ភាពអត់ឃ្លានគឺជាការចងចាំមិនអាចបំភ្លេចបាន

(សៀមរាប) ៖ ស្រឹមបៀត មានអាយុ៦២ឆ្នាំ សព្វថ្ងៃរស់នៅក្នុងភូមិប្រាសាទ ឃុំប្រសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។ ស្រឹម បៀត មិនបានចូលរៀននោះទេ ហើយមានមុខរបរជាអ្នកធ្វើស្រែចម្ការ។ នៅក្នុងសម័យខ្មែរក្រហម ស្រឹម បៀត មានម្ដាយធ្លាក់ខ្លួនឈឺ ប៉ុន្តែគាត់មិនហ៊ានប្រាប់ឲ្យនរណាដឹងនោះទេ។ ម្តាយរបស់ ស្រឹម បៀត សុខចិត្តគេងឈឺនៅក្នុងផ្ទះរហូតដល់ស្លាប់។ នៅពេលនោះ ស្រឹម បៀត មិនបាននៅជាមួយម្ដាយរបស់ខ្លួននោះទេដោយសារតែគាត់នៅក្នុងជំរំកងចល័ត។ នៅពេលដែល ស្រឹម បៀត បានឮអំពីដំណឹងនេះ គាត់បានសុំច្បាប់អង្គការមួយថ្ងៃដើម្បីយកសាកសពម្ដាយរបស់ខ្លួនទៅកប់។

ស្រឹម បៀត និយាយថា ខ្មែរក្រហមបានផ្សំផ្គុំចាប់ពី១០០គូឡើង ដើម្បីរៀបអាពាហ៍ពិពាហ៍។ គូនីមួយៗដែលខ្មែរក្រហមបានចាប់ផ្សំផ្គុំមិនហ៊ានជំទាស់ទៅលើការសម្រេចចិត្តរបស់អង្គការនោះទេ។ ប្រសិនបើមាននរណាម្នាក់ហ៊ានប្រកែក នោះអង្គការនឹងចាប់យកទៅសម្លាប់ចោល។ ស្រឹម បៀត បាននិយាយថា គូដែលខ្មែរក្រហមបានចាប់បង្ខំឲ្យរៀបការនោះ គឺតែងតែបែកបាក់គ្នានៅពេលដែលសម័យខ្មែរក្រហមបានដួលរលំ ដោយសារមិនមានភាពចុះសម្រុងគ្នា។  ស្វាមីរបស់ ស្រឹម បៀត គឺជាគូដែលខ្មែរក្រហមបានចាប់ឲ្យរៀបអាពាហ៍ពិពាហ៍ ហើយក៏មិនមានអារម្មណ៍ចំពោះគ្នាទៅវិញទៅមកនោះទេ។ ប៉ុន្តែដោយខ្លាចសេចក្ដីស្លាប់ គាត់ក៏បានរស់នៅជាមួយគ្នារហូតដល់សម័យខ្មែរក្រហមបានដួលរលំទៅវិញ។ បៀត និង ស្វាមី មានកូនទាំងអស់៥ នាក់ ដោយសារតែមូលហេតុនេះហើយទើបគាត់សម្រេចចិត្តរស់នៅជាមួយគ្នារហូតដល់សព្វថ្ងៃ។

ស្រឹម បៀត ក៏បានប្រទះឃើញទាហានខ្មែរក្រហមចាប់ស្រ្តីយកទៅធ្វើទារុណកម្ម រួមទាំងចាប់រំលោភ ហើយយកទៅសម្លាប់។ បៀត ក៏មានប្រសាសន៍ថាទាហានខ្មែរក្រហមបានសម្លាប់ប្រជាជនហើយទម្លាក់ចោលទៅក្នុងអណ្ដូង។ រីឯកូនង៉ែតវិញគឺគេសម្លាប់ដោយប្រើពូថៅ ហើយពេលខ្លះក៏សម្លាប់ដោយប្រើចំពុះទុងដែរ។ លើសពីនេះទៅទៀតនោះ ទាហានខ្មែរក្រហមបានបំផ្លាញវត្តអារាម ហើយគាស់យកព្រះកេសរបស់ព្រះពុទ្ធចេញទាំងអស់។

បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ស្រឹម បៀត មានអារម្មណ៍ថាស្អប់របបដ៏ងងឹតមួយនេះខ្លាំងណាស់ ហើយក៏មានអារម្មណ៍ថា ឈឺចាប់នៅពែលដែលនឹកឃើញដល់រឿងរបស់ខ្លួនធ្លាប់ឆ្លងកាត់ផងដែរ។

ស្រឹម បៀត មានជំងឺប្រចាំកាយ ដូចជាជំងឺលើសឈាម  ថ្លើម និងខ្លាញ់រុំបេះដូង។ ស្រឹម បៀត ក៏ឈឺជង្គង់និងឈឺដៃ។ គាត់មានភាពលំបាកក្នុងការធ្វើចលនា ជាពិសេសពេលអង្គុយ។  ស្រឹម បៀត បានទៅមណ្ឌលសុខភាព ពេទ្យបង្អែក និងពេទ្យឯកជន។ ហើយ គាត់បានទៅពេទ្យ៦ខែម្ដងដើម្បីទៅទទួលយកថ្នាំមកលេប។

សម្ភាសន៍ដោយ ហាំ សៀងហេង

អត្ថបទដោយ ហៀង​ នីតា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin