បទពិសោធន៍រស់នៅក្នុងជំនាន់ខ្មែរក្រហមនៅក្នុងខេត្តកោះកុង

នៅក្នុងខែសីហា ឆ្នាំ២០២១ ខ្ញុំនិងសហការីបានធ្វើដំណើរទៅកាន់ខេត្តកោះកុងដើម្បីជួបជាមួយអ្នកស្ម័គ្រចិត្តកម្ពុជារបស់មជ្ឈមណ្ឌលឯកសារកម្ពុជានៅក្នុងគម្រោង «លើកកម្ពស់សិទ្ធិនិងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»[1]។ នេះគឺជាលើកដំបូងបំផុតដែលខ្ញុំបានមកកាន់ខេត្តនេះ។ ខ្ញុំនៅចាំថា ខ្ញុំនិងសហការីត្រូវចំណាយពេលប្រមាណជិតបួនម៉ោងពីជាយខេត្ត (ក្បែរផ្លូវបំបែកស្រែអំបិល) មកកាន់ទីរួមខេត្តខេត្តកោះកុង ដោយសារតែផ្លូវមានសភាពកោងចុះកោងឡើងដែលតម្រូវឲ្យបើកបរដោយប្រុងប្រយ័ត្នខ្ពស់។ នៅតាមផ្លូវ ខ្ញុំពិតជាមានសេចក្តីសោមនស្សចំពោះទិដ្ឋភាពធម្មជាតិនៃជួរភ្នំពត់ពេនតាមបណ្តោយដងផ្លូវ។ ភូមិឋានរបស់អ្នកស្រុកលេចរូបរាងឡើងយូរៗម្តង បង្ហាញថាខេត្តនេះពុំសូវជាមានប្រជាជនរស់នៅច្រើនប៉ុន្មានទេ។ ដោយសារតែអ្នកស្ម័គ្រចិត្តកម្ពុជា រស់នៅស្រុកផ្សេងៗគ្នា ខ្ញុំបានធ្វើដំណើរទៅកាន់ស្ទើរគ្រប់ស្រុកនៃខេត្តកោះកុង។ ខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំងអំពីទីតាំងភូមិសាស្ត្រនៃខេត្តនេះ ពីព្រោះថាពីស្រុកមួយទៅស្រុកមួយមានចម្ងាយឆ្ងាយដាច់សង្វែងពីគ្នា ពេលខ្លះត្រូវឆ្លងកាត់ផ្លូវភ្នំនិងជម្រាលជាច្រើនដើម្បីធ្វើដំណើរពីស្រុកមួយទៅស្រុកមួយទៀត ដែលស្ទើរតែមិនអាចទៅរួចប្រសិនបើធ្វើដំណើរដោយថ្មើរជើង។ ស្របពេលដែលគយគន់ទេសភាពធម្មជាតិក្នុងដំណើរនេះ ខ្ញុំក៏បានចោទជាសំណួរជាច្រើនថាតើ ប្រជាជនដែលរស់នៅក្នុងខេត្តនេះ ត្រូវរស់នៅក្នុងស្ថានភាពយ៉ាងដូចម្តេចនៅក្នុងរបបខ្មែរក្រហម?
ខេត្តកោះកុង ត្រូវបានបង្កើតឡើងក្នុងសម័យសង្គមរាស្ត្រនិយមនៃរជ្ជកាល ព្រះបាទសម្តេចព្រះ នរោត្តម សុរាម្រឹត ដោយព្រះរាជក្រមលេខ ២៤៦ ន.ស. ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៥៨ ដែលបានកាត់ចេញពីខេត្តកំពត និងតាំងនៅកន្លែងមួយហៅថា “ចាំយាម” ក្នុងឃុំកោះប៉ោ មានផ្ទៃដីទំហំ ៦០៦.៦៤០ ហិកតា និងមានស្រុកចំនួន ២ កាលជំនាន់នោះ គឺ កំពង់សោម និងកោះកុង។ ស្រុកកោះកុង ត្រូវបានកែប្រែ និងបង្កើតជាខេត្តមួយហៅថា ខេត្តកោះកុង ដែលមានទីតាំងនៅភូមិបាងចាក ក្នុងឃុំពាមក្រសោប ដោយព្រះរាជក្រម លេខ ៣៣២-ន.ស. ចុះថ្ងៃទី១៣ សីហា គ.ស ១៩៥៩ នៃរជ្ជកាល ព្រះបាទសម្តេចព្រះនរោត្តម សុរាម្រឹត វិសុទ្ធមហាខត្តិយវង្សវិសិដ្ឋហរិពង្ស គុណាតិរេក ធម្មចរិយោត្តម បរមបពិត្រ ព្រះចៅព្រះរាជអាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង។[2]
នៅក្នុងសម័យសង្គមរាស្ត្រនិយម ខេត្តកោះកុង ដែលត្រូវបានស្គាល់ថាជា “សួនច្បារដែលមិនមានអ្នកស្គាល់”[3] ត្រូវបានអភិវឌ្ឍ ដោយមានក្រុងខេមរភូមិន្ទ ជាទីរួមខេត្ត។ នៅក្នុងឆ្នាំ១៩៦៥ សភាជាតិនៃសង្គមរាស្ត្រនិយម បានសម្រេចបង្កើតជារោងចក្រផលិតត្រីខកំប៉ុង[4] នៅក្នុងក្រុងខេមរភូមិន្ទនេះ ដោយសារភាពអំណោយផលនៃការនេសាទទឹកជ្រៅនៃទីតាំងភូមិសាស្ត្រនេះ។ មិនតែប៉ុណ្ណោះ សង្គមរាស្ត្រនិយម ក៏បានធ្វើឲ្យខេត្តកោះកុងមានសភាពរស់រវើកជាងមុន ដោយបង្កើតជាមន្ទីរពេទ្យ, សាលារៀន និងមូលដ្ឋានរដ្ឋបាល ព្រមទាំងបង្កើនវិស័យទេសចរណ៍ក្នុងខេត្តនេះ។[5]
ក្រោយពីជ័យជម្នះ ១៧ មេសា ១៩៧៥ របបកម្ពុជាប្រជាធិបតេយ្យ ដែលត្រូវស្គាល់ជាទូទៅថា ខ្មែរក្រហម បានបែងចែកខេត្តកោះកុងទាំងស្រុង, ខេត្តកំពង់ឆ្នាំងទាំងមូល និងផ្នែកខ្លះនៃខេត្តកំពង់ស្ពឺ ឲ្យស្ថិតនៅក្នុងភូមិភាគបស្ចិម (ភូមិភាគ៤០១) ដោយមានសមមិត្ត ជូ ជេត ជាអ្នកដឹកនាំ។[6] ប្រហាក់ប្រហែលទៅនឹងប្រជាជនក្នុងតំបន់ដទៃដែរ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រជាជននៅក្នុងខេត្តកោះកុងមួយចំនួនត្រូវបានជម្លៀសទៅកាន់ខេត្តដទៃ ប្រជាជនខ្លះទៀតត្រូវផ្លាស់ទីពីខេត្តផ្សេងមកកាន់ខេត្តកោះកុង។ ខាងក្រោមគឺជាការដកស្រង់បទពិសោធន៍មួយចំនួន របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក៏ដូចជារឿងរ៉ាវដែលគាត់នៅចងចាំមិនភ្លេចអំពីរបបនេះ។
ឆាវ សៀង មានវ័យ៦៥ឆ្នាំ បច្ចុប្បន្នជាកសិកររស់នៅក្នុងភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។ រឿងដែលគាត់ចងចាំជាងគេកាលពីរបបកម្ពុជាប្រជាធិបតេយ្យគឺ គាត់បានរស់នៅស្រុកថ្មបាំង ដោយមានតួនាទីជាអ្នកដាំស្លឲ្យអ្នកជំងឺនៅក្នុងមន្ទីរពេទ្យ។ គាត់បានរំឭកដោយត្រួសៗថា របបអាហារសម្រាប់អ្នកជំងឺនិងពេទ្យនាសម័យនោះ គឺមានតែចេកហាន់ដាក់ស្លជាមួយបបរនៅដើមដំបូង។ ក្រោយមក របបអាហារគឺនៅសល់ត្រឹមបបរលាយជាមួយពោតក្រហម ដោយមនុស្សម្នាក់អាចទទួលបានត្រឹមមួយវែកប៉ុណ្ណោះក្នុងមួយពេល និងពីរពេលក្នុងមួយថ្ងៃ។ សៀង រំឭកទៀតថា គាត់ត្រូវចាប់ផ្តើមធ្វើការពីម៉ោង៧ព្រឹករហូតដល់ម៉ោង៩យប់ ហើយត្រូវក្រោកពីព្រលឹមនៅម៉ោង៥ព្រឹកដើម្បីគោរពទង់ជាតិ។ ដោយសារតែរបបអាហារមានកម្រិត គាត់បានលួចនាំកូនចៅទៅស្វែងរកអាហារនៅក្នុងព្រៃ តែត្រូវខ្មែរក្រហមចាប់បានថាគាត់រកបានដំឡូង និងត្រូវធ្វើបាប។ ដើម្បីរួចរស់ជីវិត គាត់បាននាំគ្រួសារ លួចរត់ដោយថ្មើរជើងទៅកាន់ស្រុកត្រពាំងរូងក្នុងគោលបំណងទៅកាន់ទល់ដែនថៃ។ នៅតាមផ្លូវ គាត់បានឃើញមនុស្សស្លាប់នៅតាមផ្លូវជាច្រើន។ គាត់បានឃើញខ្មែរក្រហម យកទារកដែលនៅរស់ខណៈដែលឪពុកម្តាយបានស្លាប់ ទម្លាក់ទាំងរស់ទៅក្នុងទឹកអូរនៅម្តុំឬស្សីជ្រុំទៀតផង។[7]
ឈុន ងុន គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានវ័យ៨០ឆ្នាំ រស់នៅក្នុងភូមិដងពែង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ នៅក្នុងរបបខ្មែរក្រហម ងុន ជាប្រជាជនចាស់ ដែលរស់នៅទីតាំងនេះដដែរ។ នាពេលនោះ បងប្អូនរបស់គាត់ត្រូវបានបំបែកចេញទៅទីតាំងផ្សេង។ ក្នុងនោះ បងប្រុសម្នាក់របស់ ងុន ត្រូវបានខ្មែរក្រហមចាប់ ដោយសារតែគាត់លួចរត់ទៅជួបពីព្រោះនឹកកូនពេក។ បងប្រុសរបស់ងុន ត្រូវបានខ្មែរក្រហមវាយសម្លាប់នៅភូមិដូង ក្នុងស្រុកស្រែអំបិលនេះ។ ងុន ថែមទាំងបានដឹងថា ខ្មែរក្រហមដែលសម្លាប់បងប្រុសគាត់ មានឈ្មោះ អ៊ឺត ដែលបម្រើកងទ័ពខ្មែរក្រហម ដែលក្រោយមកបានជាន់មីននិងដាច់ជើងទាំងពីរ។ មិនតែប៉ុណ្ណោះ ងុន នៅចាំមិនភ្លេចអំពីទិដ្ឋភាពនៃការសម្លាប់អ្នកភូមិគាត់ម្នាក់ ឈ្មោះ យាត។ ខ្មែរក្រហម បានយកក្រណាត់ញាត់មាត់យាតដើម្បីកុំឲ្យស្រែក រួចវាយសម្លាប់គាត់តែម្តង។ នៅក្នុងរបបខ្មែរក្រហម ងុន គឺជាអ្នកបម្រើការងារនៅក្នុងរោងបាយ ដោយសារហេតុនេះ ការរស់នៅរបស់គាត់ពុំសូវជាពិបាកប៉ុន្មានទេ។ ថ្វីត្បិតតែខ្មែរក្រហមផ្តល់អាហារត្រឹមតែពីរពេលក្នុងមួយថ្ងៃ ងុន អាចលួចដាំបាយហូបបន្ថែមបាន។ ការឈឺចាប់ដែលដក់នៅក្នុងចិត្តរបស់ ងុន គឺការបាត់បង់កូនប្រុសម្នាក់ ដោយសារតែខ្មែរក្រហមយកទៅសម្លាប់ ហើយ ងុន មិនហ៊ានសូម្បីតែទទួលស្គាល់ថានោះជាកូនប្រុសរបស់ខ្លួន ព្រោះខ្លាចថាត្រូវយកទៅសម្លាប់ដែរ។ ងុន បានឃើញខ្មែរក្រហមចងកន្សែងក្រហមបិទភ្នែកកូនប្រុសរបស់ខ្លួន ហើយយកទៅវាយសម្លាប់នៅក្រោមដើមឈើកោះមួយកន្លែង នៅក្នុងភូមិ។[8]
ពេជ្រ ធាតុ មានវ័យ៦៣ ជាកសិករ រស់នៅក្នុងភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។ ក្រោយខ្មែរក្រហមឡើងកាន់អំណាច ធាតុ ត្រូវបានចាត់តាំងឲ្យទៅលើកទំនប់ទឹកប្រៃនៅក្នុងភូមិព្រលាន ដែលនៅពេលនោះ គាត់មានអាយុត្រឹមតែ១៥ ១៦ឆ្នាំប៉ុណ្ណោះ។ ក្រោយពីធ្វើការងារលើកទំនប់ ធាតុ ត្រូវបានចាត់តាំងឲ្យទៅធ្វើការងារលើកទំនប់នៅទីតាំងដទៃផ្សេងៗទៀត រួមមាន ជ្រោយប្រស់ ធ្នុង និងទឹកអំបិល។ ដោយហេតុតែធ្វើការហួសកម្លាំង ធាតុ បានធ្លាក់ខ្លួនឈឺ ដោយហើមភ្នែកមើលមិនឃើញ រួចក៏ត្រូវសម្រាកនៅមន្ទីរពេទ្យមួយរយៈ។ ក្នុងរយៈកាលសម្រាកព្យាបាល ខ្មែរក្រហមបានឲ្យថ្មាំផ្សំពីកន្ទក់ទៅគាត់ហូប។ នៅពេលមានជំងឺហើម អ្នកជំងឺតែងទទួលបានថ្មាំទឹកផ្សំពីម្រេចបុក។ ក្រោយពីចេញពីមន្ទីរពេទ្យ ធាតុ ត្រូវបានផ្លាស់ទៅធ្វើការរែងអំបិលនៅឯស្រែអំបិល។ ធ្វើការនៅទីនេះ ធាតុតែងប្រឡូកប្រឡាក់ខ្លួនជាមួយអំបិល និងកើតជាកមរមាស់ ព្រោះពុំដែលបានងូតទឹកឡើយ។ នៅចុងរបបខ្មែរក្រហម ធាតុ ត្រូវបានផ្លាស់ទៅធ្វើការនិងជួបជុំបងប្អូននៅឯជីផាត់រហូតដល់ថ្ងៃខ្មែរក្រហមដួលរលំ រួចក៏ផ្លាស់ទីលំនៅមកទីតាំងសព្វថ្ងៃ។ មកទល់បច្ចុប្បន្ន ធាតុ នៅតែចងចាំមិនភ្លេចអំពីហេតុការណ៍ដែលខ្មែរក្រហម សម្លាប់ពូរបស់គាត់ម្នាក់ ដោយសារតែគាត់លួចច្រូតស្រូវទុំហូប។ ធាតុ បានឃើញខ្មែរក្រហមចាប់ចងដៃចងជើងពូរបស់គាត់ និងនាំយកទៅសម្លាប់នៅឯព្រែកខ្យង ដោយចងភ្ជាប់ជាមួយដុំថ្ម ទម្លាក់ទាំងរស់ចូលទៅក្នុងទឹក។[9]
ព្រឹង អែម មានវ័យ៧៥ឆ្នាំ រស់នៅភូមិអណ្តូងទឹក ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។ នៅក្នុងរបបខ្មែរក្រហម អែម ដែលមានអាយុជាង៣០ឆ្នាំនៅពេលនោះ និងកូនចំនួន១៤នាក់ ត្រូវបានជម្លៀសឲ្យទៅរស់នៅក្នុងភូមិចម្លងគោ ស្រុកគិរីសាគរ ខេត្តកោះកុង។ អែម បានឲ្យដឹងថា ខ្មែរក្រហម បានចាត់តាំងឲ្យគាត់លើកភ្លឺស្រែ ដាំដំឡូង និងធ្វើត្រីបន្តិចបន្តួច។ របបអាហារនៅទីតាំងរបស់គាត់ គឺទទួលបាន៣ពេលក្នុងមួយថ្ងៃ ក៏ប៉ុន្តែមិនគ្រប់គ្រាន់ទេ។ ការរស់នៅក្នុងតំបន់របស់គាត់ មិនសូវជាលំបាកប៉ុន្មានទេ ហើយគាត់ក៏ពុំដែរឃើញខ្មែរក្រហមសម្លាប់មនុស្សដែរ។ នៅមុនខ្មែរក្រហមដួលរលំបន្តិច គាត់និងក្រុមគ្រួសារត្រូវបានជម្លៀសមកកាន់ស្រុកកំណើត និងរស់នៅទីនេះរហូតមកទល់សព្វថ្ងៃ។[10]
លី លុន មានវ័យ៥៧ឆ្នាំ ជាប្រជានេសាទ រស់នៅក្នុងភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។ នៅក្នុងរបបខ្មែរក្រហម លី លុន គឺជាកុមារមានអាយុប្រហែល១២ឆ្នាំ រស់នៅក្នុងភូមិចម្លងគោ ក្នុងស្រុកគិរីសាគរ ខេត្តកោះកុង។ នាពេលនោះ លុន ស្ថិតនៅក្នុងកងកុមារពិសេសផ្នែកសិល្បៈ ដោយនៅពេលថ្ងៃ គាត់ត្រូវកាត់ដើមទន្រ្ទានខែត្រ និងដាំស្មៅ ក៏ដូចជាដំណាំផ្សេងៗ ចំណែកឯពេលល្ងាច គាត់ត្រូវហាត់របាំ ដូចជារបាំរាំវង់ជាដើម។ លុន ចាំថា គាត់ត្រូវក្រោកនៅម៉ោង៥ព្រឹករៀងរាល់ថ្ងៃ ដើម្បីរត់កីឡា។ ក្រោយមក លុន ត្រូវបានខ្មែរក្រហមបញ្ជូនទៅធ្វើការក្នុងកងកុមារនៅឯស្រុកថ្មបាំង។ នៅទីនេះ លុន ពុំបានហូបចុកគ្រប់គ្រាន់ទេ គាត់លើកឡើងថា៖ “កដៃកជើងខ្ញុំនៅសល់ប៉ុនមេដៃមេជើង។” នៅក្នុងជំនាន់នេះ លុន ពុំដែរបានជួបជុំជាមួយឪពុកម្តាយរបស់ខ្លួនទេ។ ថ្វីត្បិតតែស្ថិតក្នុងកុមារភាព លុន ត្រូវរស់នៅម្ចាស់ការនិងមើលថែខ្លួនឯង។ លុន រំឭកថាក្នុងក្រុមកុមាររបស់ខ្លួន មានកុមារជាច្រើនរស់នៅជុំគ្នា និងមានម៉ែម្នាក់នៅមើលការខុសត្រូវ ក៏ប៉ុន្តែពុំបានដិតដល់ឡើយ។ លុន បានឧទានថា៖ “ប្រសិនបើគ្មានរបបខ្មែរក្រហម ម្លោះខ្ញុំអាចមានចំណេះដឹង” ពីព្រោះគ្មានការបង្រៀនអ្វីសោះដល់ក្មេងៗកាលពីជំនាន់នោះ។[11]
ហេង ហាន់ មានវ័យ ៥៨ឆ្នាំ ជាកសិកររស់នៅក្នុងភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមួយរូប។ នៅក្នុងរបបខ្មែរក្រហម ហាន់ មានអាយុប្រមាណ១៥ឆ្នាំ ត្រូវខ្មែរក្រហមជម្លៀសពីភូមិកំណើតនៅឯតានូន មកជ្រោយប្រស់, អណ្តូងទឹក និងចុងបញ្ចប់មកកាន់ជីផាត់។ នាពេលនោះ ហាន់ ស្ថិតនៅក្នុងកងកុមារ ដែលមានការងារដូចជា ជីកស្មៅ, ដាំដំឡូង, ចាំងស្មៅ, បោចស្មៅ និងប្រលេះស្លឹកដំឡូងជាដើម ហើយត្រូវធ្វើការពីម៉ោង៧ព្រឹក ដល់១២ថ្ងៃត្រង់ និងពីម៉ោង១ថ្ងៃត្រង់ដល់ពេលព្រលប់ ដោយពេលខ្លះគាត់ត្រូវធ្វើការពេលយប់បន្ថែមទៀត។ របបអាហារប្រចាំថ្ងៃ គឺមិនបានគ្រប់គ្រាន់ឡើយ។ យ៉ាងណាមិញ ហាន់ នៅចាំបានថា ខ្មែរក្រហមបានប្រារព្ធពិធីចូលឆ្នាំខ្មែរ គឺជាពេលតែមួយគត់ដែលប្រជាជនអាចហូបចុកបានឆ្អែត មិនតែប៉ុណ្ណោះ នៅពេលនេះដែរ ប្រជាជនអាចដើរហើរជុំវិញភូមិស្រុកបាន។ ហាន់ បានចែករំលែកដែរថា នៅជំនាន់នោះ ខ្មែរក្រហម បានរៀបចំរោងគោធ្វើជាសាលារៀន ដោយមានគ្រែនិងក្តារខៀន។ ក្មេងៗប្រមាណជាង៦០ រួមជាមួយហាន់ដែរ បានរៀនអក្សរបន្តិចបន្តួច ដែលពេលនោះក្មេងៗរៀនផង គេងនៅលើគ្រែនោះផង។ ក្រោយរបបខ្មែរក្រហមដួលរលំ ហាន់និងបងប្អូនបួននាក់ដែលសេសសល់ បានមកកាន់ទីតាំងដែលគាត់រស់នៅបច្ចុប្បន្ន។ ម្តាយ ឪពុក និងបងប្អូន៣នាក់របស់ហាន់ បានបាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម។[12]
ឡាយ ឆាន់ មានវ័យ៦០ឆ្នាំ រស់នៅក្នុងភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង បានរៀបរាប់ថា គាត់មានអាយុ១៥ឆ្នាំ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាច។ ខ្មែរក្រហមបានបំបែក ឆាន់ ចេញពីឪពុកម្តាយឲ្យរស់នៅក្នុងសហករណ៍ជាមួយកុមារដទៃទៀត។ បីខែក្រោយមក គាត់ត្រូវចាត់តាំងឲ្យលើកទំនប់ទឹកប្រៃ នៅភូមិព្រលាន ដែលនៅទីនេះ ជីវិតរបស់គាត់វេទនាស្ទើរស្លាប់ស្ទើររស់ ដោយគាត់ទទួលបានត្រឹមទឹកដោះគោមួយកូនកែវតូចនៅពេលព្រឹក និងបាយបន្តិចជាមួទឹកត្រីនៅពេលថ្ងៃ ហើយគាត់ត្រូវធ្វើការពីព្រលឹមស្រាងៗរហូតដល់ម៉ោង៦ល្ងាច ដោយសម្រាកពេលថ្ងៃត្រង់បានបន្តិចប៉ុណ្ណោះ។ ឆាន់រំឭកថា កន្លែងសម្រាកក្រោយការងាររបស់គាត់ គឺនៅក្រោមដំបូលកៅស៊ូ នៅចំកណ្តាលការដ្ឋានការងារ ពោលគឺគ្មានផ្ទះស្នាក់នៅសមគួរឡើយ។ គាត់ត្រូវហាលភ្លៀងហាលផ្គរ។ ពេលខ្លះខ្មែរក្រហមតម្រូវឲ្យគាត់ធ្វើការនៅពេលយប់ដល់ម៉ោង១១ក៏មាន។ គាត់បានយកលេសថាមានជំងឺខ្វាក់មាន់ដែលមិនអាចធ្វើការពេលយប់បាន ក៏ប៉ុន្តែខ្មែរក្រហមពុំបានជឿគាត់ឡើយ ហើយថែមទាំងពិន័យឲ្យគាត់រែកដីឲ្យបាន១ថ្ងៃ៣គីបទៀតផង។ ខ្មែរក្រហមបានគំរាមគាត់ថា បើធ្វើមិនគ្រប់ផែនការ នោះគាត់នឹងត្រូវយកទៅសម្លាប់។ ជួនកាល ខ្មែរក្រហមបានលត់ដំគាត់ឲ្យធ្វើស្រែ៣ហិកតាតែម្នាក់ឯងទៀតផង។[13]
អត្ថបទដោយ៖ សុភ័ក្រ្ត ភាណា
កំណែអក្ខរាវិរុទ្ធដោយ៖ ភា រស្មី
[1] ព័ត៌មានបន្ថែមអំពីគម្រោង សូមអាន៖ https://www.dccam.org/rights-and-welfare-of-khmer-rouge-survivor/
[2] ព័ត៌មានដកស្រង់ចេញពីគេហទំព័រផ្លូវការនៃរដ្ឋបាលខេត្តកោះកុង។ សូមមើល៖ https://kohkong.gov.kh/%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%9c%e1%9e%8f%e1%9f%92%e1%9e%8f%e1%9e%b7%e1%9e%81%e1%9f%81%e1%9e%8f%e1%9f%92%e1%9e%8f%e1%9e%80%e1%9f%84%e1%9f%87%e1%9e%80%e1%9e%bb%e1%9e%84
[3] “Norodom Sihanouk – Sangkum Reastr Niyum Le Development General Du Cambodge (Années 1960)”, Ed. 1991, ទំព័រ. 727
[4] ដូចខាងលើ, ទំព័រ ៤១០
[5] ដូចខាងលើ, ទំព័រ ១០៩៦
[6] សៀវភៅ «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដោយ ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធដទៃទៀត បោះពុម្ពលើកទី២ ឆ្នាំ២០២០ ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ត្រង់ទំព័រ៣៤។
[7] បទសម្ភាសន៍ជាមួយ ឆាវ សៀង ដោយអ្នកស្ម័គ្រចិត្តជំនាន់ទី១ សោម ដាលីន នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។
[8] បទសម្ភាសន៍ជាមួយ ឈុន ងុន ដោយអ្នកស្ម័គ្រចិត្តជំនាន់ទី១ សោម ដាលីន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១
[9] បទសម្ភាសន៍ជាមួយ ពេជ្រ ធាតុ ដោយអ្នកស្ម័គ្រចិត្តជំនាន់ទី១ សោម ដាលីន នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១
[10] បទសម្ភាសន៍ជាមួយ ព្រឹង អែម ដោយអ្នកស្ម័គ្រចិត្តជំនាន់ទី១ សោម ដាលីន នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១
[11] បទសម្ភាសន៍ជាមួយ លី លុន ដោយអ្នកស្ម័គ្រចិត្តជំនាន់ទី១ សោម ដាលីន នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១
[12] បទសម្ភាសន៍ជាមួយ ហេង ហាន់ ដោយអ្នកស្ម័គ្រចិត្តជំនាន់ទី១ សោម ដាលីន នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១
[13] បទសម្ភាសន៍ជាមួយ ឡាយ ឆាន់ ដោយអ្នកស្ម័គ្រចិត្តជំនាន់ទី១ សោម ដាលីន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១