ខ្ញុំខំធ្វើការទើបមានជីវិតរស់ពីរបបខ្មែរក្រហម
(ស្វាយរៀង)៖ ការរួចជីវិតពីរបបខ្មែរក្រហមជារឿងអស្ចារ្យមួយសម្រាប់អ្នករស់រានមានជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ហ៊េល សុភាព បានថ្លែងថាគាត់មានជីវិតរស់ដោយសារតែគាត់បានខិតខំធ្វើការទំាងយប់ទាំងថ្ងៃដោយមិនហ៊ានប្រកែកតវ៉ាជាមួយឈ្លបខ្មែរក្រហម។
សុភាព កើតនៅថ្ងៃទី២០ ខែមករា ឆ្នាំ១៩៥៥ នៅភូមិគោល ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ បច្ចុប្បន្នគាត់រស់នៅភូមិឃុំខាងលើ។ សុភាព មានឪពុកឈ្មោះ ហ៊េល ចុន និងម្តាយឈ្មោះ ពៅ និងមានបងប្អូនចំនួន៧នាក់ “ស្រី៦នាក់ ប្រុស១នាក់” គាត់ជាកូនទី៣ក្នុងគ្រួសារ។ សព្វថ្ងៃ សុភាព រស់នៅដោយសារការផ្គត់ផ្គង់ពីកូន និងក្មួយ។
កាលពីកុមាររភាព សុភាព រៀនបានត្រឹមថ្នាក់បឋមសិក្សា ដោយសារតែជីវភាពខ្វះខាត និងប្រទេសជាតិមានសង្គ្រាម និងការទម្លាក់គ្រាប់បែក។
នៅខែមីនា ឆ្នាំ១៩៧០ សុភាព បានដឹងថាមានរដ្ឋប្រហារទម្លាក់សម្តេច ព្រះបាទ នរោត្តមសីហនុ ពីសំណាក់ លន់ នល់ ទើបបណ្តាលឲ្យប្រទេសជាតិមានសង្គ្រាមស៊ីវិលផ្ទៃក្នុងប្រទេស និងមានការច្បាំងគ្នារវាងខ្មែរ និងខ្មែរ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាចដោយបានផ្តួលរំលំរបប លន់ នល់។ សុភាព បានឃើញការផ្លាស់ប្តូរទាំងស្រុងនៅក្នុងភូមិគោល ពីការរស់នៅលក្ខណឯកជនតាមផ្ទះប្តូរទៅជាការរស់នៅ, ធ្វើការ, និងការហូបចុករួមក្នុងសហករណ៍។ ទ្រព្យសម្បត្តិឯកជនរបស់ប្រជាជនត្រូវបានអង្គការខ្មែរក្រហមប្រមូលទុកដាក់ជាទ្រព្យសម្បត្តិសមូហភាព។ ជាហេតុនាំឲ្យប្រជាជនដែលមិនព្រមធ្វើតាមបញ្ជាខ្មែរក្រហម កងឈ្លបបានបាញ់សម្លាប់ប្រជាជន។
ក្នុងពេលនោះ សុភាព មានអាយុប្រហែល ១៤ឆ្នាំត្រូវបានខ្មែរក្រហមបង្ខំឲ្យទៅរស់នៅ និងធ្វើការនៅក្នុងកងចល័តនារីឃុំ។ ការងាររបស់ សុភាព រួមមាន៖ ជីកប្រឡាយ, រែកដី, លើកភ្លឺស្រែ, បុកស្រូវ, រែកលាមកមនុស្ស, ស្ទូងស្រូវ និងច្រូតស្រូវ។ គាត់ត្រូវធ្វើការងារពីព្រឹកព្រលឹមរហូតដល់ល្ងាច និងមានថ្ងៃខ្លះត្រូវធ្វើនៅពេលយប់ ជាពិសេសរដូវច្រូតកាត់។ ក្នុងរបបខ្មែរក្រហម សុភាព ធ្លាប់ដួលសន្លប់នៅកណ្តាលវាលស្រែអំឡុងពេលច្រូតស្រូវ។ គាត់ត្រូវបានឈ្លបខ្មែរក្រហមនាំយកទៅសម្រាកពេទ្យចំនួន៣ថ្ងៃ។ នៅក្នុងពេទ្យ សុភាព ទទួលបានថ្នាំមូលៗរាងដូចអាចម៍ទន្សាយសម្រាប់ព្យាបាល។
បន្ទាប់ពីជាសះស្បើយពីជំងឺ សុភាព ត្រូវបានផ្លាស់ប្តូរឲ្យទៅធ្វើជាកងចល័តឆ្ងាយពីកន្លែងស្នាក់នៅ។ ចំណែកការហូបចុកវិញមួយថ្ងៃ សុភាព ទទួលបានរបបអាហារពីរពេល ព្រឹក និងល្ងាច។ អាហារមានតែបបររាវៗ ហូបជាមួយសម្លត្រកួន និងដើមចេក គ្មានរស់ជាតិ។
ក្នុងរបប ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ សុភាព បានបាត់បង់បងប្រុសម្នាក់ដោយសារខ្មែរក្រហមនាំយកទៅសម្លាប់ដោយសារតែគាត់ជាទាហាន លន់ នល់។
សុភាព បានថ្លែងថាគាត់មានជីវិតរស់ផុតពីរបបខ្មែរក្រហមដោយសារតែគាត់ខិតខំធ្វើការជូនអង្គការ ដោយមិនហ៊ានរអ៊ូរទាំឡើយ។
ក្នុងរបបខ្មែរក្រហម សុភាព ធ្លាប់ឃើញឈ្លបខ្មែរក្រហមរំលោភក្មេងស្រីអាយុ១៦ឆ្នាំ និងបានសម្លាប់ក្មេងស្រីនោះនឹងគល់ឫស្សី។ គាត់ក៏បានឃើញកងឈ្លបខ្មែរក្រហមធ្វើទារុណកម្ម និងសម្លាប់ប្រជាជនយ៉ាងសាហាវព្រៃផ្សៃដោយប្រើប្រាស់ឧបករណ៍ដូចជាពូថៅ និងគល់ឫស្សី រួចរុញទម្លាក់ប្រជាជននោះទៅក្នុងរណ្តៅដែលខ្មែរក្រហមជីកបម្រុងទុកជាស្រេច។ សុភាព ធ្លាប់ឃើញកងឈ្លបប្រើប្រជាជនឲ្យវាយបំផ្លាញវត្តអារាម ព្រះវិហារ និងព្រះពុទ្ធបដិមាករទម្លាក់ក្នុងទឹកស្រះ ព្រមទាំងបានបង្ខំផ្សឹកព្រះសង្ឃទៀតផង។
នៅដើមឆ្នាំ១៩៧៩ នៅពេលកងទ័ពរំដោះវៀតណាមបានចូលមកផ្តួលរំលំរបបខ្មែរក្រហម សុភាព បានត្រលប់ពីសហករណ៍ និងបានមករស់នៅស្រុកកំណើតជួបជុំបងប្អូនរហូតដល់សព្វថ្ងៃ។
ចំពោះបញ្ហាសុខភាព សុភាព មានជំងឺរលាកសន្លាក់ លើសសម្ពាធឈាម និងលើសជាតិអាស៊ីត។
សម្ភាសន៍ដោយ ម៉ន ម៉ារីណា ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