ធ្វើទារុណកម្មវាយនិងខ្សែតី ព្រោះងើបមកធ្វើការមិនទាន់

របបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) គ្មានតុលាការសម្រាប់បំពេញតួនាទីក្នុងការផ្ដល់យុត្តិធម៌ដល់ប្រជាជនដែលត្រូវបានចាត់ទុកថាមានទោស និងជាខ្មាំងដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនោះឡើយ គឺមានតែប្រព័ន្ធសន្តិសុខ ដើម្បីឃុំឃាំងធ្វើទារុណកម្មសួរចម្លើយ និងសម្លាប់ចោលតែម្តង[1]។ ការរស់នៅត្រូវគោរពតាមបញ្ជារបស់អង្គការខ្មែរក្រហម។ ខ្មែរក្រហមមិនឱ្យប្រជាជនហូបចុកបានគ្រប់គ្រាន់ និងធ្វើការងារពលកម្មហួសកម្លាំង។ អ្វីដែលខ្ញុំចងចាំមិនភ្លេចនោះ គឺមានថ្ងៃមួយខ្ញុំត្រូវខ្មែរក្រហមបង្ខំឱ្យសែងដីរហូតទាល់ដល់ម៉ោង៩យប់ ទើបបានត្រឡប់មកផ្ទះដេក។ ប្រធានកងចល័តឈ្មោះទិ ចាត់តាំងសមមិត្តម្នាក់ឱ្យមកតាមខ្ញុំដល់ផ្ទះ បន្ទាប់មកធ្វើទារុណកម្មវាយនឹងខ្សែតីមកលើរូបខ្ញុំ។

. កាលពីកុមារភាព

ខ្ញុំឈ្មោះ សួង ខ្មៅ ជនជាតិដើមភាគតិចស្ទៀង ភេទស្រី អាយុ ៦៧ឆ្នាំ មានស្រុកកំណើតនៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុកឈ្មោះ សួង និងម្តាយឈ្មោះ ព្រំ អ៊ាន គាត់ទាំងពីរស្លាប់អស់។ ចំពោះម្តាយស្លាប់ដោយសារជំងឺ ចំណែកឯឪពុកស្លាប់ដោយសារគ្រាប់បែកនៅអំឡុងឆ្នាំ១៩៧០។ ខ្ញុំមានបងប្អូនចំនួន៣នាក់, ខ្ញុំជាកូនពៅ។ ក្រោយឆ្នាំ១៩៧៩ ខ្ញុំបានរៀបការជាមួយស្វាមីឈ្មោះ មឹះ ភេល មានកូនចំនួន៥នាក់ ស្រី៤នាក់។

ស្ថានភាពគ្រួសារមានជីវភាពខ្វះខាតធ្វើឱ្យ សួង ខ្មៅ មិនបានចូលសិក្សារៀនសូត្រដូចក្មេងទូទៅ។ ចំណែកឪពុកម្តាយត្រូវលែងលះគ្នា។ ឪពុកខ្ញុំមានភរិយាថ្មី ទុកឱ្យម្តាយខ្ញុំចិញ្ចឹមកូនបីនាក់។ ម្តាយខ្ញុំត្រូវដើរតួនាទីទាំងម្តាយ និងឪពុក។ ខ្ញុំជួយម្តាយធ្វើការងារតាំងពីអាយុ ៨ឆ្នាំ។ ព្រឹកព្រលឹមត្រូវទៅស្រែជាមួយម៉ែ និងបងៗ។ កាលពីដើម គ្មានដាំដំណាំអ្វីទេក្រៅពីដាំណាំស្រូវ។ ថ្ងៃខ្លះ គ្រួសារខ្ញុំរកតែអង្ករដាំបាយហូបមិនបានផង។ កាលពីក្មេងខ្ញុំធ្លាប់ច្រណែនជាមួយមិត្តភក្តិ ដោយសារក្មេងៗដូចគ្នាទទួលបានរបស់ប្រើប្រាស់ ដូចជាសម្លៀកបំពាក់ស្អាតៗ មានលុយទិញនំ ហើយមានឪពុកចាំមើលថែ។ រហូតដល់ខ្ញុំមានអាយុ ១៧ឆ្នាំ ទើបខ្ញុំចេះរកលុយចាយខ្លួនឯង។ ប្រាក់បានមកពីការស៊ីឈ្នួល ខ្ញុំទិញសម្លៀកបំពាក់ជូនម៉ែ និងខ្លួនឯង។ ចំណែកឪពុកខ្ញុំ តាំងពីមានប្រពន្ធថ្មី មិនដែលមកសួរសុខទុក្ខគ្រួសារឡើង[2]

. ភៀសខ្លួនដោយសារសង្គ្រាមអាមេរិកកាំងអំឡុងឆ្នាំ១៩៧០

នៅខែមីនា ឆ្នាំ១៩៧០ ឧត្តមសេនីយ៍ នល់ លន់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋដោយជោគជ័យ។ ប្រជាជនរាប់ម៉ឺននាក់បានបដិសេធមិនគាំទ្ររដ្ឋាភិបាលសាធារណរដ្ឋខ្មែរ។ ភាគច្រើនប្រជាជនរស់នៅឃុំទន្លូង ស្រុកមេមត់ ក៏មិនពេញចិត្តចំពោះ លន់ នល់ ដែលបានទម្លាក់ព្រះបាទ​ នរោត្តម សីហនុ ដែរ។ ប្រជាជនទូទាំងស្រុកមេមត់ នាំគ្នាឡើងទៅធ្វើបាតុកម្មតាមផ្លូវ ជាពិសេសស្រុកមេមត់។ អំឡុងពេលបាតុកម្មប្រជាជនត្រូវស្លាប់ ដោយសារការផ្ទុះអាវុធរវាងទាហាន លន់ នល់​ និងប្រជាជនឡើងទៅបាតុកម្ម។ ខ្ញុំបានឡើងទៅចូលរួមធ្វើបាតុកម្មនៅស្រុកមមេមត់ ជាមួយគេឯង។ បាតុកម្មនៅស្រុកមេមត់ប្រហែលបីម៉ោង បន្ទាប់មកនាំគ្នាឡើងឡានស្រែកតាមផ្លូវបន្តដល់ឃុំដារ ស្រុកមេមត់។ ខ្ញុំទៅចូលរួមតែមួយថ្ងៃទេ។ ថ្ងៃបន្ទាប់ខ្ញុំអត់បានទៅចូលរួម ពីព្រោះម្តាយខ្ញុំឈឺ។

បន្ទាប់ពីបាតុកម្មស្ងប់ស្ងាត់បន្តិច គ្រួសារខ្ញុំនិងប្រជាជននៅក្នុងភូមិក្តុលលើ ឃុំទន្លូងធ្វើការងារធម្មតា។ ប្រមាណជាកន្លះខែមានការទម្លាក់គ្រាប់បែបតាមព្រំប្រទល់រវាងប្រទេសកម្ពុជា​-ប្រទេសវៀតណាម។  រាល់យប់មានសំឡេងយន្តហោះពីគ្រប់ទិសទី។ ពេលវេលាយប់យន្តហោះមកទម្លាក់គ្រាប់បែកនៅភូមិចង្គំកណ្តាល ឃុំទន្លូង ប្រមាណជា៣គីឡូម៉ែត្រដល់ភូមិក្តុលលើ។ ម្តាយខ្ញុំដឹកដៃចុះពីផ្ទះរត់ទៅលាក់ខ្លួនក្នុងរណ្តៅត្រង់សេជាមួយឪពុកមា ឈ្មោះ តាស្វិត។ នៅក្នុងរណ្តៅត្រង់សេរហូតទាល់តែស្ងាត់សំឡេងគ្រាប់និងយន្តហោះ បានចេញមកខាងក្រៅ។ ប្រជាជននៅក្នុងភូមិក្តុលលើ ត្រូវបានភៀសខ្លូនចេញបណ្តើរៗ។ គ្រួសារខ្ញុំចាកចោលផ្ទះសំបែង រត់ទៅនៅភូមិបេងកោង ឃុំទន្លូង នៅបានរយៈបីថ្ងៃយន្តហោះបានទម្លាក់គ្រាប់នៅលើភ្នំជាប់ភូមិល្វាលើ ឃុំទន្លូង បណ្តាលឱ្យមានមនុស្សស្លាប់បីនាក់។ តាមខ្ញុំចាំឈ្មោះ ញ៉ាញ់ និងកូននៅភូមិល្វាលើ និងម្នាក់ទៀតនៅភូមិបេងកោង ដោយសារគ្រប់បែកបេណាំហាយ អំឡុងពេលធ្វើចំការដាំស្រូវ។ ថ្ងៃស្អែក ព្រឹកឡើងម៉ែខ្ញុំនាំកូនៗចាកចេញពីភូមិបេងកោង ត្រឡប់មកភូមិក្តុលលើវិញ។ នៅខែឧសភា ឆ្នាំ១៩៧០ មានកងទ័ពវៀតកុងចូលមកដល់ភូមិក្តុលលើ និងបោះទីតាំងនៅប្រមាណ១គីឡូម៉ែត្រពីភូមិ។ ទីតាំងនោះនៅក្នុងដីរបស់​ ម៉ែន ច្រាញ់។ ចំណែកបន្ទាយរបស់អាមេរិកនៅភូមិពងទឹក ឃុំទន្លូង និងនៅឃុំជាំក្រវៀន។

. ឪពុកខ្ញុំស្លាប់ដោយសារយន្តហោះគ្រាប់បែកទម្លាក់ចំនៅឃុំស្រែចារ បន្ទាប់ពីភៀសខ្លួនចេញពីភូមិកំណើត

ភូមិក្តុលលើគ្មានសុវត្ថិភាព ដោយសារមានការទម្លាក់គ្រាប់បែបតាមព្រំដែនស្ទើររាល់ថ្ងៃ។ ណាមួយនៅក្នុងភូមិមានកងទ័ពវៀតកុងនៅតាំងទីក្នុងភូមិស្រាប់ ហេតុនេះខ្លាចអាមេរិកចូលមកទម្លាក់គ្រាប់ក៏រត់ចេញពីភូមិជាលើកទីពីរ។ ដោយម្តងនេះរត់ទៅនៅភូមិស្រែចារ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ ទម្រាំតែទៅដល់ភូមិស្រែចារ ខ្ញុំត្រូវដេកតាមផ្លូវចំនួនបីយប់។ ចំពោះអាហារហូបចុកខ្ញុំយកតាមខ្លួន ទាល់ដល់ភូមិស្រែចារ ធ្វើខ្ទមសម្រាប់ស្នាក់នៅ។ ខ្ញុំបានជួបជាមួយប្រជាជនមកពីភូមិជាមួយគ្នា ជាពិសេសបានជួបឪពុកបង្កើតទៀត។ នៅពេលដែលខ្ញុំរស់នៅភូមិស្រែចារដំបូងស្ងាត់យន្តហោះឆ្លងកាត់ លែងខ្លាចការទម្លាក់គ្រាប់ ប៉ុន្តែបន្ទាប់ពីរស់នៅបានរយៈពេលមួយខែ មានយន្តហោះមកពីទិសខាងកើតចូលមកទម្លាក់គ្រាប់បណ្តាលឱ្យឪពុកខ្ញុំស្លាប់នៅហ្នឹងកន្លែង។ ចំណែក ឈ្មោះ សួង គា ត្រូវជាប្អូនប្រុសខ្ញុំ ដែលមានឪពុកជាមួយគ្នា ឯម្តាយផ្សេងគ្នាក៏ត្រូវរបួសផងដែរ។ សួង គា ត្រូវអំបែងគ្រាប់រងរបួសធ្ងន់ ដោយត្រូវបាន​បញ្ជូនទៅព្យាលបាលនៅវៀតណាមខាងត្បូងដោយពេទ្យទាហានអាមេរិក។ ដោយសារតែរបួសធ្ងន់ សួង គា ត្រូវបានកាត់ដៃខាងស្តាំម្ខាងដើម្បីព្យាបាលជំងឺ នឹងជៀសវាងការឆ្លងទៅផ្នែកផ្សេងនៃរាងកាយ។ ចំណែកសពឪពុកខ្ញុំត្រូវខ្ទេច បែកជាបំណែកតូចៗ ស្ទើរតែគ្មានសេះសល់។

. ការវិលត្រឡប់មកភូមិកំណើតក្រោយពីសង្គ្រាមអាមេរិកចប់

គ្រួសារខ្ញុំបានរស់នៅឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះរយៈពេលជាង១ឆ្នាំ ក៏វិលត្រឡប់មករស់នៅភូមិក្តុលលើ ឃុំទន្លូងវិញ។ ពេលមកដល់ភូមិកំណើត ផ្ទះសំបែងត្រូវបានភ្លើងឆេះគ្មាននៅសល់ ដីផ្ទះព្រៃដុះជុំទិស។ គ្រួសារខ្ញុំបានផ្លាស់ពីកន្លែងផ្ទះចាស់ មកសង់ផ្ទះថ្មីនៅជាប់យាយ ម៉ែន ច្រាញ់។ ក្រោយពីសង្គ្រាមអាមេរិកស្ងាត់ ម្តាយខ្ញុំទៅកាប់ព្រៃធ្វើចម្ការធ្វើស្រែ,​ កាប់ឆ្ការ, និងគាស់រានដីស្រែ។ ពីមួយឆ្នាំទៅមួយឆ្នាំស្រូវទទួលបានផលច្រើន អាចផ្គត់ផ្គង់គ្រួសារមិនអត់ឃ្លាន និងអាចទុកលក់ទៀត។ បងស្រីខ្ញុំឈ្មោះ សួង ទូច បានរៀបការរួចបែបចេញពីគ្រួសារទៅតាមស្វាមី។ នៅសល់បីនាក់ ខ្ញុំ ម៉ែ និងបងទីពីរ រស់នៅជាមួយគ្នា។

. ខ្មែរក្រហមចូលភូមិ និងបង្កើតសហករណ៍

ក្នុងអំឡុងពេលមានសង្គ្រាមស៊ីវិលពីឆ្នាំ១៩៧០-១៩៧៥ ជាពិសេសពេលទាហានអាមេរិកបានដកចេញពីភូមិខ្ញុំ ខ្មែរក្រហមបានចូលមកធ្វើសកម្មភាពឃោសនា ភូមិខ្ញុំ និងភូមិដទៃទៀតក្នុងឃុំទន្លូងបានក្លាយជាតំបន់រំដោះរបស់ខ្មែរក្រហមត្រូវបានរៀបចំឱ្យទៅជាក្រុមប្រវាស់ដៃ ដែលមានសមាជិក១០ទៅ៣០គ្រួសារនៅក្នុងមួយក្រុម។ បន្ទាប់មកទៀតខ្មែរក្រហមបានចាប់ផ្តើមរៀបចំជាសហករណ៍កម្រិតទាបបណ្តើរៗនៅក្នុងភូមិក្តុលលើ ឃុំទន្លូង។

 ៦. ខ្មែរក្រហមចូលកាន់កាប់ប្រទេសកម្ពុជានៅឆ្នាំ១៩៧៥

នៅបន្ទាប់ពីជ័យជម្នះឆ្នាំ១៩៧៥ ក្រុមប្រវាស់ដៃត្រូវបានរៀបចំឱ្យជា “សហករណ៍កម្រិតទាប” ដែលមានសមាជិកមួយភូមិក្តុលលើទាំងមូលតែម្តង។ ទោះបីអង្គការខ្មែរក្រហមបង្កើតជាសហករណ៍ឲ្យប្រជាជនហូបចុករួម តែការហូបចុករបស់ប្រជាជនបានគ្រប់គ្រាន់នៅឡើយ។ ក្នុងឆ្នាំ១៩៧៥ ប្រជាជន និងគ្រួសារខ្ញុំមិនទាន់ជម្លៀសចេញពីភូមិកំណើតទេ។

ខ្ញុំត្រូវបានខ្មែរក្រហមជ្រើសរើសធ្វើជានារីកងចល័តស្ទួងស្រូវ។ នៅពេលនោះខ្មែរក្រហមចាប់ផ្តើមចាត់តាំងយុវជន យុវនារី និងប្រជាជនមួយចំនួនក្នុងភូមិក្តុលលើឲ្យទៅធ្វើការងារពលកម្មលើកទំនប់ ជីកប្រឡាយ និងដឹកជញ្ជូនស្បៀងទៅកន្លែងការដ្ឋានឆ្ងាយៗបណ្តើៗហើយ។ នៅឆ្នាំ១៩៧៦ ខ្មែរក្រហមបញ្ជូនខ្ញុំទៅលើកទំនប់ គាស់រានដីថ្មីនៅភូមិកោះថ្ម ឃុំទន្លូង។ ខ្មែរក្រហមចាត់តាំងខ្ញុំទៅគាស់ដីស្រែអស់រយៈពេលបីខែ ដោយបន្ទាប់មក ខ្ញុំត្រូវចល័តទៅភូមិចង្គំកណ្តាល ដើម្បីលើកទំនប់ និងជីកប្រឡាយ។

.ការជម្លៀសដោយបង្ខំ និងធ្វើទារុណកម្មលើរូបខ្ញុំ

អំឡុងឆ្នាំ១៩៧៧ ខ្ញុំត្រូវបានអង្គការខ្មែរក្រហមជម្លៀសទៅនៅភូមិក្រញូង ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ ចាប់ពីមួយថ្ងៃទៅមួយថ្ងៃរាងកាយខ្ញុំចាប់ផ្តើមស្គមស្គាំងខ្លាំង ព្រោះការហូបចុកមិនបានគ្រប់គ្រាន់ ធ្វើការងារលើសកម្លាំង គ្មានពេលឈប់សម្រាក់។ ជាទូទៅព្រឹកព្រលឹមតែងតែចូលតម្រង់ជួរ ដើម្បីស្រង់វត្តមាន និងចែកកម្លាំងធ្វើការងារពលកម្មតាមតួនាទី។ ថ្ងៃមួយខ្មែរក្រហមបញ្ជាខ្ញុំសែងដី ចាប់តាំងពីព្រឹករហូតដល់ម៉ោង៩យប់ ទើបត្រឡប់មកដល់ផ្ទះ ចូលដេក។ ដោយសារតែអស់កម្លាំងខ្លាំងខ្ញុំដេកខកមិនបានចេញទៅធ្វើការ។ ម៉ោង៦:០០នាទីព្រឹកព្រលឹម ប្រធានក្តាប់រួមឈ្មោះ អាទិ ផ្លុំកញ្ចែហៅមិត្តទាំងអស់តម្រង់ជួរ។ ពេលរស់នៅឃុំស្វាយជ្រះប្រធានកងចល័តឈ្មោះ អាទិ ឈ្មោះ តាចាំង ជាអនុប្រធាន ឈ្មោះតាណម ជាសមាជិក និងឈ្មោះ ផាត ជាកងឈ្លប។ ខ្ញុំអវត្តមានងើបអត់ទាន់ពេលតម្រង់ជួរ ប្រធានឈ្មោះទិ ចាត់តាំងសមមិត្តម្នាក់ឱ្យមកតាមខ្ញុំដល់ផ្ទះ។ បន្ទាប់មកចាប់ខ្ញុំទៅបង្ហាញខ្លួនចំពោះមុខអ្នកដែលធ្វើការងារក្នុងកងជាមួយគ្នា។ ប្រធានក្តាប់រួមឈ្មោះអាទិនិយាយថា វាយខ្ញុំ ដើម្បីកុំឱ្យមិត្តទាំងអស់គ្នាធ្វើតម្រាប់តាម។ ខ្ញុំត្រូវអាទិវាយនឹងខ្សែតីបែកឈាម។ អាទិវាយខ្ញុំជាច្រើនខ្សែតីរហូតខ្ញុំជិតសន្លប់បានឈប់។ មិត្តនារីម្នាក់បានគ្រាខ្ញុំទៅផ្ទះ ដើម្បីបិទរបួស។ ពីរថ្ងៃបន្ទាប់ ខ្ញុំបានធូរស្បើយបន្តិចហើយចូលទៅធ្វើស្រែដូចដើមវិញ។ ខ្ញុំបានជួបជាមួយអាទិ ប្រធានក្តាប់រួម ហើយវាហៅខ្ញុំទៅណែនាំម្តងទៀត ដោយប្រាប់ថា កុំមកធ្វើការងារយឺតទៀត បើមានលើកក្រោយច្បាស់ជាអង្គការថ្នាក់លើហៅទៅកសាងមិនខាន និងចាប់តាំងពីពេលនោះមក ខ្ញុំមិនដែលទៅយឺត រហូតដល់ពេលខ្មែរក្រហមជម្លៀសខ្ញុំទៅកាន់ខេត្តក្រចេះ។

នៅចុងឆ្នាំ១៩៧៨ ខ្មែរក្រហមជម្លៀសខ្ញុំចេញពីស្នួលទៅភូមិថ្មគ្រែ​(ខេត្តក្រចេះ) និងបានស្នាក់នៅមួយយប់។ នៅពេលព្រឹកឡើង ខ្ញុំជិះកប៉ាល់ទៅស្រុកស្ទឹងត្រង់ ហើយបន្តដំណើរទៅស្រុកចំការលើ ខេត្តកំពង់ចាម។ ខ្ញុំរស់នៅស្រុកចំការលើ ភូមិភាគកណ្តាលរហូតដល់កងទ័ពវៀតណាមចូលមករំដោះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

. រៀបរាប់ពីជីវិតក្នុងរបបខ្មែរក្រហមទៅកាន់គ្រួសារ និងមនុស្សជំនាន់ក្រោយ

ខ្ញុំធ្លាប់បាននិយាយរឿងរ៉ាវដែលបានឆ្លងកាត់ពីរបបខ្មែរក្រហមប្រាប់គ្រួសារខ្ញុំ ជាពិសេស កូននិងចៅ ឈ្មោះ សំអូរ, ស្រីហាន ព្រោះចៅៗខ្ញុំបានចូលរៀនក្នុងសាលា ហើយខ្ញុំបាននិយាយពីរឿងពិបាកវេទនាក្នុងរបបខ្មែរក្រហម ដើម្បីឱ្យដឹងពីការលំបាករបស់ខ្ញុំក្នុងរបបនោះ គឺវាមិនស្រួលដូចសម័យបច្ចុប្បន្ននេះទេ។ ខ្ញុំធ្លាប់បានអ្នកស័្មគ្រចិត្តកម្ពុជា មកសួរខ្ញុំអំពីរឿងរ៉ាវដែលខ្ញុំនៅចង់ចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម និងបញ្ហាសុខភាពពេលបច្ចុប្បន្ននេះ។ ខ្ញុំក៏ធ្លាប់និយាយជាមួយចាស់ៗក្នុងភូមិ ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដូចគ្នា។

ក្រោយពេលដែលខ្ញុំបានជួបជាមួយអ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកោះថ្ម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងក្រុមការងារគម្រោងសុខភាពមជ្ឈមណ្ឌលឯកសារកម្ពុជា ខ្ញុំនៅតែបន្តចែករំលែកបទពិសោធន៍ដែលធ្លាប់បានឆ្លងកាត់ពីរបបខ្មែរក្រហមទៅកាន់មនុស្សជំនាន់ក្រោយ ជាពិសេសកូនៗ ចៅៗខ្ញុំផ្ទាល់ និងក្មួយៗនៅក្នុងភូមិក្តុលលើមួយចំនួនទៀត។ ខ្ញុំប្រាប់ថា ក្នុងសម័យខ្មែរក្រហមយាយមិនដែលបានរៀនទេ ព្រោះព្រឹកឡើងត្រូវកាន់ចប បង្គី ទៅវាលស្រែ ទំនប់ កាប់គាស់ដីរាល់ថ្ងៃ។ រដូវធ្វើស្រែចេញពីព្រលឹមទៅដកសំណាប ស្ទូងស្រូវ គ្មានពេលឈប់សម្រាក។ ជំនាន់ចៅបានចូលរៀនសូត្រគ្រប់គ្រាន់ ចៅត្រូវខិតខំរៀនឱ្យពូកែ ដើម្បីមានការងារល្អធ្វើក្នុងសង្គមបច្ចុប្បន្ននេះ។

. ការយល់ដឹងពីសុខភាព

ចំពោះសុខភាពផ្ទាល់ខ្លួន ខ្ញុំបានយល់ដឹងបន្តិចបន្តួចក្នុងការថែទាំសុខភាព ដូចជាឧស្សាហ៍ហាត់ប្រាណជាប្រចាំយ៉ាងហោងកន្លះម៉ោងក្នុងមួយថ្ងៃ។ ខ្ញុំត្រូវហូបអាហារណាមិនសូវសម្បូរខ្លាញ់ច្រើន ឬញ៉ាំសាច់ញឹកញាប់ពេក ដោយញ៉ាំបន្លែបៃតងឱ្យបានច្រើន ពីព្រោះវាជួយដល់រាងកាយច្រើន។

បន្ទាប់ពីបានចូលរួមវេទិការអប់រំលើគម្រោងសុខភាពមជ្ឈមណ្ឌលឯកសារកម្ពុជា ខ្ញុំបានយល់ដឹងបន្លែមពីការថែទាំសុខភាព ជាពិសេសពេលមានជំងឺលើសឈាមត្រូវញ៉ាំថ្នាំជាប្រចាំតាមគ្រូពេទ្យណែនាំ គេងឱ្យបានគ្រប់គ្រាន់ កុំញ៉ាំប្រៃពេក និងកុំគិតច្រើនពេក។ មួយទៀតខ្ញុំបានយល់បន្ថែមចំពោះអ្នកដែលរស់រានមានជីវិតពីរបបខ្មែរក្រហម គាត់មានជំងឺបាក់ទឹកចិត្ត ឈឺសន្លាក់ដៃជើង ក្រពះ ពោះវៀន ដែលសល់ពីរបបខ្មែរក្រហម។

ខ្ញុំគិតថា គម្រោងសុខភាពរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា មានសារសំខាន់សម្រាប់ប្រជាជនខ្មែរដែលបានរួចផុតពីរបបខ្មែរក្រហម ទទួលបានការពិនិត្យសុខភាពជូនឥតគិតថ្លៃ។ ខ្ញុំទទួលបានការណែនាំពីក្រុមគ្រូពេទ្យជំនាញ។ ម្យ៉ាងទៀតបានធ្វើឱ្យអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជួបជុំគ្នា និយាយគ្នារឿងក្នុងចិត្ត ពិភាក្សាសួរសុខទុក្ខគ្នា រួមទាំងបាននិយាយពីប្រវត្តិលំបាកក្នុងរបបខ្មែរក្រហម៕

អត្ថបទដោយ៖ ឈុំ​ រ៉ា


[1] ឡុង ដានី  សៀវភៅរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះនៃរបបខ្មែរក្រហម(១៩៧៥-១៩៧៩) (វគ្គ១) បោះពុម្ពដោយមជ្ឈមណ្ឌលឯកសារកម្ពុជា​២០២៤ ទំព័រទី៩។

[2] មជ្ឈមណ្ឌលឯកសារកម្ពុជា​សម្ភាសន៍ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ឈ្មោះ សួង ខ្មៅ រស់នៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin