ខែឧសភា ឆ្នាំ១៩៧៦ សឿន បានណែនាំ រំ ឲ្យស្គាល់គ្នាជាមួយកម្លាំងសេ-អ៊ី-អា បន្តទៀត គឺឈ្មោះ ភី ដែលជាយុវជនអង្គភាពធំទី៣ វរតូច៣២ និង វរធំ៣។ អ្នកទាំងបីនាក់បានរួមគំនិតគ្នា ធ្វើសកម្មភាពយកអំបិលចាក់ចូលទៅក្នុងបំពង់ប្រេងម៉ាស៊ូត។ បន្ទាប់មកទៀត ឈ្មោះ អូន បានចេញបញ្ជាឲ្យ រំ, ថា និង អឿន ធ្វើសកម្មភាពដ៏អាក្រក់មួយ ដោយយកទឹកថ្នាំខ្លាំងដាក់ចូលក្នុងបង្គារ ដើម្បីបំពុលប្រជាជន ប៉ុន្តែសំណាងល្អអ្នកទាំងអស់មិនបានស្លាប់ទេ។ ក្រោយថ្ងៃរំដោះ អង្គភាពបានបញ្ជូន រំ, ឡូត និងសឿន ឲ្យមកមើលការខុសត្រូវ នៅផ្នែកដឹកជញ្ជូនយានដ្ឋាននៅក្រសួងពាណិជ្ជកម្មនៅក្រុងកំពង់សោម។ ជាមួយគ្នានេះដែរ សឿន បានណែនាំ រំ ឲ្យស្គាល់ សេ-អ៊ី-អា បន្ថែមទៀត ឈ្មោះ អូន ដែលមានតួនាទីជាប្រធានយានដ្ឋាន។
នៅខែសីហា ឆ្នាំ១៩៧៦ ឈ្មោះ អូន រំ និងសឿន ធ្វើទំនាក់ទំនងជាមួយឈ្មោះ ទៀង ជាអនុក្រុមផ្នែកយានដ្ឋានពាណិជ្ជកម្មនៅក្រុងកំពង់សោម។ ក្នុងពេលនោះ ទៀង និងថា បានបំផ្លាញម៉ាស៊ីនឡានចំនួន៣គ្រឿង និងម៉ាស៊ីនកាណូតអស់មួយគ្រឿង ដោយបានដោះយកគ្រឿងម៉ាស៊ីនទៅជ្រលក់ក្នុងទឹកសមុទ្រ ធ្វើឲ្យម៉ាស៊ីនឆាប់ខូច។ ក្រោយមក អឿន ជាអនុក្រុមផ្នែកគ្រប់គ្រងយាន្ដដ្ឋានពាណិជ្ជនៅក្រុងកំពង់សោម ត្រូវអង្គភាពបញ្ចូនមកកាន់ទីក្រុងភ្នំពេញវិញ។ ចំណែក ឈ្មោះ សម្បត្តិ ធ្វើជានីរសា (អ្នករាយការណ៍) ហើយ ឈ្មោះ អូន ត្រូវអង្គការបញ្ជូនមកទីក្រុងភ្នំពេញដូចគ្នាដែរ។ អ្នកទាំងពីរនាក់រួមគំនិតគ្នាបំផ្លាញត្រាក់ទ័រ ដោយបើកមិនបានចាក់ប្រេង ធ្វើខូចខាតចំនួនមួយគ្រឿង។ បន្ទាប់មក ក៏យកអំបិលដាក់ចូលទៅក្នុងធុងសាំង នៃម៉ាស៊ីនកាណូតនោះ។ ក្រោយមក អង្គភាពនោះត្រូវរំសាយ ហើយរួមបញ្ចូលទៅអង្គភាពនៅកំពង់ផែវិញ។ នៅពេលដែល រំ, ឡូត, សឿន, ចេក, អេង, សេង និង សែ បានចូលជា វរតូច៣២ វរធំ៣ គាត់ក៏ធ្វើជាកម្មករផ្នែកយាន្ដដ្ឋាន នៅផែកំពង់សោម។ គាត់ធ្វើការបំផ្លាញម៉ាស៊ីនឡានស្ទូច ដោយយក មី ញ៉ុង ម៉ាស៊ីនដាក់បញ្ច្រាសគ្នា នាំឲ្យខូចអស់មួយគ្រឿង។ ក្រោយមក សឿន បានទំនាក់ទំនងកម្លាំង សេ-អ៊ី-អា ឈ្មោះ លន ជាអនុក្រុមអង្គភាពធំ៣ វរតូច៣១និងវរធំ៣ ហើយធ្វើសកម្មភាព កាត់ផ្ដាច់ទុយោប្រេងម៉ាស៊ីនស្ទូច ធ្វើឲ្យខូចប្រើការលែងកើត។
នៅចុងឆ្នាំ១៩៧៦ អង្គការបានសម្រេចដក រំ, សឿន, លន និង ភុន ឲ្យមកនៅវរតូច៣១ វរធំ៣ ឲ្យមកកាន់ផ្នែកបើកបរ នៅផែកំពង់សោមវិញ។ ក្នុងពេលនោះ សឿន បានចាត់តាំង រំ ភុន និងលន ឲ្យធ្វើសកម្មភាពកាត់ផ្ដាច់ខ្សែភ្លើងនៅក្នុងមន្ទីរពេទ្យ។ នៅខែមករា ឆ្នាំ១៩៧៧ សឿន បានឲ្យ រំ, ភុន និង ឡូត ធ្វើទំនាក់ទំនងជាមួយឈ្មោះ ហេន ជាប្រធានក្រុម វរតូច៣១ និងបានធ្វើសកម្មភាពចាក់ទឹកអាស៊ីតចូលទៅក្នុងទ្រុងមាន់ ធ្វើឲ្យងាប់មាន់អស់មួយចំនួន។
នៅខែមករា ដល់ខែមេសា ឆ្នាំ១៩៧៧ សឿន បានណែនាំ រំ និងភុន ឲ្យស្គាល់ឈ្មោះ ភា ជាយុវជនអង្គភាពធំ៣ វរតូច៣១ វរធំ៣ និងម្នាក់ទៀត ឈ្មោះ រឿន (អតីតអ្នកបួស) ជាអនុក្រុមអង្គភាពធំ៣ វរៈតូច៣១ វរធំ៣។ ពេលនោះ លន, ឡូត និងឆុន បានយកប្រេងម៉ាស៊ូតលាយជាមួយអង្ករ រួចដឹកជញ្ជូនដាក់ក្នុងឃ្លាំងលេខ៤ នៅផែកំពង់សោម។ ពេលនោះ គាត់ថែមទាំងឆ្លៀតឱកាសលួចដុតឃ្លាំងប្រេង ប៉ុន្តែមិនបានសម្រេច។
នៅពាក់កណ្ដាល ឆ្នាំ១៩៧៧ សឿន បានបញ្ជូន រំ, ភុន និងភាប់ ឲ្យធ្វើទំនាក់ទំនងជាមួយកម្លាំង សេ-អ៊ី-អា ឈ្មោះ សៅ យុវជនវរតូច៤២។ ខណៈពេលនោះ សំ ជាសមាជិកក្រុម វរតូច៣១ វរធំ៣។ អ្នកទាំងនោះនាំគ្នាធ្វើសកម្មភាពយកអង់ទ្រីនលាយជាមួយចំណីមាន់ ធ្វើឲ្យមាន់បានងាប់អស់មួយចំនួន។ នៅកម្មភាពបន្ទាប់ រំ, ភុន និងឡូត បានលួចកាត់ខ្សែកាបសម្រាប់ស្ទូចសម្ភារឲ្យដាច់ចេញពីគ្នាទុកតែមួយធ្លុង ទើបមិនអាចទ្រទម្ងន់សម្ភារបាន ធ្វើឲ្យធ្លាក់ចំម៉ាស៊ីនឡាន បណ្ដាលឲ្យខូចអស់ចំនួនមួយគ្រឿង។
នៅខែសីហា ឆ្នាំ១៩៧៧ សឿន បានណែនាំឲ្យស្គាល់ជាមួយ សេ-អ៊ី-អា ឈ្មោះ ម៉េត ដែលជាប្រធានកងធំ៣ វរតូច៣១ និងវរធំ៣។ ម៉េត បានចាត់តាំង រំ, ឡូត, ភុន និង ឆុន ធ្វើទំនាក់ទំនងជាមួយឈ្មោះ ឆាយ និងសាន (អតីតព្រះសង្ឃ) ជាសមាជិកក្រុមអង្គភាពធំ៣ វរតូច៣១ វរធំ៣ដូចគ្នា។ អ្នកទាំងនេះបានធ្វើសកម្មភាព កាត់ផ្ដាច់ផ្លូវរថភ្លើង បណ្ដាលឲ្យរេចង្កូតបើកខុសផ្លូវ។ នៅខែកញ្ញា ឆ្នាំ១៩៧៧ រំ, ភន់, លន និង ឡូត បានយកប្រេងម៉ាស៊ូត លាយបញ្ជូលជាមួយសាំង ធ្វើឲ្យវាខូចខាតមិនអាចប្រើប្រាស់បាន៕[1]
មជ្ឈមណ្ឌលឯកសារខេត្តតាកែវ
ដោយ៖ ជីម សុខគា
[1] ឯកសារលេខ J00038 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «សកម្មភាពបំផ្លាញទ្រព្យសម្បត្តិដែលមានតម្លៃ ដោយឈ្មោះ សុំ សាមឿន ហៅ រំ និងបក្សពួករបស់ខ្លួន» ។ បានបង្ហាញអំពីសកម្មភាព បំផ្លិចបំផ្លាញក្នុងជួរបដិវត្តដែលទទួលផែនការពីឈ្មោះ វុធ និងភីន ជាភ្នាក់ងារ សេ-អ៊ី-អា ។