ស្រី សុខ៖កងទ័ពវៀតកុងបានទម្លាក់គ្រាប់លើស្រុកកោះធំ

ស្រី សុខ[1] ភេទប្រុស អាយុ៧១ឆ្នាំ មានទីកន្លែងកំណើតរស់នៅក្នុងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។ សុខ បច្ចុប្បន្នរស់នៅក្នុងភូមិទួលសាលា ស្ថិតនៅក្នុងស្រុកអន្លង់វែង។
សុខ បាននិយាយរៀបរាប់ពីប្រវត្តិការតស៊ូ និងទុក្ខលំបាករបស់ខ្លួននៅក្នុងរបបខ្មែរក្រហមដូចខាងក្រោម៖ «កាលពីកុមារភាព ខ្ញុំរស់នៅក្នុងគ្រួសារមួយដែលមានជីវភាពមធ្យម។ គ្រួសារខ្ញុំ ប្រកបមុខរបបធ្វើស្រែចម្ការ និងនេសាទត្រីសម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ។ នៅមុនឆ្នាំ១៩៧០ ប្រជាជនរស់នៅក្នុងស្រុកកោះធំភាគច្រើនប្រកបមុខរបរនេសាទត្រី។ នៅជំនាន់នោះការហូបចុករបស់ប្រជាជនសម្បូរសប្បាយណាស់មិនមានការខ្វះខាតអ្វីនោះទេ។ ជារៀងរាល់ថ្ងៃ ខ្ញុំរួមទាំងក្មេងៗនៅក្នុងភូមិតែងតែនាំគ្នាទៅនេសាទត្រីនៅស្រុកកោះធំ។ នៅទីនោះសម្បូរត្រីតូចត្រីធំណាស់សូម្បីតែខ្ញុំចែវទូកក៏ប៉ះត្រីដែរ។
ថ្ងៃមួយនៅពេលដែលខ្ញុំ និងមិត្តភក្តិនាំគ្នាចេញទៅនេសាទត្រីម្ដងទៀតក៏ជួបជាមួយក្រុមយន្តហោះជិះក្រឡឹងកាណូតខ្ញុំ២ទៅ៣ជុំហើយបានដាក់កងទ័ពចុះ។ ខ្ញុំ រួមទាំងមិត្តភក្តិដទៃទៀតបម្រុងនឹងបើកការណូតចេញទៅហើយប៉ុន្តែកងទ័ពទាំងនោះបានឃាត់មិនចេញទៅថែមទាំង បន្ទាប់មកកងទ័ពក៏មកផ្ជុងកាំភ្លើងឲ្យខ្ញុំរុះរើក្ដារកាណូតចេញឲ្យអស់ ដើម្បីឲ្យងាយស្រួលពិនិត្យមើលថាខ្ញុំមានលាក់កាំភ្លើងនៅក្នុងកាណូតឬក៏អត់។
ក្រោយពីបានឆែកឆេកាណូតខ្ញុំរួចអស់ហើយ ខ្ញុំនិងមិត្តភក្តិក៏បានបើកកាណូតចេញបានពាក់កណ្ដាលផ្លូវកងទ័ពក៏បានស្ទាក់ចាប់ឲ្យឡើងគោកដោយបញ្ជាឲ្យដោះអាវឈរតម្រាប់គ្នា រួមទាំងសួរនាំពីប្រវត្តិរូបសង្ខេបទាំង១០០នាក់ដែលបានចាប់ខ្លួននៅពេលដែលកំពុងតែនេសាទ។ បន្ទាប់ពីមានការចាប់ខ្លួននិងសាកសួរអ្នកទៅនេសាទត្រីមក ប្រជាជនដែលរស់នៅក្នុងស្រុកកោះធំក៏នាំគ្នាទៅរកត្រីនៅពេលយប់វិញ។ ទោះបីជាប្រជាជនទៅរកត្រីនៅពេលយប់ ក៏កងទ័ពវៀតកុងនៅតែចាប់ធ្វើបាបមិនឲ្យទៅរកត្រីថែមទាំងបាញ់គ្រាប់ផ្លោងដាក់ប្រជាជនដែលបានទៅរកត្រីនៅពេលយប់ទៀតផង។ មិនតែប៉ុណ្ណោះកងទ័ពវៀតកុងបានបញ្ជូនកម្លាំងឲ្យចុះមកត្រួតពិនិត្យនៅតាមភូមិដែលស្ថិតនៅក្នុងស្រុកកោះធំទាំងអស់។
បន្ទាប់ពីកងទ័ពវៀតកុងបានធ្វើបាបនិងហាមឃាត់ប្រជាជនមិនឲ្យទៅនេសាទទៀត ស្រុកកោះធំក៏ចាប់ផ្ដើមបង្កើតកងជីវពលប្រចាំភូមិ។ ក្រោយពីប្រជាជនខ្មែរបានបង្កើតកងជីវពលការពារភូមិក៏មានជម្លោះជាមួយពួកវៀតកុង។ កងទ័ពវៀតកុងបានទម្លាក់គ្រាប់បែកពីលើយន្តហោះនៅក្នុងស្រុកកោះធំយ៉ាងសន្ធោសន្ធៅធ្វើឲ្យប្រជាជនក្នុងភូមិរួមទាំងគ្រួសារខ្ញុំរត់ចេញពីភូមិទៅលាក់ខ្លួននៅក្នុងព្រៃក្បែរៗផ្ទះអស់មួយរយៈពេល។
ក្នុងឆ្នាំ១៩៧០ ខ្ញុំក៏បានសម្រេចចិត្តសុំម្ដាយទៅធ្វើកងទ័ពដោយសារការរស់នៅក្នុងភូមិចាប់ផ្ដើមពិបាក។ ស្រុកភូមិមានភាពចលាចល។ បន្ទាប់ពីខ្ញុំបានចូលជាកងទ័ពហើយ។ ខ្ញុំត្រូវបញ្ជូនទៅហាត់រៀនយុទ្ធសាស្រ្តកងទ័ពនៅខាងជ្រោយតាកែវ រយៈពេលមួយឆ្នាំ។ បន្ទាប់ពីនោះ ខ្ញុំចេញទៅសមរភូមិ។ នៅពេលដែលខ្ញុំបានចេញមកសមរភូមិ ខ្ញុំតែងតែគិតខ្លួនឯងថា«ហេតុអ្វីបានជាខ្មែរត្រូវវាយខ្មែរគ្នាឯងវិញបែបនេះ»។
លុះចូលដល់ឆ្នាំ១៩៧១ ខ្មែរក្រហមបានប្រមូលយុវជននៅក្នុងភូមិឲ្យចូលធ្វើជាកងទ័ពទាំងអស់។ កាលណោះបើមានយុវជនណាម្នាក់ប្រឆាំងខ្មែរក្រហមប្រាកដជាចាប់យកទៅធ្វើបាបដោយប្រើឲ្យរែកទឹកដាក់ពាងតាមផ្ទះប្រជាជនក្នុងភូមិរួចទាំងទៅកាប់ដី និងរែកដីជាដើម។ ដោយឡែក ក្រុមកម្លាំងកងទ័ពបន្ទាប់ពីត្រឡប់ពីសមរភូមិ កងទ័ពត្រូវមកហ្វឹកហាត់យុទ្ធសាស្រ្តធ្វើសង្គ្រាមបន្ថែម។ នៅពេលទំនេរពីការហ្វឹកហាត់កងទ័ពត្រូវទៅជួយធ្វើការងារប្រជាជនដូចជារែកទឹកដាក់ពាង និងដាំបន្លែជាដើម។ ខ្ញុំបានចេញទៅសមរភូមិជាមួយកងទ័ព លន់ នល់ រយៈពេលមួយឆ្នាំ។ នៅក្នុងឆ្នាំ១៩៧២ ខៀវ សំផន រួមទាំងមេៗខ្មែរក្រហម៣ ឬ៤នាក់ទៀតបានមកប្រជុំនៅក្នុងស្រុកកោះធំ។ នៅពេលធ្វើដំណើរទៅប្រជុំ ខៀវ សំផន បានឲ្យកងទ័ពស្រុកទៅតាមការពារ។ ក្នុងអង្គប្រជុំ ខៀវ សំផន បាននិយាយណែនាំឲ្យប្រជាជនខ្មែរខិតខំចូលរួមការពារទឹកដីខ្មែរយើងកុំឲ្យសត្រូវមកឈ្លានពាន។
ក្រោយពីប្រជុំចប់ ប្រធានកងឲ្យកងទ័ពឈប់សម្រាកចំនួនកន្លះខែសិនបានចេញទៅវាយនៅតាមគោលដៅរៀងៗខ្លួនវិញ។ បន្ទាប់មកខ្ញុំត្រូវបានបញ្ជូនទៅវាយជាមួយកងទ័ព នល់ នល់ នៅខាងស្រុកពារាំង។ កាលណោះ កងទ័ពខ្មែរក្រហមដែលនៅចំណុចកណ្ដាល ត្រូវបានកងទ័ព នល់ នល់ និងកងទ័ពវៀតណាមបាញ់ត្រូវរបួសនិងស្លាប់អស់ជាច្រើននាក់។ ខ្ញុំ រួមទាំងកងទ័ពដែលនៅសេសសល់បានវាយបន្តដេញកងទ័ព លន់ នល់ ឡើងទៅដល់ក្រុងតាខ្មៅ។ ខ្ញុំរងរបួសធ្ងន់។ មេរបស់ខ្ញុំក៏បានបញ្ជូនខ្ញុំទៅព្យាបាលនៅពេទ្យកំពង់គ ដែលជាពេទ្យធំនៅសម័យខ្មែរក្រហម។ ចាប់តាំងពីពេលនោះមកខ្ញុំក៏ត្រូវពិការ ដែលធ្វើឲ្យខ្ញុំចូលទៅធ្វើកងទ័ពវិញមិនបានទេ។ ខ្ញុំបានស្ថិតនៅក្នុងមន្ទីរជនពិការ។
នៅឆ្នាំ១៩៧៦ មន្ទីរជនពិការត្រូវបានរំសាយចោល។ ខ្ញុំក៏បានសុំប្រធានមន្ទីរទៅមើលខុសត្រូវកុមារខាងមុខក្នុងការដាំចេកនិងដំណាំបញ្ជូនទៅឲ្យកងទ័ពនៅសមរភូមិមុខ។ កាលណោះបានជាសុំទៅមើលកុមារខាងមុខព្រោះខ្ញុំដឹងថាបើខ្ញុំនៅប្រាកដជាស្លាប់ជាមួយជនបងប្អូនជនពិការដទៃទៀតដែលធ្វើការមិនកើត ត្រចៀកថ្លង់ ភ្នែកមើលមិនឃើញ ដៃពិបាក ដឹងតែគេសម្លាប់ចោលអស់ហើយសម័យនោះ។ ខ្ញុំ ក៏បន្តដឹកនាំកុមារដាំចេកដាំដំណាំបានផលបញ្ជូនឲ្យកងទ័ពនៅសមរភូមិមុខបានគ្រប់ចំនួន។ កាលណោះខ្ញុំក្ដាប់កុមារចំនួន៣ក្រុមហើយក្នុងមួយថ្ងៃកុមារត្រូវគាស់កូនចេកយកទៅដាំឲ្យបានមួយដើម។ ខ្ញុំនៅ ថែ ទាំ ដំណាំ និងគ្រប់គ្រងកុមាររហូតដល់ចន្លោះឆ្នាំ១៩៧៨ និង១៩៧៩ កងទ័ពវៀតណាមបានវាយលុកចូលមកកាន់តែខ្លាំងឡើងកុមារក៏រត់បែកខ្ញែកគ្នាអស់។ នៅពេលដែលកុមារបែកគ្នាអស់ខ្ញុំក៏ទៅខាងរៀបចំខ្សែត្រៀមនៅពារាំងក្រោមម្ដង។
បន្ទាប់ពីកងទ័ពរៀបចំខ្សែត្រៀមហើយកងទ័ពខាងរដ្ឋាភិបាលលើដៃកុំឲ្យកងទ័ពខ្មែរក្រហមបាញ់ប៉ុន្តែកងទ័ពខ្មែរក្រហមនៅតែបាញ់ ខ្ញុំក៏រត់ចូលមកខាងក្នុងវិញ។ កាលណោះខ្ញុំធ្វើដំណើរម្នាក់ឯងដោយមានកាំភ្លើងមួយដើម និងគ្រាប់បែកមួយចង្កេះខោ។ បន្ទាប់មកខ្ញុំក៏សម្រេចចិត្តធ្វើដំណើរទៅរកបងប្អូននៅឯស្រុកកំណើតវិញ។ ខ្ញុំរស់នៅក្នុងស្រុកកំណើតបានមួយឆ្នាំខ្ញុំក៏បានរៀបការ។ ចាប់តាំងពីខ្ញុំមករស់នៅក្នុងស្រុកកំណើតវិញស្រុកភូមិរបស់ខ្ញុំក៏ទទួលបានសុខសន្តិភាពរហូតមកដល់សព្វថ្ងៃនេះ»៕
អត្ថបទដោយ លី សុខឃាង
[1] លី សុខឃាង សម្ភាសន៍ជាមួយ ស្រី សុខ នៅភូមិទួលសាលា ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅក្នុងឆ្នាំ២០២៤។