ស្រី ហួន ៖ ពេទ្យឯកទេសជំងឺគ្រុនចាញ់នៅក្នុងរបបខ្មែរក្រហម

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

នៅពេលខ្មែរក្រហមដើរឃោសនានៅតាមភូមិឃុំ ដើម្បីប្រមូលកម្លាំងធ្វើការតស៊ូប្រឆាំងនឹងរបបសាធារដ្ឋខ្មែរដឹកនាំដោយ លន់ នល់ ខ្មែរក្រហមបានជ្រើសរើសខ្ញុំឱ្យចូលរៀនពេទ្យបឋមដើម្បីព្យា​បាលជំងឺប្រជាជនក្នុងភូមិ។ ក្រោយមក ខ្មែរក្រហមបានបញ្ជូនខ្ញុំឱ្យទៅធ្វើការនៅមន្ទីរពេទ្យតំបន់ ជំនាញ​ខាងជំងឺគ្រុនចាញ់រហូតដល់របបខ្មែរក្រហមដួលរលំ។

ខ្ញុំឈ្មោះ ស្រី ហួន[1] កើតនៅថ្ងៃទី១៦ ខែមករា ឆ្នាំ១៩៥១ នៅភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ ពីឆ្នាំ១៩៧១ ដល់ ឆ្នាំ១៩៧២ ខ្មែរក្រហមបានប្រកាសជ្រើសរើសយុវជននិងយុវនារីនៅតាមភូមិឱ្យចូលធ្វើពេទ្យ ហើយខ្ញុំក៏ត្រូវបានជ្រើសរើសឱ្យចូលរៀនពេទ្យនៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលជាតំបន់រំដោះរបស់ខ្មែរក្រហម។ ដំបូងខ្ញុំចូលរៀនពេទ្យបឋម។ នៅឆ្នាំ១៩៧៤ ខ្មែរក្រហមបានប្រាប់ខ្ញុំថា នៅមន្ទីរខេត្តស្វាយរៀងខ្វះខាតបុគ្គលិកពេទ្យ ហើយបានបញ្ជូនខ្ញុំឱ្យទៅធ្វើការនៅទីនោះ។ មន្ទីរពេទ្យខេត្តស្វាយរៀងនៅពេលនោះ គឺបោះទីតាំងនៅក្នុងព្រៃរបោះ ដែលមានដើមប្រចាក់ដុះព័ទ្ធជុំជិត ស្ថិតនៅត្រពាំងរាំង (ខាងលិចវត្តព្រៃស្វាយ) ក្នុងឃុំសម្បត្តិមានជ័យ ស្រុករមាសហែក[2] ខេត្តស្វាយរៀង ព្រោះ​ខ្មែរក្រហមមិនទាន់វាយរំដោះបានក្រុងស្វាយរៀងទេ។

នៅពេលកងទ័ពខ្មែរក្រហមទទួលជ័យជម្នះលើរបប លន់ នល់ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានផ្លាស់ខ្ញុំឱ្យមកធ្វើការនៅមន្ទីរពេទ្យខេត្តស្វាយរៀង[3] ស្ថិតនៅក្នុងក្រុងស្វាយរៀង តំបន់២៣ ភូមិភាគបូព៌ា។ ចាប់តាំងពីពេលនោះមក ខ្ញុំត្រូវរស់នៅបែកពីប្រពន្ធ និងកូនរបស់ខ្ញុំ។ ក្រោយមក ខ្ញុំបានសុំប្រធានពេទ្យទៅលេងប្រពន្ធកូនបានបីដង ដោយពេលទៅលេងម្តងៗបានរយៈពេលតែមួយថ្ងៃទៅពីរថ្ងៃតែប៉ុណ្ណោះក៏ត្រឡប់មកអង្គភាពវិញ ព្រោះខ្មែរក្រហមចែករបបអាហារសម្រាប់តែប្រជាជនដែលធ្វើការងារនៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។ ដូច្នេះ ពេលហូបអាហារម្តងៗ ខ្ញុំត្រូវទៅសុំពីប្រធា​នរោងបាយសហករណ៍នៅក្នុងភូមិ។ ដោយឡែកនៅក្នុងមន្ទីរពេទ្យខេត្តស្វាយរៀង ខ្ញុំទទួលបានរបបអាហារពីរពេលក្នុងមួយថ្ងៃ និងបានហូបឆ្អែត។ មួយរយៈក្រោយមក ទើបប្រធានអង្គភាពពេទ្យបានកាត់បន្ថយរបបអាហាររបស់ខ្ញុំ ដោយឱ្យហូបតែបបរខាប់ជាមួយសម្លម្ជូរត្រកួន និងព្រលិតលាយត្រីនិងសាច់ជ្រូកតិចតួចតែប៉ុណ្ណោះ។ ថ្ងៃមួយបន្ទាប់ពីហូបអាហារពេលល្ងាចរួច កម្មាភិបាលថ្នាក់លើបានប្រាប់គ្រូពេទ្យដែលមានឈ្មោះនៅក្នុងបញ្ជីឱ្យនៅជុំគ្នា ដើម្បីឡើងទៅប្រជុំនៅមន្ទីរមួយភ្លែត ក៏ស្រាប់តែបាត់ខ្លួនអ្នកទាំងនោះតែម្តង។ ខ្ញុំមិនដឹងថាគ្រូពេទ្យទាំងនោះប្រព្រឹត្តកំហុសអ្វី ហើយខ្មែរក្រហមយកទៅទីណាឡើយ។

នៅឆ្នាំ១៩៧៧ ខ្ញុំបានផ្លាស់ទៅធ្វើការនៅចម្ការក្រូច នៅកន្ទុយវៃ​ ក្នុងសង្កាត់ចេក ខាងលិចក្រុងស្វាយរៀង រយៈពេលពីរខែ។ អង្គភាពពេទ្យរបស់ខ្ញុំមានតួនាទីព្យាបាលអ្នកជំងឺ ហើយពេលខ្លះក៏យើងយកថ្នាំអំពូលចាក់ឱ្យអ្នកជំងឺដែរ។ ក្រោយមកទៀត ខ្ញុំបានផ្លាស់ទៅធ្វើការនៅមន្ទីរពេទ្យស្ថិតនៅវត្តស្វាយជ្រំ ក្នុងស្រុកស្វាយជ្រំ[4] ខេត្តស្វាយរៀង និងនៅវត្តព្រះធាតុ ក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង តំបន់២៣។ នៅទីនោះ ប្រធានពេទ្យបានចាត់តាំងខ្ញុំឱ្យរៀនមុខវិជ្ជាជំនាញឯកទេសខាងព្យាបាលជំងឺគ្រុនចាញ់ ជាមួយគ្រូពេទ្យមកពីភូមិភាគបូព៌ា។ បន្ទាប់ពីខ្ញុំរៀនចប់ ប្រធានពេទ្យបានបែងចែកក្រុមគ្រូពេទ្យដែលមានសមាជិកសរុប១១នាក់ឱ្យចេញទៅធ្វើការនៅតាម​ស្រុកនានាក្នុងខេត្តស្វាយរៀង។ ខ្ញុំត្រូវទៅធ្វើការនៅស្រុករមាសហែករយៈពេលមួយខែ។ ខ្ញុំបានដើរជួសឈាមអ្នកជំងឺយកមកពិនិត្យរកមើលជំងឺគ្រុនចាញ់ ព្រោះនៅសម័យនោះប្រជាជនកើតជំងឺគ្រុនចាញ់ច្រើនណាស់។ ខ្ញុំនិងសមាជិកក្រុមបានប្រើមីក្រូស្កុប​សម្រាប់ពិនិត្យ និងវិភាគមើលមេរោគ។ លើសពីនោះ ខ្មែរក្រហមក៏បានដាក់ផែនការឱ្យគ្រូពេទ្យនៅតាមភូមិឃុំដើរបាញ់ថ្នាំកម្ចាត់មូសនៅតាមផ្ទះប្រជាជនដែរ។ អំឡុងពេលមកធ្វើការនៅស្រុករមាសហែក ខ្ញុំបានជួបប្រពន្ធរបស់ខ្ញុំម្តងពេលប្រធានកងចាត់តាំងគាត់ឱ្យទៅធ្វើការងារនៅព្រែកត្នោត ក្នុងឃុំសំបួរ។ បន្ទាប់មក ខ្ញុំត្រូវទៅធ្វើការនៅស្រុកកំពង់រោទិ៍, ស្រុកស្វាយទាប និងចុងក្រោយនៅស្រុកចន្រ្ទា។ ពេលទៅដល់ស្រុកចន្រ្ទា ខ្ញុំបានហៅគ្រូពេទ្យឃុំ និងស្រុក មកប្រជុំដើម្បីរកវិធីកម្ចាត់មូស ដោយពេលយប់ត្រូវដើរចាប់មូស និងពេលថ្ងៃពិនិត្យមើលមូសដែលចាប់បានទាំងនោះដើម្បីធ្វើការបែងចែកទៅតាមក្រុម ថាតើមូសទាំងនោះស្ថិតនៅក្នុងក្រុមណា ហើយចម្លងមេរោគកម្រិតណាដល់អ្នកជំងឺ​គ្រុនចាញ់។ បន្ទាប់មក ខ្ញុំត្រូវយកទិន្នន័យដែលប្រមូលបាន ឡើងទៅប្រជុំនៅមន្ទីរពេទ្យខេត្តស្វាយរៀង ក្នុងរយៈពេលមួយសប្តាហ៍ម្តង។

នៅអំឡុងឆ្នាំ១៩៧៨ ខ្មែរក្រហមបញ្ជូនខ្ញុំឱ្យទៅរស់នៅខាងកើតភ្នំឈើកាច់ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង។ មួយរយៈក្រោយមកស្រាប់តែមានហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅអ្នកលឿង។ ខ្ញុំបានសាកសួរព័ត៌មានពីអ្នកដំណើរដែលបានទៅដល់ទីនោះ ទើបអ្នកដំណើរនោះប្រាប់ថា នៅអ្នកលឿងវៀតណាមចូលមកកាន់កាប់ហើយ និងហាមខ្ញុំមិនឱ្យទៅទីនោះ។ ខ្ញុំបានដើរវៀងមកភាគខាងត្បូងស្រុកស្វាយអន្ទរ ក្នុងខេត្តព្រៃវែង ដើម្បីវិលត្រឡប់មកស្រុកកំណើតវិញ។ ខ្ញុំដើរមកដល់ផ្សារបាតត្រាស់ ក្នុងឃុំដូង ស្រុករមាសហែក ក៏បានសាកសួរប្រជាជននៅទីនោះរកព័ត៌មានប្រពន្ធរបស់ខ្ញុំដែលរស់នៅភូមិគគីរ។ ប្រជាជននៅផ្សារបាត់ត្រាស់ បានប្រាប់ខ្ញុំថាប្រជាជននៅក្នុងភូមិគគីរ ត្រូវបានខ្មែរក្រហមជម្លៀសឱ្យទៅនៅឃុំសម្បត្តិ​មានជ័យអស់ហើយ។ ខ្ញុំបានទៅជួបប្រពន្ធកូន និងឪពុកក្មេករបស់ខ្ញុំដែលកំពុងរៀបចំដឹកគោទឹមរទេះបរមកភូមិកំណើតវិញ។ ខ្ញុំនិងប្រពន្ធបានមកស្នាក់នៅភូមិត្រពាំងពិការ ឃុំអំពិល ជាបណ្តោះអាសន្នរយៈពេលពីរខែ ព្រោះនៅភូមិកំណើតរបស់ខ្ញុំមានព្រៃដុះជុំជិត និងមានសត្វព្រៃជាច្រើនប្រភេទរស់នៅ ម្យ៉ាងទៀតមិនទាន់មានប្រជាជនចូលទៅរស់នៅទេ។ ក្រោយមក ខ្ញុំនិងគ្រួសារបានសម្រេចចិត្តនាំគ្នាមករស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក រហូតមកដល់សព្វថ្ងៃ។

អត្ថបទដោយ សោម ប៊ុនថន


[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, គម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, បទសម្ភាសន៍ សៅ ចាន់ណា ជាមួយ ស្រី ហួន រស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។

[2] ស្រុកក្រសាំង នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)

[3] នៅខេត្តស្វាយរៀង តំបន់២៣  មានមន្ទីរពេទ្យពីរកន្លែងគឺ ១) មន្ទីរពេទ្យសម្រាប់ព្យាបាលយោធា បោះនៅក្នុងក្រុងស្វាយរៀង ២) មន្ទីរពេទ្យសម្រាប់ព្យាបាលប្រជាជន បោះនៅភូមិអង្គរស ឃុំស្វាយយា ស្រុកមានជ័យថ្មី តំបន់២៣

[4] ស្រុកមានជ័យថ្មី នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin