វីរកងទ័ព ស្រី ធឿន បានស្លាប់ដោយសារផ្សែងពុលរបស់ទាហានថៃ

ឧត្តមសេនីយ៍ត្រី ស្រី ធឿន ភេទប្រុស អាយុ៥២ឆ្នាំ មានទីកន្លែងកំណើតនៅភូមិត្រពាំងត្បាល់ ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង គឺជាវីរកងទ័ពដែលបានស្លាប់ដោយសារផ្សែងពុលរបស់ទាហានថៃ។[1] វីរកងទ័ពធឿន មានទួនាទីជានាយរងផ្នែកបំភ័ន្តអក្ខរ នៅកងពលតូចថ្មើរជើងលេខ២១ នៃភូមិភាគ២ ឈរជើងនៅសមរភូមិប្រាសាទតាមាន់ធំ។ វីរកងទ័ពធឿន មានឪពុកឈ្មោះ កែវ ដេត (ស្លាប់ក្រោយបែកខ្មែរក្រហម១ឆ្នាំ)[2] និងម្ដាយឈ្មោះ ងួន សារី អាយុ៨៣ឆ្នាំ (បច្ចុប្បន្នរស់នៅស្រុកកំណើត)។ វីរកងទ័ពធឿន មានបងប្អូនចំនួន ៧នាក់ ក្នុងនោះមានស្រី៥នាក់ និងប្រុស២នាក់ ហើយ ធឿន ជាកូនទី ៣ ក្នុងគ្រួសារ។ វីរកងទ័ពធឿន បានស្លាប់នៅពេលបំពេញបេសកកម្មនៅសមរភូមិជួរមុខកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងជន្មាយុ៥២ឆ្នាំ ដោយសារផ្សែងពុលរបស់ទាហានថៃ នាពេលកន្លងមក បន្ទាប់ពីត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យភូមិភាគ៤ ខេត្តសៀមរាប បានរយៈពេល២ថ្ងៃ។[3]
វីរកងទ័ពធឿន ចូលធ្វើជាទាហាននៅអាយុ ១៥ឆ្នាំ នៅភូមិភាគ២ កងពលលេខ២១ វរសេនាតូចលេខ២១២។ នៅដើមឆ្នាំ២០២៥ វីរកងទ័ពធឿន ធ្លាប់ទៅទទួលការហ្វឹកហាត់នៅប្រទេសវៀតណាម រយៈពេល ៣ខែ មុនពេលគាត់ត្រូវទៅប្រចាំការនៅសមរភូមិជួរមុខ ក្បែរប្រាសាទតាមាន់ធំ។ វីរកងទ័ពធឿន ធ្លាប់ទទួលការហ្វឹកហាត់នៅក្នុងប្រទេសរយៈពេល ៣ខែ ផងដែរ។[4]
ងួន សារី ដែលត្រូវជាម្ដាយរបស់វីរកងទ័ពធឿន បាននិយាយថា “ចាប់តាំងពីពេលកូនខ្ញុំចូលធ្វើជាទាហានកូនខ្ញុំមិនសូវបានមកលេងផ្ទះនោះទេ ហើយរយៈពេល៤ឆ្នាំចុងក្រោយនេះ ខ្ញុំមិនដែលបានជួបមុនកូនសូម្បីម្ដង ឮតែសំឡេង និងឃើញតែរូបតាមទូរសព្ទ”។ ខ្ញុំធ្លាប់លួងលោមកូនឲ្យមកលេងផ្ទះ តែកូនមិនព្រមមកដោយប្រាប់ខ្ញុំថា “ម៉ែ…ការងារខ្ញុំរវល់ណាស់ ទៅមិនរួចទេម៉ែ…។ រហូតដល់ថ្ងៃទី១៨ វេលាយប់ ខ្ញុំទូរសព្ទទៅកូន (វីរកងទ័ពធឿន) ម៉ែ…ខ្ញុំនិយាយមិនរួចទេ ឈឺបំពង់ក និងព្រិលភ្នែក ចាំព្រឹកចាំនិយាយទៀត។ និយាយបានតែពីរម៉ាត់ មិនទាន់បិទទូរសព្ទផង (អ្នកកំដរ) ថាកូនខ្ញុំបានស្លាប់ហើយ។ លុះព្រឹកថ្ងៃទី១៩ ខាងអង្គភាពបានបញ្ជូនសពកូនខ្ញុំ (វីរកងទ័ពធឿន) មកធ្វើបុណ្យនៅស្រុកកំណើត។ ខ្ញុំជាម្ដាយបានបែកពីកូនអស់រយៈពេលប្រមាណ៤ឆ្នាំ ពេលបានជួបម្ដងទៀតកូនខ្ញុំក្លាយទៅជាសាកសពទៅហើយ។ ខ្ញុំស្រណោះកូនណាស់។ កាលពីនៅរស់កូនខ្ញុំមានចរិកល្អណាស់ មិនចេះនិយាយច្រើនទេ។ តែឥឡូវនៅសល់តែរូបថត”។[5]



[1] https://m.freshnewsasia.com/localnews/409054-2025-11-21-14-05-32 ដកស្រងចេញពីគេហទំព័រ Fresh News (ចុះថ្ងៃទី23-11-2025 10:09)
[2] បទសម្ភាសន៍តាមទូរសព្ទ ទាវ សម្ភស្ស អ្នកស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ជាមួយ ឡុយ ផា ត្រូវជាពូរបស់វីរកងទ័ពស្រី ធឿន នៅថ្ងៃទី២៦/១១/២០២៥
[3] https://www.facebook.com/share/p/1GgDzztoit/ ដកស្រងចេញពីគេហទំព័រ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (ចុះថ្ងៃទី២២ វិច្ឆិកា ២០២៥ នៅម៉ោង2:04 ល្ងាច)
[4] បទសម្ភាសន៍តាមទូរសព្ទ ទាវ សម្ភស្ស អ្នកស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ជាមួយ ឡុយ ផា ត្រូវជាពូរបស់វីរកងទ័ព ស្រី ធឿន នៅថ្ងៃទី២៦/១១/២០២៥
[5] បទសម្ភាសន៍តាមទូរសព្ទ ទាវ សម្ភស្ស អ្នកស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ជាមួយ ងួន សារី ត្រូវជាម្ដាយរបស់វីរកងទ័ពស្រី ធឿន នៅថ្ងៃទី២៦/១១/២០២៥
អត្ថបទដោយ ទាវ សម្ភស្ស

