សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងអំពីស្ថានភាពជំងឺពេលបច្ចុប្បន្ន
ខ្ញុំឈ្មោះ ស្រី សាមិត អាយុ ៨១ឆ្នាំ កើតក្នុងឆ្នាំ ១៩៤៤ ភេទស្រី សព្វថ្ងៃខ្ញុំរស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំមានស្រុកកំណើតស្ថិតក្នុងភូមិនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត។ ឪពុកឈ្មោះ សួង (ស្លាប់) ម្ដាយឈ្មោះ មុត (ស្លាប់) ខ្ញុំមានបងប្អូន ០៣នាក់តែត្រូវបានស្លាប់អស់ហើយនៅសល់តែខ្ញុំម្នាក់ឯង។ កាលពីកុមារភាពខ្ញុំបានចូលរៀនត្រឹមថ្នាក់ទី ៣ ព្រោះតែជីវភាពខ្ញុំនៅពេលនោះគឺមានការខ្វះខាតយ៉ាងខ្លាំងទើបខ្ញុំត្រូវឈប់រៀនមកជួយធ្វើការគ្រួសារវិញម្ដង។ បន្ទាប់ពីខ្ញុំធំពេញវ័យមកខ្ញុំមានអាយុ ១៨ឆ្នាំ ម្ដាយឪពុកខ្ញុំបានរៀបចំទុកដាក់ឱ្យខ្ញុំមានគ្រួសារ បន្ទាប់ពីរៀបការរួចប្ដីរបស់ខ្ញុំបានចាប់យករបរជាពេទ្យរដ្ឋនៅទីក្រុងភ្នំពេញ ប្ដីរបស់ខ្ញុំធ្វើការជាពេទ្យក្នុងសម័យសង្គមរាស្រនិយម។ ស្ថិតក្នុងឆ្នាំ ១៩៧០ កើតមានរបបមួយទៀត ជាព្រឹត្តិការណ៍ទម្លាក់ ព្រះបាទ នរោត្តមសីហនុ ដែលដឹកនាំដោយលោក លន់ នល់ ក្នុងឆ្នាំនោះខ្ញុំមានអាយុប្រហែល ២៦ឆ្នាំ សង្គ្រាមកើតពាសពេញប្រទេសដែលបានធ្វើឱ្យប្រជាជនត្រូវបានស្លាប់ជារៀងរាល់ថ្ងៃ។ សង្គ្រាមបានកើតឡើងប្រជាជននាំគ្នាជីកដីធ្វើជាបត្រង់សេសម្រាប់ប្រជាជនគេចពីសង្គ្រាមនិងយន្តហោះទម្លាក់គ្រាប់បែក។
រហូតដល់ឆ្នាំ ១៩៧៥ កើតមានរបបថ្មីមួយទៀតគឺរបប កម្ពុជាប្រជាធិបតេយ្យ ដែលប្រជាជនភាគច្រើនស្គាល់និងដឹងច្បាស់ថាជា របបខ្មែរក្រហម ក្នុងឆ្នាំនោះខ្ញុំមានអាយុប្រមាណ ៣១ឆ្នាំ។ ក្នុងឆ្នាំដដែលនោះខ្ញុំបានឃើញមានកងទ័ពខ្មែរក្រហមជាច្រើនចូលមកដល់កន្លែងដែលខ្ញុំរស់នៅនិងបានជម្លៀសប្រជាជនចេញពីភូមិស្រុកដែលខ្ញុំរស់នៅ ដោយខ្មែរក្រហមបានជម្លៀសខ្ញុំឱ្យទៅចូលជាប្រជាជនចាស់។ ក្នុងរបបខ្មែរក្រហមនេះដែរខ្ញុំត្រូវបានខ្មែរក្រហមប្រើខ្ញុំឱ្យចូលក្នុងព្រៃដើម្បីរកអុសទៅដាក់ក្នុងរោងបាយ ជួនកាលទៅភ្ជួរស្រែ ខ្ញុំត្រូវធ្វើការនេះជារៀងរាល់ដោយខ្មែរក្រហមក៏បានប្រើខ្ញុំតាំងពីព្រលឹមស្រាង ៗ រហូតដល់យប់ទើបខ្មែរក្រហមឱ្យខ្ញុំឈប់សម្រាក។ បើនិយាយពីការហូបចុកក្នុងរបបខ្មែរក្រហមវិញគឺខ្វះខាតជាខ្លាំងដោយខ្មែរក្រហមបានត្រឹមធ្វើបបរឱ្យហូបតែប៉ុណ្ណោះ ពេលខ្លះមានបាយម្តងៗ។ ក្រឡេកមកមើលពីខ្សែជីវិតខ្ញុំ ក្នុងរបបខ្មែរក្រហមនេះខ្ញុំត្រូវបានខ្មែរក្រហមយកទៅរៀនសូត្រម្ដងដោយដឹងហើយថាខ្ញុំត្រូវបានខ្មែរក្រហមយកទៅសម្លាប់ ខ្ញុំបាននិយាយទៅខ្មែរក្រហមថា បើយកខ្ញុំទៅសម្លាប់ចឹងយកឪពុកម្ដាយនិងបងប្អូនខ្ញុំទៅផងព្រោះពួកគាត់ចាស់ៗអស់ហើយ ខ្ញុំនិយាយហើយខ្មែរក្រហមបាននាំខ្ញុំមកកន្លែងដែលខ្ញុំធ្វើការវិញ។ បើនិយាយពីប្ដីរបស់ខ្ញុំវិញគាត់ត្រូវបានខ្មែរក្រហមយកទៅធ្វើជាពេទ្យផ្សំថ្នាំតែមិនយូរប៉ុន្មាននោះទេគាត់ត្រូវបានខ្មែរក្រហមយកទៅសម្លាប់។ ក្នុងរបបនេះផងដែរខ្ញុំបានឃើញខ្មែរក្រហមប្រមាណ មួយក្រុមជីករណ្ដៅធំៗល្មម ពេលនោះខ្ញុំបានសួរនាំទៅខ្មែរក្រហមគ្រាន់តែប្រាប់ថាទុកដាំដូង លុះល្ងាចឡើងខ្ញុំបានដើរកាត់ គឺឃើញយ៉ាងច្បាស់ថាខ្មែរក្រហមកំពុងសម្លាប់ប្រជាជនហើយបោះចូលក្នុងរណ្ដៅនោះខ្ញុំមិនហ៊ានឈប់មើលនោះទេព្រោះខ្លាចខ្មែរក្រហមយកខ្ញុំទៅសម្លាប់ដូចជាប្រជាជនដទៃទៀត។ ខ្ញុំត្រូវប្រើជីវិតបែបនេះរហូតដល់ឆ្នាំ ១៩៧៩ ពេលនោះកងទ័ពវៀតណាមបានចូលមកដល់សង្គ្រាមបានកើតឡើងម្ដងទៀតដោយភ័យខ្លាចនិងសង្គ្រាមខ្ញុំបានភៀសខ្លួនចូលក្នុងព្រៃដើម្បីគេចពីសង្គ្រាមដែលកំពុងវាយប្រហារគ្នា។ បន្ទាប់ពីសង្គ្រាមបានបញ្ចប់ទៅខ្ញុំបានត្រឡប់មកដល់ភូមិស្រុកកំណើតវិញហើយបានចាប់យករបរជាកសិកររហូតដល់បច្ចុប្បន្ន។
បច្ចុប្បន្ននេះខ្ញុំមានជំងឺប្រចាំកាយជាច្រើនដូចជា៖ ជំងឺតម្រងនោម ជំងឺក្រពះពោះវៀន ជំងឺបេះដូង ជំងឺសន្លាក់ដៃ សន្លាក់ជើង ជំងឺលើសឈាម និងចាស់ជរា។ កត្តាដែលធ្វើឱ្យខ្ញុំកើតមានជំងឺខាងលើនេះគឺបណ្តាលមកពីមូលហេតុដូចជា ការពីខ្ញុំនៅកុមារភាពខ្ញុំបានធ្វើការងារលើសកម្លាំង អាហារហូបចុកមិនគ្រប់គ្រាន់នៅក្នុងសម័យខ្មែរក្រហម និងរហូតមកដល់ពេលបច្ចុប្បន្ននេះខ្ញុំមានអាយុកាន់តែច្រើនផងដែរ។ ចំពោះការព្យាបាលជំងឺរបស់ខ្ញុំវិញ ខ្ញុំបានទៅមន្ទីរពេទ្យដែលនៅក្នុងស្រុកភូមិ។ ក្នុងឆ្នាំ២០២៣ខ្ញុំក៏បានចូលរួមពិនិត្យសុខភាពជាមួយ ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា ពេលខ្ញុំពិនិត្យរួចខ្ញុំបានទទួលកូនសៀវភៅមួយក្បាលដែលមានចំណងជើងថា «ព័ត៌មានអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ខ្ញុំបានទទួលនៅអត្ថប្រយោជន៍ជាច្រើនអំពីកូនសៀវភៅមួយក្បាលនេះ។ ជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណជាខ្លាំងដល់ក្រុមការងាររបស់ មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលមានចុះមកសួរសុខទុក្ខខ្ញុំ សូមជូនពរឱ្យក្រុមការងារទាំង ជួបតែសំណាងល្អជារៀងរហូត។[1]
[1] ស្រី សាមិត ,សម្ភាសន៍ផ្ទាល់មាត់,«សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងអំពីស្ថានភាពជំងឺបច្ចុប្បន្ន» សម្ភាសន៍ដោយ ៖ ផាត ពន្លក នៅឆ្នាំ២០២៥,មជ្ឈមណ្ឌលសះស្បើយបាក់នឹម មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពត