អង្គការផ្ដល់ឱ្យហើយត្រូវតែហូប

(ក្រចេះ)៖ ស៊ួន រឿន អាយុ៦៣ឆ្នាំ មានទីកន្លែងកំណើតនៅភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ រឿន មានជំងឺងងឹតភ្នែក, ធ្ងន់ត្រចៀក, ឈឺចង្កេះ និងឈឹក្បាលវិលមុខជាប្រចាំ។ រឿន បានជ្រើសរើសការព្យាបាលជំងឺនៅមណ្ឌលសុខភាពនៅស្រុករបស់គាត់។
នៅអំឡុងពេលមានការទម្លាក់គ្រាប់បែកពីកងទ័ពសត្រូវ ប្រជាជននៅក្នុងភូមិបាននាំគ្រួសារចូលនៅក្នុងលេណដ្ឋាន ដើម្បីគេចពីយន្តហោះទម្លាក់គ្រាប់បែក។ រឿន បានប្រាប់ថានៅភូមិរបស់គាត់គឺសុទ្ធតែមានលេណដ្ឋាន ក្នុងមួយផ្ទះគឺត្រូវតែមានមួយ។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហម បានចូលគ្រប់គ្រងតំបន់ដែល រឿន រស់នៅ។ ខ្មែរក្រហម ចាត់តាំងឱ្យ រឿន ធ្វើការងារដូចជា ចិញ្ច្រាំដើមទន្រ្ទានខេត្ត, ធ្វើស្រែ, លើកប្រព័ន្ធភ្លឺស្រែ, ជីកប្រឡាយ និងលើកទំនប់។ រឿន បានបន្តថា នៅក្នុងរបបខ្មែរក្រហម គាត់ត្រូវធ្វើពលកម្មទាំងយប់ទាំងថ្ងៃ មានពេលសម្រាកតិច, ម៉ោង១០យប់ ឬម៉ោង១១យប់ ទើបគាត់បានឈប់សម្រាក ហើយម៉ោង៤ ឬម៉ោង៥ទៀបភ្លឺ ក្រោកទៅធ្វើការងារទៀត។
របបអាហារដែលខ្មែរក្រហម ផ្ដល់ឱ្យប្រជាជននៅពេលនោះគឺផ្ដល់ឱ្យតាមរដូវកាល។ នៅខែប្រមូលផល ខ្មែរក្រហមបានផ្ដល់អង្ករច្រើនដល់រោងបាយ ដើម្បីដាំបាយឱ្យប្រជាជនហូប, មួយសប្ដាហ៍ក្រោយមក បានកាត់បន្ថយអង្ករ ហើយប្រជាជនត្រូវហូបបបររាវ ឬពោតកំបោរលាយជាមួយសម្លម្ជូរត្រកួន និងព្រលឹត។ នៅពេលនោះមិនមាននរណាម្នាក់ហ៊ានតវ៉ា ពីបញ្ហាកង្វះអាហារឡើយ, រឿន បាននិយាយថា៖ “ស្ថិតនៅក្រោមការគ្រប់គ្រងរបស់គេ[ខ្មែរក្រហម] គេឱ្យយើងហូបអី គឺហូបនោះ។ គេផ្ដល់ឱ្យហើយត្រូវតែហូប”។
តាមរយៈការសង្កេតរបស់ រឿន នៅក្នុងរបបខ្មែរក្រហម ជំងឺដែលប្រជាជនឈឺជាប្រចាំគឺជំងឺគ្រុនចាញ់ និងគ្រុនក្ដៅ។ គាត់បានបន្ថែមថា នៅពេលនោះមិនមានថ្នាំគ្រប់គ្រាន់សម្រាប់ព្យាបាលជំងឺរបស់ប្រជាជននោះទេ។ ថ្នាំដែលនិយមប្រើនៅពេលនោះគឺថ្នាំដែលផលិតនៅក្នុងស្រុក គឺហៅថាថ្នាំអាចម៍ទន្សាយ ព្រោះមានរាងមូល និងមានពណ៌ខ្មៅ។ នៅពេលនោះ គ្រូពេទ្យមិនសូវយកចិត្តទុកដាក់លើការព្យាបាលជំងឺរបស់ប្រជាជនឡើយ អ្នកជំងឺមួយចំនួនត្រូវបាត់បង់ជីវិត។
នៅឆ្នាំ១៩៧៧ យុវជន-យុវនារី នៅសហករណ៍ដែល រឿន រស់នៅ ត្រូវបានខ្មែរក្រហមចាប់បង្ខំឱ្យរៀបការ។ យុវជន-យុវនារី ដែលមានចិត្តស្រឡាញ់គ្នាខ្លះគឺមិនបានរៀបការជាមួយគ្នាឡើយ មានតិចគូណាស់ដែលបានរៀបការជាមួយគ្នា។ នៅពេលនោះ យុវជន-យុវនារីដែលមានមានឈ្មោះ ទោះបីជាមិនបានស្រឡាញ់ ក៏ត្រូវតែរៀបការព្រោះអ្នកដែលប្រឆាំងនឹងការរៀបចំរបស់ខ្មែរក្រហមនឹងត្រូវចាប់យកទៅសម្លាប់ចោល។
រឿន បាននិយាយថា នៅពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយរំដោះប្រទេសកម្ពុជា គាត់ និងឪពុកម្ដាយបានរត់ទៅខេត្តកំពង់ធំ, ចំណែកបងប្អូនរបស់គាត់ មិនបានរត់ទៅជាមួយឡើយ ព្រោះនៅធ្វើការក្នុងសហករណ៍ផ្សេងគ្នា៕
សម្ភាសន៍ដោយ៖ អេង សុខជា ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

