ខោអាវមួយសម្រាប់ស្លៀកមួយឆ្នាំ

ស្រី ធឹម អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ស្វាយរៀង) ៖ ស្រី ធឹម អាយុ៧៤ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិក្បាលក្រពើ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។

ក្នុងរបប លន់ នល់ ធឹម និងគ្រួសារ រស់នៅស្រុកកំណើត​បានជួបប្រទះហេតុការណ៍ការទម្លាក់គ្រាប់បែក និងអំពើអ​សន្តិសុខ​ផ្សេងៗ។ ​ប្រជាជនរស់នៅទាំងភ័យខ្លាចគ្មានសេចក្តីសុខ​។ ពេលយប់គ្រួសារ ធឹម និងប្រជាជនដទៃទៀត មានថ្ងៃខ្លះត្រូវទៅសម្រាន្តនៅក្នុងព្រៃ តាមវាលស្រែ ឬនៅក្នុង​រណ្តៅ​ត្រង់សេ ដែលជីកនៅឆ្ងាយៗពីផ្ទះ​ដើម្បីសុវត្ថិភាពនិងគេចពី​ការទម្លាក់គ្រាប់បែក។

នៅឆ្នាំ១៩៧៥ ប្រជាជនមិនទាន់ជួបការលំបាកភ្លាមៗ​ នោះទេ។ ធឹម បានរៀបរាប់ប្រាប់អ្នក​ស្ម័គ្រចិត្តកម្ពុជាថា ដំបូងខ្មែរក្រហមអនុញ្ញាតឲ្យប្រជាជន​រស់នៅ ធ្វើការ និងហូបអាហារជាលក្ខណឯកជនបាន។ ប្រជាជនគិតថាប្រទេសជាតិគ្មានសង្រ្គាម និងលែងមានអំពើ​អ​សន្តិសុខ​ទៀតហើយ តែវាជាការផ្ទុយពីគិតនេះទាំងស្រុង។ ក្រោយមកភូមិដែល ធឹម រស់នៅខ្មែរក្រហមបានប្រមូលទ្រព្យ    សម្បតិ្តឯកជនរបស់ប្រជាជន​ទាំងអស់មករក្សាទុករួមក្នុងសហករណ៍ សត្វពា​ហ​នៈ ដែលប្រជាជនធ្លាប់​ប្រើសម្រាប់​កាងារកសិកម្ម​ក៏លែងអាចប្រើបាន។ ប្រជា​ជនមិនអាចរស់នៅផ្ទះរបស់ខ្លួនបានដូចមុនទេ គឺត្រូវទៅរស់នៅតាមក្រុម តាមកង តាមប្រភេទអាយុ។ ​ម្តាយឪពុកត្រូវព្រាត់ពីកូន បងត្រូវព្រាត់ពីប្អូន និងការ​ងារក៏បែងចែកផងដែរ ហើយរាល់ការងារទាំងអស់ត្រូវធ្វើជាសមូហភាពបម្រើឲ្យអង្គការ​។ រាល់កម្ម​សិទ្ធិផ្ទះសម្បែង ដីស្រែ និងដីចម្ការទាំងអស់ជារបស់អង្គការ​​។

ធឹម បានឲ្យដឹងថាក្នុងភូមិមិនអាចចាយលុយ គ្មានផ្សារទិញទំនិញ​ដូចមុន សូម្បីតែសំលៀកបំពាក់ក៏ត្រូវបានអង្គការ​ចែកឲ្យដែរ។ ស្រី ធឹម៖ «មួយឆ្នាំអង្គការបើកខោអាវពណ៌ខ្មៅឲ្យបាន​តែមួយសម្រាប់ ពាក់ទាល់តែរហែកអស់ប្រើ​លែងកើត​ទើបគេបើកថ្មីឲ្យទៀត ស្រូវអង្ករដែលបង្កបង្កើនផលបានត្រូវប្រមូលទុក និងជញ្ជូនចេញទៅអស់ៗ ប្រជាជនទទួលបានរបបអាហារមិនគ្រប់គ្រាន់តាមតែគេចែកឲ្យ»។

រឿងរ៉ាវដែល ធឹម ចងចាំមិនអាចបំភ្លេចក្នុងរបបខ្មែរក្រហមគឺ​ការស្លាប់របស់សាច់ញាតិ ទុក្ខលំបាក ការខ្វះខាតរបបអាហារ និងពេលឈឺគ្មានថ្នាំព្យាបាលគ្មានពេលសម្រាក​។ ធឹម នៅចាំបានថា អ្នកជំងឺឈឺតិចតួចត្រូវ​ទៅធ្វើការដូចធម្មតា អ្នក​ជំងឹធ្ងន់ៗគ្មានថ្នាំព្យាបាលត្រឹមត្រូវ និងប្រឈមមុខនាំយកទៅសម្លាប់ចោល មានតែអ្នកធ្វើការទេទើប​មានឈ្មោះទទួលបានរបបអាហារ។

ក្រោយមក ធឹម និងគ្រួសារត្រូវបានជម្លៀសទៅស្រុកបាភ្នំ ខេត្តព្រៃវែង និងបម្រុងជម្លៀសបន្តទៅខេត្តពោធិ៍សាត់​។ ប៉ុន្តែដោយសាររបបខ្មែរក្រហមបានដួលរលំមុនទើប គាត់មានសេរីភាព មានសិទ្ធិអាចត្រឡប់មករស់នៅស្រុកកំណើតវិញបានប្រក​បរបបធ្វើស្រែចម្ការរហូតដល់សព្វថ្ងៃ។

ធឹម នៅតែនឹកឃើញរឿងរ៉ាវពីរបបខ្មែរក្រហម។ គាត់ បានផ្តំាផ្ញើដល់ក្មេងជំនាន់ក្រោយឲ្យចូលរួមទប់ស្កាត់របបនេះត្រឡប់មកវិញម្តងទៀត។

សម្ភាសន៍ដោយ ព្រាប ច័ន្ទពិសី នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយៈ អេង សុខម៉េង

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin