ស៊ុំ សាមៀត ៖ បែកគ្នាមួយជីវិតដោយបុព្វហេតុបដិវត្តន៍

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

នាងខ្ញុំឈ្មោះ ស៊ុំ សាមៀត[1] អាយុ៥១ឆ្នាំនៅឆ្នាំ២០០៥ មានស្រុកកំណើត នៅភូមិទួលសង្កែ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។ សព្វថ្ងៃ ខ្ញុំប្រកបមុខរបរធ្វើស្រែបន្តិចបន្តួចសម្រាប់ចិញ្ចឹមជីវិត។ ឪពុកខ្ញុំឈ្មោះ កើត ស៊ុំ និង​ម្ដាយឈ្មោះ ម៉ែន យ៉ាន់។ គាត់ទាំងពីរនាក់បានស្លាប់អស់ហើយ។ ខ្ញុំមានបងប្អូនបង្កើត៥នាក់ ស្រី៣នាក់ និងប្រុស២នាក់។ បងប្អូនខ្ញុំចំនួន២នាក់ គឺបងឈ្មោះ ស៊ុំ សៀត ជាប្រធានភូមិទួលសង្កែ និងប្អូនពៅឈ្មោះ ស៊ុំ សៀប ធ្វើការរោងចក្រក្រឡឹងនៅភ្នំពេញ បានស្លាប់ក្នុងរបបខ្មែរក្រហម។

ខ្ញុំមានប្ដីឈ្មោះ ទួន​ ហាន។ ឈ្មោះបដិវត្តន៍របស់គាត់គឺ ហួត សាន មានស្រុកកំណើតជាមួយខ្ញុំនៅភូមិទួលសង្កែ ឃុំជាច ស្រុកកំចាយមារ តំបន់២០ ភូមិភាគបូព៌ា។  ប្ដីខ្ញុំបានចូលបម្រើបដិវត្តន៍ជាមួយបងប្អូនខ្ញុំឈ្មោះ តាសុង និង តាសែន នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៧៤ បន្ទាប់ពីបានស្តាប់ឮតាមពាក្យឃោសនាអំពីសង្គ្រាមឈ្លានពានរបស់ចក្រពត្តិ និងអំពីវណ្ណៈជិះជាន់នៅក្នុងសង្គម។[2] ទោះបីជាប្ដីខ្ញុំមិនចូលបម្រើបដិវត្តន៍ដោយស្ម័គ្រចិត្តក៏ដោយ ក៏មេភូមិនៅតែកោះហៅគាត់ឲ្យចូលបម្រើបដិវត្តន៍ដដែល។  ម្ដាយក្មេកខ្ញុំឈ្មោះ កុល ចាន់ និងឪពុកក្មេកឈ្មោះ សៅ ហួត។[3] ឪពុកម្ដាយក្មេកខ្ញុំមានកូនប្រុសតែម្នាក់គត់ គឺប្ដីខ្ញុំ។​ បង ហាន បានបួសរៀននៅវត្តទួលសង្កែអស់   រយៈពេល៣ឆ្នាំ។ ក្រោយមក គាត់បានសឹក ហើយឪពុកម្ដាយគាត់បានស្ដីដណ្ដឹងខ្ញុំតាមប្រពៃណីឲ្យកូនប្រុសគាត់។ យើងបានរៀបការ និងបានរួមរស់ជាមួយគ្នារហូតដល់ខ្ញុំមានទម្ងន់(ផ្ទៃពោះ) ៤ខែ ទើបប្តីខ្ញុំចូលព្រៃនៅភូមិត្រពាំងកកោះ ឃុំព្រាល​ ស្រុកកញ្ជៀច ដើម្បីបម្រើបដិវត្តន៍។ កាលពីចូលបដិវត្តន៍ អ្នកភូមិដែលមានអាយុស្របាលនឹងប្តីខ្ញុំ ទោះបីជាពួកគាត់មានប្រពន្ធឬកូនហើយក៏ដោយ ក៏ត្រូវទៅបម្រើបដិវត្តន៍ទាំងអស់ដែរ។

ក្រោយរដ្ឋប្រហារ ភូមិទួលសង្កែស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពរំដោះខ្មែរក្រហម មិនមែនខាង លន់ នល់ ទេ។ ទាហានអាមេរិកបានទម្លាក់គ្រាប់បែកមកលើភូមិខ្ញុំ ដើម្បីសម្លាប់ទាហានវៀតកុង(វៀតណាមខាងជើង) ដែលលាក់ខ្លួននៅក្នុងព្រៃមួយកន្លែងស្ថិតនៅចម្ងាយប្រមាណមួយគីឡូម៉ែត្រពីផ្ទះខ្ញុំ។ ការទម្លាក់គ្រាប់បែកនេះ ក៏បានសម្លាប់អ្នកភូមិមួយចំនួនដែរដូចជាកូនយាយ យី, តាអ៊ុន និងតាសុខ។ ចំណែកអ្នកភូមិផ្សេងទៀត បាននាំគ្នាជីកលេណដ្ឋានស្ទើរគ្រប់ផ្ទះ ដើម្បីលាក់ខ្លួនពីការទម្លាក់គ្រាប់បែក។  ទាហានវៀតកុងដែលលាក់ខ្លួនក្នុងព្រៃ បានជួយទាហានរំដោះ ដើម្បីវាយប្រយុទ្ធជាមួយកងទ័ព លន់ នល់។

នៅអំឡុងឆ្នាំ១៩៧៥ បង ហាន បានទៅចូលរួមប្រយុទ្ធនៅជាយក្រុងភ្នំពេញ។ ក្នុងពេលប្រយុទ្ធគ្នា គាត់ត្រូវរបួសត្រង់ឆ្អឹងជំនី។ ខ្ញុំនិងម្ដាយក្មេកបានទៅទទួលគាត់នៅទួលទ្រា ស្ថិតនៅខាងត្បូងផ្ទះចែ គ្រឿង ក្នុងខេត្តកំពង់ចាម ដែលជាទីតាំងមន្ទីរពេទ្យព-២។ ទាហានដែលមានពិការភាពទាំងអស់ ដូចជាខ្វាក់ភ្នែក កំបុតដៃ និងជើង ត្រូវបញ្ចូនទៅសម្រាក់នៅក្នុងមន្ទីរពេទ្យ ព-២ ទាំងអស់។ បន្ទាប់ពីព្យាបាលជាសះស្បើយហើយ ប្តីខ្ញុំបានមកសម្រាកនៅផ្ទះអស់រយៈពេលមួយសប្ដាហ៍ក៏ត្រឡប់ទៅវិញ។ គាត់បានប្រាប់ខ្ញុំថា មានភារកិច្ចជាប់ខ្លួនអ៊ីចឹង គឺសុំច្បាប់បានតែមួយសប្ដាហ៍ទេ។ នៅពេលនោះ កូនខ្ញុំឈ្មោះ ហាន ហៀត ចេះដើរហើយ។ នៅនឹងស្រុកកំណើត ខ្ញុំធ្វើការនៅក្នុងសមាគនារីឃុំជាច មានភារកិច្ចបណ្ដុះបណ្ដាល និងរៃអង្គាសថវិកាសម្រាប់អង្គការ។ ក្នុងពេលដែលខ្ញុំកំពុងបំពេញការងារ ខ្ញុំបានសង្កេតឃើញប្រជាជន១៧មេសា ជាច្រើននាក់ត្រូវគេយកមកដាក់នៅតាមភូមិជួរទទឹង ភូមិស្រែខាងកើត និងភូមិរហាល់ ហើយអ្នកខ្លះទៀត ត្រូវកម្មាភិបាលឲ្យស្នាក់នៅតាមផ្ទះប្រជាជនក្នុងភូមិ។ ខ្ញុំបានបាត់ដំណឹង បង ហាន អស់រយៈពេលមួយឆ្នាំ តាំងពីគាត់វិលត្រលប់ទៅធ្វើការវិញ។ នៅពេលដែលខ្ញុំបានដឹងដំណឹងថា ប្តីខ្ញុំកំពុងរៀន[វិជ្ជា]ពេទ្យនៅព្រៃវែង ខ្ញុំបានជិះកង់ឌុបកូនប្រុសពីក្រោយស្កាត់ទៅរកគាត់។ ទៅដល់ស្វាយអន្ទរ ខ្ញុំនិងកូនបានសម្រាកមួយយប់នៅទីនោះ។ ស្អែកឡើង ខ្ញុំនិងកូនបានបន្តដំណើររហូតទៅកាន់ខេត្តព្រៃវែង។ ខ្ញុំនិងកូនមិនបានជួប បង ហាន នៅព្រៃវែងទេ ព្រោះឮដំណឹងមកថាគាត់បានទៅសមរភូមិបាត់ហើយ។ ខ្ញុំនិងកូនបានសម្រាកនៅព្រៃវែងអស់រយៈពេល៨ថ្ងៃទៀត ដើម្បីរង់ចាំគាត់ត្រឡប់មកវិញ។ ប៉ុន្តែ ខ្ញុំនិងកូននៅតែមិនបានជួបគាត់ដដែល។ ទោះបីជាគាត់បានដឹងថា ខ្ញុំនិងកូនកំពុងស្នាក់នៅក្នុងខេត្តព្រៃវែងក៏ដោយ ក៏គាត់មិនបានវិលត្រលប់មកជួបពួកយើងដែរ ព្រោះអង្គការបានបញ្ជូនគាត់ទៅកាន់ត្រឡោកបែក ស្រុកចន្រ្ទា ខេត្តស្វាយរៀងបាត់ទៅហើយ។​ ប្ដីខ្ញុំបានផ្ដាំតាមគេមកថា ឱ្យខ្ញុំទៅត្រឡោកបែកដើម្បីជួបគាត់។ ប៉ុន្តែខ្ញុំមិនព្រមទៅឡើយ ព្រោះខ្ញុំពិបាកធ្វើដំណើរ ហើយម៉្យាងទៀតខ្ញុំមានកូនតូចផង និងបែកម៉ែផង។ ខ្ញុំក៏សម្រេចចិត្តវិលត្រលប់មកកាន់សហករណ៍វិញ។ ចាប់ពីនោះមក ខ្ញុំបានបាត់ដំណឹងប្ដីជារៀងរហូត។

​ ក្រោយមកនៅឆ្នាំ១៩៧៧ កម្មាភិបាលខាងនិរតីបានចាប់មេភូមិឈ្មោះ តាគាំង ,តាឈូក ,តារ៉េត, តាញឹម និងតាផន ដាក់ឡានយកចេញទៅ។ គណៈឃុំឈ្មោះ ស៊ី អ្នកមកពី[ឃុំ]ក្របៅ ស្រុកកំចាយមារ និងគណៈស្រុកឈ្មោះ ឃាង ក៏ត្រូវបានចាប់ខ្លួនដែរ ដោយចោទប្រកាន់ថាក្បត់នឹងអង្គការ។ ចំណែក តាសែ​ន និង តាសុង ក៏ត្រូវកម្មាភិបាលទាំងនោះចាប់ដាក់ឡានយកទៅដែរ។ អ្នកភូមិឯទៀត ដែលមានបងប្អូនជាប់សាច់ញាតិជាមួយកម្មាភិបាលដឹកនាំក្នុងមូលដ្ឋាន ក៏ត្រូវបានចាប់ខ្លួនដូចគ្នា។ ខ្ញុំបានរត់ចូលព្រៃក្របៅ ស្ថិតនៅក្បែរទឹកដីវៀតណាម។ ខ្ញុំទៅមិនទាន់ដល់ដីវៀតណាមផង ក៏បានវិលត្រឡប់មកវិញព្រោះមានខ្មែរក្រហមចាំទទួលប្រជាជនចេញទៅកាន់ឃុំដូនកឹង ស្រុកកំចាយមារ។ ទៅដល់ឃុំដូនកឹងបានមួយរយៈ ខ្មែរក្រហមបានជម្លៀសខ្ញុំ និងប្រជាជនមួយចំនួនបន្តទៀតទៅកាន់តំបន់ដីខ្លាញ់។ ខ្ញុំមិនបានដឹងថា តំបន់ដីខ្លាញ់នេះនៅឯណាទេ ប៉ុន្តែខ្មែរក្រហមឃោសនាថា តំបន់ដីខ្លាញ់រកស៊ីបាន អង្គការជួយចិញ្ចឹមមួយជីវិត និងចែកផ្ទះសម្បែងឱ្យនៅ។ ខ្ញុំមិនបានទៅដល់ដីខ្លាញ់ទេ។ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម[4] បានស្កាត់ដំណើរពួកខ្ញុំឱ្យវិលត្រឡប់មកផ្ទះវិញ។

ប្រសិនជាប្ដីខ្ញុំនៅរស់ ជីវភាពគ្រួសារខ្ញុំប្រហែលជាមិនលំបាកទេ ហើយខ្ញុំក៏មិនវេទនារស់នៅ​ជាស្រ្តីមេម៉ាយដែរ។ ខ្ញុំត្រូវធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង។ កូនប្រុសខ្ញុំកាលនោះនៅតូចពេក។ សព្វថ្ងៃនេះវាមិនចាំមុខឪពុកវាយ៉ាងម៉េចផង។

អត្ថបទដោយ ដារ៉ារដ្ឋ មេត្តា


[1]មជ្ឈមណ្ឌលឯកសារកម្ពុជា, សម្ភាសន៍ ជាមួយ ស៊ុំ សាមៀត រស់នៅភូមិទួលសង្កែ ឃុំជៀច ស្រុកកំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០០៥។

[2]ឯកសារលេខ K01394 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, មានចំណងជើង«ប្រវត្តិរូបបដិវត្តន៍ របស់ មិត្ត ហួត សាន អង្គភាពមន្ទីរសេនាធិការភូមិបូព៌ា »សរសេរដោយដៃ,ទំព័រទី២។

[3]ឯកសារលេខ K01394 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, មានចំណងជើង«ប្រវត្តិរូបបដិវត្តន៍ របស់ មិត្ត ហួត សាន អង្គភាពមន្ទីរសេនាធិការភូមិបូព៌ា »សរសេរដោយដៃ,ទំព័រទី៨។

[4]ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin