អគ្គនាយកទីស្តីការរដ្ឋមន្រ្តីក្រសួងកសិកម្ម ក្នុងរបប លន់ នល់

ទាហាននិងមន្ត្រីរដ្ឋការនៃរបបសាធារណរដ្ឋខ្មែរ ឬរបប លន់ នល់ ថតក្នុងអំឡុងឆ្នាំ១៩៦០។ ទាហាននិងមន្ត្រីរដ្ឋការនៃរបប លន់ នល់ គឺជាមុខសញ្ញារបស់ ខ្មែរក្រហម។ ប្រសិនបើខ្មែរក្រហមស៊ើបដឹងពីអត្តសញ្ញាណថា នរណាម្នាក់ជាទាហាន ឬមន្ត្រីរដ្ឋការរបស់ លន់ នល់ អ្នកនោះនឹងត្រូវយកទៅសម្លាប់ ហើយការសម្លាប់ រង្គាលលើក្រុមនេះ បានកើតឡើងនៅទួលពោធិ៍ជ្រៃ ក្នុងខេត្តពោធិ៍សាត់។ (រូបថតក្នុងសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ១៩៧៥-១៩៧៩) ប្រភព៖ ឡោះ កាសេម/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ឯកសារប្រវត្តិរូបសង្ខេប I០៨៣៦២  និង ចម្លើយសារភាពនៅសន្ដិសុខមន្ទីរស-២១ ដែលតម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជាមានលេខសម្គាល់ D៤១៧៨០[1] ក្នុងទំព័រដំបូងបានបង្ហាញពីតួនាទីរបស់ឈ្មោះ សួន កាសេត្រ[2] រៀនចប់ផ្នែកវិស្វករក្សេត្រកម្ម នៃក្រុងសិបប្ល៊ូ ប្រទេសប៊ែលហ្សិក (១៩៥៥-១៩៦០) និងជាអគ្គនាយកទីស្ដីការរដ្ឋមន្រ្តីក្រសួងកសិកម្ម នៃរបបសាធារណៈរដ្ឋខ្មែរ ឬ របប លន់ លន់ ចន្លោះឆ្នាំ១៩៧២-១៩៧៥[3]។ សួន កាសេត្រ ត្រូវបានអង្គការឃាត់ខ្លួននៅចំណុចភូមិទួលទ្រា ឃុំព្រែកក្មេង ស្រុកល្វាឯម តំបន់២២  និងបញ្ជូនមកកាន់មន្ទីរស-២១ ទួលស្លែង ថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៧៥។[4] ចំណែកឯកសារបទសម្ភាសន៍ សួន ឆេនដែលមានលេខសម្គាល់ BBI០០៣២ បានមានប្រសាសន៍ថាបងប្រុសរបស់ខ្លួនឈ្មោះ សួន កាសេត្រ[5] បានត្រឡប់មកពីប្រទេសបារាំងវិញ តាមការអំពាវនាវពីខ្មែរក្រហមឱ្យមកជួបជាមួយ អៀង សារី ក្នុងគោលបំណងកសាងប្រទេសជាតិ[6]

ខាងក្រោមនេះជាចម្លើយសារភាពរបស់ សួន កាសេត្រ អ្នកទោសជាប់ឃុំឃាំងក្នុងមន្ទីរស-២១៖

សួន កាសេត្រ ហៅ សេត អាយុ៤១ឆ្នាំ(១៩៧៥) មានស្រុកកំណើតនៅភូមិវត្តគរ ឃុំវត្តគរ ស្រុកសង្កែ ខេត្តបាត់ដំបង។ សេត មានឪពុកឈ្មោះ សួន ស៊ឺង អាយុ៦៨ឆ្នាំ(១៩៧៥) កើតនៅភូមិវត្តសំពៅ ឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង និងម្តាយឈ្មោះ ដែង ឆៅ អាយុ៦២ឆ្នាំ(១៩៧៥) កើតនៅភូមិវត្ដគរ ឃុំវត្តគរ ស្រុកសង្កែ ខេត្តបាត់ដំបង។ ឪពុកម្តាយរបស់ សេត គឺជាកសិករធ្វើស្រែនិងចំការ។ ក្នុងឯកសារបទសម្ភាសន៍របស់ប្អូន សេត បានបញ្ជាក់ថា សេត មានបងប្អូន៤នាក់ ក្នុងនោះមានស្រីនាក់។ សេត ជាកូនច្បងក្នុងគ្រួសារ និងមានប្អូនស្រីបន្ទាប់ឈ្មោះ សួន ឆេន (រស់នៅខេត្តបាត់ដំបង), សួន សុឆាត (រស់នៅប្រទេសបារាំង) និង ប្អូនប្រុសឈ្មោះ សួន ប្រាក់សុង (ស្លាប់ក្នុងរបបខ្មែរក្រហម)។  សេត មានប្រពន្ធឈ្មោះ ស៊ុយ សុខូម៉ាលី ហៅ ម៉ី អាយុ៣៣ឆ្នាំ (១៩៧៥) ក្រោយរៀបការ ប្តូរមកដាក់ត្រកូល សួន សុខូម៉ាលី[7] កើតនៅសង្កាត់លេខ៣ ក្រុងភ្នំពេញ។ សួន សុខូម៉ាលី រៀនសូត្របានកម្រិតវប្បធម៌ សញ្ញាបត្រសាស្រ្តាចារ្យមធ្យមសិក្សាផ្នែកទី១ ខាងភាសាអង់គ្លេស។ ក្រោយរៀបការ សេត និង ប្រព​ន្ធទទួលបានកូនចំនួន៣នាក់ ក្នុងនោះកូនស្រី២នាក់។  ប្រពន្ធរបស់ សេត មានឪពុកឈ្មោះ ស៊ុយ បេង មានតួនាទីជាមេព្រៃ និង ម្តាយឈ្មោះ មាសកេតុ សុជាតិ។  ខែកុម្ភៈ ឆ្នាំ១៩៧៥ សេត បានបញ្ជូនប្រពន្ធកូន និង​ ប្អូនស្រី(សួន សុឆាត)ឱ្យទៅរស់នៅប្រទេសបារាំង មុនពេលខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញក្នុងថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ មូលហេតុដែល សេត មិនចាកចេញពីទីក្រុងភ្នំពេញជាមួយប្រពន្ធកូន ព្រោះមិនជឿថាស្រុកខ្មែរប្រកាន់យករបបកុម្មុយនីស្ត[8]

រំឭកកាលពីកុមារភាពរបស់ សេត ក្នុងឆ្នាំ១៩៤០ បានចូលរៀនកុមារឋាននៅសាលាបឋមសិក្សាវត្តកំផែងខេត្តបាត់ដំបង។ ចន្លោះពីឆ្នាំ១៩៤០-១៩៤៦ ក៏បន្តការសិក្សានៅមធ្យមសិក្សាស្ថិតក្នុងវត្តសំពៅ និងវត្តពិភិទ្ធ[9] ពីថ្នាក់ទីបឋមឆ្នាំទី១ ដល់ថ្នាក់មធ្យមឆ្នាំទី៣ ដែលមានរដ្ឋាភិបាលសៀមជាអ្នកត្រួតត្រាខេត្តបាត់ដំបងនៅកំឡុងពេលមុន និង ក្នុងចម្បាំងលោកលើកទី២។  ឆ្នាំ១៩៤៦-១៩៤៧ សេត បានបន្តការសិក្សាមធ្យមឆ្នាំទី៤ នៅក្រុងបាងកក ប្រទេសសៀម។ ឆ្នាំ១៩៤៨ ត្រឡប់មកស្រុកកំណើតវិញ ដើម្បីចូលរៀនថ្នាក់ទី៧ នៅសាលាបឋមសិក្សាកណ្ដាល ព្រមទាំងប្រឡងជាប់សញ្ញាប័ត្របឋមសិក្សា។ ចន្លោះឆ្នាំ១៩៤៨-១៩៥២ ចូលរៀននៅអនុវិទ្យាល័យបាត់ដំបងពីថ្នាក់ទី៦ដល់ថ្នាក់ទី៣ និងប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាផ្នែកទី១ រួចបន្តឡើងមករៀននៅវិទ្យាល័យស៊ីសុវត្តិ នាឯទីក្រុងភ្នំពេញពីថ្នាក់ទី២ ដល់ថ្នាក់ទីបញ្ចប់ផ្នែកគណិតសាស្រ្តក្នុងឆ្នាំ១៩៥៥។ ពីឆ្នាំ១៩៥៥-១៩៦០ ដោយសារការឧស្សហ៍ និង ពូកែរៀនសូត្រ សេត ក៏ជាប់អាហារូបករណ៍ទៅសិក្សាបន្តនៅវិជ្ជាស្ថានជាតិក្សេត្រសាស្រ្ត ជាប់សញ្ញា     បត្រវិស្វករក្សេត្រកម្ម[10] គង្គារុក្ខា នៃក្រុងសិបប្ល៊ូ ប្រទេសប៊ែលហ្សិក។

ក្រោយពីបញ្ចប់ថ្នាក់សញ្ញាបត្រវិស្វករក្សេត្រកម្ម សេត ត្រឡប់មកប្រទេសកំណើតវិញ នៅឆ្នាំ១៩៦១-១៩៦២ បានចូលធ្វើការ ជាអ្នកទទួលបន្ទុកអធិការដ្ឋាន ផ្នែកបច្ចេកទេសនៃទីស្ដីការរដ្ឋមន្រ្តីក្រសួងកសិកម្ម។ ឆ្នាំ១៩៦២-១៩៦៤ ផ្លាស់ទីជាអ្នកទទួលបន្ទុកវិជ្ជាស្ថានផ្នែករិះរកវិទ្យាសាស្រ្តខាងព្រៃឈើ។  ឆ្នាំ១៩៦៤-១៩៦៧ ជានាយករងផ្នែកបច្ចេកទេសនៃក្រុមគង្គារុក្ខាប្រមាញ់។ ឆ្នាំ១៩៦២-១៩៦៨ ជាប្រធានអគ្គនាយកក្រុមហ៊ុនជាតិផ្នែកអាជីវកម្មព្រៃឈើ នៅកំពង់សោម។ ឆ្នាំ១៩៦៨-១៩៧១ ដូរមកជានាយកនៅក្រុមគង្គារុក្ខា និង ប្រមាញ់។ ចូលមកជំនាន់ លន់ នល់ ឆ្នាំ១៩៧១-១៩៧២ ជានាយកផ្នែកស្ថិតិសេដ្ឋកិច្ច និង ផែនការនៃទីស្តីការរដ្ឋមន្រ្តីក្រសួងកសិកម្ម។ និងឆ្នាំ១៩៧២- ដល់ថ្ងៃរំដោះទី១៧ ខែមេសា ឆ្នាំ១៩៧៥ មានតួនាទីជាអគ្គនាយកនៃទីស្តីការរដ្ឋមន្រ្តីក្រសួងកសិកម្ម[11]។ អំឡុងពេលបម្រើការងារក្នុងរដ្ឋការ និង ក្រុមហ៊ុនឯកជន សេត ជាមនុស្សមានអតិចរិកស្លូតត្រង់ ជាហេតុនាំឱ្យកូនចៅស្រឡាញ់រាប់អានជាច្រើន[12]

ក្រោយថ្ងៃរំដោះ១៧ ខែមេសា ឆ្នាំ១៩៧៥ សេត ត្រូវខ្មែរក្រហមជម្លៀសខ្លួនឱ្យទៅរស់នៅភូមិទួលទ្រា ឃុំព្រែកក្មេង ស្រុកល្វាឯម  ខេត្តកណ្ដាល។ ដល់ពាក់កណ្ដាលខែកក្កដា ឆ្នាំ១៩៧៥ ក៏មានការជួបប្រជុំពិភាក្សា មានអ្នកចូលរួមដូចជាឈ្មោះ ហ៊ីង គុណថុន អតីតប្រធានអគ្គនាយកធនាគារខ្មែរពាណិជ្ជកម្ម, អ៊ូ វិនឌី អតីតធ្វើការនៅក្រសួងបរទេស, លឺម គីម៉ារី[13] អតីតនាយកក្រសួងធនាគារខ្មែរ សម្រាប់ពាណិជ្ជកម្ម និង ប្ដីឈ្មោះ ជូឡុង រាំងស៊ី, កាសុំ អតីតមេឃ្លាំងនៅតាខ្មៅ ខេត្តកណ្ដាល និង ប្ដីឈ្មោះ ថន, ប៉ែន ប៉ន ជាពេទ្យនៅក្រុមទេពកោសល្យជនបទ, ចន្ទ អតីតជាប្លង់តុងនៅធនាគារខ្មែរពាណិជ្ជកម្ម។ ការប្រជុំនេះលើកពីការធ្វើដំណើររបស់ ខៀវ សំផន និង អៀង សារី ទៅកាន់ប្រទេសចិន ដែលគ្រប់គ្នាក្នុងប្រជុំមិនដឹងពីគោលបំណងនៃការធ្វើដំណើរ។ ចំណែក ហ៊ីង គុណថុន មានយោបល់ថា «ចិនអញ្ជើញ ខៀវ សំផន ទៅប្រាកដជាចង់បង្ហាញឱ្យពិភពលោកបានឃើញ និងចង់ឱ្យសម្ដេចព្រះ នរោត្តម សីហនុ បានដឹងខ្លួនថា ចិនគាំទ្រ ខៀវ សំផន និងមាននយោបាយចង់ឱ្យ ខៀវ សំផន ជាអ្នកកាន់ចង្កូតរបស់រដ្ឋ មិនមែនជាសម្ដេចព្រះ នរោត្តម សីហនុ ដែលគ្រប់គ្នាស្មាននោះឡើយ។ ហេតុនេះ ចិន និងទទួល ខៀវ សំផន យ៉ាងអធិកអធម ឱ្យសមនិងឋានៈជាប្រមុខរដ្ឋ»[14]។ បន្ថែមពីនេះ ហ៊ីង គុណថុន បាននិយាយបង្ហាញអារម្មណ៍អស់សង្ឃឹមថា អំពីកងទ័ពរំដោះហៅអតីតអ្នកធ្លាប់ធ្វើការរដ្ឋការឱ្យចូលទីក្រុងភ្នំពេញវិញក្នុងពេលឆាប់ៗនេះ។ សេត បានតបទៅ ហ៊ីង គុណថុន វិញថា «តាមគំនិតខ្ញុំ ខៀវ សំផន ប្រហែលជាទៅទាក់ទងជាមួយសម្ដេចព្រះ នរោត្តម សីហនុ  ឱ្យត្រឡប់មកស្រុកខ្មែរវិញ ទោះបីជាយ៉ាងណាក៏ដោយចិនមិនអាចបោះបង់ចោលសម្ដេចសីហនុ នោះទេ ដើម្បីជៀសវាងការតិទៀនអំពីប្រទេសអព្យាក្រិត។ ម្យ៉ាងទៀតសម្ដេចព្រះ នរោត្តម សីហនុ ក៏ចង់តែយាងត្រឡប់មកស្រុកខ្មែរវិញ ដើម្បីចូលស្រុកទេសរបស់ខ្លួន​ និង ធ្វើបុណ្យជូនសម្ដេចមហាក្សត្រីយានី ស៊ីសុវត្តិ កុសមៈ»[15]។ ចំពោះ យោបល់ លឹម គឺម៉ារី លើកថា «សម្ដេច សីហនុ និងត្រឡប់មកស្រុកខ្មែរវិញ ព្រោះតាមហោរាដែលទាយថាស្រុកខ្មែរមានស្ដេចតទៅទៀត»។ ក្រោយពីការពិភាក្សាចប់ម្នាក់ៗក៏ត្រឡប់ទៅទីតាំងរស់នៅរៀងៗខ្លួន។

ដល់អំឡុងចុងខែសីហា ឆ្នាំ១៩៧៥ ក៏មានការប្រជុំជាលើកទី២ ដែលមានសមាសភាពចូលរួមប្រជុំគឺ សេត, ហ៊ីង គុណថុន, លឹម គីម៉ារី, ស៊ីសុវត្តិ ដួងដារ៉ា, ជូឡុង រាំងស៊ី និង ឈាង គឹមសួរ។ ប្រធានបទនៃការប្រជុំ គឺនិយាយពីការយាងនិវត្តន៍មកកាន់ស្រុកខ្មែរវិញរបស់សម្ដេចព្រះ នរោត្តម សីហនុ។ ដោយហេតុ ហ៊ីង គុណថុន ចង់វិលត្រឡប់ទៅទីក្រុងភ្នំពេញវិញ និង ចង់ទៅជួបជជែកជាមួយសម្ដេចព្រះ នរោត្តម សីហនុ ដើម្បីសុំធ្វើការងារក្នុងតំណែងចាស់។  ក្នុងអង្គប្រជុំបានលើកថា តាមការសង្កេតប្រជាជនមូលដ្ឋានក្នុងតំបន់ទួលពង្រ គឺមានភាពជិតស្និទ្ធជាមួយអ្នកភៀសសឹក បើសិនជាមានការពិបាកអ្វីមួយអាចឱ្យប្រជាជនមូលដ្ឋានជួយបាន។ រីឯ ស៊ីសុវត្តិ ដួងដារ៉ា បានលើកពីករណី កូនស្រីរបស់ខ្លួន ដែលកំពុងធ្វើការងារពលកម្មជូនអង្គការ គឺអង្គការប្រដៅឱ្យខំធ្វើការ ទើបបានត្រឡប់ទៅឃើញផ្សារថ្មី។ សេត ឃើញថាម្នាក់ៗមានអាកប្បកិរិយាត្រេកអរជាខ្លាំង ក៏និយាយទប់ស្កាត់កុំឱ្យទាន់រវើរវាយ ទោះបីជាយ៉ាងណា ក៏របបថ្មីមិនអាច​ប្រគល់តួនាទី ឬ តំណែងចាស់ឱ្យមកម្នាក់ៗវិញទេ[16]

សេត ក៏ដូចជាប្រជាពលរដ្ឋឯទៀត ត្រូវបានបង្ខំឲ្យទៅធ្វើការលើកទំនប់ ជីកប្រឡាយ ស្ថិតក្នុងពេលធ្វើការ សេត បានបព្ចោញពាក្យសំដីផ្ទុយនិងគោលការណ៍អង្គការថា « ការធ្វើការ គ្មានការវាស់ស្ទង់ឱ្យស្រួលប្រួល ការងារបែបនេះ បើសិនជាប្រើម៉ាស៊ីនត្រាក់ទ័រប្រហែលជាឆាប់រហ័សរួចរាល់»។ ជាចុងក្រោយនៃជីវិត សេត ត្រូវចាញ់បោក ការឃោសនារបស់អង្គការខ្មែរក្រហម និងត្រូវចាប់បញ្ជូនមកមន្ទីរឃុំឃាំង ស-២១ វាយធ្វើទារុណកម្ម សួរពីខ្សែរយៈគិញមុនពេលសម្លាប់៕

អត្ថបទ៖ មីន សាណាស់


[1] ឯកសារដើមប្រវត្តិរូបសង្ខេប(១ទំព័រ) និង ឯកសារចម្លើយសារភាព(៧៦ទំព័រ) តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា

[2] អតីតរដ្ឋមន្រ្តីក្រសួងកសិកម្ម ក្នុងសម័យ លន់ នល់ (១៩៧២-១៩៧៥)

[3] ស្រង់ចេញពីឯកសារដើមចម្លើយសារភាពទំព័រ៥៩

[4] ស្រង់ចេញពីឯកសារដើម I០៨៣៦២ (ប្រវត្តិរូបមួយសន្លឹក មានរូបថតភ្ជាប់ជាមួយ)

[5] ជាប្អូនរបស់ សួន កាសេត្រ (ឯកសារបទសម្ភាសន៍មជ្ឈមណ្ឌលឯកសារកម្ពុជាដោយលោក សុខ វណ្ណៈ ស្ថិតនៅភូមិវត្តគរ ឃុំវត្តគរ ស្រុកបាត់ដំបង ខេត្តបាត់ដំបង ក្នុងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០០៦)

[6] ស្រង់ចេញពី https://databases.dccam.org/pab-details1?id=5299

[7] សួន សុខូម៉ាលី ជាដើមបណ្ដឹងរដ្ឋប្បវេណី ក្នុងសំណុំរឿង ០០១ /១៨-០៧-២០០៧-អវតក/អជសដ  https://www.eccc.gov.kh/sites/default/files/documents/courtdoc/00275676-00275678.pdf

[8] ស្រង់ចេញពីបទសម្ភាសន៍ សុខ វណ្ណៈ ជាមួយ សួន ឆេន ក្នុងទំព័រទី៥ និង ទំព័រទី១០

[9] វត្តពិភិទ្ធារាម ហៅ វត្តពិភិទ្ធ ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

[10] ពាក្យ ក្សេត្រកម្ម គឺជានាម មានន័យថា កិច្ចការខាងស្រែចម្ការ (ស្រង់ចេញពីពន្យល់ពាក្យ វចនានុក្រមខ្មែរ)

[11] ឯកសារដើម ចម្លើយសារភាពក្នុងទំព័រទី៦០ 

[12] ឯកសារបទសម្ភាសន៍ សុខ វណ្ណៈ និង សួន ឆេន (ទំព័រទី៥)

[13] ឯកសារប្រវត្តិរូប I០៨៣៧៥ (មួយសន្លឹក) https://databases.dccam.org/cbio-details1?id=2672

[14] ឯកសារដើមD41780 (ទំព័រទី ៦៩) 

[15] ឯកសារដើមD41780 (ទំព័រទី ៦៤-៦៩)

[16] ឯកសារដើមD41780 (ទំព័រទី ៦៣-៦៤)

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin