“ខិតខំធ្វើការដើម្បីរួចជីវិតពីរបបខ្មែរក្រហម(១៩៧៥-១៩៧៩)”
នៅក្នុងរបបខ្មែរក្រហម(១៩៧៥-១៩៧៩)យុវជនយុវនារីត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើការងារទាំងអស់គ្មានពេលឈប់សម្រាកទេ។ កុមារត្រូវ ឲ្យមើលគោក្របី កើបស្មៅ រើសអាចម៍គោដើម្បីធ្វើជីដាក់ដំណាំ ចំណែកមនុស្សចាស់ត្រូវមានតួនាទីមើលថែកុមារតូចៗ។ មនុស្សមានអាយុចាប់ពី១៤ឆ្នាំឡើងទៅ ត្រូវធ្វើការងារធ្ងន់ៗ និងលំបាក។ យុវជន យុវនារីជំទង់ៗត្រូវទទួលបញ្ជាឲ្យជីកប្រឡាយឬអាងស្តុកទឹក លើកទំនប់ កាប់ភ្លឺស្រែ រានដីដើម្បីធ្វើស្រែចម្ការ។ ក្នុងនោះ សួងទូច[1] ជាយុវនារីម្នាក់ដែល ត្រូវបានប្រធានសហករណ៍ក្នុងរបបខ្មែរក្រហមបានចាត់តាំងឲ្យកាប់រណ្ដៅកប់ខ្មោច ទាំងដែលខ្លួនគ្មានកម្លាំងកំហែងក្នុងការកាប់រណ្ដៅព្រោះអត់បាយហូបនិងធ្វើការគ្មានពេលឈប់សម្រាកតើនិងមានកម្លាំងឯណានិងកាប់រណ្ដៅ តែទោះបីគ្មានកម្លាំងយ៉ាងណាក៏ដោយ សួង ទូច បានខិតខំប្រឹងប្រែងក្នុងការកាប់រណ្ដៅណាស់ដោយហេតុថាខ្មែរក្រហមបាននៅឈរពីក្រោយចាំមើល សួង ទូច កាប់រណ្ដៅ ហើយដៃកាន់ដាវទៀតផង។ សួង ទូច ភ័យណាស់ក្នុងចិត្តបានគិតថាបើខ្លួនមិនកាប់រណ្ដៅតាមបទបញ្ជារបស់ខ្មែរក្រហមទេនោះ ច្បាស់ណាស់ខ្លួន នឹងត្រូវខ្មែរក្រហមសម្លាប់ជាមិនខាន។សួង ទូច បានខំប្រឹងកាប់រណ្ដៅសម្រាប់កប់ខ្មោចនោះទាល់តែហើយ ទើបបានរួចជីវិតពីរបបខ្មែរក្រហម ។
ខ្ញុំឈ្មោះ សួង ទូច ភេទស្រី អាយុ ៧៣ឆ្នាំ ខ្ញុំមានស្រុកកំណើត ភូមិក្ដុលលើ ឃុំ ទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាមបច្ចុប្បន្នខ្ញុំរស់ភូមិក្ដុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ខ្ញុំមានបងប្អូន៣នាក់ស្រីពីរនាក់ ប្រុសម្នាក់ ។ ខ្ញុំមានកូន៤នាក់ស្រីបីនាក់ប្រុសម្នាក់ ។ ខ្ញុំមានប្ដីពីរ ប្ដីទី១ខ្ញុំឈ្មោះឈឹម បានស្លាប់តាំងពីឆ្នាំ១៩៧៥ នៅភូមិ បេងកោងឃុំ ទន្លូង ដោយសារឈឺពោះគ្មានថ្នាំព្យាបាលនិងគ្មានបាយហូបគ្រប់គ្រាន់កំឡុងពេលដែលខ្មែរក្រហមជម្លៀសចេញេពីភូមិក្ដុលលើ ឃុំទន្លូង ឲ្យទៅរស់នៅក្នុងភូមិបេងកោង។ ប្ដីទី២ខ្ញុំឈ្មោះ កន សេង (ប្ដីបច្ចុប្បន្ន) អាយុ៨៣ឆ្នាំ ។ ខ្ញុំរៀបការជាមួយកន សេងនៅឆ្នាំ១៩៨០ក្រោយពីប្រទេសត្រូវបានរំដោះ ។
កាលពីកុមារភាពខ្ញុំបានរៀនសូត្រតិចតូចដែរគឺខ្ញុំរៀននៅវត្តក្ដុលផ្សារ (វត្តចាស់) ព្រះសង្ឃជាអ្នកបង្រៀនខ្ញុំ។ ពេលខ្ញុំទៅរៀនមានក្មេងៗដំណាលខ្ញុំជាច្រើននាក់ទៀតបានទៅរៀនជាមួយខ្ញុំនៅវត្តក្ដុលផ្សារ។ ខ្ញុំរៀនត្រឹមថ្នាក់ទី២ខ្ញុំចេះអាន ចេះសរសេរបន្ទាប់មកខ្ញុំបានឈប់រៀនព្រោះតែគ្រួសារខ្ញុំក្រីក្រម្ដាយខ្ញុំឲ្យខ្ញុំនៅមើលប្អូន ហើយគាត់ទៅធ្វើស្រែចម្ការ។ កាលខ្ញុំរៀនខ្ញុំចេះអានចេះសរសេរប៉ុន្តែបច្ចុប្បន្នខ្ញុំភ្លេចអស់ហើយណាមួយខ្ញុំងងឹតភ្នែកហើយចាស់ជរាទៀត។
នៅឆ្នាំ១៩៧០ នៅក្នុងភូមិក្ដុលលើមានការទម្លាក់គ្រាប់នៅតាមព្រៃជិតៗភូមិ។ ខ្ញុំបានជីករណ្ដៅត្រង់សេសម្រាប់ពួនការពារខ្លួនពីការទម្លាក់គ្រាប់បែក។ ខ្ញុំមិនដែលបានចេញក្រៅទេនៅតែក្នុងរណ្ដៅត្រង់សេទាល់តែស្ងាត់ការទម្លាក់គ្រាប់បានខ្ញុំចេញមកក្រៅធ្វើស្រែចម្ការធម្មតា។ យន្តហោះអាមេរិកទម្លាក់គ្រាប់ដើម្បីសម្លាប់ យួនយៀកកុង ព្រោះយួនយៀកកុង បានចូលមករស់នៅតាមព្រៃក្បែរៗភូមិនិងពេលខ្លះចូលមកក្នុងភូមិដើម្បីសុំអង្ករអ្នកភូមិយកមកហូបដល់ពេលចឹងធ្វើឲ្យប្រជាជនក៏ពិបាកក្នុងការរស់នៅដែរបើ យៀកកុងមករស់នៅលាយឡំ ហើយពេលដែល អាមេរិកទម្លាក់គ្រប់បែកមកប្រជាជននៅក្នុងភូមិក៏ប៉ះពាល់ក្នុងការរស់នៅដែរ។ ពេលទម្លាក់គ្រាប់បែកក្នុងភូមិក្ដុលលើគ្មានមនុស្សស្លាប់ទេ។
នៅឆ្នាំ(១៩៧៥-១៩៧៩)ប្រទេសកម្ពុជាគ្រប់គ្រងដោយរបបកម្ពុជាប្រជាធិបតេយ្យកាន់កាប់ដោយខ្មែរក្រហម។ កំឡុងពេល ខ្មែរក្រហមចូលមកនៅឆ្នាំ១៩៧៥ ខ្ញុំបានរៀបការជាមួយប្ដីខ្ញុំឈ្មោះ ឈឹម (ប្ដីទីមួយ) ។ ខ្មែរក្រហមបានចូលមកក្នុងភូមិក្ដុលលើ ខ្ញុំនិងប្ដីខ្ញុំ(ប្ដីទី១ឈឹម ) បានប្រកបរបរកាប់ឈើយកទៅលក់ដើម្បីចិញ្ចឹមជីវិតពេលត្រឡប់មកពីលក់វិញត្រូវបាន ខ្មែរក្រហមស្ទាក់តាមផ្លូវជំរិតយកលុយអស់គ្មានសល់ហើយបានគំរាមខ្ញុំនិងប្ដីខ្ញុំថា បើមិនព្រមឲ្យលុយទៅគេទេនោះគេនឹងបាញ់សម្លាប់មិនខាន។ អ្នកដែលជំរិតទាលុយខ្ញុំកាលនោះខ្ញុំនៅចាំឈ្មោះ តែមិនបានដឹងថាមកអ្នកពីខាងណាទេ ព្រោះអ្នកមកពីចម្ងាយ មានឈ្មោះថា ម៉ន និងម្នាក់ទៀតឈ្មោះ ថេញ។ ខ្មែរក្រហមចូលមកក្នុងភូមិមិនយូរប៉ុន្មានក៏មានប្រធានកងតូចនៅក្នុងភូមិក្ដុលលើឈ្មោះ ប៊ីន និងមានសមាជិកពីរនាក់ទៀតឈ្មោះ លាភ និង យូ បានប្រាប់ប្រជាជននៅក្នុងភូមិ ឲ្យចាកចេញពីភូមិក្ដុលលើ ទៅរស់នៅភូមិបេងកោង ឃុំទន្លូង ដោយហេតុថាខ្មែរក្រហមចង់បោសសម្អាតខ្មាំងនៅក្នុងភូមិ គ្មានអ្នកណាហ៊ានប្រកែកតវ៉ាប្រឆាំងទេព្រោះខ្លាច ខ្មែរក្រេហមវាយសម្លាប់ ចោល ។ ខ្ញុំនៅភូមិ បេងកោងប្រហែល(៣-៤)ខែខ្មែរក្រហមបានឲ្យខ្ញុំនៅធ្វើចម្ការស្រែជាមួយអ្នកភូមិបេងកោង។ ពេលទៅដល់ភូមិបេងកោងខ្មែរក្រហមចាប់ផ្ដើមឲ្យប្រជាជនហូបបាយរួម ។ នៅក្នុងភូមិបេងកោងមានរោងបាយមួយសម្រាប់ឲ្យប្រជាជនហូបបាយរួមជុំគ្នា ។ ក្នុងមួយថ្ងៃខ្មែរក្រហមឲ្យហូបបាយពីរពេលគឺពេលថ្ងៃត្រង់នៅម៉ោង១១និងពេលរសៀល នៅម៉ោង៤។ ពេលដល់ម៉ោងហូបបាយខ្មែរក្រហមមានអ្នកនៅចាំវាយជួងជាសញ្ញាឲ្យយើងដឹងថាដល់ម៉ោងហូបបាយ ព្រោះកាលនោះគ្មាននាឡិកាពាក់ ទេ រកតែខោអាវស្លៀកពាក់ឲ្យបានល្អគ្មានផង។ ខ្ញុំនៅបេងកោងគ្មានធ្វើការងារអីធំដំទេធ្វើតែចម្ការស្រែជាមួយអ្នកភូមិ ។ ខ្មែរក្រហមបានជម្លៀសខ្ញុំចេញពីបេងកោងទៅនៅខាងម្លិច ខ្ញុំនៅម្លិចរយៈមួយឆ្នាំពិបាកក្នុងការរស់នៅណាស់បើយើងឈឺមិនបានទៅធ្វើការងារខ្មែរក្រហមចែករបបឲ្យយើងតែកន្លះកាទេតែបើយើងបានទៅជួយគេធ្វើការងារខ្មែរក្រហម ចែករបបឲ្យយើងមួយកាពេញ ឈឺហើយគ្មានអីហូបទៀត។ នៅសម័យខ្មែរក្រហម ឈឺគ្រុន គ្មានថ្នាំ គ្មានពេទ្យព្យាបាលទេ ដេកចាំតែថ្ងៃស្លាប់ ។ នៅម្លិចមានប្រជាជនស្លាប់ច្រើនណាស់ដោយសារតែអត់បាយហូប ហើយធ្វើការគ្មានពេលសម្រាកទៀត ។នៅពេលដែលខ្មែរក្រហមបានជម្លៀសខ្ញុំឲ្យរស់នៅម្លិចខ្ញុំត្រូវបានប្រធានសហករណ៍ក្នុងរបបខ្មែរក្រហមចាត់តាំងឲ្យ កាប់រណ្ដៅកប់ខ្មោច ទាំងដែលខ្ញុំគ្មានកម្លាំងកំហែងក្នុងការជីករណ្ដៅទេព្រោះខ្ញុំអត់បាយហូបផងហើយធ្វើការគ្មានពេលសម្រាកមានកម្លាំងឯណា ជីករណ្តៅ តែទោះបីខ្ញុំគ្មានកម្លាំងយ៉ាងណាក៏ដោយ ខ្ញុំបានខិតខំប្រឹងប្រែងក្នុងការកាប់រណ្ដៅណាស់ដោយហេតុថា ខ្មែរក្រហមបានឈរនៅពីក្រោយចាំមើលខ្ញុំកាប់រណ្ដៅ ហើយដៃកាន់ដាវទៀត ខ្ញុំភ័យណាស់ក្នុងចិត្តខ្ញុំបានគិតថាបើខ្ញុំមិនកាប់រណ្ដៅតាមបទបញ្ជារបស់ខ្មែរក្រហមទេនោះ ច្បាស់ណាស់ខ្ញុំនិងត្រូវខ្មែរក្រហមសម្លាប់ជាមិនខាន។ ខ្ញុំបានខំប្រឹងកាប់រណ្ដៅសម្រាប់កប់ខ្មោចនោះទាល់តែហើយទើបខ្ញុំបានរួចជីវិតពីរបបខ្មែរក្រហម។ ក្រោយមក ប្រធានសហករណ៍បានឲ្យខ្ញុំធ្វើជាអ្នករកស្បៀង បេះត្រកួន ជីកទំពាំង ដើម្បីយកមកដាក់រួមនៅរោងបាយ។ ខ្ញុំមានគ្នា៨ទៅ១០នាក់ពេលចូលព្រៃម្ដងៗ ប្រធានសហករណ៍បានឲ្យអង្ករខ្ញុំ៥កំប៉ុងសម្រាប់គ្នា១០នាក់ សម្រាប់ដាំបាយហូបពេលខ្ញុំទៅរកស្បៀងនៅក្នុងព្រៃ ។ ខ្ញុំទៅដើររកបន្លែរាល់ថ្ងៃគ្មានពេលសម្រាកមួយ ថ្ងៃទេ រកបានមកទុកនៅកន្លែងរោងបាយ ។ ខ្ញុំមិនដែល ពិបាកក្នុងការរកបន្លែទេព្រោះថាដូចជាត្រកួន មានក្រុមចល័តបានដាំទុកជាស្រេចពេលត្រូវការស្ល បានខ្ញុំនិងក្រុមខ្ញុំមានគ្នា១០នាក់ទៅបេះយកមកឲ្យគេស្លនៅរោងបាយចំណែកបន្លែដូចជា ទំពាំងយើងឃើញព្រៃទំពាំងហើយបានយើងនាំគ្នាទៅជីកយកមកទុក។ សម្រាប់ខ្ញុំជាអ្នកដើររកស្បៀងចឹងការហូបចុកក៏ពិបាកដែរគ្មានអីហូបទេ ហូបបបរលាយជាមួយទំពាំងចេះតែនាំគ្នាហូបឲ្យតែរស់ៗទៅគ្មានកម្លាំងសម្រាប់ធ្វើការងារទេ។ ខ្មែរក្រហមបានជម្លៀសខ្ញុំចេញពីម្លិចទៅស្វាយជ្រះ ខ្មែរក្រហមបានឲ្យខ្ញុំមើលទឹកស្រែ កាប់រងសម្រាប់ដាំដំឡូងជ្វាមានមនុស្សស្រី៤ទៅ៥នាក់ ។ នៅស្វាយជ្រះការហូបចុកក៏មិនគ្រប់គ្រាន់ដែរ។ ខ្មែរក្រហមជម្លៀសប្រជាជនពីតំបន់មួយទៅតំបន់មួយមិនឲ្យប្រជាជនរស់នៅនឹងមួយកន្លែងទេ ហើយធ្វើការរហូតគ្មានពេលសម្រាកឡើយ ឈឺធ្វើទាំងឈឺ ចំណែកការហូបចុកវិញពិបាកវេទនាណាស់គ្មានបាយហូប គ្មានសម្លហូបទេ មានអីហូបនិងឲ្យតែបានរស់មួយពេលៗ។ ខ្ញុំត្រូវបានខ្មែរក្រហមជម្លៀសទៅដល់ថ្មគ្រែ ខេត្តក្រចេះ រួចខ្ញុំបានឆ្លងស្រឡាងបន្តធ្វើដំណើររហូតទៅដល់ខេត្តកំពង់ធំ។ សាឡាងធំណាស់មានពីរជាន់មានមនុស្សជិះ៤០០ទៅ៥០០នាក់។ ខ្ញុំនៅកំពង់ធំមួយខែនៅច្រូតស្រូវបន្ទាប់មកចេញពីកំពង់ធំទៅកំពង់ចាមខ្ញុំនៅបានកន្លះខែក៏ប្រទេសត្រូវបានរំដោះ។ ខ្ញុំបានជិះកាណូតពីកំពង់ចាម ឆ្លងមកទន្លេបិតកាណូតដែលខ្ញុំជិះ មិនធំប៉ុន្មានទេជិះបានគ្នា ១០នាក់។ ពេលមកដល់ទន្លេបិតខ្ញុំបានធ្វើដំណើរបន្តដោយថ្មើរជើងយប់ត្រង់ណាសម្រាកត្រង់នោះ ដើរមករហូតកន្លះខែបានមកដល់ស្រុកមេមត់។ ខ្ញុំបានសម្រាកនៅមេមត់មួយយប់រួចបានខ្ញុំធ្វើដំណើរមកភូមិក្ដុលបន្តទៀតមុនពេលខ្ញុំមកដល់មានប្រជាជនផ្សេងទៀតមករស់នៅក្នុងភូមិក្ដុលលើមុនខ្ញុំហើយ ។ នៅក្នុងភូមិផ្ទះសំបែងខួចខ្ទេចខ្ទីអស់គ្មានសល់ ។
នៅរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ខ្ញុំរស់នៅគ្មានសេរីភាពទេ ព្រាត់ប្រាសបងប្អូន កូនក្មួយ ប្ដីប្រពន្ធ ឪពុកម្ដាយ។ ខ្ញុំស្អប់របបខ្មែរក្រហមណាស់។ ខ្ញុំពិតជាសំណាងណាស់ដែលបានរួចជីវិតពីរបបកម្ពុជាប្រជាធិបតេយ្យក្នុងចំណោមប្រជាជនរាប់លាននាក់ ដែលជារបបមួយ ឃោរឃៅបំផុតសម្រាប់ខ្ញុំដែលធ្លាប់បានឆ្លងកាត់និងជួបការលំបាកជាច្រើន។ រាល់ថ្ងៃពេលខ្ញុំនឹកឃើញរឿងរ៉ាវនៅសម័យខ្មែរក្រហមខ្ញុំពិតជាស្រណោះអាណិតប្ដីខ្ញុំណាស់(ប្ដីទីមួយ ឈឹម)ដែលបានបាត់បងជីវិតនៅឆ្នាំ១៩៧៥ពេលខ្មែរក្រហមជម្លៀសចេញពីភូមិក្ដុលលើឲ្យទៅរស់នៅភូមិបេងកោ ដោយសារតែឈឺពោះនិងគ្មានបាយហូបគ្រប់គ្រាន់ ។
សរសេរដោយ ម៉ាប់ ស៊ីណា
ឯកសារយោង
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា សម្ភាសជាមួយ សួង ទូច ដោយ ម៉ាប់ ស៊ីណា ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។