ស្លាប់អស់សមាជិកគ្រួសារចំនួន១១នាក់

សឿ តាន់ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅខេត្តកំពង់ឆ្នាំង (២០២៤)។ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

(កំពង់ឆ្នាំង)៖ នៅក្នុងរបបខ្មែរក្រហម តាន់ បាត់បង់សមាជិកគ្រួសារចំនួន១១នាក់។ សឿ តាន់ អាយុ៧៣ឆ្នាំ កើតនៅឆ្នាំ១៩៥០ នៅភូមិភ្នៀត ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ តាន់ មានបងប្អូនចំនួនប្រាំបីនាក់ ហើយគាត់ជាកូនច្បង។ បច្ចុប្បន្ន គាត់មានជំងឺលើសសម្ពាធឈាម, ចុករោយកញ្ចឹងក និងឈឺក្បាលជាប្រចាំ។

នៅឆ្នាំ១៩៧៣ គ្រួសាររបស់តាន់ ត្រូវបានជម្លៀសតាមរទេះគោ និងក្រោយមកធ្វើដំណើរដោយថ្មើរជើង ទៅកាន់ឃុំអញ្ចាញរូង ស្រុកបរិបូណ៌។ នៅអំឡុងពេលនោះ យោធាខ្មែរក្រហមបានចាប់ផ្តើមចូលគ្រប់គ្រងមួយភាគធំនៃឃុំអញ្ចាញរូង ហើយខ្មែរក្រហមព្រមទាំងបានបង្កើតឲ្យមានសហករណ៍ហូបរួម ស្នាក់នៅរួម និងធ្វើការងាររួមទៀតផង។ នៅពេលនោះ ខ្មែរក្រហមប្រមូលយកទ្រព្យសម្បត្តិរបស់ប្រជាជនទាំងអស់ដាក់រួម។ ឪពុកម្ដាយរបស់តាន់ បានយកអង្ករដែលគាត់មានបន្តិចបន្តួចទៅឲ្យអង្គការ ព្រោះគ្រួសាររបស់គាត់ជាប្រជាជនដែលជម្លៀសមកពីឃុំផ្សារ ទើបមិនមានទ្រព្យសម្បត្តិច្រើន។

នៅឆ្នាំ១៩៧៥ តាន់ បានសម្រាលកូនប្រុសម្នាក់ (ស្លាប់)។ អង្គការបានចាត់តាំងឲ្យគាត់ធ្វើការងារនៅក្នុងកងដាំដំណាំ។ បន្ទាប់ពី តាន់ មានកម្លាំងវិញ អង្គការបានចាត់តាំងឲ្យគាត់ធ្វើការងារនៅកងរែកដី, ជីកប្រឡាយ, លើកទំនប់, គាស់គល់ឈើ និងធ្វើស្រែ។ ចំពោះរបបអាហារដែលប្រជាជនទទួលបាននៅក្នុងរបបខ្មែរក្រហម គឺមានត្រឹមអង្ករមួយកំប៉ុង ដែលត្រូវដាំជាបបរសម្រាប់ហូបគ្នាប្រាំបីនាក់។ នៅពេលឈានដល់រដូវច្រូតកាត់ហើយថ្មីៗ អង្គការផ្ដល់ឲ្យប្រជាជននូវអង្ករមួយកំប៉ុងម្នាក់ ឬពីរនាក់។

មន្ទីរពេទ្យនៅក្នុងរបបខ្មែរក្រហម គឺគ្រាន់តែមានឈ្មោះជាមន្ទីរពេទ្យប៉ុណ្ណោះ មិនមានការព្យាបាលអ្វីតាមក្បួនវេជ្ជសាស្រ្តត្រឹមត្រូវឡើយ។ តាន់ បាននិយាយថា៖ “អ្នកជំងឺគ្រាន់តែបានសម្រាក ដើម្បីយកកម្លាំងនៅមន្ទីរពេទ្យប៉ុណ្ណោះ។ គ្មានថ្នាំព្យាបាលជំងឺឲ្យប្រជាជនឡើយ”។ គាត់បានបញ្ជាក់បន្ថែមថា អ្នកជំងឺជាច្រើនបានស្លាប់ ព្រោះគ្មានការព្យាបាល។

នៅក្នុងរបបខ្មែរក្រហម តាន់ ព្រមទាំងសមាជិកគ្រួសារចំនួន១១នាក់ បានស្លាប់ ដែលក្នុងនោះរួមមានដូចជា ឪពុក, ប្ដី, ប្អូនចំនួនប្រាំនាក់, កូនចំនួនបីនាក់ និងក្មួយរបស់គាត់ម្នាក់។ ឪពុក ប្ដី និងប្អូនចំនួនប្រាំនាក់របស់គាត់ ត្រូវអង្គការចាប់យកទៅសម្លាប់ដោយមិនដឹងមូលហេតុ ចំណែកកូន និងក្មួយរបស់គាត់ ស្លាប់ដោយសារជំងឺ ព្រោះនៅអំឡុងពេលនោះកុមារទាំងនោះមិនទទួលបានការថែទាំពីម្ដាយបានដិតដល់។ ក្រោយពីប្ដីរបស់គាត់ត្រូវបានសម្លាប់​ អង្គការបានបង្ខំឲ្យគាត់រៀបការជាថ្មីម្តងទៀត។ ការរៀបការនៅពេលនោះ ត្រូវធ្វើរួមគ្នាជាមួយគូស្រករសរុបចំនួន២៥គូ។ ប្រជាជនទាំង២៥គូនោះ ត្រូវប្ដេជ្ញានៅចំពោះមុខអង្គការ ដោយសន្យាថាថែរក្សា និងរួមរស់ជាមួយគ្នារហូត រួចស្រែកថា៖ “ប្ដេជ្ញា ប្ដេជ្ញា!”។

តាន់ ធ្លាប់បានឮម្ដាយរបស់គាត់និយាយប្រាប់គាត់ថាខ្មែរក្រហមបានវាយបំផ្លាញវត្តអារាម ព្រះវិហារ និងរូបសំណាក់បដិមា ព្រមទាំងបង្ខំឲ្យព្រះសង្ឃធ្វើការងារ។ របបខ្មែរដួលរលំ ដោយសារតែមានការជួយសង្គ្រោះពីកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់៕

សម្ភាសន៍ដោយ៖ ម៉ាង ចន្រ្ទា ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin