សួន ម៉ុត៖ ប្រធានភូមិថ្មីប្រចាំតំបន់៥ ស្រុកសេរីសោភ័ណ

នៅក្នុងឆ្នាំ១៩៧៦ ខ្មែរក្រហមបានជ្រើសរើសប្រជាជនក្នុងស្រុកអង្គរជ័យប្រហែល១០នាក់ និងជ្រើសរើសប្រជាជនក្នុងស្រុកមួយចំនួនក្នុងខេត្តកំពត និងតាកែវ ដើម្បីទៅរស់នៅភូមិភាគពាយ័ព្យ ហើយខ្មែរក្រហមបានប្រាប់ប្រជាជនថានៅភូមិភាគពាយ័ព្យដីមានជីវជាតិអាចទទួលផលបានច្រើន។ នៅពេលធ្វើដំណើរទៅដល់ភូមិភាគពាយ័ព្យ ម៉ុត ត្រូវបានអង្គការតែងតាំងឲ្យធ្វើជាប្រធានភូមិនៅ ភូមិថ្មី ឃុំភ្នៀត ស្រុកសេរីសោភ័ណ្ឌ តំបន់៥។

សួន ម៉ុត[1] ភេទប្រុស អាយុ៧៦ឆ្នាំ មានស្រុកកំណើតនៅភូមិស្រែជា ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត។ បច្ចុប្បន្ននេះរស់នៅ ភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ម៉ុត មានប្រពន្ធឈ្មោះ សោ រ៉ែន អាយុ៧៩ឆ្នាំ មានស្រុកកំណើតនៅភូមិស្រែជា ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត។ ម៉ុត មានកូនចំនួន៥នាក់ ក្នុងនោះមាន(ស្រីម្នាក់) កូនៗរបស់ ម៉ុត ទាំងអស់បានរៀបការរួចអស់ហើយ។ ម៉ុត មានឪពុកឈ្មោះ កែវ សៀង (ស្លាប់) ម្ដាយឈ្មោះ វង ម៉ៃ(ស្លាប់)។ ម៉ុត មានបងប្អូនបង្កើតចំនួន៣នាក់ក្នុងនោះមាន(ស្រីម្នាក់)។ ម៉ុត ជាកូនច្បងនៅក្នុងគ្រួសារ។ បងប្អូនរបស់ ម៉ុត រស់នៅភូមិទួលខ្ពស់ចំនួន២នាក់ និងរស់នៅក្នុងភូមិរាំងធ្លាក់ ស្រុកភ្នំព្រឹក ម្នាក់ប្រុសធ្វើជាមេប៉ុស្ដិ៍។

នៅវ័យកុមារ ម៉ុត រស់នៅជាមួយម្ដាយប្រកបរបរធ្វើស្រែ។ ម៉ុត បានរៀនសូត្រនៅសាលាមួយឈ្មោះថា ស្រែជា រៀនបានត្រឹមថ្នាក់ទី៨ចាស់ សម្រេចចិត្តឈប់រៀន  ដោយសារតែគ្រួសារមានជីវភាពខ្វះខាតខ្លាំង ម្ដាយត្រូវប្រកបរបររកស៊ីតែម្នាក់ឯង ព្រោះតែឪពុករបស់ ម៉ុត មានប្រពន្ធថ្មី និងបានលែងលះជាមួយម្ដាយតាំងពីឆ្នាំ១៩៦៣មកម្ល៉េះ។ ក្រោយពេលឈប់រៀន ម៉ុត បានត្រឡប់មកជួយម្ដាយធ្វើស្រែនៅក្នុងភូមិស្រែជា។ ក្រៅពីធ្វើស្រែ ម៉ុត បានឆ្លៀតពេលដើរស៊ីឈ្នួលអារឈើនៅក្នុងស្រុកភូមិដើម្បីបានប្រាក់ចំណូលខ្លះៗសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេច ព្រះបាទ នរោត្ដម សីហនុ ម៉ុត ឈប់ដើរអារឈើ រួចត្រឡប់មករស់នៅក្នុងផ្ទះមិនហ៊ានចេញទៅណាផ្ដេសផ្ដាស់នោះទេ ដោយសារតែខ្មែរក្រហមបានដើរចាប់បង្ខំយុវជនដែលមានអាយុចាប់ពី១៦ឆ្នាំឡើងឲ្យចូលបម្រើកងទ័ពខ្មែរក្រហម ដើម្បីវាយប្រយុទ្ធជាមួយទាហាន លន់ នល់ ។ ម៉ុត មិនចង់ចូលបម្រើកងទ័ពនោះទេ ព្រោះតែក្រុមកងទ័ពត្រូវប្រថុយជីវិតយ៉ាងខ្លាំងក្នុងសមរភូមិ និងត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារផងដែរ។ ម៉ុត បានគេចខ្លួនទៅបួសបានរយៈពេល៦ខែ លាចាកសិក្ខាបទ ព្រោះត្រូវចូលធ្វើយុវជនភូមិខាងផ្នែករំដោះដី។ ក្រោយពេលចូលបាន១ឆ្នាំ ចាប់ផ្ដើមមានក្រុមកងទ័ពយៀកកុងចូលមក ដើម្បីជួយខ្មែរក្រហមផ្ដួលរលំរបបសាធារណរដ្ឋខ្មែរ។ នៅក្នុងឆ្នាំ១៩៧៣ កងទ័ពខ្មែរក្រហមនិងកងទ័ពយៀកកុងមានទំនាស់ជាមួយគ្នាដោយវៀតណាមយៀកកុងប្រកាន់ថាខ្មែរក្រហមជាគណបក្សកម្ពុជាប្រជាធិបតេយ្យបែកចេញពីបក្សឥណ្ឌូចិន ពេលនោះបានចាប់ផ្ដើមមានបាតុកម្មកងទ័ពខ្មែរក្រហមបានដេញកងទ័ពយៀកកុងទៅព្រំដែនវៀតណាមវិញ។  បន្ទាប់ពីចូលកងភូមិបានរយៈពេល៣ឆ្នាំ ម៉ុត ត្រូវបានម្ដាយរៀបចំឲ្យមានគ្រួសារ។ ក្រោយពេលរៀបការរួច ម៉ុត ត្រូវបានខ្មែរក្រហមចាត់ឲ្យធ្វើជាមេភូមិនៅក្នុង ភូមិស្រែជា មើលការខុសត្រូវក្រុមប្រវាស់ដៃនៅក្នុងភូមិ ពេលនោះមានប្រជាជនប្រហែលជា១០គ្រួសារធ្វើស្រែប្រវាស់ដៃគ្នាបានផលចែកគ្នាហូបស្មើៗគ្នា ធ្វើរហូតដល់ឆ្នាំ១៩៧៥។

នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានវាយបែកទីក្រុងភ្នំពេញទាំងស្រុង ខ្មែរក្រហមបានផ្លាស់ ម៉ុត ឲ្យទៅដឹកនាំប្រជាជនជីកប្រឡាយនៅម្ដុំកោះអណ្ដែត នៅក្នុងមួយក្រុមមានប្រជាជនប្រហែលជា៥០នាក់ទៅ៦០នាក់ ក្នុងមួយថ្ងៃខ្មែរក្រហមកំណត់ឲ្យប្រជាជនម្នាក់ជីកដីឲ្យបាន១ម៉ែត្រគីប ហើយប្រជាជនទាំងអស់ត្រូវចូលធ្វើការងារចាប់ពីម៉ោង៧ព្រឹករហូតដល់ម៉ោង១១ថ្ងៃត្រង់ទើបបានសម្រាកហូបបបរឬបាយ ក្រោយពេលបរិភោគរួចត្រូវចុះធ្វើការងារបន្តររហូតដល់ម៉ោង៥ល្ងាចទើបឈប់សម្រាកទៅតាមរោងសហករណ៍ បើប្រជាជនណាធ្វើមិនបានតាមការកំណត់របស់អង្គការ នឹងត្រូវបង្អត់អាហារ។

នៅក្នុងឆ្នាំ១៩៧៦ តាម៉ុក បានចាត់តាំងឲ្យ យាយចែម ជាគណតំបន់នៅស្រុកអង្គរជ័យជ្រើសរើសប្រជាជននៅក្នុងស្រុកអង្គរជ័យចំនួន១០នាក់ និងតាមបណ្ដាស្រុកផ្សេងៗនៅក្នុង ខេត្តកំពត និងខេត្តតាកែវ។ លុះពេលប្រមូលបានប្រជាជនគ្រប់ចំនួន ប្រជាជនទាំងអស់ត្រូវធ្វើដំណើរតាមរថភ្លើងឆ្ពោះទៅភូមិភាគពាយ័ព្យ រថភ្លើងបានធ្វើដំណើរមកដល់តាកែវបានឈប់សម្រាករយៈពេល២យប់ ទើបធ្វើដំណើរបន្តដល់ម៉ោង៧យប់ ទើបទៅដល់ស្រុកថ្មគោល។ បន្ទាប់មក រថភ្លើងដាច់ផ្លូវមិនអាចធ្វើដំណើរទៅមុខបន្តទៀតបាន ប្រជាជនទាំងអស់ត្រូវជិះឡានបន្តទៀតទៅសេរីសោភ័ណ។ ទៅដល់ស្រុកសេរីសោភ័ណដំបូងប្រជាជនប្រហែល១០០០នាក់ស្នាក់ក្នុងភូមិជាមួយគ្នា មួយសប្តាហ៍ក្រោយមកប្រជាជនទាំងអស់ត្រូវបានអង្គការផ្លាស់ទីតាំងឲ្យរស់នៅតាមភូមិផ្សេងៗគ្នា រួមមានភូមិព្រះនេត្រព្រះ ភូមិភ្នំស្រុក តំបន់៣ តំបន់៥ និងតាមតំបន់ផ្សេងទៀត។ ម៉ុត ត្រូវបានអង្គការជ្រើសរើសឲ្យទៅរស់នៅភូមិថ្មី ឃុំភ្នៀត សង្កាត់ស្វាយ មានតួនាទីជាមេភូមិ។ នៅក្នុងស្រុកសេរីសោភ័ណមានឃុំចំនួន៦គឺ ឃុំភ្នៀត ឃុំបុស្សស្បូវ ឃុំសឹង ឃុំចង្ហាយ ឃុំសំរោង និងឃុំម្កាក់។ ម៉ុត មានតួនាទីដឹកនាំប្រជាជននៅក្នុងភូមិថ្មីទាំងអស់ ធ្វើស្រែក្នុងឆ្នាំដំបូងទទួលបានផលស្រូវជាច្រើនតោន តែប្រជាជននៅក្នុង ភូមិថ្មី ទាំងអស់មិនដែលបានអង្ករហូបគ្រប់គ្រាន់ទេ ផលស្រូវដែលប្រជាជនប្រមូលបានគឺអង្គការប្រមូលយកទៅទាំងអស់ ទុកតែពូជស្រូវឲ្យបង្កបង្កើនផលប៉ុណ្ណោះ។ រដូវវស្សាចូលមកដល់នៅ ភូមិថ្មី ទទួលរងនូវទឹកជំនន់បានចូលពាសពេញភូមិប្រជាជនធ្វើស្រែមិនកើត ស្រូវដែលទុកធ្វើពូជត្រូវយកមកបបរចែកគ្នាហូប ប្រជាជនគ្មានកម្លាំងធ្វើការងារអ្នកខ្លះធ្លាក់ខ្លួនឈឺ ហើយគ្មានថ្នាំព្យាបាលរហូតដល់ស្លាប់។ ចុងឆ្នាំ១៩៧៨ ស្ថានភាពរបស់ប្រជាជនកាន់តែលំបាកទៅៗ ខ្មែរក្រហមបានហៅប្រជាជនដែលជម្លៀសមកពីតាកែវ និងកំពត យកទៅរៀនសូត្រទាំងអស់ ប៉ុន្តែមិនបានសម្រេចនោះទេ ក្រោយទទួលបានដំណឹងថាកងទ័ពវៀតណាមចូលមករំដោះប្រទេសកម្ពុជា។ បន្ទាប់ពីបានឮដំណឹងថា វៀតណាមចូលមកប្រជាជនមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំង ព្រោះខ្លាចកងទ័ពវៀតណាមនឹងធ្វើបាប។

នៅឆ្នាំ១៩៧៩ ម៉ុត បានរត់គេចខ្លួនពីកងទ័ពវៀតណាមទៅរស់នៅតាមព្រំដែនថៃ។ ក្រោយមកទៀតចូលរស់នៅក្នុងលើទឹកដីថៃតែម្ដង មានអ្នកបើកឡានជនជាតិថៃនាំចូលទៅ។ ក្រោយពេលដែលយោធាខ្មែរក្រហមធ្វើសមាហរណកម្មក្នុងឆ្នាំ១៩៩៧ ប្រជាជនបាននាំគ្នាត្រឡប់មករស់នៅស្រុកកំណើតរៀងៗខ្លួនវិញ និងជួបជុំបងប្អូននិងក្រុមគ្រួសារដូចពីមុនវិញ ហើយអ្នកខ្លះទៀតត្រូវបានបាត់បង់គ្រួសារ ត្រូវរស់នៅតែម្នាក់ឯង។ ម៉ុត និងប្រពន្ធកូនបានធ្វើដំណើរមករស់នៅខេត្តបាត់ដំបងដោយសារដីមានជីវជាតិងាយស្រួលក្នុងការដាំដំណាំនិងប្រកបរបររកស៊ីផ្សេងៗ៕

អត្ថបទដោយ៖ ឡាំ ស្រីនីត


[1] មជ្ឈមណ្ឌលឯកសារកម្ពុជាសម្ភាសន៍ជាមួយ សួន ម៉ុត នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin