បងស្លាប់ដោយសារគេចោទថា ជាទាហានលន់ នល់

(ស្វាយរៀង)៖ ស៊ុំ ធឿន មានអាយុ៦៦ឆ្នាំ ជាមន្រ្តីប៉ូលីសចូលនិវត្តន៍តាំងពីឆ្នាំ២០១០ រស់នៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ធឿន នៅសម័យ លន់ នល់ ធ្វើជាទាហាននៅទីក្រុងភ្នំពេញ។ ក្នុងរបបខ្មែរក្រហម​គាត់ត្រូវបានបង្ខំឲ្យចាកចេញពីទីក្រុង ដោយពេលនោះគាត់បានសម្រេចចិត្តធ្វើ​ដំណើរមកស្រុកកំណើត ឯស្រុកស្វាយទាប ខេត្តស្វាយរៀង។ ពេល​មកដល់ស្រុកកំណើតខ្មែរក្រហមបានធ្វើប្រវត្តិរូបគាត់ និងប្រជាជនដទៃទៀត គាត់​បានលាក់ប្រវត្តិរូបដោយប្រាប់ថា គាត់ជាប្រជាជនធម្មតា ព្រោះគាត់ដឹងថាខ្មែរក្រហមកំពុងចង់បោសសម្អាត​អតីតមន្រ្តីរាជការ និងទាហាន លន់ នល់។

ធឿន ត្រូវបានគេបំបែកពីគ្រួសារ គាត់ត្រូវធ្វើការក្នុងកងចល័តដោយត្រូវទៅឆ្ងាយៗពីភូមិដើម្បីធ្វើស្រែ លើកទំនប់ ជីកប្រឡាយ និងលើកភ្លឺស្រែ។ នៅ​សម័យនោះដោយសារគាត់ជាប្រជាជនថ្មីជម្លៀសមកពីទីក្រុងភ្នំពេញ គាត់ត្រូវខិតខំធ្វើការជាងប្រជាជនមូលដ្ឋាន និង​ត្រូវអនុវត្តការងារឲ្យគ្រប់តាមផែនការ ​ព្រោះមានប្រជាជនថ្មីដែលមានជំងឺមិនអាចធ្វើការបានត្រូវគេយកទៅសម្លាប់ជារឿយៗ។ នៅសហករណ៍ស្រុកស្វាយទាបដែល ធឿន រស់នៅ គាត់ធ្លាប់ឃើញខ្មែរក្រហមចាប់មនុស្សយកទៅរៀន​សូត្រ។ពេលដែលធ្វើឲ្យស្លាបព្រាបាក់ ខ្មែរក្រហម​បានចោទប្រជាជននោះថា ជាខ្មាំងប្រឆាំងនឹងរបបគេ។

ក្រោយមក ធឿន ត្រូវបានបញ្ជូនឲ្យទៅធ្វើការជាកងចល័តនៅឯស្រុកកៀនស្វាយ ខេត្តកណ្តាល។ នៅទីនោះហើយដែលគាត់ត្រូវបានខ្មែរក្រហមឲ្យរៀបការ នៅក្នុងពិធីតែមួយ​ដោយ​មានចំនួន៦៦គូ។ ធឿន បន្តថាពិធីរៀបការធ្វើ​​ឡើងដោយប្រធានសហករណ៍ ប្តីប្រពន្ធតំណាង២គូត្រូវបានអញ្ជើញឲ្យឡើងប្តេជ្ញាចិត្តថា នឹងស្រឡាញ់គ្នារហូតដល់ចាស់។ ពិធីធ្វើឡើងនៅពេលល្ងាចមាន​អាហារហូបគ្រប់គ្រាន់។ កម្មវិធីមានរយៈពេលខ្លីគ្មានសាច់ញាតិទាំងសងខាងចូលរួមទេ ហើយថ្ងៃបន្ទាប់ប្តីប្រពន្ធត្រូវទៅធ្វើការតាមកន្លែងរៀងៗខ្លួន។

ក្នុងរបបនោះបងប្រុសរបស់ ធឿន ត្រូវបានសម្លាប់ដោយចោទប្រកាន់ថា ជាទាហានស័ក្តប្រាំធ្លាប់បំរើការឲ្យ លន់ នល់ ប៉ុន្តែតាមពិតគាត់ជាប្រជាជនសាមញ្ញធម្មតា​។​

រឿងរ៉ាវដែល ធឿន ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហមគឺ ការដែលទាហានខ្មែរក្រហមចាប់គាត់ឃុំឃាំង​ដោយចោទប្រកាន់ថា ជាយោធាបង្កប់ខ្លួន ដោយ​សារ​តែគាត់បានលួចយកខោអាវរបស់ទាហានដែលត្រូវបានសម្លាប់យកមកស្លៀកពាក់។ សំណាង​ល្អ​វៀតណាមចូលមករំដោះទាន់ពេលវេលា ទើបគាត់អាចរួចផុតពីសេចក្តី​​ស្លាប់។

បន្ទាប់ពីរបបខ្មែរក្រហមដួលរលំទៅ ធឿន បានទៅបម្រើការងារជាមន្រ្តីប៉ូលីសនៅភ្នំពេញ និងបានចូលនិវត្តន៍កាលពីឆ្នាំ២០១០។

ធឿន បានទទួលព័ត៌មានពីការកាត់ទោសមេដឹកនាំខ្មែរក្រហម។ គាត់គិតថា ការសម្រេចដាក់ទោសមួយ​ជីវិតលើអតីតមេដឹកនាំខ្មែរក្រហមគឺជាយុត្តិធម៌មួយសម្រាប់រូបគាត់ និងជនរងគ្រោះដទៃទៀត។ ធឿន ក៏បានសំណូមពរឲ្យក្មេងៗជំនាន់ក្រោយ​ត្រូវសិក្សាពីប្រវត្តិសាស្រ្តដើម្បីជៀស​វាងប្រព្រឹត្តិកំហុសដដែលៗម្តងទៀត។

បច្ចុប្បន្ន ធឿន មានជំងឺប្រចាំកាយគឺជំងឺឫសដូងបាត និងជំងឺក្រពះ​។

សម្ភាសន៍ដោយ តូច អួយ ថ្ងៃទី០៩ ខែសីហា ២០២១

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin