សួងឆេង ត្រូវបែកបាក់គ្រួសារក្នុងរបបកម្ពុជាប្រជាធិបេតយ្យ

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ប្រជាជនគ្រប់រូបនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានអង្គការចាត់តាំងឲ្យធ្វើការងារទាំងអស់។ កុមារត្រូវ ធ្វើការងារស្រាលៗ ចំណែកមនុស្សចាស់ត្រូវមានតួនាទីមើលថែកុមារតូចៗ ព្រមទាំងត្បាញកញ្ច្រែងល្អី។ មនុស្សចាប់ ពី១៤ឆ្នាំឡើងទៅ ត្រូវធ្វើការងារធ្ងន់ៗ និងលំបាក។ កុមារជំទង់ៗត្រូវទទួលបញ្ជាឲ្យជីកប្រឡាយឬអាងទឹក និងធ្វើស្រែចម្ការទៅតាមបទបញ្ជារបស់អង្គការ ហើយត្រូវឃ្លាតឆ្ងាយពីគ្រួសារ។ សួង ឆេង បានរៀបរាប់រឿងរ៉ាវដូចខាងក្រោម ៖

នាងខ្ញុំឈ្មោះ សួង ឆេង[1] ភេទស្រី មានអាយុ៨៧ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិតាម៉ៅកើត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅក្នុងភូមិតាម៉ៅកើត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុកខ្ញុំឈ្មោះ សួងនិង ម្ដាយឈ្មោះ ហេង។ ពួកគាត់ទាំងពីរស្លាប់នៅក្នុងសម័យប៉ុល ពតដោយសារជំងឺ។ ខ្ញុំមានបងប្អូនស្រី ចំនួន២នាក់ ហើយខ្ញុំជាកូនពៅ។ ស្វាមីខ្ញុំឈ្មោះ ស៊ីន មានកូនចំនួន៨នាក់ ក្នុងនោះមានប្រុស៥នាក់និងស្រី៣នាក់។ ប៉ុន្តែស្លាប់៣នាក់ ដោយកូនបងទី១ ឈ្មោះ ស៊ុន នី ភេទប្រុស អាយុ១៥ឆ្នាំធ្វើពេទ្យតំបន់នៅមេមត់ ហើយជាពេទ្យខាងវះកាត់ក្នុងសម័យខ្មែរក្រហមបាត់ខ្លួនរហូតដល់បច្ចុប្បន្ន កូនទី២ស្លាប់នៅអាយុ១ខួបដោយសារជំងឺ ហើយមួយទៀតស្លាប់ដោយសារធ្លាក់ពីលើម៉ូតូ នៅអាយុ៣២ឆ្នាំក្នុងសម័យបច្ចុប្បន្ន។

នៅជំនាន់ខ្មែរឥស្សរៈខ្ញុំនៅតូចមិនបានរៀនសូត្រទេ។ ខ្ញុំនៅជួយមើលគោនិងក្របី ដើម្បីជួយសម្រាលការងារ ឪពុកម្ដាយ។ ពេលទំនេរពីមើលគោ ខ្ញុំតែងតែទៅស៊ីឈ្នួលច្រូតស្រូវ ក្នុងមួយថ្ងៃបាន១៥រៀល(ដប់ប្រាំរៀល) ហើយ មនុស្សប្រុសបាន២០រៀល(ម្ភៃរៀល) ព្រោះមនុស្សប្រុសរែកកណ្ដាប់ ប្រើកម្លាំងច្រើនជាងមនុស្សស្រី។ លុះខ្ញុំអាយុ ១២ឆ្នាំ ទើបទៅស៊ីឈ្នួលឆ្ការព្រៃធ្វើផ្លូវទុកឲ្យឡានបើក ក្នុងមួយថ្ងៃបាន៥រៀល(ប្រាំរៀល)។ ពេលខ្លះទៅដាំសណ្ដែក បានមួយថ្ងៃ៥រៀល(ប្រាំរៀល) ចំណែកមនុស្សប្រុសបាន១០រៀល ដោយសារចាក់រណ្ដៅហត់និងត្រូវប្រើកម្លាំងខ្លាំង។ ក្នុងសម័យនោះប្រជាជន ប្រកបមុខរបរធ្វើស្រែចម្ការ។ ខ្ញុំបានរៀបការមានគ្រួសារមុនពេលធ្វើរដ្ឋប្រហារ។ ពេលខ្ញុំរៀបការនោះធ្វើពិធីរៀបការដូចសម័យបច្ចុប្បន្នដែរ ប៉ុន្តែស្លៀកសំពត់ហូលនិងអាវ(ហៅអាវចាម)។

នៅឆ្នាំ១៩៧០ ពេលធ្វើរដ្ឋប្រហារប្រជាជនក្នុងភូមិមិនបានដឹងទេ ប៉ុន្តែមេភូមិបានផ្ដល់ដំណឹងថាមានកិច្ច ប្រជុំនៅស្រុកមេមត់។ ពេលនោះប្ដីខ្ញុំនិងប្រជាជនក្នុងភូមិចំនួនទៀតបានធ្វើ ដំណើរដោយថ្មើរជើងទៅតាំងពីព្រឹក ព្រលឹមទៅស្រុកមេមត់។ ប្ដីខ្ញុំទៅដល់ឃើញប្រជាជនកំពុងធ្វើបាតុកម្មនៅមេមត់មានបោះដុំថ្ម ដេញគប់ ដេញវាយគ្នា ឮនិយាយថាបាតុកម្ម ដើម្បីទាមទារឲ្យសម្ដេចសីហនុ យាងចូលប្រទេសកម្ពុជាវិញ និងគ្រប់គ្រងប្រទេស។ ប្ដីខ្ញុំត្រឡប់ មកពីមេមត់ពេលយប់ ប៉ុន្តែពេលនោះខ្ញុំឃើញមានទាហានដើរតាម អំឡុងពេលប្ដីខ្ញុំចូលផ្ទះបានមួយស្របក់។ ខ្ញុំបានឲ្យ ឡើងពួននៅចុងគរព្រោះមានទាហានមកតាមរកទាល់តែស្ងាត់ទើបឲ្យចុះមកផ្ទះ។ កន្លះខែក្រោយមកមានទាហាន លន់ នល់ ចុះដើររកមនុស្សប្រុសតាមផ្ទះត្រូវការចាប់ទៅធ្វើជាទាហាន លន់ នល់។ អំឡុងពេលនោះខ្ញុំបានឲ្យប្ដីទៅពួន នៅ តាមព្រៃជិតៗភូមិរហូតទាល់តែស្ងាត់ទើបឲ្យចូលមកភូមិវិញ។ ទោះប្រទេសកំពុងមានបាតុកម្ម ប៉ុន្តែប្រជាជននៅតែបន្តធ្វើស្រែចម្ការនិងប្រកបមុខរបរចិញ្ចឹមជីវិត។

នៅឆ្នាំ១៩៧៣ ពេលដែលអាមេរិកកាំងទម្លាក់គ្រាប់បែក ប្រជាជននៅក្នុងភូមិតាម៉ៅកើត ពិបាករស់នៅណាស់ ព្រោះត្រូវគេចគ្រាប់ហើយលាក់ខ្លួននៅតាមរណ្ដៅត្រង់សេ។ រណ្ដៅត្រង់ទំហំធំអាចដាក់គ្រែ១ទៅ២បាន ហើយមាន ជម្រៅជ្រៅលិចក្បាលអាចដើរទៅមកបាន។ ប្រជាជនរស់នៅក្នុងភាពភ័យខ្លាចហើយពិបាកក្នុងការប្រកបមុខរបរ ធ្វើស្រែចម្ការដើម្បចិញ្ចឹមជីវិត។ អាមេរិកភាគច្រើនទម្លាក់គ្រាប់បេ៥២ ផ្លោងពីសាទុំមកធ្លាក់ក្នុងភូមិតាម៉ៅកើត។ អាមេរិកទម្លាក់គ្រាប់ដាក់កងទ័ពវៀតកុង ហើយកងទ័ពវៀតកុងវាយនៅជាយៗភូមិជាហេតុធ្វើឲ្យប្រជាជន ខ្លះត្រូវរបួសនិងស្លាប់ ពេលអាមេរិកទម្លាក់គ្រាប់។ ថ្ងៃមួយខ្ញុំឃើញអាមេរិកបររថក្រោះ៣ទៅ៤ឆ្លងកាត់ភូមិតាម៉ៅកើត ទៅវាលស្រែដើម្បីបង្ហើរ គ្រាប់ដេញកងទ័ពវៀតកុង។ ពេលនោះខ្ញុំមានកូន៤នាក់ ហើយក្នុងនោះមានកូនប្រុស២នាក់និងស្រី២នាក់។

នៅឆ្នាំ១៩៧៤ ក្នុងភូមិចាប់ផ្ដើមធ្វើស្រែប្រវាស់ដៃគ្នា ធ្វើការងារចម្ការរួមគ្នា ហើយចែកផលស្រូវទៅតាម កម្លាំងមនុស្សធ្វើការ។ ប្រជាជននៅក្នុងភូមិធ្វើស្រែរួមគ្នាច្រូតស្រូវយកកណ្ដាប់ស្រូវទៅដាក់នៅកន្លែងតែមួយទាល់តែ បោកស្រូវ រួចទើបយកចែកស្រូវគ្នាទៅតាមកម្លាំងសមាជិកចូលរួមធ្វើការ។ អំឡុងឆ្នាំនោះអាចចែកស្រូវជាថាំង ឬរទេះគោក្នុងម្នាក់ ដែលមួយរទេះគោមាន២៥ថាំង។

នៅឆ្នាំ១៩៧៥ ខ្ញុំឃើញមានប្រជាជនដែលអង្គការជម្លៀសមកពីភ្នំពេញឲ្យមករស់នៅជាមួយប្រជាជនក្នុងភូមិ ដោយអង្គការចាត់ឲ្យនៅតាមផ្ទះជាមួយប្រជាជននៅក្នុងភូមិ។ អង្គការចាត់តាំងឲ្យទៅនៅតាមផ្ទះប្រជាជនមូលដ្ឋានទៅ តាមសមាជិកគ្រួសារតិច ឬច្រើនផ្ទះខ្លះឲ្យនៅមួយគ្រួសារ ខ្លះទៀតពីរគ្រួសារ។ ប្រជាជនថ្មីនិងប្រជាជនចាស់ ធ្វើកិច្ច ការងារដូចគ្នាទៅតាមកម្លាំង។

កាលនោះកូនខ្ញុំទៅរៀននៅសាលាថ្នល់ទទឹងនៅអាយុ១២ឆ្នាំ។ សាលាពេលនោះ រៀនចាប់ពីម៉ោង៧:០០ព្រឹក ដល់ម៉ោងង១០:០០ព្រឹក។ កូនខ្ញុំទៅរៀនតាំងពីព្រឹកទាល់តែថ្ងៃម៉ោង១១:០០ព្រឹកទើបត្រឡប់មកផ្ទះវិញ។ កូនខ្ញុំ ត្រឡប់មកដល់ផ្ទះត្រូវទៅមើលគោនិងក្របី។ គ្រូបង្រៀនកូនខ្ញុំឈ្មោះគ្រូវឿន ភេទប្រុស ស្លាប់៣ទៅ៤ឆ្នាំ ហើយដោយ សារចាស់ជរា។ កូនខ្ញុំឈប់រៀននៅអាយុ១៥ឆ្នាំទៅធ្វើពេទ្យ ព្រោះប្រធានឃុំជាំតាម៉ៅមកសុំឲ្យធ្វើពេទ្យ(ដុកទ័រ)នៅស្រុកមេមត់។ ពេលទៅធ្វើពេទ្យនៅមេមត់ កូនខ្ញុំបានមកលេងផ្ទះចំនួន៣ដង លើកទីមួយមករកដើមផ្កាយកទៅដាំ លើកទី២មកមើលប្អូនឈឺហាមមិនឲ្យហូបអីផ្ដេសផ្ដាសខ្លាចលាប់ជំងឺបន្ទាប់ពីនោះទៅបាត់ដំណឹងរហូត។

កូនស្រីខ្ញុំទី២ឈ្មោះ ស្រីលី អាយុ១៣ឆ្នាំ ធ្វើការងារក្នុងក្រុមកងចល័តភូមិតាម៉ៅកើត។ ស្រីលីមិនដែលបានមក សម្រាកនៅផ្ទះជាមួយគ្រួសារទេ សម្រាកជាមួយក្រុមចល័តតាមតែអង្គការចេញបទបញ្ជាឲ្យទៅធ្វើ ការងារច្រូត ដក ស្ទូង នៅភូមិណាសម្រាកនៅភូមិនោះតែម្ដង។ បើសិនចល័តនៅជិតៗភូមិមួយឆ្នាំ ស្រីលី មកលេងផ្ទះបាន២ដង តែបើទៅឆ្ងាយ ស្រីលី មិនបានមកលេងផ្ទះទេ។ ចំពោះដំណឹងពី ស្រីលី គឺទទួលបានមកពីប្រជាជនដែលស្គាល់គ្នាដូចជាប្រជាជននៅក្នុងភូមិតាម៉ៅកើត ស្គាល់ថាឃើញក្រុមកងចល័តភូមិជាំតាម៉ៅកើតត្រូវអង្គការចល័តទៅភូមិណា ប្រជាជន ដែលស្គាល់ ស្រីលី តែងតែនិយាយប្រាប់ខ្ញុំ។ ប្ដីខ្ញុំធ្វើជាមេភស្តុភារនៅក្នុងភូមិតាម៉ៅកើត ដើររកបន្លែ អង្ករ ប្រហុក សម្រាប់ឲ្យចុងភៅដាំស្លឲ្យប្រជាជនហូបរួមគ្នា និងនៅគ្រប់គ្រងកន្លែងដាំបាយធ្វើម្ហូប។ ចុងភៅអង្គការឲ្យដាក់វេនគ្នា ដាំបាយធ្វើម្ហូប បន្ទាប់ពីដាំបាយធ្វើម្ហូបហើយ ថ្ងៃទំនេរត្រូវធ្វើការងារស្រែចម្ការដូចប្រជាជនទូទៅតាមបទបញ្ជារបស់អង្គការ។ ចំណែកខ្ញុំធ្វើជានារីភូមិ ហើយកាលនោះនៅក្នុងមួយភូមិ មេភូមិជ្រើសរើសយក៣នាក់។ ខ្ញុំ យាយលី (ស្លាប់ដោយសារចាស់ជរា) និងបងស្រីឈ្មោះស៊ីមត្រូវបានមេភូមិជ្រើសរើសឲ្យធ្វើជានារីភូមិ។ យាយលី ស្លាប់ដោយ សារចាស់ជរា ប្រហែលជា៥ទៅ៧ឆ្នាំហើយ ចំណែកបងស្រីខ្ញុំឈ្មោះស៊ីម អាយុ៨៩ឆ្នាំនៅរស់រហូតមកដល់សព្វថ្ងៃ។ អង្គការបានបញ្ជាឲ្យខ្ញុំ យាយលី និងបងស៊ីមទៅរៀននៅមេមង ហើយបានជួបជាមួយមនុស្សរាប់ពាន់នាក់សុទ្ធតែស្រី។ ខ្ញុំបានរៀនរយៈពេល៣ទៅ៤ថ្ងៃក្នុងគោលបំណង ដើម្បីកុំឲ្យបែកចិត្តពីអង្គការ។ ពេលត្រឡប់មកផ្ទះ ខ្ញុំបានធ្វើស្រែចម្ការ ទាល់ដល់ថ្ងៃដែលអង្គការត្រូវប្រជុំ ទើបខ្ញុំដើរប្រាប់ប្រជាជនក្នុងភូមិឲ្យទៅប្រជុំតាមបទបញ្ជា របស់អង្គការ។

ខ្មែរក្រហមជម្លៀសប្រជាជននៅក្នុងភូមិភូមិតាម៉ៅកើត ដំបូង មានប្ដីខ្ញុំនិងពូដា ទៅចម្ការក្រូច ក្នុងស្រុក ស្នួលមុន ហើយប្រហែលជាបានកន្លះខែក្រោយទើបអង្គការជម្លៀសខ្ញុំទៅអំពុក ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ រួចអង្គការបន្តជម្លៀសខ្ញុំទៅស្វាយជ្រះតាមក្រោយ។ ពេលខ្ញុំទៅស្វាយជ្រះអង្គការឲ្យធ្វើស្រែចម្ការជាមួយប្រជាជនភូមិអំពុក ហើយខ្ញុំមិនបាននៅជាមួយប្ដីទេ ប៉ុន្តែមានប្រជាជនភូមិអំពុកដឹងថាប្ដីខ្ញុំទៅអង្គការយកទៅសម្លាប់នៅចម្ការក្រូច(ទំនប់ថ្ពង់) ក្នុងស្រុកស្នួល។

បន្ទាប់មកអង្គការជម្លៀសខ្ញុំទៅភូមិកោះរងាវ ឃុំកំពង់ក្របី ស្រុកសំបូរ ធ្វើការងារច្រូតកាត់បានមួយខែកន្លះ។ ខ្ញុំទទួលដំណឹងថាប្រទេសជាតិត្រូវបានរំដោះ រួចមានការប្រកាសថាហើយ ប្រជាជនដែលនៅក្នុងភូមិស្រុកណាឲ្យត្រឡប់ទៅភូមិឃុំស្រុកនោះវិញ។ ខ្ញុំបានជិះកាណូតពីភូមិកោះរងាវមកថ្មក្រែ ហើយបន្តជិះកាណូត ពីថ្មក្រែមកស្ទឹងត្រង់។ នៅស្ទឹងត្រង់មានឡានចាំយកប្រជាជន ប៉ុន្តែមានឡានខ្មែរក្រហមក្លែង បន្លំខ្លួនដឹកប្រជាជន ទៅសម្លាប់ចោលច្រើនដែរ។ ខ្ញុំបានដើរទៅភូមិបុស្ស ឃុំបារាយណ៍ ហើយនៅទីនោះបានមួយខែ។ បន្ទាប់មកខ្ញុំបាន ធ្វើដំណើរត្រឡប់មកផ្ទះដោយដេកតាមផ្លូវរយៈ ពេល៣យប់ទើបមកដល់ភូមិតាម៉ៅ។ ពេលមកដល់ ខ្ញុំឃើញផ្ទះឆេះអស់ ក៏ចាប់ផ្ដើមកាប់ឆ្ការព្រៃធ្វើផ្ទះ ហើយទាល់តែមួយឆ្នាំទើបអាចធ្វើស្រែចម្ការបានវិញ។ សព្វថ្ងៃខ្ញុំរស់នៅម្នាក់ឯង ដោយធ្វើឈ្នាង, កន្រ្តងប្រហុក, កាផា និងចង្អេរ ដើម្បីរកចំណូលចិញ្ចឹមជីវិត៕

អត្ថបទដោយ វី ស៊ីថា


[1] មជ្ឈមណ្ឌលឯកសារកម្ពុជា សម្ភាសន៍ជាមួយក្រុមគ្រួសាររបស់ សួងឆេង ភេទស្រី អាយុ៨៧ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិតាម៉ៅកើត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ សម្ភាសន៍នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣(រយៈពេលសម្ភាសន៍ៈ ១ម៉ោង ២៩នាទី ៣៨វិនាទី)

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin