ប្រធានក្រុមកងទ័ពកាំភ្លើងធំ គ-១៨ នៅតំបន់២

ប្រភពរូបថត៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

នៅឆ្នាំ១៩៧៥ ម៉ាលី ត្រូវមេកងបញ្ជូនចេញពីខេត្តពោធិ៍សាត់ ទៅកាន់ខេត្តបាត់ដំបង ហើយទទួលតួនាទីជាប្រធានក្រុមកងកាំភ្លើងធំ គ-១៨ នៅតំបន់២។

ស៊ុម ម៉ាលី ភេទប្រុស អាយុ៧៧ឆ្នាំ[1] មានមុខរបរជាប្រធានភូមិភ្នំព្រឹក្ស។ ម៉ាលី មានស្រុកកំណើតនៅភូមិត្រពាំងធំ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្ន ម៉ាលី រស់នៅក្នុងភូមិភ្នំព្រឹក្ស ឃុំភ្នំព្រឹក្ស ស្រុកភ្នំព្រឹក្ស ខេត្តបាត់ដំបង។ គាត់មានឪពុកឈ្មោះ ស៊ុម (ស្លាប់) ក្នុងសម័យខ្មែរក្រហម និងម្ដាយឈ្មោះ សឹង (ស្លាប់)។ ម៉ាលី មានបងប្អូនបង្កើតចំនួន៥នាក់ (ស្រី២នាក់) ម៉ាលី ជាកូនទី២។ គាត់មានភរិយាឈ្មោះ ឃឹម ម៉ាន់ អាយុ៧៣ឆ្នាំ មានកូនចំនួន៤នាក់ (ស្រី២នាក់)។

កាលនៅវ័យកុមារ ម៉ាលី បានចូលសិក្សារៀនសូត្រនៅសាលារៀនក្នុងភូមិត្រពាំងធំ បានត្រឹមថ្នាក់ទី៧ចាស់។ បន្ទាប់ពីឈប់រៀននៅឆ្នាំ១៩៦៧ ឪពុកម្ដាយរបស់ ម៉ាលី បាននាំកូនៗទាំងអស់ ព្រមទាំងមានអ្នកភូមិមួយចំនួនផងផ្លាស់ប្ដូរទីលំនៅចេញពីខេត្តតាកែវ ទៅកាន់ខេត្តពោធិ៍សាត់ ដើម្បីទៅរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត។ ឪពុកម្ដាយរបស់ ម៉ាលី មានដីស្រែនៅខេត្តពោធិ៍សាត់។ ក្រុមគ្រួសាររបស់ ម៉ាលី រស់នៅក្នុងភូមិព្រះចំបក់ ឃុំបាកាន ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយប្រកបរបរធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៦៨ ម៉ាលី បានរៀបការជាមួយភរិយាដែលជាអ្នកភូមិផ្លាស់ទីលំនៅមកពីខេត្តតាកែវដូចគ្នា។ បន្ទាប់ពីរៀបការរួច ម៉ាលី និងប្រពន្ធ បាននាំគ្នាមកធ្វើចម្ការនៅក្នុងស្រុកភ្នំក្រវាញ។

នៅឆ្នាំ១៩៧០ ម៉ាលី និងប្រពន្ធ កំពុងនៅធ្វើចម្ការក្នុងស្រុកភ្នំក្រវាញ។ បន្ទាប់មក លោកសេនាប្រមុខ លន់ នល់ បានធ្វើរដ្ធប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ។ មិនយូរប៉ុន្មាន កងទ័ពខ្មែរក្រហមបានចូលមកបំផុសបំផុល និងឃោសនាឲ្យប្រជាជននៅក្នុងភូមិនាំគ្នាចូលទៅព្រៃម៉ាគី ដើម្បីប្រមូលកម្លាំងធ្វើការប្រយុទ្ធប្រឆាំងជាមួយទាហាន លន់ នល់ ទាមទារសិទ្ធិអំណាចជូនសម្ដេចព្រះ នរោត្ដម សីហនុ វិញ។ បន្ទាប់ពីបានឮការឃោសនា ម៉ាលី បាននាំប្រពន្ធត្រឡប់ទៅរស់នៅជាមួយម្ដាយនៅស្រុកបាកានវិញ​ ហើយបន្ទាប់មក ម៉ាលី បានត្រឡប់មកស្រុកភ្នំក្រវាញវិញ ដើម្បីស្ម័គ្រចិត្តចូលធ្វើកងទ័ពជាមួយខ្មែរក្រហមនៅភ្នំខ្វាវ ។ បន្ទាប់ពីចូលកងទ័ព ម៉ាលី ធ្លាប់បានឃើញ តាឡេង និង ខៀវ សំផន ធ្វើដំណើរទៅភ្នំខ្វាវ ដើម្បីអប់រំកងទ័ពឲ្យចេះតស៊ូ រួបរួមសាមគ្គីគ្នា។ កងទ័ពស្ម័គ្រចិត្តជាមួយ ម៉ាលី មានចំនួន៤០នាក់ មានជនជាតិខ្មែរ និងជនជាតិអ៊ីស្លាម ដែលដឹកនាំដោយ តាយ៉ន និង តាឈើម។ នៅឆ្នាំ១៩៧៣ ម៉ាលី បានចុះពីភ្នំមកធ្វើកងទ័ពតំបន់២នៅខេត្តពោធិ៍សាត់។

នៅឆ្នាំ១៩៧៥ បន្ទាប់ពីកងទ័ពខ្មែរក្រហមវាយដណ្ដើមបានទីក្រុងភ្នំពេញ និងបានទទួលជ័យជំនះលើរបប លន់ នល់ ទាំងស្រុង ម៉ាលី ត្រូវមេកងបញ្ជូនទៅខេត្តបាត់ដំបង ភូមិភាគពាយ័ព្យដើម្បីទទួលតួនាទីជាប្រធានកងកាំភ្លើងធំ គ-១៨​ ដែលមាន តាសាន តាកន និង តាញឹម ជាអ្នកគ្រប់គ្រងពីលើ។ ម៉ាលី នៅប្រចាំការនៅទីរួមខេត្តបាត់ដំបង ជាមួយ តាខ្លែង បានប្រហែលមួយរយៈពេល ទើបមេកងដក ម៉ាលី និងកងទ័ពសរុបប្រហែល២០០នាក់ទៅប៉ៃលិន។ បន្ទាប់ពីទៅប្រចាំការនៅប៉ៃលិនបានរយៈពេលប្រហែលកន្លះខែ ម៉ាលី និងកងទ័ពទាំង២០០នាក់ត្រូវបានបំបែកចេញជាក្រុមតូចៗបន្តទៀត។ កងទ័ពមួយចំនួនត្រូវបានដកបញ្ជូនទៅកាន់ទីរួមខេត្តបាត់ដំបងវិញ។ ចំណែក ម៉ាលី និងកងទ័ពប្រហែលជា២០នាក់ ត្រូវបានបញ្ចូនមកប្រចាំការនៅកំពីងពួយ ហៅកងភាគបាត់ដំបង មានតួនាទី ដើរមើលប្រជាពលរដ្ធ ជីកដី លីសែង រែកដី ដើម្បីធ្វើអាងកំពីងពួយ។ ម៉ាលី និងកងទ័ពទាំង២០នាក់ នៅកំពីងពួយបានរយៈពេលប្រហែលជា២០ថ្ងៃ ក៏ត្រូវមេកងបញ្ចូនចូលមកទីរួមខេត្តបាត់ដំបងវិញ។ នៅពេលដែល ម៉ាលី នៅប្រចាំការនៅក្រុងបាត់ដំបងបានមួយរយៈពេល រោងម៉ាស៊ីន០១ បានឆាបឆេះអស់គ្មានសល់។ ដោយមូលហេតុនេះ ម៉ាលី និងកងទ័ពទាំង២០នាក់ ត្រូវមេកើយដកចេញពីក្រុងបាត់ដំបងបញ្ជូនទៅកាន់កន្លែងកសាងស្ថិតនៅភូមិចក ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង នៅម្ដុំភ្នំតាផ្ដេរ(ធិបតី) ដើម្បីធ្វើទារុណ្ឌកម្ម។  បន្ទាប់មក ម៉ាលី ត្រូវបានបញ្ជូនឲ្យទៅធ្វើការនៅក្នុងកងចល័ត និងវាយឥដ្ធ ធ្វើក្បឿងនៅមោងឫស្សី។ នៅឆ្នាំ១៩៧៦  ម៉ាលី ត្រូវបានចល័តទៅរែកទឹកជាមួយចាស់ៗ ស្រោចដំណាំនៅក្បែរអាងចកតូច ចកធំ។ បន្ទាប់មក ម៉ាលី បានឮដំណឹងថា ឪពុករបស់ខ្លួន បានស្លាប់បាត់បង់ជីវិតដោយសារមិនព្រមហូបបាយ និងកើតមានជំងឺសតិអារម្មណ៍នៅខេត្តពោធិ៍សាត់។

