ស៊ុត ពិល៖ យើងអាចរកយុត្ដិធម៌បានលុះត្រាតែប្រទេសយើងមានសន្ដិភាព

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ស៊ុត ពិល[1] ​កើត​ក្នុង​​ឆ្នាំ​​១៩៤៩ ​ក្នុង​​ភូមិ​​រំដេង ឃុំ​​ខ្នារពោធិ៍ ​ស្រុក​​សូទ្រ​និគម ​ខេត្ដ​​សៀមរាប​។​ បច្ចុប្បន្ន​​​រស់​នៅ​​ក្នុ​ងភូមិទួលសាលា ​ស្រុក​​អន្លង់វែង​​​ ខេត្ដ​ឧត្ដរមានជ័យ។​

ស៊ុត​ ពិល និយាយថា​៖ “នៅ​ក្នុងសម័យ​​ខ្មែរក្រហម​ ខ្ញុំបានឃើញ​ស្ថានភាពរស់នៅ​មួយដ៏សែន​​លំបាក។ នៅ​​ចន្លោះ​ឆ្នាំ​​១៩៧២-​១៩៧៣​ ​​ខ្មែរក្រហម​​ដាក់​ឲ្យខ្ញុំ​​រស់​នៅ​​ក្នុង​​កង​ចល័ត។​​ បន្ទាប់​មក​នៅ​​ចន្លោះ​​ឆ្នាំ​​១៩៧៤-១៩​៧៥​ ខ្ញុំ​​​ផ្លាស់ពីកងចល័តទៅ​ធ្វើ​​ជា​អ្នក​​ឡើង​​ត្នោត​​ ដើម្បី​ផលិត​​ស្ករ​​ក្នុង​​សហករណ៍។​ ​ខ្ញុំ​បាន​ធ្វើ​ការងារនេះរហូតដល់កង​ទ័ព​​វៀតណាម​​វាយ​​ចូល​​មក​​ប្រទេស​កម្ពុជា​ ហើយ​សហករណ៍​​ខ្មែរក្រហម​ត្រូវ​បាន​​​​រំសាយ​​នៅឆ្នាំ​១៩៧៩។​​​ បន្ទាប់មក ខ្ញុំបាន​បន្ដរស់នៅក្នុងភូមិកំណើត​ក្រោមការគ្រប់​គ្រង​របស់​កង​ទ័ព​​​វៀតណាម​។ នៅជំនាន់ខ្មែរក្រហម​ ខ្ញុំ​​​មិន​​ទទួល​​បាន​​អាហារ​ហូប​ចុក​​គ្រប់​គ្រាន់​ទេ ​ហើយ​ជា​រៀង​រាល់​ថ្ងៃ​​យើង​​តែង​តែ​​​បន់​ស្រន់​ព្រះ​ និងគុណឪពុកម្ដាយ​ដែលមាន​នៅ​ក្នុង​​ចិត្ដ​ឲ្យជួយ​ស្រោចស្រង់ជីវិត​​រួច​ផុត​​​ពី​ស្ថាន​ភាព​​ភ័យ​ព្រួ​យ​ទាំងអស់​នេះ។ ​ ​

មកទល់សព្វថ្ងៃនេះ ខ្ញុំ​លែង​មាន​បំណង​ប្រាថ្នា​​អ្វីផ្សេងទៀត​​ក្រៅ​​ពី​​ការ​​រស់រានមាន​​ជីវិ​ត​​​ដូច​បច្ចុប្បន្ន​​នេះ​។ ការ​បង្កើត​​ឲ្យ​មាន​​សាលា​​ក្ដី​ខ្មែរក្រហម​​ គឺ​​ជាដំណើរ​​​ការ​​ដ៏ត្រឹមត្រូវ​​មួយ​​ទៀតដែលខ្ញុំចង់បាន ដើម្បី​ទទួលបាន​យុត្ដិធម៌ វែកញែកពីភាព​ខុសភាពត្រូវ​ អំពើល្អ-អាក្រក់​ និងស​-ខ្មៅ និង​​ដាក់​​ទោស​ទៅ​លើ​ឧក្រិដ្ឋជន​​ដែលប្រព្រឹត្ដអំពើ​ឃោរឃៅ។​ ខ្ញុំ​​មានការ​ត្រេក​អរណាស់​​ ចំពោះ​​ការ​បង្កើត​តុលាការខ្មែរក្រហម​ ហើយ​​​​​ចង់​ឲ្យ​​​ប្រព័ន្ធ​​យុត្ដិធម៌​នេះនឹងនៅតែបន្ដសម្រាប់​​មនុស្ស​​ជំនាន់​​ក្រោយៗ​ទៀត​។​ ​ពាក្យ​ថា ​“យុត្ដិធម៌”​ បាន​​ន័យ​​ថា​ ជា​ភាព​ត្រឹម​ត្រូវ​​ មិន​លម្អៀង​​ ​មិន​ល្អក់កករ និង​​មិន​​ពុក​រលួយ​។​ ប្រសិន​បើ​ស​ង្គម​មួយ​​ពុំ​មាន​​ការ​​ផ្ដល់​​យុត្ដិធម៌​ទេ ​​អ្នក​ដែល​រង​គ្រោះ ​គឺ​ជន​ក្រីក្រ។​ សម្រាប់​ការ​បង្កើត​​​ឲ្យ​មាន​​ការ​ស្វែងរក​​យុត្ដិធម៌​​តាម​ផ្លូវ​​តុលាការ​ គឺ​មាន​​សារ​សំខាន់​​​សម្រាប់​​​កូន​​​ចៅ​​ជំនាន់​​ក្រោយ។ ​ខ្ញុំ​យល់​​ថា​ ទោះ​បី​រឿង​រ៉ាវ​​ប្រវត្ដិសាស្រ្ដ​បា​ន​​កន្លង​​​ផុត​​ទៅ​ប្រមាណជាង៤០​ឆ្នាំ​ហើយយ៉ាងណាក្ដី​ រឿង​រ៉ាវ​ទាំង​នោះ​នឹង​នៅ​តែ​មាន​សារ​សំខាន់​ ដោយ​មូល​​ហេតុ​ថា ​យើង​មិន​អាច​​​ស្វែងរក​យុត្ដិធម៌​បាន​​ទេ ​ដរាប​ណា​មិន​មាន​​ការចាំច្បាស់លាស់ និង​អ្នក​រស់រាន​មាន​ជីវិតពីសម័យនោះ។ យើង​អាច​រកយុត្ដិធម៌​បាន​ ​លុះ​ត្រា​តែ​ប្រទេស​​​​របស់​យើង​​មាន​សុខ​សន្ដិភាព​​ដូច​ពេល​​​បច្ចុប្បន្ននេះ។ ខ្ញុំ​​មាន​​ការ​​ត្រេក​អរ​​បន្ទាប់​ពី​​ធ្វើ សមាហរណ​កម្ម​​​​ចុះ​​ចូល​​ជា​មួយ​​រដ្ឋាភិបាលកម្ពុជា​​ ដោយ​សារ​តែយើង​​លែងនាំគ្នា​​​​រត់​លូន និង​បាញ់សម្លាប់​គ្នា​​​ទៀត​។ ​ ជា​ពិសេស​ទៅទៀតនោះ គឺ​​ការ​រៀប​ចំ​ឲ្យ​មាន​​​​ប្រព័ន្ធ​តុលាការ​​ត្រឹម​ត្រូវនៅក្នុង​ពេល​សុខសន្ដិភាព​ដែល​បាន​មក​នេះ​​។​

​ការ​កាត់​ទោស​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរក្រហម ​គឺ​ជា​រឿង​ធម្មតា​ទេ ​ពី​ព្រោះ​ក្នុង​នាម​​​ជា​ថ្នាក់​ដឹក​នាំ​​កំពូល​​ត្រូវមានការ​ទទួល​​ខុស​​ត្រូវ​​នូវ​ទង្វើ​ដែល​ខ្លួន​បានប្រព្រឹត្ដក្នុងរបប​ដឹកនាំមួយ​​។ ​ការ​កាត់​ទោស​នេះ​ជា​គំរូ​​​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ​​កុំ​​ឲ្យ​​មាន​​ការ​ប្រព្រឹត្ដកំហុស​​និង​ទង្វើ​អាក្រក់​​ត​ទៅ​មុខដូចសម័យ​ខ្មែរក្រហម​​ទៀត​។ ​​ប្រសិន​បើ​​តុលាការ​ ​មិន​បាន​​កាត់​ទោស​មេ​ដឹក​នាំ​​ជាន់​ខ្ពស់​ខ្មែរក្រហម​ទេ ​អំ​ពើ​​អយុត្ដិធម៌​វានៅតែ​ដក់ជាប់​ក្នុងចិត្ដយើងជានិច្ច។​

ការ​រស់​នៅ​រ​​បស់​ប្រជាជន​​ក្នុង​​របប​ខ្មែរក្រហម​ យើង​​ទទួល​រង​នូវ​​អំពើ​​អយុត្ដិធម៌​​ច្រើន​ ​ពី​ព្រោះ​​នៅ​ពេល​នរណាម្នាក់ប្រព្រឹត្ដកំហុស​នឹងត្រូវយកទៅសម្លាប់ចោល​ភ្លាម​ៗ មិនមាន​​​តុលាការ​​​កាត់​​ទោសបានត្រឹម​ត្រូវឡើយ​។ ​ប្រជាជន​​ជំនាន់​​នោះ​​​រស់នៅ​​ពុំមា​ន​​​តម្លៃ​ទេ​ ហើយ​​ងាយ​រង​គ្រោះបំផុត​​ដល់​អាយុ​ជីវិត​ ប្រសិនបើ​អង្គការ​​ខ្មែរក្រហម​​ចោទប្រកាន់​ថា ​មិន​​មាន​ភាព​ស្អាត​​ស្អំនឹងបដិវត្ដន៍។​ វា​មិន​ខុស​អ្វី​ពី​​សត្វ​ឆ្កែ​មួយ​ក្បាល ​ដែល​​ត្រូវ​បាន​គេ​ចោទ​​ថា ​ជា​​ឆ្កែ​​ឆ្កួត​ដើម្បី​​យកទៅ​សម្លាប់ចោល​​​នោះ​​ទេ​។​ ទោះ​បី​យើង​ដឹ​ង​ថា​​ខ្មែរក្រហម​​​ពុំ​បាន​​​ផ្ដល់​យុត្ដិធម៌​ ឬ​ការ​វិនិច្ឆ័យ​​ត្រឹម​​ត្រូវ យើង​សុខ​ចិត្ដ​ស៊ូ​ទ្រាំ និង​ក្រាញ​​ន​នៀល​ត្រដររស់ ព្រោះ​​មិន​​ដឹងស្វែង​​​​រក​​យុត្ដិ​ធម៌​នៅ​ទីណា​បាន​។​ ​ប្រជាជនគ្រប់រូប​ប្រៀប​បាន​ទៅ​នឹង​ត្រី​នៅ​ក្នុង​សំណាញ់​​ខ្មែរក្រហម​។ ក្នុង​នាម​ខ្ញុំ​​ជា​ប្រជាពលរដ្ឋម្នាក់ រស់នៅក្នុង​ស្រុកអន្លង់វែងមើលឃើញថា​ ខ្មែរក្រហម និងប្រជាជន​ ប្រៀប​បាន​ទៅ​នឹង​​ដំរីនិងស្មៅ។ ខ្ញុំបាន​មកដលតំបន់អន្លង់វែង​អំឡុងឆ្នាំ​១៩៨២-១៩៨៣ នៅពេលកងទ័ព​វៀតណាម​បាន​ចោទ​​ប្រកាន់ខ្ញុំថាមានជាប់ពាក់ព័ន្ធនឹងនិន្នការ​ខ្មែរក្រហម​។​ នៅពេលមកដល់អន្លង់វែង​ ខ្ញុំបានរួម​ដំណើរ​ជាមួយ​ចលនាខ្មែរក្រហមបន្ដទៀត​រហូតដល់ឆ្នាំ​១៩៩៨។ នៅពេល​ចលនានេះ​ឈានដល់ទីបញ្ចប់​ ខ្ញុំចង​ចាំ​អំពីការ​កាត់ទោស ប៉ុល ពត ដែលជាមេដឹកនាំកំពូលរបស់ខ្មែរក្រហម។ ប៉ុល ពត ត្រូវ​បាន​កាត់​ទោស​ដោយ​​តុលារការប្រជាជន​នៅក្នុងឆ្នាំ​១៩៩៧ បន្ទាប់ពីមានព្រឹត្ដិការណ៍​បញ្ជាឲ្យ​សម្លាប់​សុន សេន នៅ​លើ​ខ្នង​ភ្នំដងរែក​។ ​ដំណើរការ​កាត់​ទោស ​ប៉ុល ពត​ ​គឺ​ជា​ដំណើរ​ការ​​មួយ​​នៃ​ការ​ស្វែង​រក​​យុត្ដិធម៌​ឲ្យ​​ជន​រងគ្រោះ​ ជា​ពិសេស​ឲ្យ​​ក្រុម​​គ្រួសារ​​របស់​ សុន សេន​។ ​​ខ្ញុំ​​យល់​​ថា ​យើង​មិន​អាច​​កាត់​ទោស​​ចំពោះ​អ្នកមានតួនាទី​​តូច​តាច​​​នៅ​​​ក្នុង​​ជំនាន់​​ខ្មែរ​ក្រហម​​​​ទាំង​​អស់​​​បាន​​ទេ​ ​ពី​ព្រោះអ្នកទាំងនោះធ្វើតែ​តាមការ​​បញ្ជា​​របស់​​ថ្នាក់​​លើ​​ខ្លួន​ប៉ុណ្ណោះ។

​ការ​សាមគ្គី​គ្នា​​ក្រោយ​ពេលសង្គ្រាមបានបញ្ចប់ទៅ​​ គឺ​មាន​សារ​សំខាន់​ ដើម្បី​​ការ​​ផ្សះ​​ផ្សាជាតិ។​ មក​ទល់​ពេលនេះ ខ្ញុំ​លែង​គិត​គូរអ្វី​ក្រៅតែពីសេចក្ដីសុខរៀង​ៗខ្លួន​ នៅក្នុងពេលដែលយើងចាស់ទៅនេះ​​។ សង្គម​ជាតិ​របស់​​យើង​​​​មិនត្រូវការ​ការ​​​បែក​​​បាក់​ទៀតទេ”៕

អត្ថបទដោយ សួត វិចិត្រ


[1] សួត វិចិត្រ សម្ភាសន៍​ជាមួយ​ ស៊ុត ពិល នៅក្នុងភូមិទួលសាលា ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ​ នៅក្នុងឆ្នាំ​២០២០។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin