សុន សំ៖ អតីតយោធាខ្មែរក្រហម

សុន សំ[1] ភេទប្រុស អាយុ៦៧ឆ្នាំ មានស្រុកកំណើតនៅភូមិប្រាសាទ ស្រុកក្រឡាញ់ ខេត្តសៀម រាប។ សព្វថ្ងៃរស់នៅក្នុងភូមិអូរជីក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
សុន សំ បាននិយាយថា៖ «កាលពីកុមារភាពខ្ញុំមិនបានរៀនសូត្រទេដោយសារក្រុមគ្រួសាររបស់ខ្ញុំមានជីវភាពខ្វះខាត។ ឪពុកម្ដាយរបស់ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ។
នៅឆ្នាំ១៩៧២ ខ្ញុំបានចូលធ្វើជាឈ្លបភូមិនៅក្នុងភូមិកំណើតខ្ញុំ។ ខ្មែរក្រហមបានហ្វឹកហាត់មួយរយៈ ក្រោយមកបញ្ជូនខ្ញុំទៅកាន់ភូមិសាស្ដ្រនៅល្អក់ស្វាយធំ នៅឃុំមមាញ ខេត្ដសៀមរាប។ ខ្ញុំបានធ្វើជាឈ្លបភូមិ រហូតដល់ក្លាយទៅជាឈ្លបឃុំ និងឈ្លបស្រុក។ មួយកងឈ្លបរបស់ខ្ញុំមានគ្នាចំនួន ១០នាក់។ ការងារជាឈ្លបមិនត្រឹមយកការណ៍នៅក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងទៅសែងអ្នករបួសនៅសមរភូមិទៀត។ ទោះជាយ៉ាងណាខ្ញុំបានស្ម័គ្រចិត្តធ្វើកិច្ចការនេះដោយខ្លួនឯង។ រហូតដល់ឆ្នាំ១៩៧៣ ខ្ញុំបានចូលធ្វើជាកងទ័ពខ្មែរក្រហមវិញ ដោយនៅពេលនោះអង្គភាពបានបញ្ចូនទៅប្រយុទ្ធនៅភូមិភាគឧត្តរ។ តាឡុត ជាប្រធានវរសេនាតូចលេខ៦៧ គ្រប់គ្រងខ្ញុំផ្ទាល់។ គោលដៅរបស់យើងគឺវាយចូលទីក្រុងភ្នំពេញ។
លុះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ផែនការរបស់យើងទទួលបានជោគជ័យ ពោលគឺកងទ័ពខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ។ រយៈពេល២ថ្ងៃក្រោយមក អង្គភាពរបស់ខ្ញុំបានឈរជើងនៅ ទួលគោក ដោយយកផ្ទះប្រជាជនដែលត្រូវបានជម្លៀសទៅហើយនោះស្នាក់នៅ។ ទិដ្ឋភាពនៅពេលនោះមានភាពស្ងាត់ជ្រងំ ហើយកងទ័ពខ្មែរក្រហមទាំងអស់ចាប់ផ្ដើមរៀបចំអង្គភាពសាជាថ្មីឡើងវិញ។ ដោយឡែក បន្ទាប់ពីរៀបចំរួច អង្គភាពរបស់ខ្ញុំត្រូវបានថ្នាក់លើខ្មែរក្រហមបញ្ចូនទៅការពារព្រំដែនខេត្តមណ្ឌលគិរីទប់ទល់នឹងកងទ័ពវៀតណាម។ អង្គភាពជួរមុខរបស់ខ្ញុំបានឈរជើងនៅម្ខាងអូរម្នាក់ពីកងទ័ពវៀតណាមត្រង់ចំណុចអូរដាក់ដាំ។ ស្របពេលយើងនៅទល់មុខព្រំដែនវៀតណាម ការងារប្រចាំថ្ងៃរបស់ខ្ញុំ គឺដើរល្បាតតាមព្រំដែន បិតចម្រូង និងដាំចំរូង។ ទោះជាយ៉ាងនេះក្ដី សភាពការណ៍នៅពេលនោះមិនទាន់មានភាពតានតឹង ឬឈានដល់ការប៉ះទង្គិចប្រដាប់អាវុធនៅតាមព្រំដែនឡើយ។
រហូតដល់ឆ្នាំ១៩៧៧ ការប៉ះទង្គិចប្រដាប់អាវុធជាមួយកងទ័ពវៀតណាមបានចាប់ផ្ដើម ដោយកងទ័ពវៀតណាមវាយចូលទឹកដីកម្ពុជាមុន។ កងទ័ពខ្មែរក្រហមបានវាយបកទៅវិញហើយបានកម្ទេចបន្ទាយរបស់កងទ័ពវៀតណាម។ ក្រោយមក សភាពការណ៍បានស្ងប់ទៅវិញ ថ្នាក់លើខ្មែរក្រហមបានផ្លាស់ខ្ញុំទៅកាន់សមរភូមិកោះម៉ាយើលវិញ។ នៅទីនោះ ខ្មែរក្រហមឲ្យហេតុផលថា ដើម្បីងាយស្រួលផ្គត់ផ្គង់ស្បៀងអាហារគ្រប់គ្រាន់។
នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមចាប់ផ្ដើមវាយបកមកដល់កោះម៉ាយើលបណ្ដាលឲ្យកងទ័ពខ្មែរក្រហម និងប្រជាជនស៊ីវិលទីនោះរងរបួស និងបែកខ្ញែកគ្នាអស់។ កងទ័ពខ្មែរក្រហមបានបាត់ទំនាក់ទំនងគ្នា ហើយខ្លះទៀតសម្ងំលាក់ខ្លួនក្នុងព្រៃ។ កងទ័ពខ្លះទៀតរស់នៅក្បែរៗភូមិប្រជាជនដើម្បីស្វែងរកជំនួយស្បៀងអាហារ។ ខ្ញុំបានចូលទៅកាន់ភូមិរបស់ប្រជាជន និងធ្វើនយោបាយជាមួយប្រជាជនដើម្បីសុំស្បៀងអាហារចិញ្ចឹមជីវិតទ្រទ្រង់ចលនាតស៊ូទៅមុខទៀត។ លុះដល់ឆ្នាំ១៩៨៣ ខ្ញុំបានធ្វើដំណើរទៅកាន់ភ្នំដងរែកដែលស្គាល់ថា «ភ្នំ១០០១»។ កាលណោះខ្មែរក្រហមបានរៀបចំកម្លាំងឡើងវិញ ហើយបញ្ចូលខ្ញុំនៅកាន់កងពលវរៈសេនាធំលេខ៩៧គ្រប់គ្រងដោយ តាអៀ។ នៅពេលនោះ ខ្ញុំបានស្នើអង្គភាពរៀបការជាមួយនារីម្នាក់បានរត់ភៀសខ្លួនជាមួយខ្មែរក្រហមឡើងលើភ្នំដងរែក។ បន្ទាប់ពីរៀបការហើយ ខ្ញុំបានប្រពន្ធរបស់ខ្ញុំទៅរស់នៅក្នុងជំរំអូរត្រាវជាច្រើនឆ្នាំ។
ដល់ឆ្នាំ១៩៩១ ខ្ញុំ និងប្រពន្ធដែលរស់នៅក្នុងជំរំអូរត្រាវបានចុះមករស់នៅក្នុងតំបន់១០០៣ ឬហៅថា តំបន់អន្លង់វែង។ អន្លង់វែងជាទីជម្រកចុងក្រោយនៃចលនាខ្មែរក្រហម។ នៅទីនេះជាតំបន់មួយដែលមិនទាន់មានការកែប្រែគម្របព្រៃធម្មជាតិដ៏ក្រាស់ឲ្យទៅជាភូមិដ្ឋានរបស់ប្រជាជនឡើយ។ ពេលនោះ យើងបានកាប់ឆ្ការព្រៃបង្កើតផ្ទះរៀងៗខ្លួន បន្ដិចម្ដងៗបានក្លាយទៅជាភូមិមួយ ដែលមានជីវិតប្រជាជនរស់នៅនាពេលបច្ចុប្បន្ន។
ភូមិអូរជីក ស្ថិតនៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ។ អំឡុងពេលនោះ ខ្ញុំបានរស់នៅក្នុងកងពល៩២០ គ្រប់គ្រងដោយ មៀច សាន ហៅតា០៦។ ក្រោយមក មៀច សាន (តា០៦) និង សូ សារឿន (តា០៥) ត្រូវបាន ឈិត ជឿន ហៅតាម៉ុក ចោទថាជាជនក្បត់ហើយបញ្ជាឲ្យយកទៅសម្លាប់ក្នុងឆ្នាំ១៩៩៧។ នៅពេលនោះ ប្រជាជនបានកោះប្រជុំមូលមតិដើម្បីផ្ដាច់ខ្លួនទៅជំរំបៃតាប់ក្នុងឃុំស្រែណូយ ខេត្ដសៀមរាប ចុះចូលជាមួយរដ្ឋាភិបាលកម្ពុជា។ ក្រោយពីកងទ័ពខ្មែរក្រហមតំបន់អន្លង់វែងធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំបានត្រឡប់មកចាប់ដីធ្លី និងកសាងជីវិតឡើងវិញភូមិអូរជីកដល់ពេលបច្ចុប្បន្ន»។
អត្ថបទដោយ សួត វិចិត្រ
[1] ក្រុមការងារមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងសម្ភាសន៍ជាមួយ សុន សំ នៅឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ នៅក្នុងខែឧសភា ឆ្នាំ២០២២។