សូ មិត៖ អ្នកអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតំបន់បាក់នឹម រៀបរាប់អំពីផលវិបាកនៃការប៉ះទង្គិចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃនិងស្ថានភាពសុខភាពបច្ចុប្បន្ន

ខ្ញុំ ឈ្មោះ សូ មិត អាយុ ៥៧ឆ្នាំ (កើតក្នុងឆ្នាំ១៩៦៨)។ ខ្ញុំ មានទីកន្លែងកំណើតស្ថិតនៅ ភូមិធ្មា ឃុំ ក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ ទីកន្លែងរស់នៅបច្ចុប្បន្ន ស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ នៅក្នុងរបបខ្មែរក្រហមខ្ញុំត្រូវបំបែកចេញពីក្រុមគ្រួសារ ដោយខ្មែរក្រហមបានជម្លៀស ខ្ញុំឲ្យទៅរស់នៅក្នុងកងកុមារ។ ខ្ញុំ ត្រូវខ្មែរក្រហមឱ្យចូលរៀននៅពេលព្រឹក ប៉ុន្តែ ខ្ញុំ រៀនមិនចេះនោះទេ ដោយសារគ្រូពន្យល់មិនច្បាស់។ ពេលល្ងាចខ្មែរក្រហមឱ្យខ្ញុំទៅកាប់ស្លឹកទន្រ្ទាងខែត្រ ពេលខ្លះទៀតខ្ញុំដើររើសអាចម៍គោ។ ខ្ញុំត្រូវធ្វើការងារជាប្រចាំរៀងរាល់ថ្ងៃ គ្មានពេលសម្រាកនោះទេ។ ខ្ញុំ ធ្លាប់ឃើញកងទ័ពខ្មែរក្រហមមួយក្រុមបណ្ដើរប្រជាជន ដែលកំពុងធ្វើការនៅកងចល័តជាជួរៗចេញទៅ ប៉ុន្តែខ្ញុំមិនដឹងថាខ្មែរក្រហមនាំប្រជាជនទាំងអស់នោះទៅណាទេ ដោយគ្រាន់តែឮថាយកទៅរៀនសូត្រ ហើយបន្ទាប់ពីនោះ ខ្ញុំ មិនដែលឃើញមាននណាម្នាក់វិលត្រឡប់មកវិញទេ។
ខ្ញុំ ឃើញប្រជាជនខ្លះត្រូវខ្មែរក្រហមបង្ខំឱ្យរៀបការ ទាំងមិនធ្លាប់ដែលស្គាល់គ្នា។ ខ្ញុំលបមើលឃើញថា ប្រជាជនត្រូវបានឲ្យផ្ដាច់ជ្ញាចិត្តនៅចំពោះមុខកម្មាភិបាលខ្មែរក្រហម និងឲ្យរស់នៅជាប្ដីប្រពន្ធ។ របបអាហារក្នុងរបបខ្មែរក្រហម ខ្ញុំ គ្មានអាហារគ្រប់គ្រាន់សម្រាប់ហូបទេមានពេលខ្លះ ខ្ញុំ ហូបបបរ ហើយពេលខ្លះទៀត ខ្ញុំ ហូបបាយលាយជាមួយសម្លព្រលិត។ នៅឆ្នាំ១៩៧៩ ខ្ញុំ បានភៀសខ្លួនចេញពីភូមិទៅជាមួយប្រជាជនផ្សេងទៀត នៅតាមផ្លូវ ខ្ញុំ បានជួបម្ដាយឪពុកព្រមទាំងបងប្អូន និងបានធ្វើដំណើរបន្តជាមួយគ្នារហូតដល់ភ្នំលះបង់។ នៅតាមផ្លូវធ្វើដំណើរ ខ្ញុំ ឮសំឡេងគ្រាប់ផ្ទុះពាសពេញព្រៃ។ ខ្ញុំ បានបន្តដំណើរទៅមុនទៀត ដោយស្ថានភាពនៅតាមផ្លូវ មានចាស់ជរាធ្វើដំណើរទៅមុខមិនរួចក៏ត្រូវកូនបោះបង់ចោលនៅតាមផ្លូវ។ អំឡុងពេលធ្វើដំណើរនៅក្នុងព្រៃនោះ ខ្ញុំ ប្រទះឃើញសាកសពជាច្រើនដែលស្លាប់នៅពាសពេញព្រៃ។ ខ្ញុំ បានរស់នៅក្នុងព្រៃអស់រយៈពេលជាច្រើនខែ ដោយយប់កន្លែងណាសម្រាកនៅកន្លែងនោះ។ សង្គ្រាមចេះតែបន្តទៅមុខរហូត ខ្ញុំ ព្រមទាំងក្រុមគ្រួសារបានបន្តដំណើររហូតដល់ព្រំដែនប្រទេសថៃ។ បន្ទាប់ពីរៀបការរួច ខ្ញុំ និងស្វាមីបានផ្លាស់ប្ដូរមករស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។
ក្នុងរយៈពេលការប៉ះទង្គិចប្រដាប់អាវុធរវាងភាគីកម្ពុជា-ថៃ ចាប់ពីថ្ងៃទី២៤ដល់២៨ ខែកក្កដា ឆ្នាំ២០២៥ ទោះបីជា ខ្ញុំ មិនបានជួបផ្ទាល់ក្នុងសង្រ្គាមក៏ដោយ ក៏ ខ្ញុំ នៅតែនឹកឃើញយ៉ាងច្បាស់ពីភាពលំបាកដែលកងទ័ព និងប្រជាជនកម្ពុជាដទៃទៀតត្រូវរងទុក្ខវេទនា។ សង្គ្រាមបណ្តាលឲ្យបាត់បង់ជីវិត និងរងរបួសកងទ័ពអស់ជាច្រើននាក់។ ក្រៅពីនេះសង្គ្រាមបានបន្សល់ទុកនូវជនពិការ, កុមារកំព្រា, ស្រ្តីមេម៉ាយ, ការព្រាត់ប្រាស់ក្រុមគ្រួសារ និងជនភៀសសឹកពីសង្រ្គាមរាប់សែនគ្រួសារ។ ការទម្លាក់គ្រាប់បែកដោយយន្តហោះចម្បាំង និងការបាញ់ផ្លោងគ្រាប់បែកចង្កោម, គ្រាប់រ៉ុកកែត ពីសំណាក់កងទ័ពថៃ បានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរទៅលើប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី វត្តអារាម មណ្ឌលសុខភាព សាលារៀន ផ្លូវថ្នល់ និងលំនៅឋានប្រជាជនរាប់មិនអស់។ ការប៉ះទង្គិចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងទៅលើសេដ្ឋកិច្ច ដោយសារការបិទច្រកព្រំដែន ប្រជាជនរត់ភៀសខ្លួនមិនអាចប្រកបរបរចិញ្ចឹមជីវិតបាន នៅមានប្រជាជនកម្ពុជាប្រមាណ ៩០ម៉ឺននាក់ជាង បានបោះបង់ចោលការងារនៅប្រទេសថៃ និងបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដែលប្រឈមមុខគ្មានការងារធ្វើ។ នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត ប្រជាជនធ្លាប់ឆ្លងកាត់ទុក្ខវេទនាពីសង្រ្គាមជាច្រើនទសវត្សរ៍។ ទោះបីជាសង្គ្រាមបានបញ្ចប់រួចទៅហើយ ក៏ស្រមោលនៃជម្លោះប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា–ថៃ នៅតែបង្កការភ័យខ្លាច និងមានផលប៉ះពាល់ដល់ជីវភាពប្រជាជន។
សព្វថ្ងៃ ខ្ញុំ មានជំងឺប្រចាំកាយដូចជា ជំងឺលើសឈាម និងខ្សោយកម្លាំង។ ជាចុងក្រោយ ក្នុងនាម ខ្ញុំ ជាពលរដ្ឋកម្ពុជាម្នាក់ ខ្ញុំ សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកម្ពុជា ដែលបានព្យាយាមបញ្ចប់ការប៉ះទង្គិចអាវុធនៅតាមព្រំដែន កម្ពុជា-ថៃ រយៈពេល៥ថ្ងៃ តាមដែលអាចធ្វើទៅបាន និងសូមគោរពដឹងគុណយ៉ាងជ្រាវជ្រៅចំពោះ លោកដូណាល់ ត្រាំ ដែលបានជួយអន្តរាគមន៍ជំរុញឲ្យមានបទឈប់បាញ់ជាបន្ទាន់ ដែលនេះគឺជាការជួយសង្រ្គោះជីវិតកងទ័ព និងជនស៊ីវិលរាប់ពាន់នាក់។ ខ្ញុំ មិនចង់ឃើញសង្រ្គាមកើតនៅលើទឹកដីកម្ពុជាទៀតនោះទេ ព្រោះប្រជាជនកម្ពុជាធ្លាប់ទទួលរងនូវការលំបាកវេទនាឆ្អែតឆ្អន់មកហើយ ដោយទើបនឹងឆ្លងកាត់នូវសង្រ្គាមអស់រយៈពេលជាងបីទស្សវត្សរ៍ទម្រាំទទួលបានសន្តិភាពពេញលេញ គឺលំបាកណាស់។ ខ្ញុំ មានការរន្ធត់ក្នុងចិត្តឥតឧបមា នៅពេលឃើញរូបភាពកងទ័ពកម្ពុជារងរបួស និងពលីក្នុងសមរភូមិ ជាពិសេសទាហាន ដែលមានវ័យចំណាស់ ហើយត្រូវជួបប្រទះនឹងការធ្វើសង្រ្គាម ទទួលរងគ្រោះពីការទម្លាក់គ្រាប់បែកយ៉ាងឃោរឃៅជាថ្មីម្តងទៀត។ [1]
អត្ថបទដោយ ផាត ពន្លក
[1] សូ មិត៖ សម្ភាសន៍ផ្ទាល់មាត់«ប្រជាជនរស់នៅតំបន់បាក់នឹមស្តីពីការ ការប៉ះទង្គិចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងស្ថានភាពសុខភាពបច្ចុប្បន្ន»សម្ភាសន៍ដោយ ៖ ផាត ពន្លក នៅខែកញ្ញា ឆ្នាំ២០២៥,មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពត