សុត សឹង រំឭកពីជីវិតជាអ្នកឡើងត្នោតក្នុងសម័យខ្មែរក្រហម និងបទពិសោធន៍ដែលខ្មែរក្រហមបម្រុងនឹងសម្លាប់

ខ្ញុំឈ្មោះ សុត សឹង[1] ភេទប្រុស អាយុ៨១ឆ្នាំ។ ខ្ញុំមានស្រុកកំណើតរស់នៅភូមិសេកយា ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិបឹងម្កាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ សុត (ស្លាប់) និងម្ដាយឈ្មោះ តុង (ស្លាប់)។ ខ្ញុំមានបងប្អូនបង្កើត ៧នាក់ ប្រុស៣នាក់ ស្រី៤នាក់។ បច្ចុប្បន្ន បងប្អូនខ្ញុំនៅរស់២នាក់ទេគឺ ខ្ញុំនិងប្អូនប្រុសខ្ញុំ។ ខ្ញុំបានរៀបការនៅឆ្នាំ១៩៥៩ ជាមួយ ប្រពន្ធខ្ញុំឈ្មោះ ថ្លាង ហេវ។ យើងមានកូនប្រុសស្រី៨នាក់ ប៉ុន្តែក្រោយមកកូនប្រុសរបស់ខ្ញុំម្នាក់បានស្លាប់។
នៅក្នុងរបបខ្មែរក្រហម ខ្មែរក្រហមបានចាត់តាំងខ្ញុំឲ្យទៅធ្វើការនៅក្នុងកងសេដ្ឋកិច្ច ដើម្បីដឹកជញ្ជូនបន្លែបង្ការទៅដាក់តាមសហករណ៍នៅក្នុងមូលដ្ឋាន។ ថ្វីត្បិតតែខ្ញុំរស់នៅក្នុងស្រុកកំណើតរហូតដល់ពេញមួយរបបខ្មែរក្រហមក៏ដោយ ក៏ខ្មែរក្រហមបានចាត់ទុកខ្ញុំជាប្រជាជនផ្ញើដែរ ព្រោះខ្ញុំមានបងថ្លៃ និងប្អូនប្រុសធ្លាប់ធ្វើទាហានកាលពីរបប លន់ នល់។ បងថ្លៃខ្ញុំម្នាក់ឈ្មោះ ម៉ាក បានសម្រេចចិត្តសម្លាប់ខ្លួនដោយចងក មុនពេលដែលពួកខ្មែរក្រហមសម្លាប់គាត់ដោយសារគាត់ជាអ្នកធ្វើការនៅក្នុងរបប លន់ នល់។
បន្ទាប់មក ខ្មែរក្រហមបានបញ្ជូនខ្ញុំឲ្យទៅធ្វើការនៅក្នុងក្រុមអ្នកឡើងត្នោតនៅភូមិកោះក្អែក, ភូមិអង្គរនាប, ភូមិថ្មកែវ និង ភូមិត្រពាំងខ្ចាយ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំស្ថិតនៅក្រុមទី១ ទទួលបន្ទុកឡើងត្នោតនៅភូមិអង្គរនាប។ ខ្ញុំចាប់ផ្ដើមធ្វើតាំងពីម៉ោង៤ព្រឹក រហូតដល់ថ្ងៃត្រង់ ទើបបានសម្រាកហូបបាយ។ នៅពេលរសៀល ខ្ញុំត្រូវធ្វើការចាប់ពីម៉ោង៣ រហូតដល់ម៉ោង៦ល្ងាច។ ការងារនេះ ត្រូវធ្វើទាំងខែប្រាំង និងខែវស្សា។ ក្នុងរយៈពេលកន្លះខែ ឬ១ខែម្តង ទើបខ្ញុំអាចមកលេងផ្ទះបាន។ ខ្ញុំក៏អាចនាំយកស្ករមកផ្ញើប្រពន្ធកូននៅផ្ទះបានដែរ។ ប្រធានកងខ្ញុំ កាលនោះ ឈ្មោះ តាសឹម។ គាត់ស្លូតណាស់! គាត់មិនដែលធ្វើបាបខ្ញុំ និងអ្នកឯទៀតទេ។ គាត់ថែមទាំងបាននិយាយសរសើរក្រុមខ្ញុំថា ធ្វើការងារបានល្អទៀតផង។ រៀងរាល់មួយសប្ដាហ៍ម្តង ខ្មែរក្រហមបានបញ្ជាឲ្យដឹកជញ្ជូនស្ករត្នោតពី៥ ទៅ ១០ពាង យកទៅដាក់នៅតាមសហករណ៍។
ឪពុកម្ដាយខ្ញុំ ត្រូវខ្មែរក្រហមបញ្ជូនទៅរស់នៅឯក្រុងភ្នំពេញ។ ក្រោយមក ខ្ញុំបានឮដំណឹងថា ឪពុករបស់ខ្ញុំបានស្លាប់បាត់ហើយ។ ខ្ញុំត្រូវរស់នៅក្នុងកងជាមួយអ្នកឯទៀតដែលជាសមាជិកក្នុងកងឡើងត្នោត ដោយបែកឆ្ងាយពីឪពុកម្ដាយ និងប្រពន្ធកូន។ នៅក្នុងកង ខ្ញុំត្រូវកម្មាភិបាលខ្មែរក្រហមកំណត់ថា ឲ្យឡើងត្នោតឲ្យបាន១៥ដើម និងរំងាស់ស្ករឲ្យបាន២ខ្ទះទៀតក្នុងមួយថ្ងៃ។ ខ្ញុំពុំសូវមានពេលឈប់សម្រាកទេ ហើយការងារនេះក៏ខ្ញុំពុំដែលធ្លាប់ធ្វើពីមុនមកដែរ ប៉ុន្តែខ្ញុំមិនអាចប្រកែកតវ៉ាបានឡើយ។ ខ្ញុំមានអារម្មណ៍ភ័យខ្លាចណាស់ ព្រោះជីវិតត្រូវផ្ញើទៅលើចុងត្នោត។ ប៉ុន្តែជាសំណាងខ្ញុំដែរ ខ្ញុំបានទទួលការហូបចុកគ្រាន់បើ។ ខ្ញុំបានហូបបាយជាប្រចាំ។
រហូតមកដល់ដើមឆ្នាំ១៩៧៩ ខ្ញុំត្រូវបានកម្មាភិបាលខ្មែរក្រហមម្នាក់ មកចាប់ខ្ញុំទាំងយប់ បញ្ជូនទៅដាក់ឃុំឃាំងនៅក្បែរស្រះទឹកមួយកន្លែងនៅភូមិបឹងម្កាក់ ដោយមូលហេតុដោយសារខ្ញុំបានចាប់ទាមួយក្បាលយកមកធ្វើម្ហូប។ ប្រធានកងចោទថាខ្ញុំក្បត់នឹងអង្គការ។ ក្នុងពេលចាប់ខ្លួន ខ្ញុំមានតែសារុងប្រពន្ធខ្ញុំមួយតែប៉ុណ្ណោះដែលអាចយកតាមខ្លួនបាន។ ពេលនោះ ខ្ញុំមានអារម្មណ៍ភ័យខ្លាចណាស់។ ខ្ញុំបានគិតក្នុងចិត្តថា ខ្ញុំប្រហែលជាមិនអាចមានជីវិតរស់នៅជួបជុំប្រពន្ធកូនវិញឡើយ។ ខ្ញុំមានពូថៅមួយសៀតជាប់នឹង ចង្កេះ។ កម្មាភិបាលនោះមិនដឹងឡើយថាខ្ញុំមានពូថៅ។ ខ្ញុំគិតថា ខ្ញុំអាចតដៃជាមួយកម្មាភិបាលខ្មែរក្រហមវិញប្រសិនបើអ្នកនោះចង់សម្លាប់ខ្ញុំទាំងយប់។ ខ្ញុំបានឮខ្មែរក្រហមនោះនិយាយថា តាឌន នឹងមកដល់ ហើយគាត់នឹងសម្លាប់ខ្ញុំទម្លាក់ចូលក្នុងស្រះទឹក។ ជាចៃដន្យ តាឌន មិនបានមកឡើយ ហើយប្រទេសជាតិត្រូវបានរំដោះ។ ដូច្នេះ ទើបខ្ញុំអាចរួចខ្លួន ហើយមានជីវិតរស់មកដល់សព្វថ្ងៃនេះ៕
អត្ថបទដោយ ជីម សុខគា
[1] បទសម្ភាសជាមួយ សុត សឹង ភេទប្រុស អាយុ៨១ឆ្នាំ រស់នៅភូមិបឹងម្កាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ, ចំណងជើងអត្ថបទ«សុត សឹង រំឭកពីជីវិតជាអ្នកឡើងត្នោតក្នុងសម័យខ្មែរក្រហមនិងបទពិសោធន៍ដែលខ្មែរក្រហមបម្រុងនឹងសម្លាប់»។ សម្ភាសន៍ដោយ ជីម សុខគា នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥។