ភាគតិចណាស់ ដែលត្រលប់ទៅវិញ

ស្រី ថុល អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅខេត្តកំពង់ឆ្នាំង (២០២៤)។ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

(ក្រចេះ)៖ ប្រជាជនដែលមានជំងឺធ្ងន់ៗ ត្រូវបញ្ជូនទៅមន្ទីរពេទ្យខេត្ត ប៉ុន្តែមានភាគតិចណាស់ដែលអ្នកជំងឺអាចត្រូវព្យាបាលជា និងបានត្រលប់ទៅធ្វើការងារនៅសហករណ៍វិញ។ ស្រី ថុល អាយុ៦៤ឆ្នាំ រស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។  

នៅឆ្នាំ១៩៧០ ថុល រស់នៅក្នុងបន្ទាយទាហានឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ​ ដែលជាទីកន្លែងកំណើតរបស់គាត់ផ្ទាល់។ នៅពេលនោះ ឪពុករបស់ ថុល មានតួនាទីជាទាហាន។ នៅក្នុងបន្ទាយនោះ មានសព្វគ្រប់ ទាំងមន្ទីរពេទ្យ និងសាលារៀន។ ថុល រស់នៅទីនោះតាំងពីគាត់នៅតូច រហូតដល់ឆ្នាំ១៩៧២ ទើបគ្រួសាររបស់គាត់ផ្លាស់ប្ដូរមករស់នៅទីក្រុងភ្នំពេញ។ សមាជិកគ្រួសាររបស់ ថុល សរុបទាំងអស់មានចំនួន១០នាក់ រួមមាន ឪពុកម្ដាយ បងប្អូនបង្កើតរបស់គាត់ចំនួនប្រាំនាក់ និងបងប្អូនជីដូនមួយរបស់គាត់ចំនួនបីនាក់ទៀត។

បន្ទាប់ពីព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ស្ថានភាពនៅក្នុងភូមិរបស់ថុល កាន់តែមានភាពចលាចល។ យោធារបស់ខ្មែរក្រហមបន្តវាយឆ្មក់លើបន្ទាយដែលគាត់រស់នៅ។ ឪពុករបស់គាត់ក៏បាននាំសមាជិកគ្រួសារទាំងអស់ទៅរស់នៅទីក្រុងភ្នំពេញ។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានវាយរំដោះទីក្រុងភ្នំពេញពីក្រោមការគ្រប់គ្រងរបស់របប លន់ នល់។ ខ្មែរក្រហមបានជម្លៀសប្រជាជនទាំងអស់ដែលរស់នៅទីក្រុងភ្នំពេញ ទៅជនបទ។ នៅថ្ងៃទីមួយនៃការជម្លៀសប្រជាជនចេញពីទីក្រុង គ្រប់ផ្លូវទាំងអស់មានការកកស្ទះ ព្រោះប្រជាជននាំគ្នាសម្រុកចេញពីទីក្រុងក្នុងថ្ងៃតែមួយ។ ថ្វីត្បិតតែមានភាពចលាចលដោយប្រជាជនត្រូវចាកចេញពីទីក្រុងភ្នំពេញក៏ពិតមែន នៅមានប្រជាជនមួយចំនួនតូចដែលពួនលាក់ខ្លួននៅក្នុងផ្ទះ ឬសំណង់អគារចាស់ៗមិនព្រមចាកចេញ។

គ្រួសាររបស់ ថុល ភៀសខ្លួនទៅរស់នៅភូមិស្លាកែត ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ នៅចុងឆ្នាំ១៩៧៦ គ្រួសាររបស់គាត់ត្រូវបានខ្មែរក្រហមជម្លៀសឲ្យទៅភូមិព្រែកទ្រោច ស្រុកឯកភ្នំ ខេត្តបាត់ដំបង ស្ថិតក្នុង​តំបន់៤។ បន្ទាប់ពីទៅដល់ទីនោះ ថុល ត្រូវខ្មែរក្រហមចាត់តាំងឲ្យ​ធ្វើការងារនៅក្នុងកងចល័ត ដោយត្រូវធ្វើស្រែ, ជីកប្រឡាយ, លើកទំនប់ និងលើកអាងស្តុកទឹក។ ចំពោះរបបអាហាររបស់ប្រជាជននៅតំបន់៤វិញ រួមមានបាយរយៈពេលមួយខែដំបូង និងបន្ទាប់ពីប្រមូលផលស្រូវរួច។ ក្រោយមក របបអាហារ មានតែបបររាវៗ ទឹកច្រើនជាងគ្រាប់អង្ករ ដោយក្នុងមួយចានមានគ្រាប់អង្ករតែបី ទៅបួនគ្រាប់ប៉ុណ្ណោះ។ តាមរយៈការសង្កេតរបស់ ថុល ប្រជាជននៅក្នុងរបបខ្មែរក្រហម មិនសូវមាននរណាមានជំងឺធ្ងន់ធ្ងរនោះទេ។ ពេលនោះប្រជាជនភាគច្រើន គ្រាន់តែឈឺក្បាល វិលមុខបន្តិចបន្តួចប៉ុណ្ណោះ។

ថុល មិនធ្លាប់ឃើញខ្មែរក្រហម សម្លាប់មនុស្សដោយផ្ទាល់ភ្នែកឡើយ គាត់គ្រាន់តែឃើញប្រជាជនដែលរស់នៅសហករណ៍ជាមួយគ្នា ត្រូវអង្គការហៅឈ្មោះ យកខ្សែចងដៃ និងបិទភ្នែកបណ្ដើរយកទៅ។ អង្គការ តែងនិយាយថាប្រជាជនទាំងអស់នោះ គឺជាខ្សែបណ្ដាញរបស់ សេ.អ៊ី.អា.។ ដូច្នេះ អង្គការត្រូវយកអ្នកទាំងនោះទៅរៀនសូត្រ។ បងប្អូន និងប្រជាជនដែលជាប់ពាក់ព័ន្ធជាមួយនឹងជននោះ នឹងត្រូវខ្មែរក្រហមតាមស្វែងរកចាប់ខ្លួនយកទៅជាមួយដែរ។

ខ្មែរក្រហមបានដាក់បម្រាមពីការគោរពសាសនា ព្រមទាំងផ្សឹកព្រះសង្ឃ និងយកទីធ្លាវត្តអារាមទៅធ្វើជាឃ្លាំងសម្រាប់ដាក់ស្រូវ។ មិនត្រឹមតែប៉ុណ្ណោះ សាលារៀន និងមន្ទីរពេទ្យមួយចំនួន ត្រូវប្រែក្លាយជាកន្លែងដាក់សម្ភារ។ បច្ចុប្បន្ន ថុល មានជំងឺក្រពះ-ពោះវៀន និងលើសសម្ពាធឈាម៕

សម្ភាសន៍ដោយ៖ ញ៉ិល ចន្រ្ទា ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin