សុះ ម៉ាត់លី៖ ខ្ញុំធ្វើការរាល់ថ្ងៃនេះ ខ្លាចជាងគេ ខ្លាចតែគេហៅឱ្យទៅរៀនសូត្រ

ឯកសារ D៥៥៩២៥ តម្កល់ទុកនៅមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «បទសម្ភាសជាមួយ សុះ ម៉ាត់លី ភេទប្រុស អាយុ៦០ឆ្នាំ ជាជនជាតិខ្មែរអ៊ីស្លាម រស់នៅភូមិខ្មែរអ៊ីស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង

ខ្ញុំឈ្មោះ សុះ ម៉ាត់លី[1] ភេទប្រុស អាយុ៦០ឆ្នាំ ក្នុងឆ្នាំ២០០៥។ ខ្ញុំជាជនជាតិខ្មែរអ៊ីស្លាម រស់នៅភូមិខ្មែរអ៊ីស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ កាលនៅពីតូច ខ្ញុំបានចូលសិក្សារៀនសូត្រត្រឹមថ្នាក់ទី១០។ បន្ទាប់ពីខ្ញុំចេញពីរៀន ខ្ញុំតែងតែជួយឪពុកម្តាយខ្ញុំ នេសាទត្រី។ ខ្ញុំបានរៀបការនៅក្នុងសម័យសង្គមរាស្ត្រនិយម។ រហូតមកដល់របបកម្ពុជាប្រជាធិបតេយ្យ ខ្ញុំទទួលបានកូនប្រុសស្រីចំនួន៣នាក់ ប៉ុន្តែស្លាប់អស់១នាក់ ដោយសារហូបអាហារមិនគ្រប់គ្រាន់ និងមានជំងឺ (រាក) គ្មានថ្នាំព្យាបាល។

នៅឆ្នាំ១៩៧០ ក្រោយរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ខ្ញុំបានចូលព្រៃម៉ាគី តស៊ូជាមួយក្រុមខ្មែររំដោះ តាមការអំពាវនាវរបស់សម្តេចព្រះនរោត្តម សីហនុ ឱ្យតស៊ូប្រយុទ្ធប្រឆាំងនឹងរបប លន់ នល់ រហូតដល់ឆ្នាំ១៩៧៤ ទើបខ្ញុំឈប់ ហើយបានវិលត្រឡប់មករស់នៅជួបជុំជាមួយក្រុមគ្រួសារវិញ​។

នៅឆ្នាំ១៩៧៥ ក្រុមខ្មែររំដោះ(ខ្មែរក្រហម) បានទទួលជម្នះទាំងស្រុងលើរបបសាធារណរដ្ឋខ្មែរ។ ខ្មែរក្រហម បានលុបបំបាត់សាសនាប្រពៃណី ទំនៀមទម្លាប់ និង ក្រោយមកខ្មែរក្រហមបានប្រមែលប្រមូលសម្បត្តិរបស់ប្រជាជនយកមកដាក់ប្រើប្រាស់រួម ព្រមទាំងឱ្យប្រជាជន ហូបរួម និង ធ្វើការរួម។ ចាប់តាំងពីពេលនោះមក ខ្មែរក្រហម បានប្រើប្រជាជនឱ្យធ្វើការងារទាំងយប់ទាំងថ្ងៃ​ ក្នុងគោលបំណងសម្រេចបានទិន្នផលស្រូវចំនួន៣តោន ក្នុង១ហិកតា។ ដូច្នេះ ខ្មែរក្រហម បានហាត់ពត់លត់ដំប្រជាជនជារៀងរាល់ថ្ងៃ ជាពិសេសមុនពេលហូបបាយ ខ្មែរក្រហមតែងហៅប្រជាជនទាំងអស់មកប្រជុំ អំពីផែនការការងារ និង ឱ្យប្រជាជនប្តេជ្ដើម្បីសម្រេចឱ្យបានតាមផែនការ។

ចំណែកឯបញ្ហាហូបចុកវិញ បើប្រជាជនខ្មែរហូបអ្វី នោះប្រជាជនចាម ក៏ត្រូវហូបដូចគ្នា។ ក្រៅពីសាច់ត្រី ជួនកាលមានសម្លខ្លាញ់ជ្រូក, ជួនកាលមានសាច់ឆ្មា, ឬជួនកាលមានសាច់ពស់ជាដើម ហើយបើនរណាមិនហូប គឺមានតែអត់ ឬអាចហូបបាយទទេ លាយជាមួយអំបិល។ ជាសំណាងល្អ ដូចមានព្រះអាឡោះជួយតាមថែរក្សា។ កាលនោះខ្ញុំ នៅខាងនេសាទ ដូច្នេះខ្ញុំមានត្រីសម្រាប់ហូបគ្រប់គ្រាន់ ហើយខ្ញុំក៏អាចយកបាយមកហូបនៅផ្ទះបានដែរ។

នៅឆ្នាំ១៩៧៧ ដល់ ឆ្នាំ១៩៧៨ សភាពការណ៍នៅក្នុងភូមិកាន់តែតឹងតែង អង្គការចាប់ផ្តើមធ្វើបន្សុទ្ធកម្មដោយមូលហេតុ កាលពីឆ្នាំ ១៩៧៥ ដល់ ឆ្នាំ ១៩៧៨ កម្មាភិបាលនៅភូមិភាគបូព៌ា ជាពិសេសប្រធានភូមិភាគបូព៌ាឈ្មោះសោ ភឹម ត្រូវបានចោទប្រកាន់ថាធ្វើរដ្ឋប្រហារបក្ស។អង្គការបានចាត់តាំងឱ្យអ្នកនៅខាងភូមិភាគនិរតីចូលមកគ្រប់គ្រង ហើយធ្វើការជម្លៀសប្រជាជន និងបានសម្លាប់កម្មាភិបាល នៅក្នុងតំបន់ភូមិភាគបូព៌ាស្ទើរតែទាំងអស់[2]

នៅអំឡុងចុងឆ្នាំ១៩៧៨ ទឹកទន្លេបានហក់ឡើងខ្លាំង សាកសពមនុស្សដែលខ្មែរក្រហមបានសម្លាប់ក៏អណ្តែតមកតាមទឹកជាច្រើន។ មូលហេតុដែលអណ្តែតមកតាមទឹកដូច្នេះគឺដោយសារតែ បន្ទាប់ពីខ្មែរក្រហម បានវាយសម្លាប់មនុស្សហើយ ខ្មែរក្រហមបានកប់សាកសពមិនជិតបណ្តាលឱ្យសាកសពទាំងអស់ផុសឡើង អណ្តែតមកតាមទឹក[3]។ កាលនោះផ្អើលប្រជាជនពេញទាំងភូមិ ហើយនរណាក៏បានឃើញដែរ ប៉ុន្តែខ្មែរក្រហម បាននិយាយថា បើនរណាឃើញយ៉ាងម៉េចត្រូវតែនៅឱ្យស្ងៀម។ បើសិនជានរណានិយាយច្រើន ឬដឹងរឿងច្រើន អង្គការមិនទុកទេ។ មួយវិញទៀត បើឮដល់គណៈស្រុក នោះគណៈស្រុកនឹងហៅទៅប្រជុំភ្លាម។ គណៈស្រុកនិយាយថា សាកសពដែលស្លាប់នោះ មិនមែនជាខ្មោចដែលអង្គការវាយសម្លាប់ទេ គឺជាខ្មោចអ្នកលិចកាណូតនៅខាងព្រៃវែង ដូច្នេះហើយទើបវាអណ្តែត​មក ប៉ុន្តែធាតុពិតយើងបានដឹងហើយថាមិនមែនជាខ្មោចដែលលិចកាណូតនោះទេ។ យើងមិនដែលឃើញខ្មែរក្រហម សម្លាប់មនុស្សផ្ទាល់ភ្នែក ប៉ុន្តែយើងធ្លាប់ដឹងថា ឱ្យតែថ្នាក់លើហៅឱ្យទៅរៀនសូត្រហើយ នោះមិនបានវិលត្រឡប់មកផ្ទះវិញទេ គឺបាត់ខ្លួនរហូត។ ខ្ញុំធ្វើការរាល់ថ្ងៃ ខ្លាចជាងគេ ខ្លាចតែគេហៅឱ្យទៅរៀនសូត្រ។ ជាការពិត អង្គការ មិនមែនស្អប់ជនជាតិខ្មែរ ឬជនជាតិចាមទេ ប៉ុន្តែឱ្យតែបុគ្គលនោះបានធ្វើខុស ឬមានបំណងក្បត់នឹងអង្គការ នោះអង្គការនឹងយកទៅរៀនសូត្រ។ ខ្មែរក្រហម មិនលើកលែងសូម្បីតែឪពុកម្តាយខ្លួន។ កាលណាដែលឪពុកម្តាយមិនគោរពតាមអង្គការ គឺជាខ្មាំង ហើយកូននោះសម្លាប់ខ្មាំង មិនមែនសម្លាប់ឪពុកម្តាយទេ។

នៅឆ្នាំចុងឆ្នាំ១៩៧៨ អង្គការបានជម្លៀសប្រជាជនភូមិភាគបូព៌ាទៅកាន់ខេត្តពោធិ៍សាត់ និងចោទប្រជាជនភូមិភាគបូព៌ាថាជាក្បាលយួនខ្លួនខ្មែរ។ កាលនោះ ខ្ញុំត្រូវបានជម្លៀសទៅកាន់ភូមិខ្លាក្រពើ ឃុំអន្លងត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ បទបញ្ជារបស់អង្គការ បានឱ្យខ្ញុំទៅកាប់ព្រៃឈើ ១ថ្ងៃឱ្យបានចំនួន ៣០ ទៅ៤០ដើម។ បើសិនជាខ្ញុំ កាប់មិនបានទេ ខ្មែរក្រហមនិយាយថា មិនរួចថ្លៃបាយទេ។ ប៉ុន្តែក៏មានអ្នកមូលដ្ឋានធ្វើការជាមួយគ្នាឈ្មោះ អាយុត និង អាឡុង ប្រាប់ថា «ឯងទៅកាប់ព្រៃតាមសំណូមពរអង្គការធ្វើអ្វី មនុស្សស្លាប់អស់ហើយមិនរស់ទេ ដូច្នេះឯងសម្រាកខ្លះទៅ ប៉ុន្តែធ្វើយ៉ាងណាកុំនៅទទេ យកដងពូថៅមកគោះឈើ ឱ្យឮៗទៅ ឬរកឈើណាពុកៗកាប់ទៅ ខ្មែរក្រហមមិនដើរមកមើលយើងទេ ហើយ បើគេមកមើលម្តងៗ យើងត្រូវធ្វើសកម្មភាពខ្លះៗ កុំធ្វើចុងដៃ ចុងជើង ធ្វើយ៉ាងណាកុំឱ្យទាស់ចិត្តគេ»។ បើនិយាយពីការហូបចុកវិញ នៅខេត្តពោធិ៍សាត់នេះ គឺហូបមិនគ្រប់គ្រាន់ទេ ប៉ុន្តែពេលចូលទៅកាប់ព្រៃឈើ ខ្ញុំឃើញមានសម្បូរផ្លែឈើច្រើន ហើយខ្ញុំហូបផ្លែឈើទាំងនោះមានដូចជាកន្ទួតព្រៃ ផ្លែពោធិ៍ ផ្លែក្រូច ឬផ្លែអ្វីក៏ដោយឱ្យតែហូបទៅមិនពុល គឺខ្ញុំហូបទាំងអស់ សូម្បីតែស្លឹកឈើ ក៏ខ្ញុំហូបដឹងរស់ជាតិអស់ហើយដែរ។ ចំណែកឯនៅពេលយប់ មានឈ្លបឬប្រធានក្រុមមកដើរយាមយើង ប៉ុន្តែមិនឱ្យយើងដឹងទេ។ ជួនកាលយើងងើបបត់ជើងតូច គេសួរយើងថាជានរណា? ឬទៅណា? ប៉ុន្តែសភាពការណ៍នេះ គេគិតថាយើងចង់រត់។

នៅដើមឆ្នាំ១៩៧៩ ខ្ញុំបានដឹងតាមអ្នកលួចស្តាប់តាមវិទ្យុថា កងទ័ពរណសិរ្យ សាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានចូលមករំដោះទឹកដីកម្ពុជា[4] និង ជិតចូលមកដល់ខេត្តពោធិ៍សាត់ហើយ។ ទោះបីជាយ៉ាងណា ខ្ញុំនៅតែខំប្រឹងធ្វើការ។ បើខ្មែរក្រហមប្រើឱ្យលើកដី គឺត្រូវទៅលើកភ្លាមកុំបាច់ប្រកែក។ ប៉ុន្តែបើសិនជាប្រកែក ហើយអាងថាជិតបែកហើយនោះ យើងច្បាស់ជាមានរឿងអាក្រក់មិនខាន។ នៅពេល កងទ័ពវៀតណាម បានចូលមកដល់ ខ្មែរក្រហមបានកៀរប្រជាជនជាច្រើននាក់យកទៅជាមួយ ដោយប្រាប់ថា កុំនៅទីនេះទៀត ព្រោះខ្លាចវៀតណាម ចូលមកអារ-កនឹងធាងត្នោត ប៉ុន្តែជាក់ស្តែងនៅពេលវៀតណាមបានចូលមកដល់ វៀតណាមមិនបានធ្វើបែបនេះទេ។ ប្រជាជនខ្លះបានរត់ទៅតាមខ្មែរក្រហមអស់រយៈពេលជិត១ឆ្នាំ ទើបអាចរត់ចេញមកវិញបាន។ ចំណែកឯប្រជាជនខ្លះទៀត មិនបានទៅជាមួយខ្មែរក្រហម ក៏ត្រឡប់មកវិញ។ សម្រាប់ខ្ញុំ ពេលនោះខ្ញុំមិនមានគំនិតចង់ទៅជាមួយខ្មែរក្រហមទេ។  ខ្ញុំបានចេញពីភូមិខ្លាក្រពើ ប៉ុន្តែខ្ញុំបានមកនៅខេត្តពោធិ៍សាត់រហូតដល់បុណ្យចូលឆ្នាំខ្មែររួច​ ទើបខ្ញុំត្រឡប់មកកាន់ស្រុកកំណើតជួបជាមួយប្រពន្ធកូនខ្ញុំវិញ។ សូមបញ្ជាក់ថា អំឡុងពេលជម្លៀសទៅខេត្តពោធិ៍សាត់ ប្រពន្ធរបស់ខ្ញុំក៏ត្រូវបានជម្លៀសទៅដែរ ប៉ុន្តែយើងទៅផ្លូវផ្សេងគ្នា ហើយប្រពន្ធរបស់ខ្ញុំ បានវិលមកស្រុកកំណើតមុនខ្ញុំ។

ក្រោយរបបខ្មែរក្រហមដួលរលំ ខ្ញុំធ្លាប់បាននិយាយរឿងរ៉ាវប្រាប់កូនចៅរបស់ខ្ញុំ ប៉ុន្តែកូនចៅរបស់ខ្ញុំមិនទាន់ជឿទេ រហូតដល់រដូវចូលឆ្នាំខ្មែរ រដ្ឋាភិបាល បានយករឿងខ្មែរក្រហម មកចាក់បញ្ចាំង ទើបកូនចៅខ្ញុំភ្ញាក់រឭក ហើយបានសួរខ្ញុំថា «តើនេះជាការពិត និងដូចអ្វីដែលគេបានសម្តែងនេះមែនឬទេ?» ខ្ញុំនិយាយថា វាហួសនេះទៅទៀត។

អត្ថបទដោយ ថុន ស្រីពេជ្រ


[1] ឯកសារ D៥៥៩២៥ តម្កល់ទុកនៅមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «បទសម្ភាសជាមួយ សុះ ម៉ាត់លី ភេទប្រុស អាយុ៦០ឆ្នាំ ជាជនជាតិខ្មែរអ៊ីស្លាម រស់នៅភូមិខ្មែរអ៊ីស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០០៥», ចំនួន៣១ទំព័រ។ សម្ភាសដោយ សា ហ្វាទីលី។

[2] ឯកសារ D41698 តម្កល់ទុកនៅក្នុងបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង«ដូង ត្រេង ហៅ ហ៊ាន៖ លេខាស្រុកមេសាង តំបន់២០ ភូមិភាគបូព៌ា»។ នៅក្នុងឯកសារនេះបាននិយាយពីប្រធានតំបន់ភូមិភាគបូព៌ា និង បក្ខពួក បានធ្វើរដ្ឋប្រហារបក្សជាច្រើនលើកច្រើនសារ ប៉ុន្តែត្រូវបរាជ័យ ដោយអង្គការបានដឹងមុន ហើយកម្មាភិបាលជាច្រើននៅក្រោមបង្គាប់ សោភឹម ត្រូវអង្គការចាប់យកទៅសួរចម្លើយនៅមន្ទីរស២១ និង សម្លាប់។

[3] ឯកសារ D៤១៣៦៥ តម្កល់ទុកនៅក្នុងមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង«លី យ៉ាស់ ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៥»។ សម្ភាសដោយ ហ៊ាង សុគុណ ជានិស្សិតស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកម្ពុជា។ នៅក្នុងបទសម្ភាស បាននិយាយពីការសម្លាប់មនុស្សនៅចុងឆ្នាំ១៩៧៨ ដោយពេលនោះ មានទឹកឡើងខ្លាំង ហើយសាកសពមនុស្សដែលបានសម្លាប់រួច ក៏អណ្តែតមកតាមទឹកទាំងអស់។ ភាគច្រើននៃសាកសពទាំងអស់នោះ ត្រូវបានយកទៅសម្លាប់នៅទីតាំងទួលម្រិញ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

[4] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ២០២៥, ទំព័រទី៤១។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin