បដិសេធការរៀបការ២ដងក្នុងរបបខ្មែរក្រហម

ស​ អៀប រស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

(ខេត្តព្រៃវែង) ស​ អៀប អាយុ៨០ឆ្នាំ និងមានស្រុកកំណើត នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ អៀប មិនមានស្វាមី និងកូនទេ។ បច្ចុប្បន្ន គាត់​រស់នៅភូមិឃុំខាងលើ ដោយទទួលបានការផ្គត់ផ្គង់ពីក្មួយ។

អៀប មានប្រសាសន៍ថា នៅអំឡុងឆ្នាំ១៩៧០ គ្រួសារគាត់អាចរស់នៅជួបជុំគ្នានៅស្រុកកំណើត។ ក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នំា១៩៧០ ប្រទេសជាតិជួប​ប្រទះភាពជ្រួល​ច្របល់ ដោយសារតែមានទាហាន លន់ នល់ និងកងកម្លាំងតស៊ូខ្មែរក្រហមមករស់នៅ និងតែងតែធ្វើសង្រ្គាមនៅក្នុងភូមិ។ នៅក្នុងភូមិពាយនាយ មានការទម្លាក់គ្រាប់បែករបស់យន្តហោះសហរដ្ឋអាមេរិកជាញឹកញាប់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ, ផ្ទះសម្បែង, សម្ភារ និងសម្លាប់ជីវិតមនុស្ស សត្វ​។ ក្នុងរបបខ្មែរក្រហម នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានប្រមូលសម្ភារ, ទ្រព្យសម្បត្តិ និងសត្វពាហនៈរបស់ អៀប និងប្រជាជនក្នុងភូមិយកដាក់ជារបស់​រួមក្នុងសហករណ៍។ ទ្រព្យសម្បត្តិគ្រួសារបស់ អៀប រួមមាន គោ៨ក្បាល និងរទេះមួយ ត្រូវបានខ្មែរក្រហមរឹបអូស ហើយគាត់បានលាក់ទុកគ្រឿងអលង្ការមួយចំនួនជាប់នឹងខ្លួន។ អៀប ត្រូវកងឈ្លបខ្មែរក្រហមប្រើឲ្យជីក, រែកដី និងធ្វើស្រែ ក្នុងកងចល័តនារីភូមិពាយនាយ។ ចំណែកម្តាយ និងបងរបស់ អៀប ត្រូវបានខ្មែរក្រហមជម្លៀសទៅនៅភូមិកោះកុក ស្រុកពាមជរ។ ម្តាយរបស់ អៀប ត្រូវកងឈ្លបខ្មែរក្រហមប្រើឲ្យធ្វើការស្រាលក្នុងសហករណ៍ ព្រោះគាត់មានអាយុច្រើន ហើយបងរបស់គាត់ទៅធ្វើការក្នុងកងចល័តផ្សេង។

នៅឆ្នាំ១៩៧៦ អៀប ត្រូវបានជម្លៀសទៅស្រុកពាមជរ។ នៅទីនោះ អៀប ត្រូវជីកទំនប់ពោធិ៍បូរី នៅក្នុងកងចល័តនារី តាំងពីព្រលឹម រហូតដល់ព្រលប់ ដោយសម្រាកបានតែពេលថ្ងៃ១ ទៅ ២ម៉ោង។ របបអាហារអង្គការចែកដល់ប្រជាជន មានត្រឹមស្រូវម្នាក់២ខាំក្នុង១ថ្ងៃ។ ស្រូវបានត្រឹមយកមកបុកសម្រាប់ដាំបបរចែកគ្នាហូបក្នុងក្រុមពេលថ្ងៃត្រង់ និងពេលល្ងាច។ នៅទំនប់ពោធិ៍បូរី អង្គការបានបង្ខំ អៀប ឲ្យរៀបការ ប៉ុន្តែគាត់បានបដិសេធ។ ក្រោយមកអង្គការក៏ជម្លៀស អៀប ឲ្យទៅលើកប្រព័ន្ធភ្លឺស្រែនៅភូមិកោះកុកវិញ។ នៅទីនោះ គាត់បានជួបជាមួយម្តាយ, បង និងក្មួយ ដែលធ្វើជាប្រធានឡូនេសាទ។ ការងាររបស់ អៀប នៅកោះកុក រួមមាន ដាំបាយឲ្យកងចល័ត និងអ្នកធ្វើការនៅឡូនេសាទ។ នៅទីនេះ របបអាហារមិនសូវខ្វះខាតខ្លាំងដូចនៅទំនប់ពោធិ៍បូរីទេ  ម្យ៉ាងទៀតនៅកោះកុក សម្បូរត្រីអាចយកទៅធ្វើផ្អក, ប្រហុក និងហាលងៀត សម្រាប់ទុកហូបបាន ប៉ុន្តែត្រូវហូបរួមគ្នាក្នុងសហករណ៍រោងបាយ​។ នៅកោះកុក អង្គការបានបង្ខំ អៀប ឲ្យរៀបការម្ដងទៀតជាមួយបុរសពោះម៉ាយមានកូន៣នាក់ឈ្មោះ ហន។ អៀប នៅតែបដិសេធម្ដងទៀតដោយនិយាយថា «ទោះបីស្លាប់ក៏ខ្ញុំមិនយកដែរ»។ ឈ្មោះ ឡេង ជាគណៈឃុំបានមកបញ្ចុះបញ្ចូល អៀប ឲ្យព្រមរៀបការជាមួយ ហន។ ឡេង បានលើកហេតុផលថា «បើអត់ពីម្ដាយទៅមានតែគ្រួសារទេ ដែលនៅជាមួយ»។ អៀប នៅតែបដិសេធ និងនិយាយដដែលថា «មិនយកសុខចិត្តស្លាប់»។ ជាសំណាងល្អ គណៈឃុំឈ្មោះ ឡេង មិនសម្លាប់ អៀប គ្រាន់តែឲ្យចល័តទៅឆ្ងាយ និងធ្វើការងារធ្ងន់ៗជាងមុន។

អៀប ត្រូវបញ្ជូនទៅទូល និងស្ទូងស្រូវ នៅទួលតាភី ស្ថិតក្នុងភូមិក្រសាំង ដោយគ្មានពេលសម្រាក។ នៅទួលតាភី អៀប បានឮ​សម្រែកជនរងគ្រោះក្មេង, ចាស់, ប្រុសស្រី ដែលត្រូវខ្មែរក្រហមយកទៅសម្លាប់។ នៅស្រុកពាមជរ អៀប បានស្គាល់ឈ្មោះតាលន់, បងកាន និង តាសាយ ជាអ្នកគ្រប់គ្រង។ អៀប និយាយថា ការងារនៅទួលតាភីលំបាកខ្លំាង និងគួរឲ្យភ័យខ្លាច។ គាត់នៅតែមានអារម្មណ៍ក្ដុកក្ដួលអាណិតដល់ជនរងគ្រោះដែលបានស្លាប់។ ជាងនេះទៅទៀត ពេលរបបខ្មែរក្រហមជិតដួលរលំ មានមនុស្សកាន់តែច្រើនត្រូវបានសម្លាប់នៅទួលតាភី។

ក្រោយពីរបបខ្មែរក្រហមដួលរលំ អៀប, ម្តាយ និងបងប្អូន បានត្រលប់មករស់នៅភូមិពាយនាយវិញរហូតដល់សព្វថ្ងៃ។ បច្ចុប្បន្ន ទោះបី​ជាមានអាយុច្រើន អៀប គ្មានជំងឺប្រចាំកាយនោះទេ។ គាត់គ្រាន់តែឈឺធ្មេញ និងឈឺក្បាលបន្តិចបន្តួច ព្រោះកាលពីរបបខ្មែរក្រហមគាត់ធ្លាប់ទូលស្រូវធ្ងន់ៗ៕

សម្ភាសន៍ដោយ ជួន រក្សា ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin