សូផាន់យ៉ា៖ សកម្មភាពចូលបម្រើបដិវត្តន៍ ដើម្បីស៊ើបការណ៍បក្ខពួកខ្មែរក្រហម

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន១៤ទំព័រ ជារបស់ យិន សូផាន់យ៉ា[1] កម្មករឡាន ទឹកសាធារណការ លើកទី១។ តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ (J00២០៤) បង្ហាញអំពីសកម្មភាពឈ្មោះ សូផាន់យ៉ា ចូលបម្រើ សេ អ៊ី អា ដោយទទួលស្គាល់ពីឈ្មោះ ជា សំអុន ដែលជាខ្សែ សេ អ៊ី អា។ ការចូលមប្រើ សេ អ៊ី អានេះ សូផាន់យ៉ា និងបក្ខពួក បានធ្វើសកម្មភាព ពិនិត្យមើលខ្មែរក្រហម, ចាប់ខ្លួនបក្ខពួកដែលលួចកង់ និងម៉ូតូ របស់ប្រជាជន, ធ្វើការស្រាវជ្រាវរកមុខអ្នកដែលបោះគ្រាប់បែកចូលទៅក្នុងរោងកុន និងនៅតាមទីប្រជុំជននានា។ នៅក្នុងអត្ថបទនេះ ពុំឃើញបញ្ជាក់ពី ថ្ងៃ ខែ ឆ្នាំ ត្រូវអង្គការចាប់ខ្លួនឈ្មោះ សូផាន់យ៉ា ឡើយដោយឃើញមានចុះហត្ថលេខា ឈ្មោះសាម៉ីខ្លួន និងបានកត់ត្រា កាលរិច្ឆេទនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៧៦ ។ ខាងក្រោមនេះ ជាចម្លើយសារភាពរបស់ យិន សូផាន់យ៉ា៖
យិន សូផាន់យ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ មានស្រុកកំណើតនៅភូមិ អន្សោងខ្ចាត់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។ នៅឆ្នាំ១៩៦៦ តាមរយៈ ឈ្មោះ ញ៉េប សាមា្មរិត មានតួនាទីស្នងការនគរបាល បានបញ្ជូល សូផាន់យ៉ា ធ្វើគិញ ក្នុងក្រុមនគរបាល នៅខាងត្បូងផ្សារធំថ្មី។ ការចូលធ្វើគិញនេះ សូផាន់យ៉ា ត្រូវរៀនច្បាប់ចំនួន៦ខែ គឺរៀនពីរបៀបចាប់អ្នកលែងល្បែង និងដកហូតកាំភ្លើងគ្រប់ប្រភេទទាំងអស់។ បន្ទាប់មកត្រូវដាក់ខ្នោះដៃទាំងសងខាង ប៉ុន្តែមិនឈានដល់ការសម្លាប់ឡើយ។ មួយវិញទៀត ត្រូវរៀនពីរបៀប ចាប់ចោរ ដោយមានភស្ដុតាងបញ្ជាក់ឲ្យបានគ្រប់គ្រាន់។ លើសពីនេះ ក៏ត្រូវរៀនពីច្បាប់តុលាការ ឲ្យយល់ច្បាស់ពីរការសួរចម្លើយអ្នកទោសផងដែរ។ ចំណែកការសួរចម្លើយអ្នកដែលមានទោសធ្ងន់ត្រូវដាក់ខ្នោះដៃទាំងសងខាង ដើម្បីកាពារសុវត្ថិភាពផ្ទាល់ខ្លួន។ ការសួរចម្លើយត្រូវប្រើពាក្យសម្ដីទន់ភ្លន់។ រាល់ការសួរសំណួរ បញ្ចប់ត្រឹម រយៈពេលមួយម៉ោង។ បន្ទាប់ពី សួរចម្លើយចប់ ត្រូវបញ្ជូនអ្នកទោសទៅឃុំឃាំងខ្លួនននៅគុកធំត្រឹម រយៈពេលខ្លី ចាប់ពីកន្លះខែ ទៅដល់មួយខែកន្លះតែប៉ុណ្ណោះ។ តាមការចាត់ពីឈ្មោះ ញ៉េប សាមា្មរិត បានប្រគល់ភារកិច្ច ឲ្យសូផាន់យ៉ា ដើរចាប់អ្នកលេងល្បែងគ្រប់ប្រភេទទាំងអស់។ ជាងនេះទៅទៀត ត្រូវពិនិត្យមើលខ្មែរក្រហម និងចាប់ខ្លួនបក្ខពួកដែលបានលួចកង់,ម៉ូតូ របស់ប្រជាជន និងស្រាវជ្រាវរកមុខអ្នកដែលបោះគ្រាប់បែកចូលទៅក្នុងរោងកុន និងតាមទីប្រជុំជននានា។
នៅឆ្នាំ១៩៦៧ សូផាន់យ៉ា ត្រូវបានអង្គការផ្លាស់ឲ្យទៅធ្វើការនៅផ្សារតូច គឺទៅប្រចាំការនៅកន្លែងកាប់គោ និងកាប់ជ្រូកនៅគីឡូលេខ៦។ បន្ទាប់ពី រយៈពេល៣ខែក្រោយមក សូផាន់យ៉ា ត្រូវបានអង្គការផ្លាស់ឲ្យមកនៅកន្លែងដើមនៅផ្សារតូចវិញ ប្រគល់តួនាទីឲ្យចុះត្រួតពិនិត្យអីវ៉ាន់ នៅតាមផ្ទះជនជាតិចិន។ រយៈពេល២ខែបន្ទាប់ទៀត សូផាន់យ៉ា ត្រូវអង្គការបញ្ជូន មកធ្វើជាអ្នករត់ពន្ធនៅតាមផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស។ ដោយអ្នកទាំងនោះ ធ្វើដំណើរមកពីប្រទេសវៀតណាម និងប្រទសថៃ។ នៅឆ្នាំបន្ទាប់ ញ៉េប សាមា្មរិត បានណែនាំ សូផាន់យ៉ា ឲ្យស្គាល់ជាមួយឈ្មោះ ជា សំអុន ដែលជាខ្សែ សេ អ៊ី អា និងបានសូកប៉ាន់ឈ្មោះ ញ៉េប សាមា្មរិត ថែមទាំងប្រគល់លុយចំនួនប្រាំពាន់រៀល ដើម្បីជួយដល់ខ្លួនបានចូលបម្រើ សេ អ៊ី អា។ បន្ទាប់មក ជា សំអុន ក៏បញ្ជូល សូផាន់យ៉ា ចូលបម្រើ សេ អ៊ី អា ។ រយៈពេលមួយឆ្នាំក្រោយមក សូផាន់យ៉ា ត្រូវបានអង្គការបញ្ជូនទៅខេត្ត សៀមរាប និងខេត្តបាត់ដំបង ដើម្បីពិនិត្យមើល សភាពការណ៍ប្រែប្រួលនៅ ខេត្តទាំងពីរនោះ។
នៅចន្លោះឆ្នាំ ១៩៧២ សូផាន់យ៉ា បានធ្វើដំណើរទៅកាន់អ្នកលឿងជាច្រើនលើក ក្នុងគោលបំណងរាយការណ៍ពីសកម្មភាពការងារ នៅភូមិភាគបូព៌ា (ភូមិភាគ២០៣) ស្ថិតក្នុងខេត្តកណ្ដាល[2] ភូមិភាគនីរតី (ភូមិភាគ៤០៥) តំបន់លេខ២៥ នៅស្វាយរលំ ទៅដល់កំពង់កន្ទួត ស្ថិតក្នុងខេត្តកណ្ដាល។[3] ភូមិភាគពាយ័ព្យ (ភូមិភាគ៥៦០) ស្ថិតក្នុងខេត្តបាត់ដំបង[4] និងភូមិភាគឧត្ដរទៅដល់ខេត្តកំពង់ធំ។[5] ក្នុងបំណងតាមដានសកម្មភាពបក្ខពួករបស់ខ្មែរក្រហម និងពិនិត្យមើលសភាពការណ៍នៅតាមតំបន់រំដោះ។
នៅឆ្នាំ១៩៧៤-១៩៧៥ សូផាន់យ៉ា ក៏ត្រឡប់មករស់នៅទីក្រុងភ្នំពេញវិញ និងបានធ្វើសកម្មភាពតាមដាន និងស្រាវជ្រាវរកអ្នកដែលបានបោះគ្រាប់បែកចូលក្នុងផ្សារ,ទីប្រជុំជន និងនៅរោងកុនជាដើម។ រហូតដល់ថ្ងៃរំដោះទីក្រុងភ្នំពេញ ក៏បែក គ្នាអស់ ហើយឃើញត្រឹមតែមនុស្សចំនួន៤នាក់រួមទាំង សូផាន់យ៉ា ដែលនៅបន្តការរៀនពីការស៊ើបអង្កេត ជាពិសេស រៀនពីរបៀបតាមដានមេទាហានដែលកាន់កាប់នៅតាមបន្ទាយផងដែរ។ នៅវេលាថ្ងៃមួយ នៅខាងមុខស្ថានទូតអាមេរិ កាំងបានបង្កើតកម្មវិធីមួយ ដើម្បីគោរពដល់ ព្រះយេស៊ូ និងវរៈបុរស អាមេរិ កាំង។ បុរសជនជាតិអាមេរិ កាំងម្នាក់ឈ្មោះ ហ្សាក់ ខុលនល់ បានប្រកាសដល់អ្នកចូលរួមទាំងអស់ឲ្យស្គាល់ សូផាន់យ៉ា។ អ្នកទាំងនោះ បង្ហាញការរាប់អានតាមរយៈការចាប់ដៃ សូផាន់យ៉ា ទាំងអស់គ្នា។ តាមការចាត់តាំង ពីឈ្មោះ ហ្សាក់ ខុលនល់ បានបញ្ជូន សូផាន់យ៉ា និងចាន់ រាំង្សី ចុះទៅពិនិត្យមើលសភាពការណ៍មេទាហាននៅគ្រប់បន្ទាយទាំងអស់។ រយៈពេលបីខែក្រោយ សូផាន់យ៉ា ស៊ើបដឹងថា មេទាហានឈ្មោះ លិម សាងហៃ មានតួនាទីសក្ដិ៤ បានលួចបន្លំឈ្មោះ ទាហាន ដល់ទៅចំនួន១០០នាក់។
គម្រោងការរត់ចេញពីប្រទេសខ្មែរ ទៅរស់នៅប្រទេសថៃ
សូផាន់យ៉ា និងសមាជិកចំនួន៣នាក់បានរៀបចំ គម្រោងការទៅរស់នៅប្រទេសថៃ។ ដំបូងឡើយ ត្រូវធ្វើទំនាក់ទំនងជាមួយឈ្មោះ ពៅ វ៉ា និងភីន ដែលជាអ្នកបម្រើការងារតាមយន្ដហោះ ឲ្យត្រៀមរៀបចំយន្ដហោះមួយគ្រឿង ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសសៀម។ គោលបំណង ដើម្បីធ្វើទំនាក់ទំនងជាមួយអាមេរិ កាំង និងសុំចុះចូលបម្រើ សេ អ៊ី អា។ ជាពិសេស គឺចង់ឲ្យអាមេរិ កាំងជួយផ្ដល់ជាកងទ័ព, អាវុធ និងសម្ភារផ្សេងៗជាដើម។ លុះពេល ទៅដល់ប្រទេសថៃ មានការចាំទទួលស្វាគមន៍ពីមនុស្សចំនួន៣នាក់ឈ្មោះ ឡុង ទឹម ទាហានអ៊ឹនតាំ ពាក់សក្ដិ៤កន្លះ, នេត យី មានសក្ដិ៤ និងគិម សុភន មានសក្ដិ៣។ ពួកគេ ក៏បានណែនាំ សូផាន់យ៉ា រួមទាំងបក្ខពួក ទៅជួបជាមួយទូតអាមេរិ កាំង ដើម្បីពិភាក្សាពីការសុំជំនួយកងទ័ព និងអាវុធ ដែល បានពិភាក្សាក្រុមខាងដើមនោះ។
អត្ថបទដោយ ជីម សុខគា
[1] ឯកសារ J00២០៤ តម្កល់នៅបណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «សូផាន់យ៉ា៖ សកម្មភាពចូលបម្រើបដិវត្តន៍ ដើម្បីស៊ើបការណ៍បក្ខពួកខ្មែរក្រហម » ។ បានបង្ហាញអំពីសកម្មភាព ឈ្មោះ សូផាន់យ៉ា ចូលបម្រើក្នុងជួរបដិវត្តន៍ ដោយទទួលស្គាល់ពីឈ្មោះ ជា សំអុន ដែលជាខ្សែ សេ អ៊ី អា។
[2]ផេង ពង្សរ៉ាស៊ី និង អ្នកផ្សេងទៀត, សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ (ភ្នំពេញ ២០២០), ទំព័រទី៣៣។
[3] ផេង ពង្សរ៉ាស៊ី និង អ្នកផ្សេងទៀត, សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ (ភ្នំពេញ ២០២០), ទំពរ៣៤។
[4] ដូចគ្នា
[5] ដូចគ្នា