នៅឆ្នាំ១៩៧៧ ម៉ាលី ត្រូវប្រធានសហករណ៍ចាប់ចេញពីវត្តចកយកមកឃុំឃាំងនៅក្នុងវត្តកាច់រទេះ ស្ថិតនៅក្បែរភ្នំធិបតី។ ម៉ាលី បានរៀបរាប់ថា នៅក្នុងគុកមានអ្នកទោសជាច្រើននាក់ ជារៀងរាល់ថ្ងៃ ម៉ាលី តែងតែលួចសួរនាំអ្នកទោសមួយចំនួនថាបានធ្វើអ្វីខុសខ្លះ? អ្នកខ្លះឆ្លើយថា បានធ្វើឲ្យបាក់កណ្ដៀវមួយ។ ឯអ្នកខ្លះថា បានលួចលាក់ស្រូវទុកក្នុងហោប៉ៅអាវ អង្គការចាប់បានក៏ចោទថាជាខ្មាំងទើបត្រូវបញ្ជូនមកក្នុងគុក។ អ្នកសួរចម្លើយនៅក្នុងគុកសុទ្ធតែក្មេងៗ។ នរណាមិនសារភាព នឹងត្រូវវាយធ្វើបាប ប៉ុន្តែសម្រាប់ ម៉ាលី នៅពេលអង្គការសួរចម្លើយគាត់ មិនប្រកែកតវ៉ាទេ! អង្គការថាមានទោសអ្វី គាត់ទទួលថាបានធ្វើនឹង! ទើបមិនត្រូវបានអង្គការវាយ ឬធ្វើទារុណកម្ម។  ម៉ាលី ត្រូវអង្គការចោទថា មានជាប់ពាក់ព័ន្ធជាមួយនយោបាយ ព្រោះគាត់ធ្លាប់បានស្ដាប់វិទ្យុ ដែលប៉េកាំងបានផ្សាយជាភាសាខ្មែរថា វៀតណាមបានវាយដណ្ដើមយកកោះតាង។   សម្រាប់របបអាហារវិញគឺមិនមានអ្វីហូបទេ នៅតែស្បែកដណ្ដប់ឆ្អឹង។ ពេលយប់ឡើង អង្គការដាក់ខ្នោះជើងជាប់។ លុះថ្ងៃឡើង ទើបអង្គការបណ្ដើរចេញជាជួរៗឲ្យទៅជួយដកស្ទូងប្រជាជន។ ម៉ាលី បានបន្ថែមថា អ្នកទោសមួយចំនួនបានស្លាប់ទាំងនៅជាប់ខ្នោះនៅក្នុងគុក ព្រោះធ្វើការងារហត់អស់កម្លាំងមិនមានអាហារហូបចុកគ្រប់គ្រាន់។ ម៉ាលី ជាប់ឃុំឃាំងរហូតដល់កងទ័ពវៀតណាមចូលមកពាសពេញស្រុកនៅចុងឆ្នាំ១៩៧៨ ទើបធ្វើមានឱកាសលួចរត់ចេញពីគុកបានរស់រានមានជីវិត។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីកងទ័ពវៀតណាមបានចូលមករំដោះ ម៉ាលី បានរត់ទៅជួបប្រពន្ធកូន ហើយបានធ្វើដំណើរដោយថ្មើរជើងចេញពីខេត្តបាត់ដំបងឆ្ពោះទៅកាន់ទីក្រុងភ្នំពេញជាកន្លែងដែលគាត់បានឃើញសភាពស្ងប់ស្ងាត់គ្មានមនុស្ស និងសាកសពមនុស្ស។ ម៉ាលី បានដើរតាមស្តាតចាស់ ដើម្បីទៅកាន់ផ្ទះបងជីដូនមួយគាត់ឈ្មោះ ប៊ិន និងប្រពន្ធឈ្មោះ ហឿង ដែលកំពុងប្រកបមុខរបររកស៊ីនៅទីក្រុងភ្នំពេញ។ បន្ទាប់មក ម៉ាលី និងប្រពន្ធបានត្រឡប់មកកាន់អូរក្រៅដើម្បីប្រកបរបររកស៊ី។ គាត់បានស្នាក់នៅទីនោះអស់រយៈពេល៧ឆ្នាំ។ រហូតដល់ឆ្នាំ១៩៨៦ ម៉ាលី បានប្ដូរមករស់នៅម៉ាឡៃវិញ ហើយបានសម្រេចចិត្តចូលធ្វើកងទ័ពខ្មែរក្រហមម្ដងទៀត និងមានតួនាទីជាប្រធានកងវរសេនាតូច២៥០ គ្រប់គ្រងកងទ័ពប្រហែលពី៥០ទៅ៦០នាក់ ដែលមាន តាកន ជាប្រធានកងពល។ ម៉ាលី និងកងទ័ពទាំងអស់បានវាយនៅអំពិលប្រាំដើម ចូលទៅបាត់ដំបង។ នៅចន្លោះឆ្នាំ១៩៨៨ និងឆ្នាំ១៩៨៩ មានក្រុមចោរចូលប្លន់ជំរុំមួយដែលនៅក្បែរជំរុំទ័ពរបស់ ម៉ាលី ហើយប្រធានវរសេនាតូចក្នុងជំរុំ បានចោទថាក្រុមចោរដែលចូលប្លន់ជាក្រុមកងទ័ពរបស់ ម៉ាលី។ បន្ទាប់មក ម៉ាលី ត្រូវបានមេកងចាប់ចូលគុកម្ដងទៀត ថែមទាំងដាក់ខ្នោះទាំងប្រពន្ធរបស់ ម៉ាលី ទៀត ដែលមានមេគុកឈ្មោះ ចាន់។ រយៈពេល២ទៅ៣ថ្ងៃ ទើប ម៉ាលី និងប្រពន្ធ ត្រូវបានដោះលែងឲ្យត្រឡប់ទៅផ្ទះនៅទឹកដីថៃវិញ។ បន្ទាប់មក ម៉ាលី និងប្រពន្ធ បានរស់នៅក្នុងភូមិនៅទឹកដីថៃដោយប្រកបរបរចិញ្ចឹមមាន់ជល់ និងរស់នៅរួមជាមួយក្រុមគ្រួសាររបស់យោធាខ្មែរក្រហមជាច្រើនទៀត ដែល ម៉ាលី មានវ័យចំណាស់ជាងគេ។ មិនយូរប៉ន្មាន កងទ័ពវៀតណាមបានដាក់កាំភ្លើងធំនៅលើភ្នំព្រឹក្សបាញ់ផ្លោងទៅភូមិក្នុងទឹកដីថៃដែលមាន ម៉ាលី និងក្រុមគ្រួសារយោធាខ្មែរក្រហមកំពុងរស់នៅ។ ការបាញ់ផ្លោងរបស់វៀតណាម បានធ្វើឲ្យ ម៉ាលី រងរបួសត្រូវឆ្អឹងខ្នង។​

រហូតឆ្នាំ១៩៩១ ម៉ាលី ត្រូវបានអ្នកភូមិជ្រើសរើសឲ្យធ្វើជាប្រធានភូមិភ្នំព្រឹក្ស។ ក្រោយសមាហរកម្មឆ្នាំ១៩៩៧ រាជរដ្ធាភិបាលបានចាប់ផ្ដើមរៀបចំឲ្យមានការគ្រប់គ្រងភូមិឃុំឲ្យស្របទៅតាមច្បាប់ និងកាត់ចែកភូមិដើម្បីឲ្យខាងឃុំគ្រប់គ្រងឲ្យបានស្មើៗគ្នា។ ម៉ាលី បានបន្ថែមទៀតថា​ កាលពីមុនមានការលំបាកច្រើន ដោយសារមានព្រៃស្ដុក។ ពេលឈឺមិនមានពេទ្យព្យបាល ការរស់នៅកន្លងមកមានភាពស្មុគស្មាញ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ មនុស្សមានការគោរពគ្នាទៅវិញទៅមក ពិសេសរាជរដ្ឋាភិបាលបានបង្កើនផ្នែកប្រព័ន្ធអប់រំ ដើម្បីឲ្យសិស្សានុសិស្សបានរៀនសូត្រកាន់តែភ្លឺស្វាង។ មានការសាងសង់ផ្លូវថ្នល់ និងមានមណ្ឌលសុខភាព ដើម្បីបម្រើសេវាកម្មផ្នែកសុខភាពជូនប្រជាពលរដ្ឋគ្រប់រូប៕

អត្ថបទដោយ មឿន ស្រីនុច

[1] ឯកសារ PTI0086 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា “កិច្ចសម្ភាសន៍ជាមួយឈ្មោះ ស៊ុម ម៉ាលី, ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១១។”

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin