អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តស្ទឹងត្រែង
ស្រេង លីដា
ជាកិច្ចចាប់ផ្ដើមនៃចំណាប់អារម្មណ៍ ក្នុងកម្មវិធីសន្និសីទលើកទីមួយ រយៈពេលបីថ្ងៃមកនេះ ក្រោមប្រធានបទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» ខ្ញុំសូមគោរព សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមគោរព សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមគោរព លោកស្រី Alice Wairimu Nderitu អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាទីប្រឹក្សាពិសេសទទួលបន្ទុកកិច្ចការបង្ការអំពើប្រល័យពូជសាសន៍ សូមគោរព លោកពូ ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាស្ថាបនិកព្រះរាជបណ្ណាល័យហ្លួងម៉ែ សូមគោរពបងស្រី សូ ហ្វារីណា អនុប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា សូមគោរពឯកឧត្តម លោកជំទាវ សូមគោរពវាគ្មិនជាតិ និងវាគ្មិនអន្តរជាតិ សូមគោរពលោកយាយ លោកតា អ៊ំ ពូ មីង និងសិស្ស និស្សិត ទាំងអស់គ្នាទីស្រលាញ់។
ខ្ញុំបាទឈ្មោះ ស្រេង លីដា ជានិស្សិតស្ម័គ្រចិត្តកម្ពុជា មកពីស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមានចំណាប់អារម្មណ៍ជាខ្លាំងចំពោះ សន្និសីទលើកទីមួយនេះ ខ្ញុំអាចនិយាយបានថានេះជាលើកទីមួយហើយសម្រាប់ខ្ញុំ ដែលបានចូលរួមក្នុងកម្មវិធីធំបែបនេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមានប្រសាសន៍ ពិធីបើកសន្និសីទស្តីពី «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» បង្ហាញពីសារសំខាន់នៃការប្រឈមមុខនឹងប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតរបស់កម្ពុជា និងធ្វើការឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់សម្រាប់ជាតិ។ ដំណើររបស់កម្ពុជាឆ្ពោះទៅអនាគតដែលគ្មានអំពើប្រល័យពូជសាសន៍ ពឹងផ្អែកលើការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរៀនសូត្រពីអំពើឃោរឃៅពីអតីតកាល និងបំប្លែងមេរៀនទាំងនោះទៅជាយុទ្ធសាស្ត្រដ៏មានអត្ថន័យសម្រាប់អនាគតយុវជនជំនាន់ក្រោយយកមកសិក្សា។
សន្និសីទនេះដើរតួជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា អំពីសន្តិភាព ឯកភាព និងវឌ្ឍនភាព។ តាមរយៈការទទួលស្គាល់ទុក្ខលំបាករបស់ប្រជាជនកម្ពុជា ក្រោមរបបខ្មែរក្រហម និងការស្តាប់រឿងរ៉ាវរបស់អ្នករស់រានមានជីវិត កម្ពុជាអាចឆ្ពោះទៅដោយភាពរឹងមាំ ធន់ និងមិនឲ្យរបបមួយនេះកើតឡើងម្ដងទៀតឡើយ។ នៅពេលដែលសន្និសីទមួយនេះរីកចម្រើន វាមានសារៈសំខាន់ណាស់សម្រាប់អ្នកចូលរួមក្នុងការសិក្សាប្រកបដោយផ្លែផ្កា និងសហការគ្នាលើការបង្កើតអនាគតមួយដែលប្រទេសកម្ពុជាអាចរីកចម្រើនដោយគ្មានស្រមោលនៃប្រវត្តិសាស្ត្រសោកនាដកម្មមួយនេះកើតឡើងម្ដងទៀតឡើយ។ យើងរួមគ្នា ឆ្ពោះទៅអនាគតមួយ ដែលសន្តិភាព ឯកភាព និងវឌ្ឍនភាពកើតមាននៅកម្ពុជា ។
ចំពោះវាគ្មិនជាតិ និងអន្តរជាតិអាចដើរតួនាទីយ៉ាងសំខាន់ តាមរយៈការប្រើប្រាស់វេទិកា និងជំនាញរបស់វាគ្មិនទាំងអស់នេះអាចបង្ហាញការយកចិត្តទុកដាក់លើអំពើឃោរឃៅដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា និងតស៊ូមតិសម្រាប់សារសំខាន់នៃការទប់ស្កាត់អំពើឃោរឃៅបែបនេះកុំឲ្យកើតឡើងម្តងទៀត។ ការចូលរួមរបស់វាគ្មិន ពូកែៗនៅក្នុងសន្និសីទនេះ ខ្ញុំជឿជាក់ថា នឹងធ្វើឲ្យកាន់តែទូលំទូលាយ និងជួយប្រមូលការគាំទ្រសម្រាប់គំនិតផ្តួចផ្តើមនានា ដែលមានគោលបំណងលើកកម្ពស់សន្តិភាព ការផ្សព្វផ្សាយ និងយុត្តិធម៌នៅកម្ពុជា។ សរុបមក ការចូលរួមពីវាគ្មិនជាតិ និងអន្តរជាតិក្នុងបញ្ហានេះ មានសារសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹង ជំរុញការសន្ទនា និងជំរុញសកម្មភាពឆ្ពោះទៅរកការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជា និងពិភពលោក។ ចំពោះ «រឿងកុំស្មានបងភ្លេច ខ្មែរបាត់បង់តន្រ្តីរ៉ក់» រឿងនេះដែរ បញ្ជាក់តាំងពីសម័យសង្គមរាស្ត្រនិយម សម័យ លន់ នល់ សម័យខ្មែរក្រហម និងពេលកងទ័ពវៀតណាមចូលមករំដោះជាដើម។
គួបផ្សំខ្ញុំជាអ្នកស្ម័គ្រចិត្តធ្លាប់បានស្ដាប់សាច់រឿងរបស់អ្នករស់រានមានជីវិត ហើយខ្ញុំស្រមៃនៅពេលលោកយាយ លោកតា និយាយសាច់រឿងទាំងនោះឲ្យខ្ញុំស្ដាប់ផ្ទាល់ វាល្មមធ្វើឲ្យខ្ញុំកំពុងទស្សនាភាពយន្តមួយនេះស្រក់ទឹកភ្នែកដោយមិនអាចទប់បាន ព្រោះភាពយន្តមួយនេះល្អឥតខ្ចោះពេកហើយ។ ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទសន្និសីទស្តីពី «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» បានគូសបញ្ជាក់ពីសារសំខាន់នៃសន្តិភាព ការអភិវឌ្ឍ និងការប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាព។ សម្ដេចបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការរួបរួមក្នុងចំណោមប្រជាជនកម្ពុជា ក្នុងការទទួលស្គាល់សារសំខាន់ជាប្រវត្តិសាស្ត្រនៃរបបប្រល័យពូជសាសន៍ និងការស្វែងរកយុត្តិធម៌តាមរយៈការកាត់ក្តីដោយយុត្តិធម៌។ សម្តេចតេជោ បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ សិក្សាពីកំហុសក្នុងអតីតកាល និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ទប់ស្កាត់អំពើឃោរឃៅ ដូចជាអំពើប្រល័យពូជសាសន៍ កុំឲ្យកើតឡើងម្តងទៀតនៅក្នុងប្រទេសកម្ពុជា ឬកន្លែងផ្សេងទៀត។
តាមរយៈការផ្តល់អាទិភាពដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ សម្ដេចបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបម្រើប្រទេសជាតិ និងប្រជាជន បើទោះបីជាមានន័យថា ការលះបង់អំណាចដើម្បីភាពល្អប្រសើរក៏ដោយ។ នៅពេលដែលប្រទេសកម្ពុជាឆ្ពោះទៅមុខ ត្រូវតែបន្តដោះស្រាយភាពក្រីក្រ វិសមភាពសង្គម និងបញ្ហាប្រឈមផ្សេងៗទៀត ខណៈពេលដែលរក្សាបាននូវភាពខ្ជាប់ខ្ជួនក្នុងការស្វែងរកសន្តិភាព និងវិបុលភាពយូរអង្វែង។ សាររបស់សម្តេចតេជោ គឺជាការរំលឹកពីសារៈសំខាន់នៃការរៀនសូត្រពីប្រវត្តិសាស្ត្រ លើកកម្ពស់យុត្តិធម៌ និងរួមគ្នាកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់មនុស្សគ្រប់ជំនាន់។ មជ្ឈមណ្ឌលឯកសារកម្ពុជាជាទីគោរព! ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ដែលតែងតែផ្តល់ឱកាសឲ្យខ្ញុំចូលរួមក្នុងគ្រប់កម្មវិធី។
វាជាឯកសិទ្ធិ និងកិត្តិយសណាស់ដែលខ្ញុំបានចូលរួមនៃការងារដ៏មានតម្លៃក្នុងការចូលរួម សន្និសីទលើកទីមួយ ក្រោមប្រធានបទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» និងបើកទំព័រជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ក្នុងការប្រារព្ធកម្មវិធីដ៏មានសារសំខាន់មួយនេះឡើង។ តាមរយៈកម្មវិធីនេះ ខ្ញុំបានទទួលការយល់ដឹងកាន់តែស៊ីជម្រៅអំពីអំពើប្រល័យពូជសាសន៍ដែលបានកើតឡើងក្នុងសម័យខ្មែរក្រហម និងសារសំខាន់នៃការធានាថា អំពើប្រល័យពូជសាសន៍បែបនេះមិនអាចកើតឡើងទៀតទេនៅក្នុងប្រទេសកម្ពុជា។
ខ្ញុំមានអំណរគុណចំពោះចំណេះដឹង ការយល់ដឹង និងបទពិសោធន៍ដែលខ្ញុំទទួលបានពីការចូលរួមក្នុងកម្មវិធីនេះ។ សូមអរគុណម្តងទៀតសម្រាប់ការអនុញ្ញាតឲ្យខ្ញុំចូលរួមកម្មវិធីសន្និសីទមួយនេះ។ ប្រសិនជាមានកម្មវិធីលើកក្រោយទៀតខ្ញុំ និងបន្តការចូលរួមទៀត។
សូមអរគុណ